សេចក្តីស្រឡាញ់សកល

តើអ្នកយល់ថា ព្រះទ្រង់ស្រឡាញ់អ្វី? ឃ្លាបន្ទាប់ ក្នុងបទគម្ពីរយ៉ូហាន ៣:១៦ បានប្រាប់យើងថា ព្រះអង្គស្រឡាញ់ “លោកិយ”។ ការនេះប្រាកដជាធ្វើឲ្យជនជាតិយូដាមានការភ្ញាក់ផ្អើលណាស់ ពេលបានអានបទគម្ពីរដំណឹងល្អយ៉ូហាន។ ពួកគេបានចាត់ទុកខ្លួន ជារាស្រ្តជ្រើសតាំងរបស់ព្រះ ហើយក៏រំពឹងចង់ឲ្យព្រះអង្គស្រឡាញ់តែសាសន៍របស់ខ្លួនជាពិសេស(ចោទិយកថា ៧:៦-៨)។ ចុះចំណែកឯសាសន៍ដទៃវិញ។ ជនជាតិយូដាមិនចង់នៅក្បែរពួកសាសន៍ដទៃទេ។ តែព្រះទ្រង់បានស្រឡាញ់លោកិយ ហើយសព្វព្រះទ័យនឹងសង្រ្គោះមនុស្សទាំងអស់(លោកុប្បត្តិ ១២:៣ អេសាយ ៦៥:២)។ លោកយ៉ូហានច្រើនតែប្រើពាក្យ លោកិយ សំដៅទៅលើសង្គមមនុស្សដែលមានបាប(យ៉ូហាន ១:១០ ៧:៧ ១៤:១៧ ១៥:១៨-១៩)។ បានសេចក្តីថា លោកយ៉ូហានចង់ឲ្យយើងដឹងថា សេចក្តីស្រឡាញ់របស់ព្រះមិនមែនសម្រាប់តែជនជាតិយូដាប៉ុណ្ណោះទេ តែក៏សម្រាប់សាសន៍ដទៃ នៅក្នុង “គ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍”(វិវរណៈ ៥:៩) ហើយនិយាយរួម គឺសម្រាប់មនុស្សមានបាបរាល់គ្នា។

សេចក្តីស្រឡាញ់របស់ព្រះ មានលក្ខណៈសកល។ ព្រះអង្គមិនបានស្រឡាញ់ដោយលំអៀងទេ គឺបានស្រឡាញ់មនុស្សទាំងអស់។ ដូចនេះ យើងអាចនិយាយទៅកាន់មនុស្សទាំងអស់ថា “ព្រះទ្រង់ស្រឡាញ់អ្នក” ហើយអញ្ជើញពួកគេ ឲ្យពិសោធន៍នឹងក្តីស្រឡាញ់របស់ព្រះ ដោយទទួលជឿព្រះយេស៊ូវ ហើយងាកបែរចេញពីអំពើបាប។

ព្រះទ្រង់សព្វព្រះទ័យនឹងបង្ហាញចេញនូវព្រះទ័យស្រឡាញ់ ដល់អ្នកដទៃ តាមរយៈយើង។ តើយើងអនុញ្ញាតឲ្យព្រះអង្គបង្ហាញក្តីស្រឡាញ់ដល់អ្នកដទៃ តាមរយៈយើងឬទេ? យើងអាចចាប់ផ្តើមបង្ហាញឲ្យគេស្គាល់សេចក្តីស្រឡាញ់ព្រះអង្គ នៅសាលារៀន កន្លែងធ្វើការ ឬក្នុងតំបន់ដែលយើងរស់នៅជាដើម។

លោកអ្នកអាចវិលត្រឡប់ទៅកាន់ទំព័រដើមរបស់គេហទំព័រ ដ្បិតព្រះទ្រង់ស្រឡាញ់ ដើម្បីមើលអត្ថបទ និងធនធានដទៃទៀត