ក្នុងអំឡុងពេលនៃរដូវកាលបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ក្រៅពីការអធិស្ឋាន ការតមអត់ និងធ្វើអំណោយដល់អ្នកដទៃ ពេលនេះក៏ជាពេលដែលយើងត្រូវពិនិត្យមើលខុសភាពរបស់វិញ្ញាណយើងផងដែរ។
ខណៈពេលដែលខ្ញុំឆែកមើលវិញ្ញាណខ្លួនឯង ខ្ញុំក៏បានដឹងថា ខ្ញុំកំពុងតែមានការភ័យខ្លាចប៉ុណ្ណា ចំពោះការរាតត្បាតនៃវីរូស Covid-19។ វាបាននាំឲ្យមានការផ្លាស់ប្តូរ នៅក្នុងរបៀបដែលយើងធ្វើការងារ ជួបជុំគ្នា និងទំនាក់ទំនងគ្នាក្នុងសង្គម។
វាក៏បាននាំឲ្យយើងមានឱកាសបង្ហាញចេញនូវលក្ខណៈសម្បតិ្តដែលល្អបំផុត ឬអាក្រក់បំផុតរបស់យើងផងដែរ។ អ្នកខ្លះបានស្ម័គ្រចិត្តចែករំលែកម៉ាស់ និងទឹកលាងដៃ ដល់អ្នកដទៃ។ ខណៈពេលដែលអ្នកខ្លះទៀត បានបង្គររបស់ទាំងអស់នោះទុកសម្រាប់តែខ្លួនឯង។ ជាងនេះទៅទៀត អ្នកខ្លះបានឈ្លាតឱកាសដំឡើងថ្លៃម៉ាស់ និងទឹកលាងដៃ ខណៈពេលដែលតម្រូវការមានការកើនឡើងខ្ពស់។
ការភ័យខ្លាច វីរូស Covid-19 បាននាំឲ្យមនុស្សជាច្រើនបង្ហាញចេញនូវអាកប្បកិរិយ៉ា ដែលគ្មានហេតុផល ដោយសម្រុកទិញស្បៀងអាហារទុក ដោយភាពស្លន់ស្លោ។ ខ្ញុំអាចយល់អំពីមូលហេតុដែលយើងត្រូវទិញម៉ាស់ ទឹកសម្លាប់មេរោគ និងទឹកលាងដៃ។ ប៉ុន្តែ ហេតុអ្វីមនុស្សម្នាសម្រុកទិញក្រដាស់អនាម័យច្រើនយ៉ាងនេះ?
រឿងចម្លែកនេះ មិនគ្រាន់តែបានកើតឡើងនៅប្រទេសសឹង្ហបូរីឡើយ នៅប្រទេសជប៉ុន និងបណ្តាប្រទេសជឿនលឿនជាច្រើនទៀត ក៏មានរឿងនេះកើតឡើងផងដែរ បានជាក្រដាស់អនាម័យបានដាច់ស្តុក នៅតាមបណ្តាហាងទំនិញនីមួយៗ ក្នុងអំឡុងពេលដែលមនុស្សចាប់ផ្តើមភ័យស្លន់ស្លោរ។
នៅពេលដែលករណីនៃការឆ្លងវីរូស Covid-19 មានការកើនឡើង យ៉ាងឆាប់រហ័ស ប្រជាជននៅប្រទេសកូរ៉េខាងត្បូង និងអីតាលី ក៏បាននាំគ្នាសមុ្រកទិញម៉ាស់ និងស្បៀងអាហារទុក ដោយការភិតភ័យ នៅតាមឱសថស្ថាន និងផ្សារទំនើប។ ពេលនោះ ឱសថស្ថាននាៗបានដាក់ផ្លាកពីមុខអាគាររបស់ខ្លួន ដើម្បីជូនដំណឹងថា ម៉ាស់ និងទឹកលៀងដៃបានដាច់ស្តុកហើយ។
មនុស្សជាទូទៅមានការភ័យខ្លាច ចំពោះវីរ៉ូសកូរ៉ូណា ។ ជាងនេះទៅទៀត ការស្រាវជ្រាវទីផ្សាបានរកឃើញថា ៣៧ភាគរយ នៃអ្នកចូលចិត្តគ្រឿងស្រវឹង មិនហ៊ានប៉ះពាល់ស្រាបៀរ Corona Extra ឡើយ ដោយសារការភ័យខ្លាចចំពោះជំងឺរាតត្បាតនេះ។
បើសិនជាយើងឆែកពិនិត្យមើលខ្លួនឯង ឲ្យដឹងថា យើងមានការភ័យខ្លាចប៉ុណ្ណា ចំពោះ Covid-19 នោះយើងប្រហែលជាងាយនឹងសន្និដ្ឋានថា យើងកំពុងតែខ្លាចវីរូសនេះ ខ្លាំងជាងខ្លាចព្រះអម្ចាស់។
ហេតុនេះហើយ យើងចាំបាច់ត្រូវ កោតខ្លាចព្រះអម្ចាស់ ឲ្យខ្លាំង ជាងខ្លាចឆ្លង Covid-19 ដែលយើងមើលមិនឃើញ ប៉ុន្តែ ដឹងច្បាស់ថា វាពិតជាមានមែន ហើយអាចសម្លាប់យើងបាន។
យើងចាំបាច់ត្រូវ ពិនិត្យមើលសីតុណ្ហភាពខាងវិញ្ញាណរបស់យើង ឲ្យបានទៀងទាត់ ដូចដែលយើងតាមដានកម្តៅខ្លួនយើងផងដែរ។
យើងចាំបាច់ត្រូវ លាងសម្អាតវិញ្ញាណយើង ឲ្យបានញឹកញាប់ ដូចដែលយើងបានលាងសម្អាតដៃ និងរក្សាអនាម័យខ្លួន ពេលណាយើងប៉ះពាល់អ្វី ដែលយើងសង្ស័យថា មិនស្អាត។
យើងចាំបាច់ត្រូវ ការពារខ្លួនយើង ឲ្យរួចផុតពីការរីករាលដាលនៃអំពើបាប ក្នុងជីវិតយើង និងជីវិតអ្នកដទៃ ដូចដែលយើងពាក់ម៉ាស់ ដើម្បីការពារការឆ្លងរបស់វីរូសនោះ។
យើងចាំបាច់ត្រូវ ជៀសវាងការទៅទីកន្លែងមិនគួរទៅ ដែលធ្វើឲ្យប៉ះពាល់សុខភាពផ្លូវចិត្តគំនិត និងរូបកាយយើង។
យើងចាំបាច់ត្រូវ ចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះអម្ចាស់ ក្នុងពេលដែលយើងពិបាកចេញក្រៅផ្ទះ។
យើងចាំបាច់ត្រូវ នៅជាប់ក្នុងព្រះវត្តមានព្រះ ទោះយើងនៅទីណាក៏ដោយ។
យើងចាំបាច់ត្រូវ អានព្រះគម្ពីរ ឲ្យបានច្រើនជាងអានពត៌មាន អំពី Covid-19 ជារៀងរាល់ថ្ងៃ។
យើងចាំបាច់ត្រូវ ប្រុងប្រយ័ត្ន និងជៀសវាងការបង្រៀន និងបើកសម្តែងក្លែងក្លាយ ដែលកំពុងតែមានការកើនឡើង ក្នុងបណ្តាញអ៊ីនធើណិត ជាពិសេស នៅក្នុង Facebook។
យើងចាំបាច់ត្រូវ ព្យាយាមឆក់ឱកាសស្វែងរកចំណេះដឹងខាងវិញ្ញាណ និងការបើកសម្តែងដ៏ត្រឹមត្រូវក្នុងព្រះគម្ពីរ ជាជាងព្យាយាមបង្គរទុកអង្ករ មី សម្ភារៈប្រើប្រាស់ផ្សេងទៀត។
យើងចាំបាច់ត្រូវ កោតខ្លាចព្រះអម្ចាស់ ឲ្យបានច្រើនជាងខ្លាចឆ្លងវីរូសកូរ៉ូណា។
លោកឡឺគ្រេ(LeCrae) បានមានប្រសាសន៍ថា “យើងមានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះកាលៈទេសៈរបស់យើង ព្រោះយើងភ័យខ្លាចព្រះអម្ចាស់តិចពេក”។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលយ៉ាងច្បាស់ថា “កុំឲ្យខ្លាចចំពោះពួកអ្នកដែលសំឡាប់បានតែរូបកាយ តែពុំអាចនឹងសំឡាប់ដល់ព្រលឹងបាននោះឡើយ ស៊ូឲ្យខ្លាចព្រះអង្គវិញជាជាង ដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹង និងរូបកាយវិនាសទៅក្នុងនរកផង”(ម៉ាថាយ ១០:២៨)។
សូមយើងធ្វើការពិនិត្យសុខភាពខាងវិញ្ញាណរបស់យើង ក្នុងអំឡុងពេលដ៏ពិបាកនេះ ហើយរៀនកោតខ្លាចព្រះអម្ចាស់ឲ្យកាន់តែខ្លាំង។ —Rev Sng Chong Hui