មានឪពុកម្តាយជាច្រើន ចូលចិត្តលេងល្បែងពញ្ញាក់កូនតូចរបស់ខ្លួន ជាការកម្សាន្តសប្បាយទាំងអស់គ្នា ដែលក្នុងនោះ ឪពុកឬម្តាយយកបាតដៃមកបិទមុខរបស់ខ្លួន ពីមុខកូនតូច រួចក៏ដកដៃនោះចេញវិញភ្លាម ដើម្បីបង្ហាញមុខខ្លួន ឲ្យកូនតូចមើល ហើយស្រែកថា “វ៉ាក់អឺ!” ពេលនោះ កូនតូចក៏ភ្លាក់ខ្លួនព្រើត ហើយក៏សើចក្អឹកៗ តាមភាពឡេះឡោះរបស់គាត់។ ការលេងពញ្ញាក់នេះ គ្រាន់តែជាការបន្លាចក្លែងក្លាយ ដែលនាំឲ្យមានភាពសប្បាយរីករាយ។ តែក្រោយមក កូននោះក៏បានជួបរឿងដែលពិតជាធ្វើឲ្យខ្លាចមែន ដែលមិនអាចលេងសើចបានឡើយ។ ការភ័យខ្លាចពិតប្រាកដដំបូងបំផុត ច្រើនតែកើតមាន ពេលដែលក្មេងវង្វេងឪពុកម្តាយ។ ពេលនោះ ក្មេងដើរបែកពីឪពុកម្តាយដោយមិនដឹងខ្លួន ពីកន្លែងមួយទៅកន្លែងមួយទៀត។ តែពេលដែលវាដឹងថា វាបានវង្វេងឪពុកម្តាយហើយ វាក៏ចាប់ផ្តើមមានការតក់ស្លត់ ហើយស្រែកយំភ្លាម។ ឪពុកម្តាយវាក៏ប្រញាប់រត់មករកវា ដែលជាការធានាថា ពួកគាត់មិនបានទុកវាចោលម្នាក់ឯងទេ។
ពេលយើងធំឡើង យើងអាចរកបានការភ័យខ្លាចក្លែងក្លាយ ដែលមានលក្ខណៈទំនើបជាងមុន ដូចជា សៀវភៅរឿង និងខ្សែភាពយន្តបែបភ័យរន្ធត់ និងការជិះគ្រឿងយន្ត ដែលធ្វើឲ្យភ័យខ្លាច ក្នុងសួនកម្សាន្តជាដើម។ ការភ័យខ្លាចបែបនេះ ពិតជាមានការពេញនិយមណាស់ បានជាមានអ្នកខ្លះបានហ៊ានប្រថុយនឹងគ្រោះថ្នាក់កាន់តែធំជាងមុន ដើម្បីទទួលបាននូវការរំភើបចិត្តកាន់តែខ្លាំង។
ប៉ុន្តែ ពេលដែលការភ័យខ្លាចពិតប្រាកដមកដល់ យើងប្រហែលជាដឹងខ្លួនថា យើងបានវង្វេងចេញពីព្រះដែលបានស្រឡាញ់ និងយកព្រះទ័យទុកដាក់ចំពោះយើង គឺមិនខុសពីសាសន៍អ៊ីស្រាអែលសម័យដើមឡើយ(អេសាយ ៣០)។ ពេលយើងដឹងថា យើងកំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ យើងក៏ចាប់ផ្តើមមានការតក់ស្លត់។ ពេលនោះ យើងស្រែកហៅរកជំនួយ ដោយមិនចាំបាច់ប្រើភាសាកាទូត ឬប្រាប់ពីហេតុផលអ្វីឡើយ គឺគ្រាន់តែស្រែកអំពាវរកព្រះ ដោយអស់ពីចិត្តប៉ុណ្ណោះ។ នោះព្រះអង្គក៏ឆ្លើយតបភ្លាមៗ គឺមិនខុសពីឪពុកម្តាយដែលមានក្តីស្រឡាញ់ចំពោះកូនឡើយ ព្រោះព្រះអង្គសព្វព្រះទ័យនឹងឲ្យយើងរស់នៅ ក្នុងការការពារនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ដែលយើងមិនចាំបាច់ត្រូវមានការភ័យខ្លាចអ្វីឡើយ។-Julie Ackerman Link