ដំណឹង​ល្អ!

ពត៌​មាន​អន្តរ​ជាតិ​បាន​វាយ​លុក​មក​លើ​យើង តាម​អ៊ីន​ធើណិត ទូរទស្សន៍ វិទ្យុ និង​ទូរស័ព្ទ​ដៃ​ទំនើប។ ភាគ​ច្រើន​នៃ​ពត៌​មាន​ទាំង​នោះ ជា​ដំណឹង​អាក្រក់ ដែល​ហាក់​ដូច​ជា​រៀប​រាប់​អំពី​បញ្ហា​ដែល​បាន ឬ​កំពុង​កើត​ឡើង ដូច​ជា​អំពើ​ឧក្រឹដ្ឋ សង្រ្គាម ភារវៈ​កម្ម និង​វិបត្តិ​សេដ្ឋ​កិច្ច​ជា​ដើម។ តែ​ក៏​មាន​ពេល​ដែល​ដំណឹង​ល្អ​បាន​ជ្រាត​ចូល ក្នុង​ពេល​ដែល​ងងឹត​បំផុត នៃ​ទុក្ខ​ព្រួយ និង​ភាព​អស់​សង្ឃឹម។ ដំណឹង​ល្អ​ទាំង​នោះ មាន​ពត៌​មាន​ដែល​និយាយ​អំពី​បុគ្គល​ដែល​ជួយ​អ្នក​ដទៃ ដោយ​មិន​គិត​ប្រយោជន៍​ខ្លួន​ឯង ឬ​ពត៌​មាន​អំពី​ការ​រក​ឃើញ​ដំណោះ​ស្រាយ​ផ្នែក​វេជ្ជ​សាស្ត្រ ឬ​មួយ​ពត៌​មាន​អំពី​ការ​បោះ​ជំហាន​ទៅ​រក​សន្តិភាព ក្នុង​តំបន់​ដែល​មាន​សង្រ្គាម​។

បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យ​សម្តី​របស់​បុរស​ពីរ​នាក់ ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាន​នាំ​មក​នូវ​ក្តី​សង្ឃឹម​ដ៏​អស្ចារ្យ ដល់​អ្នក​ដែល​នឿយ​ព្រួយ ដោយ​សារ​សង្រ្គាម។ ហោរា​ណាហ៊ុម​បាន​ពិពណ៌នា អំពី​ការ​ជំនុំ​ជម្រះ​របស់ព្រះ មក​លើ​ប្រជាជាតិ​ដែល​សាហាវ​ព្រៃ​ផ្សៃ និង​មាន​អំណាច ហើយ​ទន្ទឹម​នឹង​នោះ​ គាត់​ក៏​បាន​មាន​ថ្លែង​បទ​ទំនាយ​ថា “មើល​ន៍ នៅ​លើ​ភ្នំ​ទាំងឡាយ ឃើញ​ជើង​របស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក គឺ​ជា​អ្នក​ដែល​ប្រកាស​ប្រាប់​ពី​សេចក្តី​សុខ!”(ណាហ៊ុម ១:១៥)។ ដំណឹង​ល្អ​នោះ​ បាន​នាំ​មក​នូវ​ក្តី​សង្ឃឹម ដល់​អ្នក​ដែល​ទទួល​រង​ការ​គាប​សង្កត់ ដោយ​សារ​ភាព​សាហាវ​ព្រៃ​ផ្សៃ។

យ៉ាង​ណា​មិញ ហោរា​អេសា​ក៏​បាន​ថ្លែង​នូវ​បទ​ទំនាយ​ស្រដៀង​នឹង​ហោរា​ណាហ៊ុម​ផង​ដែរ​ថា “អើ ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក ហើយ​ប្រកាស​ប្រាប់​ពី​សេចក្តី​មេត្រី ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​ពី​ការ​ប្រសើរ​មក ហើយ​ថ្លែង​ប្រាប់​ពី​សេចក្តី​សង្គ្រោះ គឺ​ជា​អ្នក​ដែល​ពោល​ដល់​ក្រុង​ស៊ីយ៉ូន​ថា ព្រះ​នៃ​ឯង​ទ្រង់​សោយរាជ្យ”(អេសាយ ៥២:៧)។

បទ​ទំនាយ​របស់​លោក​ណាហ៊ុម និង​លោក​អេសាយ ដែល​នាំ​មក​នូវ​សេចក្តី​សង្ឃឹម បាន​សម្រេច នៅ​ថ្ងៃ​បុណ្យ​ណូ​អែល​មុន​បំផុត ពេល​ដែល​ពួក​ទេវតា​ប្រាប់​ពួក​អ្នក​គង្វាល​ចៀម​ថា “កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តាជន​ទាំង​អស់​គ្នា ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់”(លូកា ២:១០-១១)។

ជា​រៀង​រាល់​ថ្ងៃ ពត៌​មាន ឬ​ដំណឹង​ដែល​សំខាន់​បំផុត ក្នុង​ជីវិត​យើង គឺ​ជា​ដំណឹង​ល្អ​បំផុត ដែល​គេ​បាន​ថ្លែង​ប្រាប់​ថា ព្រះ​គ្រីស្ទ ដ៏​ជា​ព្រះ​សង្រ្គោះ ទ្រង់​ប្រសូត្រ​ហើយ!-DAVID MACCASLAND

សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​សម្តែង​ចេញ នៅ​បេថ្លេហិម។

ណាហ៊ុម ១:១៥

មើល​ន៍ នៅ​លើ​ភ្នំ​ទាំងឡាយ ឃើញ​ជើង​របស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក គឺ​ជា​អ្នក​ដែល​ប្រកាស​ប្រាប់​ពី​សេចក្តី​សុខ។

ការអានបទគម្ពីរ សម្រាប់ថ្ងៃនេះ

ណាហ៊ុម ១:១-១៥

១ នេះ​ជា​សេចក្តី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ក្រុង​នីនីវេ គឺ​ជា​សៀវភៅ​សំដែង​ចេញ​ជា​ការ​ជាក់ស្តែង​របស់​ណាហ៊ុម​ជា​អ្នក​ស្រុក​អែលកូស។

២ ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ​ប្រចណ្ឌ ទ្រង់​ក៏​សងសឹក​ដែរ ព្រះយេហូវ៉ា​ទ្រង់​សងសឹក ហើយ​ក៏​មាន​ពេញ​ដោយ​សេចក្តី​ក្រោធ ព្រះយេហូវ៉ា​ទ្រង់​សងសឹក ដល់​ពួក​អ្នក​តតាំង​នឹង​ទ្រង់ ហើយ​ទ្រង់​រក្សា​ទុក​នូវ​សេចក្តី​ក្រោធ សំរាប់​ពួក​ខ្មាំងសត្រូវ ៣ ព្រះយេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះចេស្តា​យ៉ាង​ធំ ទ្រង់​មិន​លះលែង​ទោស​របស់​មនុស្ស​ឡើយ ឯ​ផ្លូវ​របស់​ព្រះយេហូវ៉ា នោះ​នៅ​ក្នុង​ខ្យល់កួច ហើយ​ក្នុង​ព្យុះ​សង្ឃរា ពពក​ទាំងឡាយ​ជា​ធូលី​ហុយ​ពី​ព្រះបាទ​ទ្រង់ ៤ ទ្រង់​ស្តី​បន្ទោស​ដល់​សមុទ្រ ក៏​ធ្វើ​ឲ្យ​គោក​ទៅ ទ្រង់​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​ស្ងួត​ដែរ ចំណែក​ឯ​ស្រុក​បាសាន ក៏​រោយរៀវ​ចុះ ព្រម​ទាំង​ស្រុក​កើមែល​ផង ឯ​ផ្កា​របស់​ព្រៃ​ល្បាណូន​ក៏​ស្រពោន​ដែរ។ ៥ ភ្នំ​ធំ​ទាំងឡាយ​កក្រើក​នៅ​ចំពោះ​ទ្រង់ ហើយ​អស់​ទាំង​ភ្នំ​តូច​ក៏​រលាយ​ទៅ ដ៏​រំពើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះភក្ត្រ​ទ្រង់ អើ ទាំង​លោកីយ៍ និង​ទាំង​អស់​ដែល​អាស្រ័យ​នៅ​ក្នុង​លោក​ដែរ ៦ តើ​មាន​អ្នក​ណា​ដែល​អាច​នឹង​ឈរ​នៅ​មុខ​សេចក្តី​គ្នាន់ក្នាញ់​របស់​ទ្រង់​បាន តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន ក្នុង​ពេល​ដែល​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់​ឆួល​ឡើង ឯ​សេចក្តី​ក្រោធ​របស់​ទ្រង់​នោះ​ក៏​ចាក់​ចេញ​ដូច​ជា​ភ្លើង ហើយ​ថ្ម​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​បែក​សញ្ជែក​ដោយសារ​ទ្រង់ ៧ ព្រះយេហូវ៉ា​ទ្រង់​ល្អ ទ្រង់​ជា​ទី​ពឹង​មាំមួន​នៅ​គ្រា​លំបាក ក៏​ស្គាល់​អស់​អ្នក​ដែល​យក​ទ្រង់​ជា​ទី​ពឹង​ផ្អែក ៨ តែ​ទ្រង់​នឹង​រំលីង​ទី​កន្លែង​របស់​ពួក​តតាំង​ដោយ​ទឹក​ជន់​ហូរ​លិច ហើយ​នឹង​ដេញ​ពួក​ខ្មាំងសត្រូវ​ទ្រង់​ទៅ​ក្នុង​ទី​ងងឹត។។

៩ ឯង​រាល់​គ្នា​គិត​បង្កើត​អ្វី ទាស់​នឹង​ព្រះយេហូវ៉ា​នោះ ឯ​ទ្រង់ នឹង​ធ្វើ​ឲ្យ​ផុត​ទៅ​អស់​រលីង សេចក្តី​ទុក្ខ​វេទនា​នឹង​មិន​កើត​ឡើង​ដល់​ទៅ​២​ដង​ទេ ១០ ដ្បិត​គេ​នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ ដូច​ជា​ជញ្ជ្រាំង​ស្ងួត ដោយ​គេ​ស្រេះ​ប្រទាក់​គ្នា​ដូច​ជា​បន្លា ក៏​ស្រវឹង​ដូច​ជា​បាន​ផឹក​ស្រា​ហើយ ១១ មាន​ម្នាក់​ចេញ​ពី​ឯង​មក ដែល​គិតគូរ​ការ​អាក្រក់​ទាស់​នឹង​ព្រះយេហូវ៉ា គឺ​ជា​អ្នក​ដែល​ប្រឹក្សា​សុទ្ធ​តែ​អំពើ​អាក្រក់ ១២ ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ទោះ​បើ​គេ​មាន​ពេញ​កំឡាំង ហើយ​មាន​គ្នា​ច្រើន​ផង​ក៏​ដោយ គង់​តែ​គេ​នឹង​ត្រូវ​កាត់​ចុះ ហើយ​កន្លង​បាត់​ទៅ អញ​បាន​ធ្វើ​ទុក្ខ​ឯង​ម្តង​ហើយ ដើម្បី​មិន​ឲ្យ​ត្រូវ​ធ្វើ​ទៀត​ឡើយ ១៣ ឥឡូវ​នេះ អញ​នឹង​បំបាក់​នឹម​របស់​គេ​ចេញ​ពី​ឯង ហើយ​បណ្តាច់​ចំណង​ឯង​ផង។

១៤ ព្រះយេហូវ៉ា​ទ្រង់​បាន​បង្គាប់​ពី​ដំណើរ​ឯង​ថា ឯង​នឹង​មិន​មាន​ពូជ​បន្ត​ឈ្មោះ​ទៀត​ឡើយ អញ​នឹង​កាត់​អស់​ទាំង​រូប​ឆ្លាក់ និង​រូប​សិត​ពី​វិហារ​របស់​ព្រះ​ទាំង​ប៉ុន្មាន​នៃ​ឯង​ចេញ ហើយ​នឹង​រៀបចំ​ផ្នូរ​ឯង ដ្បិត​ឯង​គំរក់​ណាស់។

១៥ មើល​ន៍ នៅ​លើ​ភ្នំ​ទាំងឡាយ ឃើញ​ជើង​របស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក គឺ​ជា​អ្នក​ដែល​ប្រកាស​ប្រាប់​ពី​សេចក្តី​សុខ ឱ​យូដា​អើយ ចូរ​រក្សា​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង ចូរ​លា​បំណន់​ឯង​ចុះ ដ្បិត​មនុស្ស​អាក្រក់​នឹង​មិន​ដែល​ដើរ​កាត់​ឯង​ទៀត​ឡើយ គេ​ត្រូវ​កាត់​ចេញ​អស់​រលីង​ហើយ។

លោកអ្នកអាចវិលត្រឡប់ទៅកាន់ទំព័រដើមរបស់គេហទំព័រ អំណោយនៃព្រះគុណរបស់ព្រះ ដើម្បីមើលអត្ថបទ និងធនធានដទៃទៀត