ដោយសារព្រះគុណព្រះ នោះជីវិតខ្ញុំប្រែជាមានតម្លៃណាស់(១កូរិនថូស ១៥:១០)។
ខ្ញុំយល់ថា អំណោយដ៏ប្រសើរបំផុត ក្នុងជីវិតខ្ញុំ គឺជាឱកាសទីពីរ ដែលព្រះទ្រង់បានប្រទាន។
ខ្ញុំយល់ថា ការធ្វើអត្តឃាត គឺបណ្តាលមកពីកត្តាជាច្រើន បើខ្ញុំងាកមកមើលជីវិតខ្ញុំកាលពីមុន។ ខ្ញុំដឹងថា កាលនោះ ខ្ញុំចង់ធ្វើអត្តឃាត គឺដោយសារខ្លួនឯង គឺនៅពេលដែលខ្ញុំ បានឲ្យតម្លៃខ្លួនឯងតិចពេក ។ ខ្ញុំមានជម្ងឺពុកឆ្អឹងពីកំណើត។ បើខ្ញុំដួល ឆ្អឹងរបស់ខ្ញុំនឹងបាក់ ហើយខ្ញុំនឹងត្រូវឲ្យពេទ្យវះកាត់ព្យាយាលឆ្អឹងនោះ ខ្ញុំមានបន្ទះដែក និងដែកអបឆ្អឹងរបស់ខ្ញុំ។
ពេលខ្ញុំរៀនដល់មធ្យមសិក្សា ខ្ញុំឃើំញមិត្តភក្តិខ្ញុំសុទ្ធតែបានលូតកម្ពស់ខ្ពស់ជាងខ្ញុំ។ ហេតុអ្វីបានជាខ្ញុំមិនលូតកម្ពស់ដូចគេ? ខ្ញុំក៏បានចាប់ផ្តើមគិតច្រើន ព្រោះខ្ញុំមិនដែលចង់ពិការទេ។ ខ្ញុំក៏បានស្តីបន្ទោសម្តាយខ្ញុំ តើម៉ាក់ផ្តល់កំណើតឲ្យខ្ញុំធ្វើអ្វី?
ប៉ុន្តែ ខ្ញុំមិនបានគិត អំពីការឈឺចាប់ ដែលខ្ញុំអាចផ្តល់ឲ្យគាត់ទេ ក្នុងនាមជាម្តាយ តើគាត់មានអារម្មណ៍យ៉ាងណា?
ដូចនេះ ពេលខ្ញុំចង់សម្លាប់ខ្លួន គាត់ក៏បានព្យាយាមឃាត់ខ្ញុំ។ គាត់បានលាចាកលោក នៅពេលដែលខ្ញុំរៀនបាននិទេស A។ ខ្ញុំពិតជាមានការស្តាយក្រោយខ្លាំងណាស់ ព្រោះខ្ញុំមិនបានទាន់ដង្ហើមគាត់។
ខ្ញុំបានសង្រ្គោះ ដោយសារព្រះគុណព្រះ
ព្រះទ្រង់បានរារាំងខ្ញុំ ពេលខ្ញុំចង់ធ្វើអត្តឃាត… ដោយប្រើមធ្យោបាយ និងប្រើមនុស្សខុសៗគ្នា។ មានពេលមួយនោះ ខ្ញុំស្រាប់តែមានអារម្មណ៍ចង់សម្លាប់ខ្លួន។ ខ្ញុំកំពុងអង្គុយនៅលើរទេះរុញ នៅលើផ្លូវថ្នល់មួយខ្សែ ហើយខ្ញុំក៏គិតចង់ឲ្យឡានបុកខ្ញុំស្លាប់តែម្តង។ ប៉ុន្តែ ផ្លូវនោះ ជាផ្លូវដែលគេបោះបង់ចោល។ ខ្ញុំមិនបានដឹងជាមុនទេ ថាផ្លូវនោះ មិនសូវមានឡានបើកបរទេ។ ដូចនេះ ខ្ញុំក៏ខឹងនឹងខ្លួនឯងយ៉ាងខ្លាំង។ ខ្ញុំក៏បានត្រឡប់ទៅផ្ទះវិញ ហើយក៏បានលេបថ្នាំលីធាម អស់មួយដប។ ប៉ុន្តែ ខ្ញុំក៏ចាប់ផ្តើមភ័យស្លន់ស្លោរ ព្រោះខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនចង់ស្លាប់ទេ។ ខ្ញុំក៏បានសុំមិត្តស្រីរបស់បងប្រុសខ្ញុំ ឲ្យនាំខ្ញុំទៅពេទ្យ។ នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។ ខ្ញុំក៏បានឃើញប៉ា និងបងស្រីខ្ញុំស្រក់ទឹកភ្នែក។ គឺនៅពេលនោះហើយ ដែលខ្ញុំបានដឹងខ្លួនថា ជីវិតខ្ញុំ មិនមែនជាកម្មសិទ្ធិរបស់ខ្ញុំទេ។ ខ្ញុំតែងតែគិតថា បើអ្នកដទៃស្ថិតក្នុងស្ថានភាពដូចខ្ញុំ ពួកគេក៏អាចមើលឃើញក្រុមគ្រួសាររបស់ពួកគេ មានការពិបាកចិត្តប៉ុណ្ណា។ ពួកគេក៏ប្រហែលជាមិនចង់ធ្វើអត្តឃាតដែរ។
ការធ្វើដំណើរ ក្នុងព្រះគុណ
ព្រះទ្រង់ក៏បាននាំខ្ញុំ ឲ្យស្គាល់ទ្រង់កាន់តែច្បាស់ ហើយខ្ញុំក៏ចង់នាំអ្នកដទៃ ឲ្យស្គាល់ទ្រង់ផងដែរ។ បន្ទាប់មក មិត្តភក្តិខ្ញុំ ក៏បានអញ្ជើញខ្ញុំ ឲ្យទៅព្រះវិហារ ខ្ញុំបានទៅព្រះវិហារ។ ព្រោះខ្ញុំបានបាត់បង់អ្វីៗអស់ហើយ ខ្ញុំមានការបាត់បង់ជាច្រើន។ ខ្ញុំបាត់បង់ទំនាក់ទំនង និយាយរួម គឺអ្វីៗគ្រប់យ៉ាង។ ដូចនេះ ការទៅព្រះវិហារ គឺគ្មានអ្វីត្រូវខាតទេ។ ខ្ញុំមិនដឹងថា ការដើរតាមព្រះគ្រីស្ទ អាចមានការពិបាកយ៉ាងនេះឡើយ។ ខ្ញុំដឹងថា ខ្ញុំមិនអាចពឹងផ្អែកលើការជឿជាក់លើខ្លួនឯងទៀតឡើយ គឺខ្ញុំត្រូវជឿជាក់លើព្រះវិញ។ ខ្ញុំត្រូវឲ្យតម្លៃខ្លួនខ្ញុំ ដូចដែលព្រះទ្រង់បានឲ្យតម្លៃខ្ញុំដែរ។ ខ្ញុំក៏មានចិត្តចង់នាំអ្នកដទៃ ឲ្យស្គាល់ព្រះ។ ព្រោះការនោះជាអំណោយដ៏អស្ចារ្យបំផុត។ ខ្ញុំគ្មានអ្វីឲ្យអ្នកទេ ក្រៅពីចង់នាំអ្នក ឲ្យស្គាល់ព្រះ។ សូមសាកល្បង ឲ្យដឹងថា ទ្រង់ល្អប៉ុណ្ណា ទ្រង់ល្អណាស់។ ហេតុនេះហើយ បានជាខ្ញុំចង់ឲ្យគេស្គាល់ទ្រង់កាន់តែច្បាស់។
ដោយសារព្រះគុណព្រះ ជិវិតខ្ញុំមានតម្លៃដ៏ពិត ហើយព្រះគុណដែលទ្រង់ប្រទានដល់ខ្ញុំ មិនឥតប្រយោជន៍ឡើយ(១កូរិនថូស ១៥:១០)