ក្តីស្រឡាញ់ដែលបង្ហាញចេញតាមការប្រព្រឹត្ត

មាននារីម្នាក់បានសួរបុរសម្នាក់ថា “តើបងស្រឡាញ់អូនទេ?” បុរសនោះក៏បានឆ្លើយថា “អូនសំឡាញ់ បងស្រឡាញ់អូនណាស់”។ នារីនោះក៏បានសួរទៀតថា “តើបងព្រមស្លាប់ដើម្បីអូនទេ?” បុរសនោះក៏បានឆ្លើយថា “ទេ… បើបងស្លាប់ទៅ តើបាននរណាស្រឡាញ់អូនខ្លាំងដូចបង?” រឿងកំប្លែងមួយនេះ បានបង្ហាញនូវចំណុចសំខាន់ពីរយ៉ាង គឺសេចក្តីស្រឡាញ់ដែលមានតែបបូរមាត់ និងសេចក្តីស្រឡាញ់ពិត ដែលមានការលះបង់។ សូមអរព្រះគុណព្រះ ដែលទ្រង់មិនបានស្រឡាញ់តែបបូរមាត់ គឺព្រះអង្គបានបង្ហាញសេចក្តីស្រឡាញ់តាមរយៈការលះបង់ ដោយ “បានប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ”។

បទគម្ពីរយ៉ូហាន ៣:១៧ បានបកស្រាយកាន់តែច្បាស់ អំពីអត្ថន័យនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ដោយប្រើពាក្យថា “ចាត់”។ គឺដូចមានសេចក្តីចែងថា “ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ៍ ដើម្បីនឹងជំនុំជំរះលោកីយ៍នោះទេ គឺឲ្យលោកីយ៍បានសង្គ្រោះ ដោយសារទ្រង់វិញ”។ ព្រះទ្រង់មិនគ្រាន់តែបានប្រទាននូវព្រះរាជបុត្រា ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតប៉ុណ្ណោះទេ តែថែមទាំងបានចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យយាងចុះមកក្នុងលោកិយ ដើម្បីបំពេញបេសកកម្មមួយ។ បេសកកម្មនោះ គឺការយាងមកសុគត ដើម្បីឲ្យយើងមានជីវិតរស់អស់កល្បជានិច្ច។ សេចក្តីស្រឡាញ់ដែលព្រះវរបិតាមានចំពោះយើង ពិតជាជ្រាលជ្រៅណាស់ បានជាព្រះអង្គប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ឲ្យមកសុគតជួសយើង!

តើយើងគួរឆ្លើយតប ចំពោះសេចក្តីស្រឡាញដ៏អស្ចារ្យយ៉ាងនេះ យ៉ាងដូចម្តេចខ្លះ? ក្នុងនាមជាមនុស្ស ដែលបានទទួលសេចក្តីសង្រ្គោះ យើងមានការដឹងគុណព្រះអង្គ ដោយប្តេជ្ញាចិត្តថានឹង “ដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង”(កូល៉ុស ១:១០)។

លោកអ្នកអាចវិលត្រឡប់ទៅកាន់ទំព័រដើមរបស់គេហទំព័រ ដ្បិតព្រះទ្រង់ស្រឡាញ់ ដើម្បីមើលអត្ថបទ និងធនធានដទៃទៀត