ដើម​ឈើ​នៃ​ព្រះ​ពរ

ខ្ញុំ​ធ្លាប់​បាន​អាន​រឿង​មួយ ដែល​និយាយ​អំពី​ប្តី​ប្រពន្ធ​ថ្មោង​ថ្មី​មួយ​គូ ដែល​បរាជ័យ នៅ​ក្នុង​មុខ​ជំនួញ ហើយ​ពួក​គេ​នៅ​សល់​លុយ​តិច​តួច សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល។ ពួក​គេ​ត្រូវ​រើ​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ បន្ទាប់​ពី​ឆ្នាំ​ថ្មី​ចូល​មក​ដល់។ ប៉ុន្តែ ពួក​គេ​មិន​ចង់​ឲ្យ​រដូវ​កាល​នៃ​បុណ្យ​ណូអែល​របស់​ពួក​គេ ទទួល​ផល​ប៉ះ​ពាល់ ដោយ​សារ​រឿង​នេះ​ឡើយ។ ដូច​នេះ ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ពិធី​ជប់​លៀង​មួយ ដើម្បី​អប​អរ​បុណ្យ​ណូអែល។ ពេល​ភ្ញៀវ​មក​ដល់ ពួក​គេ​ក៏​បាន​ឃើញ​ដើម​ស៊ីដា​មួយ​ដើម ត្រូវ​បាន​តុប​តែង ​ទៅ​ដោយ​អំពូល​ភ្លើង​តូច​ៗ​មួយ​ខ្សែ និង​ក្រដាស់​រមូល​តូច​ៗ​ជា​ច្រើន ចង​ភ្ជាប់​នឹង​មែក ដោយ​ខ្សែ​បូ។ ប្តី​ប្រពន្ធ​មួយ​គូ​នេះ​ក៏​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា “ដើម​ឈើ​នៃ​ព្រះ​ពរ សូម​ស្វា​គមន៍! ទោះ​គ្រួសារ​យើង​ស្ថិត​ក្នុង​ពេល​ដ៏​ពិបាក​ក៏​ដោយ ក៏​ព្រះ​ទ្រង់​នៅ​តែ​ប្រទាន​ពរ​យើង តាម​របៀប​ជា​ច្រើន បាន​ជា​យើង​តុប​តែង​ដើម​ឈើ​របស់​យើង​ថ្វាយ​ទ្រង់។ នៅ​ក្នុង​ក្រដាស់​រមូល​តូច​ៗ​ដែល​យើងបាន​ចង់​ព្យួរ​នឹង​មែក​ឈើ គឺ​មាន​សរសេរ​រៀប​រាប់ អំពី​ព្រះ​ពរ​នីមួយ​ៗ ដែល​ទ្រង់​បាន​ប្រទាន​យើង ក្នុង​ឆ្នាំ​នេះ”។

ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ទាំង​ពីរ​នៅ​បន្ត​ជួប​ទុក្ខ​លំបាក​ជា​ច្រើន​ទៀត តែ​ពួក​គេ​នៅ​តែ​សម្រេច​ចិត្ត​ថា ខ្លួន​នឹង​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ​អម្ចាស់​ជា​និច្ច។  ជា​ញឹក​ញាប់ ពួក​គេ​បាន​និយាយ​ប្រាប់​គេ​ថា ការ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ណូអែល​ដែល​មាន​ការ​ដាក់​តាំង “ដើម​ឈើ​នៃ​ព្រះ​ពរ” ស្ថិត​នៅ​ក្នុង​ចំណោម​ការ​ប្រារព្ធ​ធ្វើ​ដែល​មាន​ភាព​ស្រស់​ស្អាត​បំផុត សម្រាប់​ពួក​គេ ព្រោះ​ពួក​គេ​អាច​ទទួល​ស្គាល់ ដូច​នាង​ម៉ារា​ថា “វិញ្ញាណ​ខ្ញុំ​ក៏​រីករាយ​នឹង​ព្រះ​ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ខ្ញុំ … ពី​ព្រោះ​ព្រះ​ដ៏​មាន​ព្រះចេស្តា ទ្រង់​បាន​ប្រោស​សេចក្តី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ ព្រះនាម​ទ្រង់​បរិសុទ្ធ”(លូកា ១:៤៧-៤៩)។

ទោះ​អ្នក​មាន​ទុក្ខ​លំបាក​អ្វី​ក៏​ដោយ ចូរ​កុំ​បណ្តោយ​ឲ្យ​ទុក្ខ​លំបាក​ទាំង​នោះ​ មាន​ផល​ប៉ះ​ពាល់​ដល់​ការ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ណូអែល​របស់​អ្នក​ឡើយ  ដ្បិត​គ្មាន​អ្វី​អាច​មាន​ផល​ប៉ះ​ពាល់​មក​លើ​ពិធី​បុណ្យ​ណូអែល​ឡើយ! ចូរ​ផ្តោត​ទៅ​លើ​ព្រះយេស៊ូវ ហើយ​ស្វែង​រក​វិធី​ចែក​រំលែក​ព្រះ​ពរ​របស់​ទ្រង់ ជា​មួយ​អ្នក​ដទៃ  ដែល​អ្នក​ប្រហែល​ជា​អាច​ធ្វើ តាម​រយៈ “ដើម​ឈើ​នៃ​ព្រះ​ពរ” ​របស់​អ្នក។-JOANIE YODER

ដើម្បី​ឲ្យ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​របស់​អ្នក​មាន​ន័យ ចូរ​យក​ព្រះ​គ្រីស្ទ​ជា​ទីមួយ។

លូកា ១:៤៩

ពី​ព្រោះ​ព្រះ​ដ៏​មាន​ព្រះចេស្តា ទ្រង់​បាន​ប្រោស​សេចក្តី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ ព្រះនាម​ទ្រង់​បរិសុទ្ធ។

 

ការអានបទគម្ពីរ សម្រាប់ថ្ងៃនេះ

លូកា ១:៤៦-៥៥

៤៦ រួច​ម៉ារា​និយាយ​ឡើង​ថា “ព្រលឹង​ខ្ញុំ​លើក​ដំកើង​ព្រះអម្ចាស់ ៤៧ វិញ្ញាណ​ខ្ញុំ​ក៏​រីករាយ​នឹង​ព្រះ​ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ខ្ញុំ ៤៨ ដ្បិត​ទ្រង់​បាន​ទត​មើល​សណ្ឋាន​ទាប​ថោក​របស់​ខ្ញុំ ជា​បាវ​បំរើ​ទ្រង់ មើល​ចុះ ពី​នេះ​ទៅ​មុខ គ្រប់​ទាំង​ដំណ​មនុស្ស​នឹង​រាប់​ខ្ញុំ​ថា ជា​អ្នក​មាន​ពរ ៤៩ ពី​ព្រោះ​ព្រះ​ដ៏​មាន​ព្រះចេស្តា ទ្រង់​បាន​ប្រោស​សេចក្តី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ ព្រះនាម​ទ្រង់​បរិសុទ្ធ ៥០ ទ្រង់​មាន​សេចក្តី​មេត្តាករុណា​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស ដែល​គេ​កោតខ្លាច​ទ្រង់​ត​រៀង​ទៅ ៥១ ទ្រង់​បាន​សំដែង​ឫទ្ធិ ដោយ​ព្រះហស្ត​ទ្រង់ ព្រម​ទាំង​កំចាត់កំចាយ​មនុស្ស​អំនួត ដោយសារ​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​ខ្លួន​គេ ៥២ ទាំង​ទំលាក់​ស្តេច​ពី​បល្ល័ង្ក​ចេញ ហើយ​លើក​មនុស្ស​រាបសា​ឡើង​វិញ ៥៣ ឯ​មនុស្ស​ឃ្លាន ទ្រង់​បាន​ចំអែត​ដោយ​របស់​ល្អ តែ​ពួក​អ្នក​មាន ទ្រង់​បាន​បណ្តេញ​ឲ្យ​ទៅ​ទទេ​វិញ ៥៤ ទ្រង់​បាន​ជួយ​អ៊ីស្រាអែល ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​បាន​នឹក​ចាំ​ពី​សេចក្តី​មេត្តាករុណា​ទ្រង់ ៥៥ ដូច​ជា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ពួក​ឰយុកោ​យើង គឺ​នឹង​លោក​អ័ប្រាហាំ ហើយ​នឹង​ពូជ​លោក​ជា​រៀង​រាប​ដរាប​ត​មក”។

លោកអ្នកអាចវិលត្រឡប់ទៅកាន់ទំព័រដើមរបស់គេហទំព័រ អំណោយនៃព្រះគុណរបស់ព្រះ ដើម្បីមើលអត្ថបទ និងធនធានដទៃទៀត