ខ្សែភាពយន្តហូលីវូដ ដែលមានចំណងជើងថា បេសកកម្មសង្រ្គោះពលទោរ៉ាយអិន(Ryan) បានពិពណ៌នាអំពីការតាមរក និងជួយសង្រ្គោះជីវិតរបស់ពលទាហានឆ័ត្រយោងអាមេរិកម្នាក់ ក្នុងសម័យសង្រ្គាមលោកលើកទី២។ បងប្អូនប្រុសៗទាំងបីនាក់ របស់ពលទោ ចេមស៍ រ៉ាយអិន(James Ryan) បានពលីជីវិតក្នុងសង្រ្គាមអស់ បន្សល់ទុកនូវទាហានវ័យក្មេងម្នាក់នេះ ឲ្យនៅបន្តវង្សត្រកូលរបស់គ្រួសារ។ ក្នុងបេសកកម្មជួយសង្រ្គោះនេះ អនុសេនីយឯក ចន មីល័រ(John Miller) បានដឹកនាំកងពលរបស់គាត់ តាមរក និងជួយសង្រ្គោះពលទោ រ៉ាយអិន ដែលក្នុងនោះមេបញ្ជាការរូបនេះ និងគ្នារបស់គាត់មួយចំនួន បានបាត់បង់ជីវិត។ រឿងនេះបានបង្ហាញថា មានមនុស្សជាច្រើនបានលះបង់ជីវិតដើម្បីជួយសង្រ្គោះមនុស្សតែម្នាក់។
កាលពីពីរពាន់ឆ្នាំមុន ព្រះទ្រង់បានបំពេញបេសកកម្មសង្រ្គោះមួយ ដោយព្រះអង្គទ្រង់ផ្ទាល់។ គឺទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យយាងចុះមកក្នុងលោកិយនេះ ដែលកំពុងវង្វេងក្នុងអំពើបាប។ ព្រះយេស៊ូវបានយាងមក យកកំណើតជាមនុស្ស ដោយមានបេសកកម្មដ៏សំខាន់មួយ គឺដើម្បីស្វែងរក និងជួយសង្រ្គោះមនុស្សជាតិដែលបាត់បង់(លូកា ១៩:១០)។
បេសកកម្មជួយសង្រ្គោះនេះ ជាបំណងព្រះទ័យរបស់ព្រះ តាំងពីអស់កល្បជានិច្ច មុនកំណើតលោកិយ ដោយទ្រង់មានផែនការចាត់ព្រះគ្រីស្ទ ឲ្យយាងមកជួយសង្រ្គោះយើងរាល់គ្នា។
អស់ជាច្រើនសតវត្សរ៍មកហើយ ដែលព្រះយេស៊ូវបានសុគតក្នុងនាមជាកូនចៀម សម្រាប់ធ្វើយញ្ញបូជាថ្ងៃបុណ្យរំលង ដើម្បីលោះបាបមនុស្សជាតិ ម្តងជាសម្រេច។ ពេលទ្រង់យាងចុះមកដល់ ដោយគោលបំណងដ៏ច្បាស់លាស់ ទ្រង់ក៏បានសម្រេចផែនការរបស់ព្រះវរបិតា ដោយសុគត និងមានព្រះជន្មរស់ឡើងវិញ។ ចាប់ពីពេលនោះមក ការសង្រ្គោះរបស់ទ្រង់ គឺមានសម្រាប់អស់អ្នកណា ដែលទទួលជឿទ្រង់។ ដូចនេះ ព្រះមួយអង្គបានសុគត ដើម្បីជួយសង្រ្គោះមនុស្សជាច្រើន។
ក្នុងពេលដ៏ឆាប់ខាងមុខនេះ យើងនឹងឈានចូលដល់រដូវកាលនៃបុណ្យព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ ដែលជាការអបអរសាទរដល់ព្រះយេស៊ូវ ដែលបានឈ្នះសេចក្តីស្លាប់។ យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នក ក្នុងរដូវកាលនៃបុណ្យព្រះយេស៊ូវមានព្រះជន្មឡើងវិញ តាមរយៈសៀវភៅនំម៉ាណាប្រចាំថ្ងៃដែលបានរៀបចំសម្រាប់បុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ក្នុងការទន្ទឹងរង់ចាំថ្ងៃដ៏អស្ចារ្យ នៃពិធីបុណ្យមួយនេះ ដោយគោលបំណងដ៏មានន័យ។ អត្ថបទនីមួយៗ ដែលមានជាបន្តបន្ទាប់នេះ ត្រូវបានសម្រិតសម្រាំងជាពិសេស សម្រាប់ជួយឲ្យលោកអ្នកជញ្ជឹងគិត អំពីការជួយសង្រ្គោះ និងអំពីព្រះសង្រ្គោះ។
យើងខ្ញុំសូមអធិស្ឋាន សូមឲ្យព្រះទ្រង់ប្រទានពរឲ្យលោកអ្នក ទទួលកម្លាំងជាថ្មី បានទទួលការលើកទឹកចិត្ត និងការបណ្តាលចិត្ត ព្រមទាំងបានចម្រើឡើងខាងវិញ្ញាណ។ ខណៈពេលដែលលោកអ្នកដើរជាមួយព្រះគ្រីស្ទ ក្នុងរដូវកាលនៃពិធីបុណ្យ ដែលបង្ហាញពីការស៊ូទ្រាំរបស់ទ្រង់ ដោយសេចក្តីស្រឡាញ់ នោះសូមថ្វាយបង្គំទ្រង់ ដោយចិត្តដែលដឹងគុណទ្រង់។ សូមព្រះទ្រង់ប្រទានពរឲ្យអ្នកមានការយល់ដឹងជាថ្មី អំពីអត្ថន័យនៃការជួយសង្រ្គោះរបស់ទ្រង់ ខណៈពេលដែលអ្នកជញ្ជឹងគិតអំពីសេចក្តីមេត្តា និងព្រះគុណទ្រង់។