ដោយសារព្រះគុណព្រះ នោះជីវិតខ្ញុំប្រែជាមានតម្លៃណាស់(១កូរិនថូស ១៥:១០)។

ខ្ញុំ​យល់​ថា អំណោយដ៏​ប្រសើរ​បំផុត ក្នុង​ជីវិ​ត​ខ្ញុំ គឺ​ជា​ឱកាសទីពីរ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន។

ខ្ញុំ​យល់​ថា ការ​ធ្វើ​អត្ត​ឃាត គឺ​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន បើ​ខ្ញុំ​ងាក​មក​មើល​ជីវិត​ខ្ញុំ​កាល​ពី​មុន។ ខ្ញុំ​ដឹង​ថា កាល​នោះ  ខ្ញុំ​ចង់​ធ្វើ​អត្ត​ឃាត គឺ​ដោយ​សារ​ខ្លួន​ឯង គឺ​នៅ​ពេល​ដែល​ខ្ញុំ បាន​ឲ្យ​តម្លៃ​ខ្លួន​ឯង​តិច​ពេក ។ ខ្ញុំ​មាន​ជម្ងឺ​ពុក​ឆ្អឹង​ពី​កំ​ណើត។ បើ​ខ្ញុំ​ដួល ឆ្អឹង​របស់​ខ្ញុំ​នឹង​បាក់ ហើយ​ខ្ញុំនឹង​ត្រូវ​ឲ្យ​ពេទ្យ​វះ​កាត់​ព្យាយាល​ឆ្អឹង​នោះ ខ្ញុំ​មាន​បន្ទះ​ដែក និង​ដែក​អប​ឆ្អឹង​របស់​ខ្ញុំ។

ពេល​ខ្ញុំ​រៀន​ដល់​មធ្យម​សិក្សា ខ្ញុំ​ឃើំញ​មិត្ត​ភក្តិ​ខ្ញុំ​សុទ្ធ​តែ​បាន​លូត​កម្ពស់​ខ្ពស់​ជាង​ខ្ញុំ។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​លូត​កម្ពស់​ដូច​គេ? ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​គិត​ច្រើន ព្រោះ​ខ្ញុំ​មិន​ដែល​ចង់​ពិការ​ទេ។ ខ្ញុំ​ក៏​បាន​ស្តី​បន្ទោស​ម្តាយ​ខ្ញុំ តើ​ម៉ាក់​ផ្តល់​កំណើត​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?

ប៉ុន្តែ ខ្ញុំ​មិន​បាន​គិត អំពី​ការ​ឈឺ​ចាប់ ដែល​ខ្ញុំ​អាច​ផ្តល់​ឲ្យ​គាត់​ទេ ក្នុង​នាម​ជា​ម្តាយ តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា?

ដូច​នេះ ពេល​ខ្ញុំ​ចង់​សម្លាប់​ខ្លួន គាត់​ក៏​បាន​ព្យាយាម​ឃាត់​ខ្ញុំ។ គាត់​បាន​លាចាក​លោក នៅ​ពេល​ដែល​ខ្ញុំ​រៀន​បាន​និទេស A។ ខ្ញុំ​ពិត​ជាមាន​ការ​ស្តាយ​ក្រោយ​ខ្លាំង​ណាស់ ព្រោះ​ខ្ញុំ​មិន​បាន​ទាន់​ដង្ហើម​គាត់។

ខ្ញុំបានសង្រ្គោះ ដោយសារព្រះគុណព្រះ

ព្រះ​ទ្រង់​បាន​រារាំង​ខ្ញុំ ពេល​ខ្ញុំ​ចង់​ធ្វើ​អត្ត​ឃាត… ដោយ​ប្រើ​មធ្យោ​បាយ និង​ប្រើ​មនុស្ស​ខុស​ៗ​គ្នា។ មាន​ពេល​មួយ​នោះ ​ខ្ញុំស្រាប់​តែ​មាន​អារម្មណ៍​ចង់​សម្លាប់​ខ្លួន។ ខ្ញុំ​កំពុង​អង្គុយ​នៅ​លើ​រទេះ​រុញ នៅ​លើ​ផ្លូវ​ថ្នល់​មួយ​ខ្សែ ហើយ​ខ្ញុំ​ក៏​គិត​ចង់​ឲ្យ​ឡាន​បុក​ខ្ញុំ​ស្លាប់តែ​ម្តង។ ប៉ុន្តែ ផ្លូវ​នោះ ជា​ផ្លូវ​ដែល​គេ​បោះ​បង់​ចោល។ ខ្ញុំ​មិន​បាន​ដឹង​ជា​មុន​ទេ ថា​ផ្លូវ​នោះ មិន​សូវ​មាន​ឡាន​បើក​បរ​ទេ។ ដូចនេះ ​ខ្ញុំ​ក៏​ខឹង​នឹង​ខ្លួន​ឯង​យ៉ាង​ខ្លាំង។ ខ្ញុំ​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ក៏​បាន​លេប​ថ្នាំ​លីធាម​ អស់​មួយ​ដប។ ប៉ុន្តែ ខ្ញុំក៏​ចាប់​ផ្តើម​ភ័យ​ស្លន់​ស្លោរ ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​មិន​ចង់​ស្លាប់​ទេ។ ខ្ញុំ​ក៏​បាន​សុំ​មិត្ត​ស្រី​របស់​បង​ប្រុស​ខ្ញុំ ឲ្យ​នាំ​ខ្ញុំ​ទៅ​ពេទ្យ​។  នៅ​ក្នុងបន្ទប់​សង្រ្គោះ​បន្ទាន់។ ខ្ញុំ​ក៏​បាន​ឃើញ​ប៉ា និង​បង​ស្រី​ខ្ញុំ​ស្រក់​ទឹក​ភ្នែក។ គឺ​នៅ​ពេល​នោះ​ហើយ​ ដែល​ខ្ញុំ​បាន​ដឹង​ខ្លួន​ថា ជីវិតខ្ញុំ មិន​មែន​ជា​កម្ម​សិទ្ធិ​របស់​ខ្ញុំ​ទេ។ ខ្ញុំ​តែង​តែ​គិត​ថា បើ​អ្នក​ដទៃ​ស្ថិត​ក្នុង​ស្ថាន​ភាព​ដូច​ខ្ញុំ  ពួក​គេ​ក៏​អាច​មើល​ឃើញ​ក្រុម​គ្រួសាររបស់​ពួក​គេ មាន​ការ​ពិបាក​ចិត្ត​ប៉ុណ្ណា។ ពួក​គេ​ក៏​ប្រហែល​ជា​មិន​ចង់​ធ្វើ​អត្ត​ឃាត​ដែរ។

ការ​ធ្វើ​ដំណើរ ក្នុង​ព្រះ​គុណ

ព្រះ​ទ្រង់​ក៏​បាន​នាំ​ខ្ញុំ ឲ្យ​ស្គាល់​ទ្រង់​កាន់​តែ​ច្បាស់ ហើយ​ខ្ញុំ​ក៏​ចង់​នាំ​អ្នក​ដទៃ ឲ្យ​ស្គាល់​ទ្រង់​ផង​ដែរ។ បន្ទាប់​មក មិត្ត​ភក្តិ​ខ្ញុំ ក៏​បានអញ្ជើញ​ខ្ញុំ ​ឲ្យ​ទៅ​ព្រះវិហារ ខ្ញុំ​បាន​ទៅ​ព្រះ​វិហារ។ ព្រោះ​ខ្ញុំ​បាន​បាត់​បង់​អ្វី​ៗ​អស់​ហើយ ខ្ញុំ​មាន​ការ​បាត់​បង់​ជា​ច្រើន។ ខ្ញុំ​បាត់​បង់​ទំនាក់​ទំនង និយាយ​រួម គឺ​អ្វី​ៗ​គ្រប់​យ៉ាង។ ដូច​នេះ ការ​ទៅ​ព្រះ​វិហារ គឺ​គ្មាន​អ្វី​ត្រូវ​ខាត​ទេ។ ខ្ញុំ​មិន​ដឹង​ថា ការ​ដើរ​តាម​ព្រះគ្រីស្ទ អាច​មាន​ការ​ពិបាក​យ៉ាង​នេះ​ឡើយ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​អាច​ពឹង​ផ្អែក​លើ​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ទៀត​ឡើយ គឺ​ខ្ញុំ​ត្រូវ​ជឿ​ជាក់​លើ​ព្រះ​វិញ។ ខ្ញុំ​ត្រូវ​ឲ្យ​តម្លៃ​ខ្លួន​ខ្ញុំ ដូច​ដែល​ព្រះ​ទ្រង់​បាន​ឲ្យ​តម្លៃ​ខ្ញុំ​ដែរ។ ខ្ញុំ​ក៏​មាន​ចិត្ត​ចង់​នាំ​អ្នក​ដទៃ ឲ្យ​ស្គាល់​ព្រះ។ ព្រោះការ​នោះ​ជា​អំណោយ​ដ៏​អស្ចារ្យ​បំផុត។ ខ្ញុំ​គ្មាន​អ្វី​ឲ្យ​អ្នក​ទេ ក្រៅ​ពី​ចង់​នាំ​អ្នក ឲ្យ​ស្គាល់​ព្រះ។ សូម​សាក​ល្បង ឲ្យ​ដឹង​ថា ទ្រង់​ល្អប៉ុណ្ណា ទ្រង់​ល្អ​ណាស់។ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​ចង់​ឲ្យ​គេ​ស្គាល់​ទ្រង់​កាន់​តែ​ច្បាស់។

ដោយសារ​ព្រះ​គុណ​ព្រះ​ ជិវិត​ខ្ញុំ​មាន​តម្លៃ​ដ៏​ពិត ហើយ​ព្រះ​គុណ​ដែល​ទ្រង់​ប្រទាន​ដល់​ខ្ញុំ មិន​ឥត​ប្រយោជន៍​ឡើយ(១កូរិនថូស ១៥:១០)