សព្វថ្ងៃនេះ នរណាៗក៏និយាយអំពីវីរូសកូរ៉ូណាដែរ ហើយភាពច្របូកច្របល់បានកើតឡើង ស្ទើរគ្រប់ទីកន្លែង ក្នុងពិភពលោក ដោយសារតែការរាតត្បាតជាសកលនេះ។ ពិធីបុណ្យព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ ជិតមកដល់ហើយ ប៉ុន្តែ ការរាតត្បាតនៃមេរោកកូរ៉ូណាហាក់ដូចជាបានក្លាយជារឿងដែលគេបានយកមកគិតច្រើនជាងគេ។ ប៉ុន្តែ ខ្ញុំមិនជឿថា ក្នុងរយៈពេល១ពាន់ ឬ២ពាន់ឆ្នំាខាងមុខ គេនឹងនៅតែបន្តជជែកគ្នាអំពីវីរូសកូវីឌ-១៩ ទៀតឡើយ។ ប៉ុន្តែ គេនឹងមិនឈប់ជជែកគ្នា អំពីការមានព្រះជន្មរស់ឡើងវិញ របស់ព្រះយេស៊ូវឡើយ។ បញ្ហានេះប្រហែលជាបានរំឭកយើងថា ពិធីបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ មានសារៈសំខាន់ប៉ុណ្ណា សូម្បីតែនៅក្នុងពេលដែលយើងកំពុងជួបវិបត្តិ។
ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ក៏មានរឿងដ៏សំខាន់មួយ សម្រាប់យើងរាល់គ្នា ខណៈពេលដែលយើងគិតអំពីវីរូស COVID-19។ ការមានព្រះជន្មឡើងវិញរបស់ព្រះគ្រីស្ទ មិនគ្រាន់តែជាការអស្ចារ្យ សម្រាប់ព្រះអង្គប៉ុណ្ណោះឡើយ។ តែក៏ជាការដែលព្រះជាម្ចាស់សម្រេចព្រះទ័យ ឲ្យមនុស្សជាតិ និងជីវិតទាំងឡាយមានការចាប់ផ្តើមជាថ្មី។ មនុស្សជាតិ និងជីវិតទាំងឡាយមានការជាប់ទាក់ទងគ្នា ហើយសុទ្ធតែផ្អែកទៅលើការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ។ គឺដូចដែលបទគម្ពីរ រ៉ូម ៨:២០-២៣ បានចែងថា :
ពីព្រោះជីវិតទាំងឡាយបានត្រូវចុះចូលនឹងសេចក្តីឥតប្រយោជន៍ តែមិនមែនដោយស្ម័គ្រពីចិត្ត គឺដោយព្រោះព្រះអង្គ ដែលទ្រង់បញ្ចុះបញ្ចូលវិញ ដោយសង្ឃឹមថា។ ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្តីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ។ ដ្បិតយើងដឹងថា ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ។ មិនតែប៉ុណ្ណោះសោត ខ្លួនយើងរាល់គ្នាដែលមានផលជាដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំទំរាំការទទួលជាកូនចិញ្ចឹម គឺជាសេចក្តីប្រោសលោះដល់រូបកាយយើងផង។
ជោគវាសនារបស់ជីវិតទាំងឡាយ ត្រូវបានចងភ្ជាប់នឹងជោគវាសនារបស់មនុស្សជាតិ។ ជីវិតទាំងឡាយដែលជាស្នាព្រះហស្តរបស់ព្រះ “កំពុងតែមានសេចក្តីវេទនា”(ខ.២២) គឺដោយសារមនុស្សជាតិបានបះបោរប្រឆាំងនឹងព្រះ(លោកុប្បត្តិ ៣:១៧-១៩)។ ដូចនេះ ពេលដែលមនុស្សជាតិត្រូវបានរំដោះឲ្យរួចពីសេចក្តីស្លាប់ និងនាំចូលទៅក្នុងសិរីល្អ នោះជីវិតទាំងអស់ក៏នឹងបានចូលទៅក្នុងសិរីល្អផងដែរ(ខ.២១)។ ប៉ុន្តែ ជីវិតទាំងឡាយកំពុងតែទួញថ្ងូរ ដូចជាស្រ្តីមានផ្ទៃពោះ ដែលជិតដល់ពេលឆ្លងទន្លេ ខណៈពេលដែលពួកគេកំពុងតែរង់ចាំយើងរស់ពីស្លាប់ឡើងវិញ(ខ.២២)។
យើងក៏កំពុងតែ “ថ្ងូរនៅខាងក្នុងចិត្ត” ក្នុងទុក្ខលំបាករបស់យើង ខណៈពេលដែលយើងរង់ចំាការប្រោសលោះដល់រូបកាយយើង(ខ.២៣)។ ការប្រោសលោះដល់រូបកាយយើង ដែលនាំមកនូវការរស់ឡើងវិញនៃរូបកាយរបស់យើង មានការធានាព្រោះយើងនៅជាប់នឹងព្រះគ្រីស្ទ ដែលបានមានព្រះជន្មរស់ឡើងវិញ ជាផលផ្លែដំបូង នៃការអ្វីដែលនឹងត្រូវមកដល់(១កូរិនថូស ១៥:២០-២៧)។
វីរូសកូរ៉ូណាបានកើតមាន គឺដោយសារលោកិយ នៅជាប់មានសេចក្តីវេទនា នៅក្នុងអំពើបាប។ ប៉ុន្តែ ចូរយើងសម្លឹងឆ្ពោះទៅមុខ ទៅរកពេលដែលអ្នកជឿទាំងអស់នឹងរស់ឡើងវិញ ដោយរួចចាកផុតពីទុក្ខវេទនា ការឈឺចាប់ និងសេចក្តីស្លាប់ ហើយនៅពេលនោះ ជីវិតទាំងឡាយដែលជាស្នាព្រះហស្តព្រះ នឹងមានការចាប់ផ្តើមជាថ្មី ដោយរួចចាកផុតពីទុក្ខវេទនា ការឈឺចាប់ សេចក្តីស្លាប់ … និងមិនមានជម្ងឺរាតត្បាតទៀតឡើយ។ យើងមានក្តីសង្ឃឹមនេះ ព្រោះព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញហើយ។ ចូរយើងឱបក្រសោបយកក្តីសង្ឃឹមនេះ ក្នុងរដូវកាលនៃបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ។
និពន្ធដោយលោក Con Campbell