គេចូលចិត្តនិយាយថា “ពេលដែលយើងសប្បាយរីករាយ ជាពេលដែលកន្លងផុតទៅលឿនណាស់”។ តាមពិតពេលវេលានៅតែមានល្បឿនថេរជានិច្ច មិនមែនម្តងដើរយឺត ម្តងហោះហើរនោះទេ ប៉ុន្តែ តាមបទពិសោធន៍របស់យើង យើងច្រើនតែយល់ថា ពេលវេលាហាក់ដូចជាកន្លងផុតទៅលឿនណាស់។ ពេលដែលខ្ញុំកំពុងសប្បាយនឹងកិច្ចការអ្វីមួយ ឬអរសប្បាយនឹងមនុស្សជាទីស្រឡាញ់ ពេលវេលាហាក់ដូចជាលឿនណាស់។
បទពិសោធន៍ប្រភេទនេះ បានធ្វើឲ្យខ្ញុំមានការយល់ដឹងថ្មីមួយ អំពីព្រឹត្តិការណ៍ដែលបទគម្ពីរវិវរណៈ ជំពូក៤ បានរៀបរាប់។ កាលពីមុន ពេលខ្ញុំពិចារណា អំពីសត្វទាំងបួន ដែលអង្គុយនៅជុំវិញបល្ល័ង្កព្រះ ដែលពោលពាក្យពីរបីម៉ាត់ដដែលៗរហូតអស់កល្បជានិច្ច ខ្ញុំក៏បានគិតថា សត្វទាំងនោះពិតជាមានជីវិតដែលគួរឲ្យធុញទ្រាន់មែន! តែសព្វថ្ងៃនេះ ខ្ញុំមិនគិតអញ្ចឹងទៀតទេ។ ព្រោះខ្ញុំបានគិតអំពីព្រឹត្តិការណ៍ដែលសត្វទាំងនោះ បានឃើញដោយភ្នែកជាច្រើនគូររបស់ពួកវា(ខ.៨)។ ខ្ញុំក៏បានពិចាណាអំពីទិដ្ឋភាព ដែលពួកគេបានមើលឃើញ ពីបល្ល័ង្ករបស់ព្រះ(ខ.៦)។ តើពួកគេមានចិត្តស្ងើចសរសើរយ៉ាងណា ចំពោះព្រះដ៏ខ្ពស់បំផុត ដែលមានទំនាក់ទំនងជាមួយមនុស្សលោក ដោយប្រាជ្ញា និងសេចក្តីស្រឡាញ់? តើសត្វទាំងនោះអាចមានការឆ្លើយតបអ្វី ដែលប្រសើរជាងការសរសើរដំកើងទៀតនោះ? តើមានអ្វីដែលត្រូវនិយាយ ក្រៅពីពោលថា “បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ”?
តើយើងមានការធុញទ្រាន់ទេ បើសិនជាយើងត្រូវនិយាយពាក្យដដែលៗឥតឈប់ឈរនោះ? តែបើសិនជាយើងនៅចំពោះមុខអ្នកដែលយើងស្រឡាញ់ នោះយើងមិនចេះធុញទ្រាន់ឡើយ។ ហើយបើសិនជាយើងកំពុងធ្វើការល្អណាមួយ ដែលព្រះអង្គបានតម្រូវឲ្យយើងធ្វើការនោះ នោះយើងក៏នឹងមិនមានការធុញទ្រាន់ដែរ។
ព្រះទ្រង់បានរចនាយើងមក ឲ្យសរសើរដំកើងព្រះអង្គ គឺមិនខុសពីសត្វទាំងបួននោះទេ។ ជីវិតយើងនឹងមិនមានការធុញទ្រាន់ឡើយ បើសិនជាយើងផ្តោតចិត្តទៅលើព្រះអង្គ ហើយបំពេញបំណងព្រះទ័យព្រះអង្គនោះ។-Julie Ackerman Link