មិនមែនជឿដោយការមើលឃើញ

អាន : យ៉ូហាន ២០:១៩-៣១

មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ។-ខ.២៩

តាំងពីសម័យដើមមក មនុស្សចូលចិត្តនិយាយថា “បើមិនបានឃើញនឹងភ្នែកខ្ញុំផ្ទាល់ទេ ខ្ញុំមិនជឿឡើយ”។ តែបើសិនជាយើងជឿតែលើអ្វីដែលយើងអាចមើលឃើញនឹងភ្នែកយើង នោះយើងនឹងមិនដែលបានស្គាល់ព្រះ ឬពិសោធន៍នឹងព្រះវត្តមានទ្រង់ឡើយ។

មានពេលមួយ ខ្ញុំបានធ្វើដំណើរទៅប្រទេសអង់គ្លេស ក្នុងអំឡុងពេលនៃការរាលដាលនៃជម្ងឺអ៊ុតក្តាម។ កាលនៅផ្ទះ ខ្ញុំបានអានពត៌មានក្នុងការសែត ស្តីអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលជម្ងឺនេះមាន មកលើកសិករទាំងឡាយ។ ខ្ញុំក៏បានមើលពត៌មានតាមទូរទស្សន៍អំពីការដែលគេសម្លាប់សត្វដែលមានជម្ងឺអុតក្តាម ហើយយកទៅដុត ឬកប់ចោល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺនេះ។ តែពេលខ្ញុំកំពុងធ្វើដំណើរតាមរថភ្លើង ពីទីក្រុងឡុងដ៍ ទៅកាន់ខេត្តដេវុន ខ្ញុំបានឃើញហ្វូងចៀម និងគោដែលមានសុខភាពល្អជាច្រើន នៅទីវាល។ ខ្ញុំមិនបានឃើញការបិទប្រកាសដាស់តឿនណាមួយ អំពីជម្ងឺអ៊ុតក្តាម នៅក្នុងតំបន់នោះឡើយ។ ដូចនេះ តើខ្ញុំគួរតែជឿលើពត៌មានដែលបានផ្សាយ ឬជឿលើអ្វីដែលខ្ញុំបានឃើញផ្ទាល់ភ្នែក?

បន្ទាប់ពីព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ លោកថូម៉ាស់មិនព្រមជឿដំណឹងដែលថា ទ្រង់បានមានព្រះជន្មរស់ឡើងវិញឡើយ។ គាត់បានប្រាប់គេថា បើគាត់មិនបានប៉ះស្នាមដែកគោលនៅលើព្រះហស្តទ្រង់ និងស្នាមរបួសនៅចំហៀងទ្រង់ទេ នោះគាត់មិនព្រមជឿឡើយ(យ៉ូហាន ២០:២៤-២៥)។ ប្រាំបីថ្ងៃក្រោយមក ពេលព្រះអម្ចាស់បានបង្ហាញព្រះអង្គទ្រង់ឲ្យពួកសាវ័កឃើញ ព្រះអង្គក៏បានមានបន្ទូលទៅកាន់ថូម៉ាស់ថា “ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ”(ខ.២៩)។

បន្ទាប់ពីព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ លោកថូម៉ាស់មិនព្រមជឿដំណឹងដែលថា ទ្រង់បានមានព្រះជន្មរស់ឡើងវិញឡើយ។ គាត់បានប្រាប់គេថា បើគាត់មិនបានប៉ះស្នាមដែកគោលនៅលើព្រះហស្តទ្រង់ និងស្នាមរបួសនៅចំហៀងទ្រង់ទេ នោះគាត់មិនព្រមជឿឡើយ(យ៉ូហាន ២០:២៤-២៥)។ ប្រាំបីថ្ងៃក្រោយមក ពេលព្រះអម្ចាស់បានបង្ហាញព្រះអង្គទ្រង់ឲ្យពួកសាវ័កឃើញ ព្រះអង្គក៏បានមានបន្ទូលទៅកាន់ថូម៉ាស់ថា “ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ”(ខ.២៩)។

ខ្ញុំបានដឹងដោយជំនឿ លើព្រះដែលខ្ញុំបានជឿ
ខ្ញុំបានស្គាល់អំណាយរបស់ព្រះ ដែលខ្ញុំបានទទួល
ខ្ញុំដឹងថា ទ្រង់នឹងរក្សាខ្ញុំរហូតដល់ទីបញ្ចប់។
ទ្រង់ជាព្រះសង្រ្គោះ ព្រះដ៏ប្រោសលោះ និងមិត្តសំឡាញ់របស់ខ្ញុំ។-Anon

ជំនឿមើលឃើញអ្វីដែលភ្នែកមើលមិនឃើញ។

ការអានបទគម្ពីរសម្រាប់ថ្ងៃនេះ – យ៉ូហាន ២០:១៩-៣១

១៩ នៅថ្ងៃដំបូងក្នុងអាទិត្យនោះឯង លុះព្រលប់ហើយ កាលទ្វារទាំងអស់ នៅកន្លែងដែលពួកសិស្សប្រជុំគ្នា បានបិទ ដោយព្រោះខ្លាចសាសន៍យូដា នោះព្រះយេស៊ូវទ្រង់យាងមកឈរនៅកណ្តាលពួកសិស្ស មានព្រះបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខចុះ ២០ កាលទ្រង់មានព្រះបន្ទូលដូច្នោះហើយ នោះក៏បង្ហាញព្រះហស្ត និងចំហៀងទ្រង់ឲ្យគេមើល ដូច្នេះ ពួកសិស្សមានចិត្តត្រេកអរ ដោយបានឃើញព្រះអម្ចាស់ ២១ រួចព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយសេចក្តីសុខសាន្ត ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ឲ្យខ្ញុំមកដែរ ២២ ទ្រង់មានព្រះបន្ទូលដូច្នោះ រួចក៏ផ្លុំលើគេទាំងមានព្រះបន្ទូលថា ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ ២៣ បើអ្នករាល់គ្នានឹងអត់ទោសបាបដល់អ្នកណា នោះបាបគេនឹងបានអត់ទោសឲ្យ តែបើអ្នករាល់គ្នានឹងប្រកាន់ទោសបាបចំពោះអ្នកណា នោះបាបគេនឹងត្រូវប្រកាន់ជាប់វិញ។
២៤ រីឯថូម៉ាស ជាម្នាក់ក្នុងពួក១២ ដែលគេហៅថា ឌីឌីម គាត់មិននៅជាមួយ ក្នុងកាលដែលព្រះយេស៊ូវយាងមកនោះទេ ២៥ ដូច្នេះ ពួកសិស្សឯទៀតប្រាប់គាត់ថា យើងបានឃើញព្រះអម្ចាស់ តែគាត់ឆ្លើយថា បើខ្ញុំមិនឃើញស្នាមដែកគោល នៅព្រះហស្តទ្រង់ ទាំងលូកម្រាមទៅក្នុងស្នាមដែកគោលនោះ ហើយលូកដៃខ្ញុំទៅក្នុងចំហៀងទ្រង់ នោះខ្ញុំមិនព្រមជឿទេ ២៦ ដល់៨ថ្ងៃក្រោយមក ពួកសិស្សទ្រង់នៅក្នុងផ្ទះម្តងទៀត ហើយថូម៉ាសក៏នៅជាមួយដែរ នោះព្រះយេស៊ូវទ្រង់យាងមក ឈរកណ្តាលពួកគេ ទាំងទ្វារនៅបិទ ហើយមានព្រះបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត ២៧ រួចទ្រង់មានព្រះបន្ទូលទៅថូម៉ាសថា ចូរលូកម្រាមដៃអ្នកមក ស្ទាបមើលដៃខ្ញុំឯណេះ ហើយលូកដៃមកក្នុងចំហៀងខ្ញុំផង កុំឲ្យមានចិត្តមិនជឿឡើយ ត្រូវឲ្យជឿចុះ ២៨ នោះថូម៉ាសទូលឆ្លើយថា ឱព្រះអម្ចាស់ទូលបង្គំ ឱព្រះនៃទូលបង្គំអើយ ២៩ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ។
៣០ ព្រះយេស៊ូវក៏ធ្វើទីសំគាល់ជាច្រើនទៀត នៅមុខពួកសិស្សទ្រង់ ដែលមិនបានចែងទុកក្នុងសៀវភៅនេះទេ ៣១ បានចែងទុកតែប៉ុណ្ណេះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះពិត ហើយឲ្យអ្នករាល់គ្នាបានជីវិត ដោយសារព្រះនាមទ្រង់ ដោយមានសេចក្តីជំនឿ។