ជា​រៀង​រាល់​ឆ្នាំ ពេល​ដែល​បុណ្យ​ណូអែល​មក​ដល់ តាម​ធម្មតា ប្រទេស​សឹង្ហ​បុរី​កំពុង​ស្ថិត​នៅ​ក្នុង​រដូវ​ភ្លៀង​ដ៏​ជោគ​ជាំ មិន​មាន​ព្រឹល​ធ្លាក់​ដូច​នៅ​អឺរ៉ុប​ទេ គឺ​មាន​តែ​ទឹក​ភ្លៀង។ ដោយ​សារ​ខ្ញុំ​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​គ្រួសារ​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ នោះ​យើង​មិន​បាន​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ទេ។ ប៉ុន្តែ កាល​នៅ​ពី​ក្មេង ខ្ញុំ និង​បង​ប្អូន ព្រម​ទាំង​អ្នក​ជិត​ខាង​ពីរ​បី​នាក់​ទៀត បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ប្តូរ​កា​ដូ នៅ​ថ្ងៃ​ណូអែល។ ខ្ញុំ​មិន​ដឹង​ថា យើង​បាន​គំនិត​នេះ ពី​ណា​មក​ទេ ប្រហែល​យើង​ចេះ​ប្តូរ​កាដូ​គ្នា​ តាម​កម្ម​វិធី​ទូរទស្សន៍​ដែល​យើង​បាន​មើល​ហើយ។​ យើង​បាន​សរសេរ​ឈ្មោះ​យើង ដាក់​ចូល​ក្នុង​ថង់ ហើយ​ពេល​យើង​ចាប់​ចំ​ឈ្មោះ​អ្នក​ណា យើង​នឹង​ទិញ​កាដូ​ឲ្យ​អ្នក​នោះ។ ក្នុង​ចំណោម​យើង មាន​អ្នក​ខ្លះ​សប្បាយ​ចិត្ត​នឹង​អំណោយ​ដែល​ខ្លួន​បាន​ទទួល ខណៈ​ពេល​ដែល​ អ្នក​ខ្លះ​មិន​ពេញ​ចិត្ត​នឹង​អំណោយ ប៉ុន្តែ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​សប្បាយ​ចិត្ត ដែល​បាន​ទទួល​អំណោយ។

កាល​នោះ យើង​មិន​បាន​ដឹង​ទេ​ថា មាន​អំណោយ​មួយ​ដែល​ល្អ​ឥត​ខ្ចោះ ដែល​ព្រះ​អាទិករ​បាន​ប្រទាន​មក​យើង​រាល់​គ្នា កាល​ពី​ជាង​២០០០​ឆ្នាំ​មុន។ ព្រះ​គម្ពីរ​បាន​ចែង​ថា “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់​តែ​មួយ”(យ៉ូហាន ៣:១៦)។ កាល​ខ្ញុំ​នៅ​ក្នុង​វ័យ​ក្មេង​ជំទង់ ខ្ញុំ​ធ្លាប់​បាន​ឮ​អំពី​អំណោយ​ដ៏​អស្ចារ្យ​នេះ ហើយ​ក៏​បាន​ទទួល​ព្រះ​យេស៊ូវ​ជា​ព្រះ​សង្រ្គោះ​របស់​ខ្ញុំ។

ខ្ញុំ​ចាំ​ថា ខ្ញុំ​បាន​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ជា​លើក​ទី​មួយ ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ។ ខ្ញុំ​ក៏​បាន​ដឹង​ថា បុណ្យ​ណូអែល​មាន​លក្ខណៈ​ពិសេស ព្រោះ​ទី​បំផុត​ខ្ញុំ​ក៏​បាន​យល់ អំពី​អត្ថ​ន័យ​របស់​ពិធី​បុណ្យ​មួយ​នេះ គឺ​ដឹង​ថា ពិធី​បុណ្យ​ណូអែល ជា​ការ​អប​អរ​អំណោយ​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ ហើយ​អំណោយ​នោះ​គឺ​ជា​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ខ្ញុំ​ក៏​បាន​ដឹង​ថា​ ព្រះ​ទ្រង់​មិន​មែន​ជា​អំណាច​អធិ​ធម្ម​ជាតិ ដ៏​អាថ៌​កំបាំង​នោះ​ឡើយ តែ​ទ្រង់​ជា​ព្រះ​ដែល​មាន​លក្ខណៈ​ជា​អង្គ​បុគ្គល ដែល​ស្រឡាញ់​មនុស្ស​នៅ​គ្រប់​ជាតិ​សាសន៍ ​និង​គ្រប់​ស្រទាប់​វណ្ណៈ។  ហើយ​ព្រះ​ដែល​ជា​អង្គ​បុគ្គល​នេះ ទ្រង់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ខ្ញុំ ដោយ​សុគត​ជំនួស​ខ្ញុំ ដើម្បី​លោះ​ខ្ញុំ​ឲ្យ​រួច​ពី​បាប។

ក្នុង​អំឡុង​ពេល​នៃ​បុណ្យ​ណូអែល​នេះ សូម​យើង​បន្ត​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះគ្រីស្ទ​នៃ​បុណ្យ​ណូអែល។-POH FANG CHIA

នៅ​បេថ្លេហិម ព្រះ​ទ្រង់​បាន​សម្តែង​ចេញ​នូវ​សេចក្តី​ស្រឡាញ់ ដោយ​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់​ជា​អំណោយ។

ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១។-យ៉ូហាន ៣:១៦

ការ​អាន​បទ​គម្ពីរ​សម្រាប់ថ្ងៃនេះ

យ៉ូហាន ៣:១៦-២១

ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ ១៧ ពី​ព្រោះ​ព្រះ​ទ្រង់​មិន​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​នឹង​ជំនុំជំរះ​លោកីយ៍​នោះ​ទេ គឺ​ឲ្យ​លោកីយ៍​បាន​សង្គ្រោះ ដោយសារ​ទ្រង់​វិញ ១៨ ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​មិន​ជាប់​មាន​ទោស​ទេ តែ​អ្នក​ណា​ដែល​មិន​ជឿ​វិញ នោះ​ត្រូវ​មាន​ទោស​ហើយ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​ព្រះនាម​នៃ​ព្រះរាជបុត្រា​តែ​១​របស់​ព្រះ ១៩ ហើយ​ទោស​នេះ គឺ​ថា ពន្លឺ​បាន​មក​ក្នុង​លោកីយ៍ តែ​មនុស្ស​លោក​ចូល​ចិត្ត​នឹង​សេចក្តី​ងងឹត​ជា​ជាង​ពន្លឺ ពី​ព្រោះ​អំពើ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​អាក្រក់ ២០ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​តែង​ស្អប់​ដល់​ពន្លឺ ហើយ​មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន បាន​បើក​ឲ្យ​ឃើញ ២១ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​ពិត​វិញ នោះ​តែង​មក​ឯ​ពន្លឺ ដើម្បី​ឲ្យ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត បាន​សំដែង​មក​ឲ្យ​ដឹង​ថា បាន​ធ្វើ​ដោយ​នូវ​ព្រះ។

លោកអ្នកអាចវិលត្រឡប់ទៅកាន់ទំព័រដើមរបស់គេហទំព័រ អំណោយនៃព្រះគុណរបស់ព្រះ ដើម្បីមើលអត្ថបទ និងធនធានដទៃទៀត