សូមអាន: សាស្ដា​ ៤:៩-១២

លោក​ស៊ីសេរ៉ូ (Cicero) ស្ថិត​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ ដ៏​ល្បី​ល្បាញ​ម្នាក់ នៅ​ចក្រ​ភព​រ៉ូម៉ាំង។ គាត់​ជា​ វាគ្មិន​ប្រកប​ដោយ​វោហារ​សាស្រ្ត ​មេធាវី អ្នក​នយោ​បាយ ភាសា​វិទូ និង​ជា​អ្នក​និពន្ធ ដ៏​ស្ទាត់​ជំនាញ។ សព្វ​ថ្ងៃ​នេះ គេ​នៅ​តែ​ដក​ស្រង់​ពាក្យ​សម្តី​របស់​គាត់​មក​ប្រើ ព្រោះ​សំណេរ​របស់​គាត់​មាន​ភាព​សាមញ្ញ ​និង​ច្បាស់​លាស់ ហើយ​ទស្សនវិជ្ជា​របស់​គាត់​ទៀត​សោត ក៏​សម​ស្រប​សម្រាប់​ការ​រស់​នៅ​ជាក់​ស្តែង។

ឧទាហរណ៍ គាត់​បាន​មាន​ប្រសាសន៍ អំពី​ការ​រាប់​អាន​មិត្ត​ភក្ដិ​ថា “មិត្ត​ភាព​បង្កើន​សុភមង្គល និង​កាត់​បន្ថយ​ទុក្ខ​ព្រួយ តាម​រយៈ​ការ​បន្ថែម​អំណរ​ទ្វេរ​ដង ហើយ​ចែក​រំលែក​ទុក្ខ​ព្រួយ”។ គាត់​យល់​ថា មិត្ត​ភាព​មាន​អត្ថ​ប្រយោជន៍​ទ្វេរ​ដង នៅ​លើ​វិថី​ជីវិត។ នៅ​មុខ​សម័យ​របស់​លោក​ស៊ីសេរ៉ូ ប្រហែល​ជិត​១ ពាន់​ឆ្នាំ ស្ដេច​សាឡូម៉ូន​ក៏​បាន​សរសេរ អំពី​តម្លៃ​របស់​មិត្ត​សំឡាញ់​ផង​ដែរ។ គឺ​ដូច​ដែល​ទ្រង់​បាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​សាស្ដា​ថា “មាន​គ្នា​២​នាក់ នោះ​វិសេស​ជាង​នៅ​តែ​ឯង ពីព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើតពី​ការ​នឿយ​ហត់​របស់​ខ្លួន ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរ​ហើយ អ្នក​ណា​ដែល​ដួលក្នុង​កាល​ដែល​នៅ​តែ​ម្នាក់​ឯង ឥត​មាន​គ្នា​នឹង​ជួយ​ជ្រោង​ឡើង​វិញ” (៤:៩-១០)។ ជា​ការ​ពិត​ណាស់ ជីវិត​ដែល​គ្មាន​មិត្ត​សំឡាញ់ ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​មាន​ភាព​ឯកោ និង​ពិបាក​ទ្រាំ​ទ្រ។

ទាំង​អ្នក​ប្រាជ្ញ​ជនជាតិ​រ៉ូមាំង និង​ស្តេច ដែល​ជា​អ្នក​ប្រាជ្ញ​ជន​ជាតិ​យូដា​នោះ​ សុទ្ធ​តែ​និយាយ​ត្រូវ​ណាស់​។ មិត្ត​សំឡាញ់​ គឺ​សំខាន់​។ មិត្ត​សំឡាញ់​អាច​ធ្វើ​ជា​អ្នក​ ដែល​យើង​អាច​ទុក​ចិត្ត និង​ជា​អ្នក​ប្រឹក្សា​យោបល​ ហើយ​ថែម​ទាំង​ជួយ​រំលែក​ទុក្ខ​ព្រួយ​ផង។ សូម​គិត​អំពី​មិត្ត​សំឡាញ់​របស់​អ្នក​ចុះ។ តើ​អ្នក​ធ្លាប់​បាន​ព្រងើយ​កន្តើយ នឹង​មនុស្ស​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក ដើម្បី​ជួយរំលែក​ក្តី​អំណរ និង​ទុក្ខ​ព្រួយ​របស់​អ្នក​ឬ​ទេ? បើ​សិនជាដូច្នោះ​មែន សូម​ស្វែងរក​មិត្ត​ភក្តិណាម្នាក់​ ដើម្បី​ធ្វើ​ការ​ប្រកប​គ្នា នៅ​សប្ដាហ៍​នេះ​ចុះ។ សូម​​ចាំ​ថា “មានគ្នា​ពីរ​នាក់​ នោះ​វិសេស​ជាង​ នៅតែម្នាក់ឯង” ព្រោះមិត្ត​សំឡាញ់​នឹង​បង្កើន​អំណរ​ទ្វេ​ដង និងជួយរំលែក​ទុក្ខ​ព្រួយផង​ដែរ។ – HDF

តើ​អ្នក​ចង់​អរព្រះគុណ​ដល់​ព្រះ​ជាម្ចាស់ សម្រាប់នរណាខ្លះ ដែលទ្រង់​បាន​ប្រទាន​​មក ឲ្យ​រួម​ដំណើរ​ និង​រួម​សុខ​ទុក្ខ​​ជាមួយ​អ្នក នៅ​ក្នុង​ជីវិត​នេះ? សូម​ធ្វើ​អ្វី​មួយ ដើម្បី​បង្ហាញ​ការសរសើរ និងឲ្យ​តម្លៃ​ចំពោះ​ពួកគេ នៅ​ថ្ងៃនេះ។