តើព្រះនៃយើង ទ្រង់ជានរណា?

មនុស្សមានទស្សនៈខុសៗគ្នា អំពីព្រះ។ ឧទាហរណ៍ អ្នកខ្លះយល់ថា ព្រះជាអំណាចម្យ៉ាងដែលមិនមានលក្ខណៈជាអង្គបុគ្គល ខណៈពេលដែលខ្លះទៀតយល់ថា ព្រះទ្រង់គង់នៅឆ្ងាយពីយើងណាស់ បានជាយើងមិនអាចស្គាល់ទ្រង់ទេ។ វប្បធម៌ និងប្រពៃណីយក៏អាចធ្វើឲ្យមនុស្សមានការយល់ដឹងខុសគ្នា អំពីព្រះផងដែរ ដោយជាញឹកញាប់ វប្បធម៌ និងប្រពៃណីយទាំងនោះ បានតាំងឲ្យមានព្រះប្រចាំតំបន់ ឬជនជាតិរបស់ពួកគេ។ ម្យ៉ាងទៀត ក៏មានអ្នកដែលមិនជឿទាល់តែសោះថា ព្រះទ្រង់ពិតជាមានមែន។ ទោះមនុស្សមានទស្សនៈដ៏ចម្រូងចម្រាស់ទាំងអស់នេះក៏ដោយ ក៏ព្រះដ៏ពិតមានតែមួយអង្គទេ។ តើយើងយល់ថា ព្រះទ្រង់ជានរណា?

បទគម្ពីរ យ៉ូហាន ជំពូក ៣:១៦ បានចាប់ផ្តើមដោយពាក្យថា “ដ្បិតព្រះទ្រង់”។ នេះជាពាក្យពេចន៍ដ៏សំខាន់ណាស់ នៅ ដើមឃ្លានៃបទគម្ពីរនេះ ដែលបញ្ជាក់យ៉ាងច្បាស់ថា ព្រះទ្រង់ពិតជាមានមែន។ ព្រះអង្គមិនគ្រាន់តែពិតជាមានមែនប៉ុណ្ណោះទេ តែថែមទាំងជាព្រះអាទិករ(លោកុប្បត្តិ ១:១) ដែលបានបង្កើតអ្វីៗគ្រប់យ៉ាងមក។ យើងម្នាក់ៗសុទ្ធតែជាបុគ្គលដែលមានខ្លួនប្រាណ និងវិញ្ញាណ ដូចនេះ ព្រះទ្រង់ក៏ជាអង្គបុគ្គលផងដែរ ព្រោះព្រះអង្គបានបង្កើតយើងមក ឲ្យមានរូបភាពដូចព្រះអង្គ(លោកុប្បត្តិ ១:២៧)។

កាលណាគេនិយាយថា ព្រះជាអង្គបុគ្គល នោះគឺមានន័យថា ព្រះអង្គអាចទំនាក់ទំនងជាមួយយើង ហើយយើងអាចស្គាល់ទ្រង់។ នេះហើយជាបំណងព្រះទ័យព្រះអង្គ។ យើងឃើញថា បទគម្ពីរ ១ពេត្រុស ៥:៧ និង ២កូរិនថូស ៥:២០ បានចែងឲ្យយើងដឹងថា ព្រះអង្គមើលថែរយើងរាល់គ្នា ហើយសព្វព្រះទ័យឲ្យយើងរាល់គ្នាងាកបែរ មកនៅក្បែរព្រះអង្គវិញ។ ការនេះពិតជាអស្ចារ្យណាស់។

ជាងនេះទៅទៀត ព្រះទ្រង់ថែមទាំងបានយាងចុះមករកយើងរាល់គ្នា ទោះបីជាយើងបានទាស់ប្រឆាំងនឹងព្រះអង្គយ៉ាងណាក៏ដោយ(រ៉ូម ៥:៨)។ ជាការពិតណាស់ យើងមិនស្ថិតនៅក្រោមបណ្តាសារនៃអំពើបាប ហើយវង្វេងចេញ ដោយគ្មានសង្ឃឹមទៀតឡើយ ដ្បិតព្រះអង្គបានផ្តួចផ្តើមគំនិតជួយសង្រ្គោះយើង ឲ្យរួចពីបាប។

ព្រះនៃយើងទ្រង់មានលក្ខណៈល្អដូចនេះឯង។ យើងពិតជាមានអភ័យឯកសិទ្ធិ នៅក្នុងការចែកចាយដំណឹងល្អនេះ ទៅដល់អ្នកដទៃ។

លោកអ្នកអាចវិលត្រឡប់ទៅកាន់ទំព័រដើមរបស់គេហទំព័រ ដ្បិតព្រះទ្រង់ស្រឡាញ់ ដើម្បីមើលអត្ថបទ និងធនធានដទៃទៀត