អំណោយ​ដែល​ល្អ​បំផុត

នៅ​ក្នុង​ដំណើរ​កម្សាន្ត​រដូវ​រងា ក្នុង​ភាគ​ខាង​ជើង​នៃ​រដ្ឋ​ញូអ៊ីងគ្លិន មាន​បុរស​ម្នាក់​សួរ​សំណួរ​មួយ​ថា “តើ​អ្នក​ចង់​បាន​អំណោយ​អ្វី​ជាង​គេ ក្នុង​រដូវ​កាល​បុណ្យ​ណូអែល?”

មាន​កីឡា​ករ​ម្នាក់ ហាក់​ដូច​ជា​មាន​ចិត្ត​អន្ទះ​សារ​ចង់​ឆ្លើយ​សំណួរ​នេះ​ណាស់។

គាត់​ក៏​មើល​ទៅ​មិត្ត​ភក្តិ​ដែល​អង្គុយ​ក្បែរ​គាត់ ហើយ​និយាយ​ថា “សំណួរ​នេះ​ស្រួល​ឆ្លើយ​ទេ។ កាល​ពី​ពីរ​បី​ឆ្នាំ​មុន ពេល​ខ្ញុំ​រៀន​ចប់​មហា​វិទ្យា​ល័យ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ក្លាយ​ជា​កីឡាករ​បាល់​ទាត់​អាជីព។ តែ​ក្តី​ស្រមៃ​មិន​ក្លាយ​ជា​ពិត ខ្ញុំ​ក៏​មាន​កំហឹង​ក្នុង​ចិត្ត។ ភាព​ល្វីង​ជូរ​ចត់​បាន​ស៊ី​បំផ្លាញ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ចែក​ចាយ អំពី​ភាព​ល្វីង​ជូរ​ចត់​នេះ ដល់​អ្នក​ណា​ដែល​ព្យាយាម​ជួយ​លើក​ទឹក​ចិត្ត​ខ្ញុំ”។ “ក្នុង​អំឡុង​ពេល​រដូវ​កាល​ទីពីរ នៃ​ការ​រស់​នៅ ដោយ​គ្មាន​បាល់​ទាត់ ខ្ញុំ​ក៏​បាន​ទៅ​មើល​ការ​សម្តែង​រឿង​បុណ្យ​ណូអែល នៅ​ព្រះ​វិហារ​របស់​បុរស​ម្នាក់​នេះ” និយាយ​បណ្តើរ គាត់​ក៏​ចង្អុល​ទៅ​មិត្ត​ភក្តិ​ដែល​អង្គុយ​ក្បែរ​គាត់​នោះ។ គាត់​ក៏​បន្ត​ទៀត​ថា “ខ្ញុំ​បាន​ទៅ​ព្រះ​វិហារ មិន​មែន​ដើម្បី​ស្វែង​យល់​ពី​ព្រះ​យេស៊ូវ​ទេ តែ​គ្រាន់​តែ​ចង់​មើល​ក្មួយ​ស្រី​ខ្ញុំ​សម្តែង​ប៉ុណ្ណោះ។ ខ្ញុំ​ពិបាក​នឹង​រៀប​រាប់ អំពី​ការ​អ្វី​ដែល​កើត​ឡើង​បន្ទាប់ ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ចម្លែក ប៉ុន្តែ ពេល​ដែល​គេ​កំពុង​សម្តែង​រឿង ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ចាំ​បាច់​ត្រូវ​ចូល​រួម​ជា​មួយ​ពួក​អ្នក​គង្វាល និង​ពួក​ទេវ​តា ដែល​កំពុង​ចូល​គាល់​ព្រះ​ឱរស​យេស៊ូវ។ ពេល​ដែល​ហ្វូង​មនុស្ស​បន្លឺ​សម្លេងព្រម​គ្នា​ថា ‘យប់​ដ៏​ស្ងប់​ស្ងាត់’ ខ្ញុំ​ក៏​បាន​អង្គុយ​យំ។”

“ខ្ញុំ​បាន​ទទួល​អំណោយ​ណូអែល​ដ៏​ល្អ​បំផុត នៅ​យប់​ថ្ងៃ​នោះ” ហើយ​គាត់​ក៏​ចង្អុល​ទៅ​មិត្ត​ភក្តិ​គាត់ រួច​និយាយ​ទៀត​ថា “បុរស​ម្នាក់​នេះ បាន​ជូន​ក្រុម​គ្រួសារ​គាត់​ទៅ​ផ្ទះ ហើយ​គាត់​ក៏​មាន​ឱកាស​ប្រាប់​ខ្ញុំ ពី​របៀប​ចូល​គាត់​ព្រះ​យេស៊ូវ”។

ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល​ឆ្នាំ​នេះ សូម​ឲ្យ​ភាព​សាមញ្ញ​ដ៏​មាន​អំណរ នៃ​រឿង​កំណើត​ព្រះ​យេស៊ូវ ធ្វើ​ការ​ក្នុង​ចិត្ត​យើង ឲ្យ​ចង់​ស្គាល់​ទ្រង់​កាន់​តែ​ច្បាស់។-RANDY KILGORE

អំណោយ​ណូអែល​ដែល​ល្អ​បំផុត គឺ​សន្តិ​ភាព និង​ការ​អត់​ទោស​បាប ដែល​ព្រះ​យេស៊ូវ​បាន​យាង​ចុះ​មក​ប្រទាន​ដល់​យើង។

១របាក្សត្រ ១៦:៨

ចូរ​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ចូរ​អំពាវនាវ​ដល់​ព្រះនាម​ទ្រង់​ចុះ ចូរ​សំដែង​ពី​អស់​ទាំង​ការ​នៃ​ទ្រង់ នៅ​កណ្តាល​គ្រប់​ទាំង​សាសន៍។

បទគម្ពីរសម្រាប់អានថ្ងៃនេះ

១របាក្សត្រ ១៦:៨-១៣

៨ ចូរ​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ចូរ​អំពាវនាវ​ដល់​ព្រះនាម​ទ្រង់​ចុះ ចូរ​សំដែង​ពី​អស់​ទាំង​ការ​នៃ​ទ្រង់ នៅ​កណ្តាល​គ្រប់​ទាំង​សាសន៍ ៩ ចូរ​ច្រៀង​ថ្វាយ​ទ្រង់ ចូរ​ច្រៀង​សរសើរ​ដល់​ទ្រង់​ចុះ ចូរ​នឹក​ថ្លែង​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់ ១០ ចូរ​មាន​ចិត្ត​រីករាយ ដោយ​នូវ​ព្រះនាម​បរិសុទ្ធ​របស់​ទ្រង់ ចូរ​ឲ្យ​អស់​អ្នក ដែល​ស្វែង​រក​ព្រះយេហូវ៉ា មាន​ចិត្ត​អរ​សប្បាយ​ឡើង ១១ ចូរ​សង្កិន​រក​ព្រះយេហូវ៉ា និង​ឥទ្ធានុភាព​របស់​ទ្រង់ ចូរ​រក​ព្រះភក្ត្រ​ទ្រង់​ជានិច្ច ១២ ចូរ​នឹក​ចាំ​ពី​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ គឺ​ពី​ការ​ចំឡែក​របស់​ទ្រង់ និង​ពី​សេចក្តី​យុត្តិធម៌​ដែល​ចេញ​ពី​ព្រះឱស្ឋ​ទ្រង់​មក ១៣ ឱ​អ្នក​រាល់​គ្នា​ជា​ពូជ​ពង្ស​អ៊ីស្រាអែល ជា​ពួក​បំរើ​ទ្រង់ គឺ​ពួក​កូន​ចៅ​យ៉ាកុប ជា​ពួក​អ្នក​ជ្រើសរើស​របស់​ទ្រង់​អើយ។

លោកអ្នកអាចវិលត្រឡប់ទៅកាន់ទំព័រដើមរបស់គេហទំព័រ អំណោយនៃព្រះគុណរបស់ព្រះ ដើម្បីមើលអត្ថបទ និងធនធានដទៃទៀត