ការសែតញូស៍វីក បានធ្វើការស្ទង់មតិក្នុងឆ្នាំ២០១០ ហើយបានរកឃើញថា ជាស្ថិតិ : ៥៧ភាគរយ នៃអ្នកគ្រប់គ្រងផ្នែកជ្រើសរើសបុគ្គលិកចូលធ្វើការ បានជឿថា បេកជនដែលដាក់ពាក្យចូលធ្វើការ ដែលមិនមានរូបសម្បត្តិគួរឲ្យទាក់ទាញ(តែមានសមត្ថភាព) ច្រើនតែមានការពិបាកក្នុងការរកការងារធ្វើ។ ហើយ៨៤ភាគរយនៃអ្នកគ្រប់គ្រងបាននិយាយថា ចៅហ្វាយនាយរបស់ពួកគេច្រើនតែមានការស្ទាក់ស្ទើរ ក្នុងការជ្រើសរើសបេកជនដែលមានសមត្ថភាព តែមានវ័យចំណាស់ ឲ្យចូលធ្វើការ។ ម្យ៉ាងទៀត ៦៤ភាគរយ នៃអ្នកគ្រប់គ្រងផ្នែកជ្រើសរើសបុគ្គលិកឲ្យចូលធ្វើការ បាននិយាយថា ក្រុមហ៊ុនទាំងឡាយគួរតែទទួលការអនុញ្ញាតឲ្យជ្រើសរើសបុគ្គលិកចូលធ្វើការ ដោយផ្អែកទៅលើរូបសម្បត្តិ។ ស្ថិតិនេះបានបង្ហាញយ៉ាងច្បាស់ថា ការជ្រើសរើសបុគ្គលិកឲ្យចូលធ្វើការយ៉ាងដូចនេះ គឺជាភាពលំអៀងដែលមិនអាចទទួលយកបានឡើយ។
ភាពលំអៀងដូចនេះ មិនមែនមានតែក្នុងសម័យបច្ចុប្បន្នឡើយ។ វាក៏បានកើតមាន ក្នុងពួកជំនុំដំបូងផងដែរ បានជាសាវ័កយ៉ាកុបបានប្រឈមមុខដោះស្រាយបញ្ហានេះ។ លោកយ៉ាកុបបានមានប្រសាសន៍ នៅក្នុងសំបុត្ររបស់គាត់ ដោយចិត្តជាគ្រូគង្វាលថា “បងប្អូនអើយ កុំឲ្យមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ដ៏ឧត្តមនៃយើង ដោយរើសមុខអ្នកណាឡើយ”(យ៉ាកុប ២:១)។ បន្ទាប់មក គាត់ក៏បានលើកឡើងអំពីឧទាហរណ៍ នៃភាពលំអៀងទៅរកអ្នកមាន ហើយមិនអើពើចំពោះអ្នកក្រ(ខ.២-៤)។ ភាពលំអៀងដូចនេះ មិនសមស្របនឹងជំនឿលើព្រះគ្រីស្ទទេ(ខ.១) និងបានក្បត់នឹងព្រះគុណរបស់ព្រះ(ខ.៥-៧) ល្មើសនឹងក្រឹត្យវិន័យនៃក្តីស្រឡាញ់(ខ.៨) ហើយក៏ជាអំពើបាបផង(ខ.៩)។ ដើម្បជម្នះភាពលំអៀងនេះ យើងត្រូវយកគំរូតាមព្រះយេស៊ូវ ដោយស្រឡាញ់អ្នកជិតខាងយើង ឲ្យដូចខ្លួនឯង។
យើងប្រឆាំងនឹងវិញ្ញាណនៃភាពលំអៀង ពេលដែលយើងបង្ហាញចេញនូវក្តីស្រឡាញ់របស់ព្រះ ឲ្យបានទូលំទូលាយ ដោយស្រឡាញ់គ្នា និងប្រព្រឹត្តល្អចំពោះគ្នាទៅវិញទៅមក។-Marvin Williams