សូមអាន : ១សាំយ៉ូអែល ១៨:១-៤

មាន​ពេល​មួយ​ខ្ញុំ​បាន​បង្កើត​គណនេយ្យ​ថ្មី​មួយ ក្នុង​ហ្វេស​ប៊ុក ដែល​ជា​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម លើ​ប្រព័ន្ធ​អ៊ីនធើណិត។ ពេល​នោះ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ ពេល​ដែល​បាន​ទទួល​ការ​ស្វាគមន៍​ថា “អ្នក​គ្មាន​មិត្ត​ភក្ដិ​ទេ”។ ទោះ​បី​ជាខ្ញុំ​ដឹង​ថា វា​មិន​ពិត​ក៏​ដោយ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត ក្នុង​ពេល​នោះ។ ​កាល​ណា​គេ​ថា ខ្ញុំ​គ្មាន​មិត្ត​ភក្តិ នោះ​ខ្ញុំ​មិន​សប្បាយ​ចិត្ត ទោះ​អ្នក​ថា​នោះ ជា​វែបសាយ នៅតាម​បណ្តាញ​អ៊ីនធើណិត​ក៏​ដោយ។ មិត្ត​សំឡាញ់​សំខាន់​ចំពោះ​សុខុមាល​ភាព ទាំង​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​កាយ ព្រម​ទាំង​ខាង​វិញ្ញាណ​។

មិត្ត​សំឡាញ់​ចំណាយ​ពេល​ស្តាប់​រឿង​ឈឺ​ចាប់​របស់​យើង ដោយ​មិន​ស្ដី​បន្ទោស​យើង ដោយ​សារ​តែ​បញ្ហា​ដែល​យើង​មាន​នោះ​ឡើយ។ ​ពួក​គេ​ការពារ​យើង នៅ​ពេល​ដែល​យើង​រង​ការ​វាយ​ប្រហារ។ ពួក​គេ​នឹង​អរ​សប្បាយ​ នៅ​ពេល​ដែល​យើង​ជោគ​ជ័យ ហើយ​មិន​សប្បាយ​ចិត្ត នៅ​ពេល​ដែល​យើង​បរាជ័យ​។ ពួក​គេ​ជួយ​គំនិត​យ៉ាង​ឈ្លាស​វៃ ដើម្បី​កុំ​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្ងីល្ងើ​។ ពួក​គេ​ថែម​ទាំង​ហ៊ាន​ប្រថុយ​ នឹង​ការ​កែ​តម្រង់​យើង ដោយ​មិន​ខ្លាច​យើង​ខឹង ដើម្បី​ឲ្យ​យើង​មាន​ភាព​ត្រឹម​ត្រូវ។ មិត្ត​ភក្ដិ​របស់​ខ្ញុំ​បាន​ធ្វើ​ការ​ទាំង​អស់​នេះ​ដល់​ខ្ញុំ ហើយ​ច្រើន​ជាង​នេះ​ផង។

មិត្ត​ភាព​រវាង​យ៉ូណា​ថាន និង​ដាវីឌ ប្រហែល​ជា​មិត្ត​ភាព​ដែល​គេ​បាន​ចាប់​អារម្មណ៍​ច្រើន​ជាង​គេ ក្នុង​ព្រះ​គម្ពីរ​(១សាំយូអែល ១៨:១-៤)។ យ៉ូណាថាន ជា​អ្នក​ដែល​ត្រូវ​ស្នង​រាជ​បល្ល័ង្ក បន្ត​ពី​ស្ដេច​សូល ដែល​ជា​បិតា។ ប៉ុន្តែ គាត់​ដឹង​ថា ព្រះ​អម្ចាស់​បាន​ជ្រើស​រើស​ដាវីឌ ឲ្យ​ទទួល​តួនាទី​នេះ បាន​ជា​គាត់​ហ៊ាន​ប្រថុយ​ជីវិត ដើម្បី​ជួយ​សង្រ្គោះ​ដាវីឌ ដែល​ជា​សំឡាញ់​របស់​ខ្លួន។

ព្រះគម្ពីរ​បាន​ប្រាប់​យើង ឲ្យ​ជ្រើស​រើស​មិត្ត​សំឡាញ់​ ដោយ​ប្រុង​ប្រយ័ត្ន(សុភា​សិត ១២:២៦)។ មិត្ត​ល្អ​ គឺ​ជា​អ្នក​ដែល​បាន​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​ជា​ម្ចាស់​ និង​ជា​អ្នក​ដែល​ជួយ​ពង្រឹង​ទំនាក់ទំនង​ដែល​យើង​មាន​ជាមួយ​ទ្រង់(១សាំយូអែល ២៣:១៦)។ – JAL

តើ​​ហេតុ​អ្វី​បាន​ជា​យើង​ចាំ​បាច់​ត្រូវ​ជ្រើស​រើស​មិត្ត​ភក្តិ យ៉ាង​ប្រុង​ប្រយ័ត្ន? តើ​មិត្ត​ភក្តិ​ដែល​ល្អ មាន​លក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ?