ពន្លឺក្នុងភាពងងឹត
ក្នុងអំឡុងពេលដំណើរកម្សាន្ត នៅប្រទេសពេរូ ខ្ញុំបានទៅមើលរូងភ្នំមួយ ក្នុងចំណោមរូងភ្នំជាច្រើន ដែលគេឃើញមាន នៅទូទាំងប្រទេសមួយនេះ ដែលសំបូរទៅដោយតំបន់ភ្នំ។ អ្នកនាំផ្លូវយើងបានប្រាប់យើងថា គេបានចូលរុករក ក្នុងរូងភ្នំប្រភេទនេះ បានជម្រៅជាង ១៤គីឡូម៉ែត្រហើយ នៅតែមិនទាន់ទៅដល់បាតរបស់វា។ យើងបានចូលមើលសត្វប្រជៀវដ៏គួរឲ្យចាប់ចិត្ត សត្វបក្សីរាត្រីចរ និងផ្ទាំងថ្ម ដែលមានរូបរាង្គចម្លែកៗ។ ទោះជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន យើងក៏បានទៅដល់កន្លែងដែលងងឹតខ្លាំង ធ្វើឲ្យយើងមិនហ៊ានចូលទៅជ្រៅជាងនោះទៀត ហើយយើងស្ទើរតែថប់ដង្ហើមផង បានជាយើងប្រញាប់ចេញមកក្រៅវិញ។ ខ្ញុំមានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំង ពេលដែលយើងបានវិលត្រឡប់មកខាងក្រៅរូងភ្នំ ហើយបានឃើញពន្លឺថ្ងៃឡើងវិញ។
បទពិសោធន៍នៅថ្ងៃនោះ បានរំឭកខ្ញុំថា តើភាពងងឹតនាំឲ្យមានការភ័យខ្លាចកំរិតណា ហើយយើងម្នាក់ៗត្រូវការពន្លឺខ្លាំងប៉ុណ្ណា។ យើងកំពុងរស់នៅក្នុងពិភពលោក ដែលប្រែជាងងឹត ដោយសារអំពើបាប គឺលោកិយដែលបានទាស់ប្រឆាំងនឹងព្រះដែលបានបង្កើតខ្លួន។ ហើយយើងត្រូវការពន្លឺ។
ព្រះយេស៊ូវទ្រង់ក៏បានយាងមក ដើម្បីស្អាងអ្វីៗឡើងវិញ ជាពិសេសគឺស្រោចស្រង់មនុស្សជាតិ ឲ្យបានចូលទៅរស់នៅក្នុងពន្លឺរបស់ទ្រង់(យ៉ូហាន ៨:១២)។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ខ្ញុំបានមកក្នុងលោកីយ៍ជាពន្លឺភ្លឺ ដើម្បីកុំឲ្យអ្នកណាដែលជឿដល់ខ្ញុំ ត្រូវនៅក្នុងសេចក្តីងងឹតឡើយ”(យ៉ូហាន ១២:៤៦)។
នៅក្នុងទ្រង់ យើងមិនគ្រាន់តែទទួលបាននូវពន្លឺនៃសេចក្តីសង្រ្គោះប៉ុណ្ណោះទេ តែថែមទាំងបានទទួលពន្លឺ ដែលនាំឲ្យយើងដើរតាមផ្លូវទ្រង់ កាត់តាមភាពងងឹតខាងវិញ្ញាណរបស់លោកិយ។-Bill Crowder