ខ្សែ​ភាព​យន្ត​ហូលីវូដ ដែល​មាន​ចំណង​ជើង​ថា បេសកកម្ម​សង្រ្គោះ​ពលទោ​រ៉ាយ​អិន(Ryan) បានពិ​ពណ៌​នា​អំពី​ការ​តាម​រក និង​ជួយ​សង្រ្គោះ​ជីវិត​របស់​ពល​ទាហាន​ឆ័ត្រ​យោង​អាមេរិក​ម្នាក់ ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី២។ បង​ប្អូន​ប្រុស​ៗ​ទាំង​បី​នាក់ របស់​ពលទោ ចេមស៍ រ៉ាយអិន(James Ryan) បាន​ពលី​ជីវិត​ក្នុង​សង្រ្គាម​អស់​ បន្សល់​ទុក​នូវ​ទាហាន​វ័យ​ក្មេង​ម្នាក់​នេះ ឲ្យ​នៅ​បន្ត​វង្ស​ត្រកូល​របស់​គ្រួសារ។​ ក្នុង​បេសក​កម្ម​ជួយ​សង្រ្គោះ​នេះ អនុសេនីយ​ឯក ចន មីល័រ(John Miller) បាន​ដឹក​នាំ​កង​ពល​របស់​គាត់ តាម​រក និង​ជួយ​សង្រ្គោះ​ពល​ទោ រ៉ាយអិន ដែល​ក្នុង​នោះ​មេ​បញ្ជា​ការ​រូប​នេះ និង​គ្នា​របស់​គាត់​មួយ​ចំនួន បាន​បាត់​បង់​ជីវិត។ រឿង​នេះ​បាន​បង្ហាញ​ថា​ មាន​មនុស្ស​ជា​ច្រើន​បាន​លះ​បង់​ជីវិត​ដើម្បី​ជួយ​សង្រ្គោះ​មនុស្ស​តែ​ម្នាក់។

កាល​ពី​ពីរ​ពាន់​ឆ្នាំ​មុន ព្រះ​ទ្រង់​បាន​បំពេញ​បេសក​កម្ម​សង្រ្គោះ​មួយ ដោយ​ព្រះ​អង្គ​ទ្រង់​ផ្ទាល់។ គឺ​ទ្រង់​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់ ឲ្យ​យាង​ចុះ​មក​ក្នុង​លោកិយ​នេះ ដែល​កំពុង​វង្វេង​ក្នុង​អំពើ​បាប។ ព្រះ​យេស៊ូវ​បាន​យាង​មក យក​កំណើត​ជា​មនុស្ស ដោយ​មាន​បេសក​កម្ម​ដ៏​សំខាន់​មួយ គឺ​ដើម្បី​ស្វែង​រក និង​ជួយ​សង្រ្គោះ​មនុស្ស​​ជាតិ​ដែល​បាត់​បង់(លូកា ១៩:១០)។

បេសក​កម្ម​ជួយ​សង្រ្គោះ​នេះ ជា​បំណង​ព្រះ​ទ័យ​របស់​ព្រះ តាំង​ពី​អស់​កល្ប​ជា​និច្ច មុន​កំណើត​លោកិយ ដោយ​ទ្រង់​មានផែន​ការ​ចាត់​ព្រះ​គ្រីស្ទ ឲ្យ​យាង​មក​ជួយ​សង្រ្គោះ​យើង​រាល់​គ្នា។

អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ដែល​ព្រះ​យេស៊ូវ​បាន​សុគត​ក្នុង​នាម​ជា​កូន​ចៀម សម្រាប់​ធ្វើ​យញ្ញ​បូជា​ថ្ងៃ​បុណ្យ​រំលង ​ដើម្បី​លោះ​បាប​មនុស្ស​ជាតិ ម្តង​ជា​សម្រេច។ ពេល​ទ្រង់​យាង​ចុះ​មក​ដល់ ដោយ​គោល​បំណង​ដ៏​ច្បាស់​លាស់ ទ្រង់​ក៏​បាន​សម្រេច​ផែន​ការ​របស់​ព្រះ​វរ​បិតា ដោយ​សុគត និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ចាប់​ពី​ពេល​នោះ​មក ការ​សង្រ្គោះ​របស់​ទ្រង់ គឺ​មាន​សម្រាប់​អស់​អ្នក​ណា ដែល​ទទួល​ជឿ​ទ្រង់។ ដូច​នេះ ព្រះ​មួយ​អង្គ​បាន​សុគត ដើម្បី​ជួយ​សង្រ្គោះ​មនុស្ស​ជា​ច្រើន។

ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ យើង​នឹង​ឈាន​ចូល​ដល់​រដូវ​កាល​នៃ​បុណ្យ​ព្រះ​គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដែល​ជា​ការ​អប​អរ​សាទរ​ដល់​ព្រះ​យេស៊ូវ ដែល​បាន​ឈ្នះ​សេចក្តី​ស្លាប់។​ យើង​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​លោក​អ្នក ក្នុង​រដូវ​កាល​នៃ​បុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​ឡើង​វិញ តាម​រយៈ​សៀវភៅ​នំម៉ាណា​ប្រចាំ​ថ្ងៃ​ដែល​បាន​រៀប​ចំ​សម្រាប់​បុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ក្នុងការ​ទន្ទឹង​រង់​ចាំ​ថ្ងៃ​ដ៏​អស្ចារ្យ នៃ​ពិធី​បុណ្យ​មួយ​នេះ​ ដោយ​គោល​បំណង​ដ៏​មាន​ន័យ។ អត្ថ​បទ​នីមួយ​ៗ ដែល​មាន​ជា​បន្ត​បន្ទាប់​នេះ ត្រូវ​បាន​សម្រិត​សម្រាំង​ជា​ពិសេស សម្រាប់​ជួយ​ឲ្យ​លោក​អ្នក​ជញ្ជឹង​គិត អំពី​ការ​ជួយ​សង្រ្គោះ និង​អំពី​ព្រះ​សង្រ្គោះ។

យើង​ខ្ញុំ​សូម​អធិ​ស្ឋាន សូម​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​ពរ​ឲ្យ​លោក​អ្នក ទទួល​កម្លាំង​ជា​ថ្មី បាន​ទទួល​ការ​លើក​ទឹក​ចិត្ត និង​ការ​បណ្តាល​ចិត្ត ព្រម​ទាំង​បាន​ចម្រើ​ឡើង​ខាង​វិញ្ញាណ។ ខណៈ​ពេល​ដែល​លោក​អ្នក​ដើរ​ជា​មួយ​ព្រះ​គ្រីស្ទ ក្នុង​រដូវ​កាល​នៃ​ពិធី​បុណ្យ ដែលបង្ហាញ​ពី​ការ​ស៊ូ​ទ្រាំ​របស់​ទ្រង់ ដោយ​សេចក្តី​ស្រឡាញ់ នោះ​សូម​ថ្វាយ​បង្គំ​ទ្រង់ ដោយ​ចិត្ត​ដែល​ដឹង​គុណ​ទ្រង់។ សូម​ព្រះ​ទ្រង់​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​ការ​យល់​ដឹង​ជា​ថ្មី អំពី​អត្ថ​ន័យ​នៃ​ការ​ជួយ​សង្រ្គោះ​របស់​ទ្រង់ ខណៈ​ពេល​ដែល​អ្នក​ជញ្ជឹង​គិត​អំពី​សេចក្តី​មេត្តា និង​ព្រះ​គុណ​ទ្រង់។