សព្វ​ថ្ងៃ​នេះ នរណា​ៗ​ក៏​និយាយ​អំពី​វីរូស​កូរ៉ូណា​ដែរ ហើយ​ភាព​ច្របូក​ច្របល់​បាន​កើត​ឡើង ស្ទើរ​គ្រប់​ទី​កន្លែង ក្នុង​ពិភព​លោក ដោយ​សារ​តែ​ការ​រាត​ត្បាត​ជា​សកល​នេះ។​​ ពិធី​បុណ្យ​ព្រះ​គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ជិត​មក​ដល់ហើយ ប៉ុន្តែ ការ​រាត​ត្បាត​នៃ​មេរោក​កូរ៉ូណា​ហាក់​ដូច​ជា​បាន​ក្លាយ​ជា​រឿង​ដែល​គេ​បាន​យក​មក​គិត​ច្រើន​ជាង​គេ។ ប៉ុន្តែ ខ្ញុំ​មិន​ជឿ​ថា ក្នុង​រយៈ​ពេល​១​ពាន់ ឬ​២​ពាន់​ឆ្នំា​ខាង​មុខ គេ​នឹង​នៅ​តែ​បន្ត​ជជែក​គ្នា​អំពី​វីរូស​កូវីឌ-១៩ ទៀត​ឡើយ​។​ ប៉ុន្តែ គេ​នឹង​មិន​ឈប់​ជជែក​គ្នា អំពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ របស់​ព្រះយេស៊ូវ​ឡើយ​។​ បញ្ហា​នេះ​ប្រហែល​ជា​បាន​រំឭក​យើង​ថា ពិធី​បុណ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ មាន​សារៈ​សំខាន់​ប៉ុណ្ណា សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​យើង​កំពុង​ជួប​វិបត្តិ។

ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ ក៏​មាន​រឿង​ដ៏​សំខាន់​មួយ សម្រាប់​យើង​រាល់​គ្នា ខណៈ​ពេល​ដែល​យើង​គិត​អំពី​វីរូស COVID-19។ ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ មិន​គ្រាន់​តែ​ជា​ការ​អស្ចារ្យ សម្រាប់​ព្រះអង្គ​ប៉ុណ្ណោះ​ឡើយ។ តែ​ក៏​ជា​ការ​ដែល​ព្រះ​ជា​ម្ចាស់​សម្រេច​ព្រះ​ទ័យ ឲ្យ​មនុស្ស​ជាតិ និង​ជីវិត​ទាំង​ឡាយ​មាន​ការចាប់​ផ្តើម​ជា​ថ្មី។ មនុស្ស​ជាតិ និង​ជីវិត​ទាំង​ឡាយ​មាន​ការ​ជាប់​ទាក់​ទង​គ្នា ហើយ​សុទ្ធ​តែ​ផ្អែក​ទៅ​លើ​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ។ គឺ​ដូច​ដែល​បទ​គម្ពីរ រ៉ូម ៨:២០-២៣ បាន​ចែង​ថា :

ពី​ព្រោះ​ជីវិត​ទាំងឡាយ​បាន​ត្រូវ​ចុះ​ចូល​នឹង​សេចក្តី​ឥត​ប្រយោជន៍ តែ​មិន​មែន​ដោយ​ស្ម័គ្រ​ពី​ចិត្ត គឺ​ដោយ​ព្រោះ​ព្រះអង្គ ដែល​ទ្រង់​បញ្ចុះបញ្ចូល​វិញ ដោយ​សង្ឃឹម​ថា។ ជីវិត​ទាំង​នោះ​ឯង នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្តី​ពុករលួយ ឲ្យ​បាន​សេរីភាព​នៃ​សិរីល្អ​របស់​ពួក​កូន​ព្រះ​វិញ។ ដ្បិត​យើង​ដឹង​ថា ជីវិត​ទាំងឡាយ​ក៏​ថ្ងូរ ហើយ​ឈឺ​ចាប់​ជា​មួយ​គ្នា ដរាប​ដល់​គ្រា​ឥឡូវ​នេះ។ មិន​តែ​ប៉ុណ្ណោះ​សោត ខ្លួន​យើង​រាល់​គ្នា​ដែល​មាន​ផល​ជា​ដំបូង​របស់​ព្រះវិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់ចាំ​ទំរាំ​ការ​ទទួល​ជា​កូន​ចិញ្ចឹម គឺ​ជា​សេចក្តី​ប្រោស​លោះ​ដល់​រូបកាយ​យើង​ផង។

ជោគ​វាសនា​របស់​ជីវិត​ទាំង​ឡាយ ត្រូវ​បាន​ចង​ភ្ជាប់​នឹង​ជោគ​វាសនា​របស់​មនុស្ស​ជាតិ។ ជីវិត​ទាំង​ឡាយ​ដែល​ជាស្នា​ព្រះ​ហស្ត​របស់​ព្រះ “កំពុង​តែ​មាន​សេចក្តី​វេទនា”(ខ.២២) គឺ​ដោយ​សារ​មនុស្ស​ជាតិ​បាន​បះ​បោរ​ប្រឆាំង​នឹង​ព្រះ(លោកុប្បត្តិ ៣:១៧-១៩)។ ដូច​នេះ ពេល​ដែល​មនុស្ស​ជាតិ​ត្រូវ​បាន​រំដោះ​ឲ្យ​រួច​ពី​សេចក្តី​ស្លាប់ និង​នាំ​ចូល​ទៅ​ក្នុងសិរីល្អ នោះ​ជីវិត​ទាំង​អស់​ក៏​នឹង​បាន​ចូល​ទៅ​ក្នុង​សិរីល្អ​ផង​ដែរ​(ខ.២១)។ ប៉ុន្តែ ជីវិត​ទាំង​ឡាយ​កំពុង​តែ​ទួញ​ថ្ងូរ ដូចជា​ស្រ្តី​មាន​ផ្ទៃ​ពោះ ដែល​ជិត​ដល់​ពេល​ឆ្លង​ទន្លេ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​រង់​ចាំ​យើង​រស់​ពី​ស្លាប់​ឡើង​វិញ(ខ.២២)។

យើង​ក៏​កំពុង​តែ “ថ្ងូរ​នៅ​ខាង​ក្នុង​ចិត្ត” ក្នុង​ទុក្ខ​លំបាក​របស់​យើង ខណៈ​ពេល​ដែល​យើង​រង់​ចំា​ការ​ប្រោស​លោះ​ដល់រូប​កាយ​យើង(ខ.២៣)។ ការ​ប្រោស​លោះ​ដល់​រូប​កាយ​យើង ដែល​នាំ​មក​នូវ​ការ​រស់​ឡើង​វិញ​នៃ​រូប​កាយ​របស់​យើង មាន​ការ​ធានា​ព្រោះ​យើង​នៅ​ជាប់​នឹង​ព្រះ​គ្រីស្ទ ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ជា​ផល​ផ្លែ​ដំបូង នៃ​ការ​អ្វី​ដែល​នឹង​ត្រូវ​មក​ដល់​(១កូរិនថូស ១៥:២០-២៧)។

វីរូស​កូរ៉ូណា​បាន​កើត​មាន គឺ​ដោយ​សារ​លោកិយ ​នៅ​ជាប់​មាន​សេចក្តី​វេទនា នៅ​ក្នុង​អំពើ​បាប។ ប៉ុន្តែ ចូរ​យើង​សម្លឹង​​ឆ្ពោះ​ទៅ​មុខ ទៅ​រក​ពេល​ដែល​អ្នក​ជឿ​ទាំង​អស់​នឹង​រស់​ឡើង​វិញ ដោយ​រួច​ចាក​ផុត​ពី​ទុក្ខ​វេទនា ការ​ឈឺ​ចាប់ និង​សេចក្តី​ស្លាប់ ហើយ​នៅ​ពេល​នោះ ជីវិត​ទាំង​ឡាយ​ដែល​ជា​ស្នា​ព្រះ​ហស្ត​ព្រះ​ នឹង​មាន​ការ​ចាប់​ផ្តើម​ជា​ថ្មី ដោយរួច​ចាក​ផុត​ពី​ទុក្ខ​វេទនា ការ​ឈឺ​ចាប់ សេចក្តី​ស្លាប់ … និង​មិន​មាន​ជម្ងឺ​រាត​ត្បាត​ទៀត​ឡើយ។ យើង​មាន​ក្តី​សង្ឃឹមនេះ ព្រោះ​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ។ ចូរ​យើង​ឱប​ក្រសោប​យក​ក្តី​សង្ឃឹម​នេះ ក្នុង​រដូវ​កាលនៃ​បុណ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។​​

និពន្ធដោយលោក Con Campbell