ខ្ញុំចូលចិត្តប្រមូលទុកនូវរូបថតញាំអាហារពេលល្ងាច ជាលក្ខណៈគ្រួសារ។ ខ្ញុំបានរក្សាទុករូបថតទាំងនោះ នៅក្នុងសៀវភៅរូបថតមួយក្បាល ដែលក្នុងរូបថតទាំងនោះ មានរូបឪពុកខ្ញុំ បងប្អូនប្រុសរបស់ខ្ញុំ និងភរិយារបស់ពួកគេ ព្រមទាំងចៅៗរបស់គាត់ ដែលបានមកជួបជុំគ្នានៅតុអាហារ ក្នុងពិធីបុណ្យអរព្រះគុណ និងអធិស្ឋានទូលអង្វរ។ ឪពុករបស់ខ្ញុំបានជួបគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលម្តងហើយម្តងទៀត ហើយមិនអាចនិយាយស្តីបានដូចធម្មតាទេ។ ប៉ុន្តែ ក្នុងអំឡុងពេលអធិស្ឋាន ខ្ញុំបានឮគាត់បន្លឺសម្លេងអស់ពីចិត្តថា “ទូលបង្គំសូមអធិស្ឋាន ក្នុងព្រះនាមព្រះយេស៊ូវ!” រយៈពេលមួយឆ្នាំក្រោយមក គាត់ក៏បានលាចាកលោក ទៅនៅក្នុងព្រះវត្តមាននៃព្រះ ដែលគាត់បានជឿ។
ព្រះយេស៊ូវបានបង្រៀនយើងឲ្យអធិស្ឋាន ដោយនូវព្រះនាមព្រះអង្គ។ នៅពេលយប់ មុនពេលគេយកព្រះអង្គទៅឆ្កាង ព្រះអង្គបានមានបន្ទូលសន្យាដល់ពួកសាវ័កថា “តាំងពីដើមមក អ្នករាល់គ្នាមិនបានសូមអ្វី ដោយនូវឈ្មោះខ្ញុំទេ ឥឡូវ ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ដើម្បីឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញពិត”(យ៉ូហាន ១៦:២៤)។ ប៉ុន្តែ មិនមែនមានន័យថា យើងអាចអធិស្ឋានទូលសូម ដោយនូវព្រះនាមព្រះអង្គ ដើម្បីឲ្យព្រះអង្គឆ្លើយតប តាមទំនើងចិត្តរបស់យើងនោះទេ។
នៅពេលព្រលប់ថ្ងៃនោះ ព្រះយេស៊ូវបានបង្រៀនថា ព្រះអង្គនឹងឆ្លើយតបចំពោះការអធិស្ឋានទូលសូម ដោយនូវព្រះនាមព្រះអង្គ ដើម្បីឲ្យព្រះអង្គថ្វាយសិរីល្អដល់ព្រះវរបិតា(យ៉ូហាន ១៤:១៣)។ ក្រោយមក នៅពេលយប់នោះ ព្រះអង្គក៏បានអធិស្ឋានដោយសេចក្តីទុក្ខជាខ្លាំងថា “ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ”(ម៉ាថាយ ២៦:៣៩)។
ពេលដែលយើងអធិស្ឋាន យើងចុះចូលចំពោះប្រាជ្ញា សេចក្តីស្រឡាញ់ និងអំណាចគ្រប់គ្រងរបស់ព្រះអង្គ ហើយយើងអាចទូលសូមដោយជំនឿ “ក្នុងព្រះនាមព្រះយេស៊ូវ”។-Dennis Fisher