Month: November 2019

ទ្វារនៃការផ្សះផ្សា

នៅ​ក្នុង​ព្រះ​វិហារ​ធំ សេន ផាទ្រីក នៅ​ទីក្រុង​ឌូប្លីន ប្រទេស​អៀឡង់ មាន​ទ្វារ​មួយ​ដែល​បង្កប់​នូវ​ប្រវត្តិ​ដ៏​ចំណាស់ ដែល​មាន​អាយុ​កាល​៥​សតវត្សរ៍។ កាល​ពី​ឆ្នំា ១៤៩២ គ្រួសារ​បាត់ទ្លើរ(Butlers) និង​គ្រួសារ​ហ្វ៊ីត​ជើរ៉ល(FitzGeralds) បាន​មាន​ជម្លោះ នៅក្នុង​ការ​ដណ្តើម​យក​មុខ​តំណែង​ដ៏​ខ្ពស់​មួយ នៅ​ក្នុង​តំបន់​នោះ។ ជម្លោះ​នោះ​កាន់​តែ​មាន​ភាព​ធ្ងន់​ធ្ងរ ហើយ​គ្រួសារ​បាត់ទ្លើរ ក៏បាន​ចូល​ជ្រក​កោន​ក្នុង​ព្រះវិហារ​ធំ​នេះ។ ពេល​ដែល​គ្រួសារ​ហ្វ៊ីតជើរ៉ល​មក​ចរចា​ដើម្បី​បញ្ឈប់​ជម្លោះ​នេះ គ្រួសារ​បាត់ទ្លើរ​មាន​ការ​ភ័យ​ខ្លាច មិនហ៊ាន​បើក​ទ្វារ​ព្រះ​វិហារ​នោះ​ឡើយ។ ដូច​នេះ​ គ្រួសារ​ហ្វ៊ីតជើរ៉ល ក៏​បាន​ចោះ​រន្ធ​មួយ នៅ​លើ​ក្រប​ទ្វារ​នោះ ហើយ​អ្នក​ដឹក​នាំ​គ្រួសារ​នេះ​ក៏​បាន​លូក​ដៃ​ចូល​ទៅ​ខាង​ក្នុង ដោយ​សន្តិ​ភាព។ ក្រុម​គ្រួសារ​ទាំង​ពីរ​ក៏​បាន​ផ្សះផ្សា​គ្នា​វិញ ហើយ​សត្រូវ​ក៏​បាន​ក្លាយ​ជា​មិត្ត។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​កណ្ឌ​គម្ពីរ​កូរិន​ថូស ដែល​បាន​ចែង​អំពី​ទ្វារ​ដែល​ព្រះ​ជាម្ចាស់​បើក​ចំហរ ឲ្យ​មនុស្ស​ជាតិ​ចូល​មក​ផ្សះ​ផ្សា​ជា​មួយ​ទ្រង់។ ទ្រង់​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត​នៅ​ក្នុង​ការ​ផ្សះផ្សា​នេះ ហើយ​ដោយ​សារ​សេចក្តី​ស្រឡាញ់​ទ្រង់​គ្មាន​ព្រំដែន នោះ​ទ្រង់​បាន​នាំ​មនុស្ស​ចេញ​ពី​ទំនាក់​ទំនង​បាក់​បែក ចូល​ទៅ​ក្នុង​ទំនាក់​ទំនង​ដែល​ផ្សះផ្សា​ឡើង​វិញ តាម​រយៈ​ការ​សុគត​របស់​ព្រះ​គ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង។ យើង​បាន​ដាច់​ចេញ​ឆ្ងាយ​ពី​ព្រះ ប៉ុន្តែ ដោយសារ​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ នោះ​ទ្រង់​មិន​ទុក​យើង ឲ្យ​ដាច់​ចេញ​ពី​ទ្រង់​រហូត​ឡើយ។ ទ្រង់​បាន​ប្រទាន​យើង នូវ​ការ​ផ្សះ​ផ្សា​ឲ្យ​ជា​នឹង​ទ្រង់ “ដោយ​ឥត​ប្រកាន់​ទោស​នឹង​យើង​ទៀត”(២កូរិនថូស ៥:១៩)។ ព្រះ​ទ្រង់​បាន​សម្រេច​នូវ​សេចក្តី​យុត្តិធម៌ ដោយ “ព្រះ​អង្គ ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ” ដើម្បី​យើង​អាច​ផ្សះ​ផ្សា​ឲ្យ​ជា​នឹង​ទ្រង់(ខ.២១)។

កាល​ណា​យើង​បាន​ទទួល​យក​ការ​ផ្សះ​ផ្សា​របស់​ព្រះ​ជា​ម្ចាស់​ហើយ ទ្រង់​បាន​ប្រទាន​កិច្ចការ​ដ៏​សំខាន់​មួយ​ឲ្យ​យើង​ធ្វើ គឺ​ឲ្យ​យើង​នាំ​ដំណឹង​ល្អ​នេះ ទៅ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ដទៃ។ យើង​ធ្វើ​ជា​តំណាង​របស់​ព្រះ​ដ៏​អស្ចារ្យ ដែល​មាន​ពេញ​ដោយ​ក្តី​ស្រឡាញ់ និង​បានប្រទាន​ការ​អត់​ទោស​បាប…