ក្នុង​អំឡុង​ពេល​នៃ​រដូវ​កាល​បុណ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ក្រៅ​ពី​ការ​អធិស្ឋាន ការ​តម​អត់ និង​ធ្វើអំណោយ​ដល់​អ្នក​ដទៃ ពេល​នេះ​ក៏​ជា​ពេល​ដែល​យើង​ត្រូវ​ពិនិត្យ​មើល​ខុស​ភាព​របស់​វិញ្ញាណ​យើង​ផង​ដែរ។​

ខណៈ​ពេល​ដែល​ខ្ញុំ​ឆែក​មើល​វិញ្ញាណ​ខ្លួន​ឯង ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​កំពុង​តែ​មាន​ការ​ភ័យ​ខ្លាច​ប៉ុណ្ណា ចំពោះ​ការ​រាត​ត្បាត​នៃ​វីរូស Covid-19។ វា​បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ នៅ​ក្នុង​របៀប​ដែល​យើង​ធ្វើ​ការ​ងារ ជួប​ជុំ​គ្នា និង​ទំនាក់ទំនង​គ្នា​ក្នុង​សង្គម។​

វា​ក៏​បាន​នាំឲ្យ​យើង​មាន​ឱកាស​បង្ហាញ​ចេញ​នូវ​លក្ខណៈ​សម្បតិ្ត​ដែល​ល្អ​បំផុត ឬ​អាក្រក់​បំផុត​របស់​យើង​ផង​ដែរ។ អ្នក​ខ្លះ​បាន​ស្ម័គ្រ​ចិត្ត​ចែក​រំលែក​ម៉ាស់ និង​ទឹក​លាង​ដៃ ដល់​អ្នក​ដទៃ។ ខណៈ​ពេល​ដែល​អ្នក​ខ្លះ​ទៀត បាន​បង្គរ​របស់​ទាំង​អស់​នោះ​ទុក​សម្រាប់​តែ​ខ្លួន​ឯង។ ជាង​នេះ​ទៅ​ទៀត អ្នក​ខ្លះ​បាន​ឈ្លាត​ឱកាស​ដំឡើង​ថ្លៃ​ម៉ាស់ និង​ទឹក​លាង​ដៃ ខណៈ​ពេល​ដែល​តម្រូវ​ការ​មាន​ការ​កើន​ឡើង​ខ្ពស់។​

ការ​ភ័យ​ខ្លាច វីរូស Covid-19 បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​បង្ហាញ​ចេញ​នូវ​អាកប្ប​កិរិយ៉ា ដែល​គ្មាន​ហេតុ​ផល ដោយ​សម្រុក​ទិញ​ស្បៀង​អាហារ​ទុក ដោយ​ភាព​ស្លន់​ស្លោ។ ខ្ញុំ​អាច​យល់​អំពី​មូល​ហេតុ​ដែល​យើង​ត្រូវ​ទិញ​ម៉ាស់ ទឹក​សម្លាប់​មេរោគ និង​ទឹក​លាង​ដៃ។ ប៉ុន្តែ ហេតុ​អ្វី​មនុស្ស​ម្នា​សម្រុក​ទិញ​ក្រដាស់​អនាម័យ​ច្រើន​យ៉ាង​នេះ?

រឿង​ចម្លែក​នេះ មិន​គ្រាន់​តែ​បាន​កើត​ឡើង​នៅ​ប្រទេស​សឹង្ហ​បូរី​ឡើយ នៅ​ប្រទេស​ជប៉ុន ​និង​បណ្តា​ប្រទេស​ជឿន​លឿន​ជា​ច្រើន​ទៀត ក៏​មាន​រឿង​នេះ​កើត​ឡើង​ផង​ដែរ បាន​ជា​ក្រដាស់​អនាម័យ​បាន​ដាច់​ស្តុក នៅ​តាម​បណ្តា​ហាង​ទំនិញ​នីមួយ​ៗ ក្នុង​អំឡុង​ពេល​ដែល​មនុស្ស​ចាប់​ផ្តើម​ភ័យ​ស្លន់​ស្លោរ។

នៅ​ពេល​ដែល​ករណី​នៃ​ការ​ឆ្លង​វីរូស Covid-19 មាន​ការ​កើន​ឡើង​ យ៉ាង​ឆាប់​រហ័ស ប្រជាជន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​អីតាលី ក៏​បាន​នាំ​គ្នា​សមុ្រក​ទិញ​ម៉ាស់ និង​ស្បៀង​អាហារ​ទុក ដោយ​ការ​ភិត​ភ័យ នៅ​តាម​ឱសថ​ស្ថាន និងផ្សារ​ទំនើប​។ ពេល​នោះ ឱសថ​ស្ថាន​នា​ៗ​បាន​ដាក់​ផ្លាក​ពី​មុខ​អាគារ​របស់​ខ្លួន ដើម្បី​ជូន​ដំណឹង​ថា ម៉ាស់ និង​ទឹក​លៀង​ដៃបាន​ដាច់​ស្តុក​ហើយ។​

មនុស្ស​ជា​ទូទៅ​មាន​ការ​ភ័យ​ខ្លាច ចំពោះ​វីរ៉ូស​កូរ៉ូណា ។ ជាង​នេះ​ទៅ​ទៀត ការ​ស្រាវ​ជ្រាវ​ទីផ្សា​បាន​រក​ឃើញ​ថា ៣៧​ភាគ​រយ នៃ​អ្នក​ចូល​ចិត្ត​គ្រឿង​ស្រវឹង មិន​ហ៊ាន​ប៉ះពាល់​ស្រា​បៀរ Corona Extra ឡើយ ដោយសារ​ការ​ភ័យ​ខ្លាច​ចំពោះ​ជំងឺ​រាត​ត្បាត​នេះ។​

បើ​សិន​ជា​យើង​ឆែក​ពិនិត្យ​មើល​ខ្លួន​ឯង ឲ្យ​ដឹង​ថា យើង​មាន​ការ​ភ័យ​ខ្លាច​ប៉ុណ្ណា ចំពោះ Covid-19 នោះ​យើង​ប្រហែល​ជា​ងាយ​នឹង​សន្និដ្ឋាន​ថា យើង​កំពុង​តែ​ខ្លាច​វីរូស​នេះ ខ្លាំង​ជាង​ខ្លាច​ព្រះ​អម្ចាស់។​

ហេតុ​នេះ​ហើយ  យើង​ចាំ​បាច់​ត្រូវ កោត​ខ្លាច​ព្រះ​អម្ចាស់ ឲ្យ​ខ្លាំង ជាង​ខ្លាច​ឆ្លង Covid-19 ដែល​យើង​មើល​មិន​ឃើញ ប៉ុន្តែ ដឹង​ច្បាស់​ថា វា​ពិត​ជា​មាន​មែន ហើយ​អាច​សម្លាប់​យើង​បាន។​

យើង​ចាំ​បាច់​ត្រូវ ពិនិត្យ​មើល​សីតុណ្ហ​ភាព​ខាង​វិញ្ញាណ​របស់​យើង ឲ្យ​បាន​ទៀង​ទាត់ ដូច​ដែល​យើង​តាម​ដាន​កម្តៅ​ខ្លួន​យើង​ផង​ដែរ។​

យើង​ចាំ​បាច់​ត្រូវ លាង​សម្អាត​វិញ្ញាណ​យើង ឲ្យ​បាន​ញឹក​ញាប់ ដូច​ដែល​យើង​បាន​លាង​សម្អាត​ដៃ និង​រក្សា​អនាម័យ​ខ្លួន ពេល​ណា​យើង​ប៉ះ​ពាល់​អ្វី ដែល​យើង​សង្ស័យ​ថា មិន​ស្អាត។​

យើង​ចាំ​បាច់​ត្រូវ ការពារ​ខ្លួន​យើង ឲ្យ​រួច​ផុត​ពី​ការ​រីក​រាល​ដាល​នៃ​អំពើ​បាប ក្នុង​ជីវិត​យើង និង​ជីវិត​អ្នក​ដទៃ ដូច​ដែល​យើង​ពាក់​ម៉ាស់ ដើម្បី​ការពារ​ការ​ឆ្លង​របស់​វីរូស​នោះ។​​

យើង​ចាំ​បាច់​ត្រូវ ជៀស​វាង​ការ​ទៅ​ទីកន្លែង​មិន​គួរ​ទៅ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខ​ភាព​ផ្លូវ​ចិត្ត​គំនិត និង​រូប​កាយ​យើង​។​

យើង​ចាំ​បាច់​ត្រូវ ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ជា​មួយ​ព្រះ​អម្ចាស់ ក្នុង​ពេល​ដែល​យើង​ពិបាក​ចេញ​ក្រៅ​ផ្ទះ។​

យើង​ចាំ​បាច់​ត្រូវ នៅ​ជាប់​ក្នុង​ព្រះ​វត្ត​មាន​ព្រះ ទោះ​យើង​នៅ​ទី​ណា​ក៏​ដោយ។​

យើង​ចាំ​បាច់​ត្រូវ អាន​ព្រះ​គម្ពីរ ឲ្យ​បាន​ច្រើន​ជាង​អាន​ពត៌មាន អំពី Covid-19 ជា​រៀង​រាល់​ថ្ងៃ។​

យើង​ចាំ​បាច់​ត្រូវ ប្រុង​ប្រយ័ត្ន និង​ជៀស​វាង​ការ​បង្រៀន និង​បើក​សម្តែង​ក្លែង​ក្លាយ ដែល​កំពុង​តែ​មាន​ការ​កើន​ឡើង ក្នុង​បណ្តាញ​អ៊ីនធើណិត ជា​ពិសេស នៅ​ក្នុង Facebook។

យើង​ចាំ​បាច់​ត្រូវ ព្យាយាមឆក់​ឱកាស​ស្វែង​រក​ចំណេះ​ដឹង​ខាង​វិញ្ញាណ និង​ការ​បើក​សម្តែង​ដ៏​ត្រឹម​ត្រូវ​ក្នុង​ព្រះគម្ពីរ ជា​ជាង​ព្យាយាម​បង្គរ​ទុក​អង្ករ មី សម្ភារៈ​ប្រើ​ប្រាស់​ផ្សេង​ទៀត។​​

យើង​ចាំ​បាច់​ត្រូវ កោត​ខ្លាច​ព្រះ​អម្ចាស់ ឲ្យ​បាន​ច្រើន​ជាង​ខ្លាច​ឆ្លង​វីរូស​កូរ៉ូណា។

លោកឡឺគ្រេ(LeCrae) បាន​មាន​ប្រសាសន៍​ថា “យើង​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ចំពោះ​កាលៈ​ទេសៈ​របស់​យើង ព្រោះ​យើង​ភ័យ​ខ្លាច​ព្រះ​អម្ចាស់​តិច​ពេក”។ ព្រះ​អម្ចាស់​យេស៊ូវ​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា “កុំ​ឲ្យ​ខ្លាច​ចំពោះ​ពួក​អ្នក​ដែល​សំឡាប់​បាន​តែ​រូបកាយ តែ​ពុំ​អាច​នឹង​សំឡាប់​ដល់​ព្រលឹង​បាន​នោះ​ឡើយ ស៊ូ​ឲ្យ​ខ្លាច​ព្រះអង្គ​វិញ​ជា​ជាង ដែល​ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​ទាំង​ព្រលឹង និង​រូបកាយ​វិនាស​ទៅ​ក្នុង​នរក​ផង”(ម៉ាថាយ ១០:២៨)។

សូម​យើង​ធ្វើ​ការ​ពិនិត្យ​សុខ​ភាព​ខាង​វិញ្ញាណ​របស់​យើង ក្នុង​អំឡុង​ពេល​ដ៏​ពិបាក​នេះ ហើយ​រៀន​កោត​ខ្លាច​ព្រះ​អម្ចាស់​ឲ្យ​កាន់​តែ​ខ្លាំង។ —Rev Sng Chong Hui