សូមអាន : ១សាំយ៉ូអែល ១៨:១-៤
មានពេលមួយខ្ញុំបានបង្កើតគណនេយ្យថ្មីមួយ ក្នុងហ្វេសប៊ុក ដែលជាបណ្ដាញសង្គមដ៏ពេញនិយម លើប្រព័ន្ធអ៊ីនធើណិត។ ពេលនោះ ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលបានទទួលការស្វាគមន៍ថា “អ្នកគ្មានមិត្តភក្ដិទេ”។ ទោះបីជាខ្ញុំដឹងថា វាមិនពិតក៏ដោយ ខ្ញុំនៅតែមានអារម្មណ៍មិនសប្បាយចិត្ត ក្នុងពេលនោះ។ កាលណាគេថា ខ្ញុំគ្មានមិត្តភក្តិ នោះខ្ញុំមិនសប្បាយចិត្ត ទោះអ្នកថានោះ ជាវែបសាយ នៅតាមបណ្តាញអ៊ីនធើណិតក៏ដោយ។ មិត្តសំឡាញ់សំខាន់ចំពោះសុខុមាលភាព ទាំងផ្លូវអារម្មណ៍ និងផ្លូវកាយ ព្រមទាំងខាងវិញ្ញាណ។
មិត្តសំឡាញ់ចំណាយពេលស្តាប់រឿងឈឺចាប់របស់យើង ដោយមិនស្ដីបន្ទោសយើង ដោយសារតែបញ្ហាដែលយើងមាននោះឡើយ។ ពួកគេការពារយើង នៅពេលដែលយើងរងការវាយប្រហារ។ ពួកគេនឹងអរសប្បាយ នៅពេលដែលយើងជោគជ័យ ហើយមិនសប្បាយចិត្ត នៅពេលដែលយើងបរាជ័យ។ ពួកគេជួយគំនិតយ៉ាងឈ្លាសវៃ ដើម្បីកុំឲ្យយើងធ្វើការសម្រេចចិត្តដ៏ល្ងីល្ងើ។ ពួកគេថែមទាំងហ៊ានប្រថុយ នឹងការកែតម្រង់យើង ដោយមិនខ្លាចយើងខឹង ដើម្បីឲ្យយើងមានភាពត្រឹមត្រូវ។ មិត្តភក្ដិរបស់ខ្ញុំបានធ្វើការទាំងអស់នេះដល់ខ្ញុំ ហើយច្រើនជាងនេះផង។
មិត្តភាពរវាងយ៉ូណាថាន និងដាវីឌ ប្រហែលជាមិត្តភាពដែលគេបានចាប់អារម្មណ៍ច្រើនជាងគេ ក្នុងព្រះគម្ពីរ(១សាំយូអែល ១៨:១-៤)។ យ៉ូណាថាន ជាអ្នកដែលត្រូវស្នងរាជបល្ល័ង្ក បន្តពីស្ដេចសូល ដែលជាបិតា។ ប៉ុន្តែ គាត់ដឹងថា ព្រះអម្ចាស់បានជ្រើសរើសដាវីឌ ឲ្យទទួលតួនាទីនេះ បានជាគាត់ហ៊ានប្រថុយជីវិត ដើម្បីជួយសង្រ្គោះដាវីឌ ដែលជាសំឡាញ់របស់ខ្លួន។
ព្រះគម្ពីរបានប្រាប់យើង ឲ្យជ្រើសរើសមិត្តសំឡាញ់ ដោយប្រុងប្រយ័ត្ន(សុភាសិត ១២:២៦)។ មិត្តល្អ គឺជាអ្នកដែលបានធ្វើជាមិត្តសំឡាញ់របស់ព្រះជាម្ចាស់ និងជាអ្នកដែលជួយពង្រឹងទំនាក់ទំនងដែលយើងមានជាមួយទ្រង់(១សាំយូអែល ២៣:១៦)។ – JAL
តើហេតុអ្វីបានជាយើងចាំបាច់ត្រូវជ្រើសរើសមិត្តភក្តិ យ៉ាងប្រុងប្រយ័ត្ន? តើមិត្តភក្តិដែលល្អ មានលក្ខណៈសម្បត្តិអ្វីខ្លះ?