ថ្ងៃទី៥

អាន យ៉ាកុប ១:១៦-១៨

ពីរ​សប្តាហ៍​បន្ទាប់​ពី​បុណ្យ​ណូអែល ខ្ញុំ​​បាន​បើក​មើល​លិខិត​មួយ​ច្បាប់​ ដោយ​ចិត្ត​រំភើប​រីក​រាយ ដែល​ផ្ញើ​មក​ពី​ម្ដាយ​របស់​ខ្ញុំ ហើយ​សើច​តិចៗម្នាក់​ឯង នៅ​ពេល​ខ្ញុំ​បាន​ឃើញ​ពាក្យ​អគុណ​ ដែល​បាន​សរសេរ​ដោយ​ដៃ នៅ​លើក្រដាស់​តូច​មួយ​សន្លឹក​នោះ។ គាត់​បាន​រំឭក​ខ្ញុំ អំពី​សារៈ​សំខាន់​នៃ​អាកប្ប​កិរិយា​ល្អ​ ​ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ សំណេរ​របស់​គាត់​ គឺ​ជា​ការ​អរ​គុណ​ពិត​មែន ដូច​ជា​ការ​ក្រើន​រំឭក​ ឲ្យ​ខ្ញុំ​ផ្ញើ​សំបុត្រ​សម្រាប់​បុណ្យ​ណូអែល​ផង​ដែឬ។ ខ្ញុំ​បាន​យក​លិខិត​ទុក ហើយក៏​បាន​អង្គុយ​ចុះ​ ដើម្បី​ចាប់​ផ្តើម​សរ​សេរ​នូវ​ពាក្យ​ថ្លែង​អំណរ​គុណ​។

សំណេរ​របស់​ម្ដាយ​ខ្ញុំ គឺ​ជា​ការ​រំឭក​ដ៏​ល្អ​មួយ ដើម្បី​ឲ្យ​ខ្ញុំ​អរគុណ​ចំពោះ​អំណោយ​ដ៏​ល្អ​ៗ។ ហើយ​ព្រះ​គម្ពីរ​យ៉ាកុប​ប្រាប់​យើង​ថា គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក និង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍  គឺសុទ្ធ​តែ​មក​ពី​ព្រះ(ខ.១៧) ។

ការ​ទទួល​ព្រះ​ពរ និង​ការ​បង្ហាញ​ការ​ដឹង​គុណ គឺ​មាន​សារៈ​សំខាន់​ណាស់​ នៅ​ពេល​ដែល​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ទុក្ខ​លំបាក និង​សេច​ក្តី​ល្បួង និង​ជា​ពិសេស​ នៅ​ពេល​ដែល​ពិបាក​បំផុត។ ពួក​អ្នក​ជឿ​ជន​ជាតិ​យូដា​នៅ​សម័យ​លោក​យ៉ាកុប ទំនង​ជា​កំពុង​ប្រឈម​មុខ​នឹង​ការ​បាក់​ទឹក​ចិត្ត។ ពេល​ខ្លះ​ ពួក​គេ​ធ្លាប់​ចោទ​សួរ​ពី​សេចក្តី​ល្អ​របស់​ព្រះ​ជាម្ចាស់។ តើ​សេចក្តី​ល្បួង និង​ការ​ល្បង​ល​ទាំង​នេះ​មក​ពី​ព្រះ​ឬ?

ប៉ុន្តែ លោក​យ៉ាកុប​រំឭក​យើង​យ៉ាង​សុភាព​ថា ​ព្រះ ដែល​មិន​ដែល​ល្បួង​យើង​ឲ្យ​ធ្វើ​ខុស​(១:១៣) ទ្រង់​ក៏​មិន​ដែល​ប្រទាន​ឲ្យ​យើង​នូវ​សេចក្តី​អាក្រក់ ឬ​ក៏​អំណោយ​អាក្រក់​ដែរ។ ទុក្ខ​វេទនា​នៃ​លោកិយ​នេះ គឺ​បណ្តាល​មក​នៃ​ការ​ភាពប្រេះ​បែក​របស់​យើង និង​ភាព​មិន​គ្រប់​ល័ក្ខណ៍​របស់​លោកិយ ហើយ​មក​ពី​អារក្ស​ជា​អ្នក​បោក​បញ្ឆោត។

យើង​ត្រូវ​ដឹង​ថា ព្រះ​ទ្រង់​ជា​ប្រភព​នៃ​គ្រប់​ទាំង​របស់​ដ៏​ល្អ។​ ទ្រង់​មិន​ប្រែ​ប្រួល​  ទ្រង់​ស្ថិត​ស្ថេរ ហើយ​ស្មោះ​ត្រង់ (ខ.១៧)។ កុំ​អនុញ្ញាត​ឲ្យ​មាន​អ្វី​មក​បញ្ចុះ​បញ្ចូល​យើង​គិត​ផ្ទុយ​ពី​នេះ​ឡើយ។

លោក​យ៉ាកុប​ក៏​បន្ត​រំឭក​យើង​ពី​គំរូ​ដ៏​អស្ចារ្យ​បំផុត​នៃ​អំណោយ​ទាន​ដ៏​ល្អ​របស់​ព្រះ​ ដែល​ប្រទាន​មាន​មក​យើង គឺ​ការ​ប្រទាន​នូវ​ការ​សង្គ្រោះ ​និង​ការ​ប្រោស​លោះ (ខ.១៨)។ នេះ​ជា​អំណោយ​ទាន​នៃ​ព្រះ​គុណ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ​មក​កាន់​យើង។

ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា: “នៅ​លោកិយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន”។ ហើយ​បន្ទាប់​មក ព្រះអង្គ​មាន​បន្ទូល​ថា “ប៉ុន្តែត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ” (យ៉ូហាន ១៦:៣)។ អំណោយ​ដ៏​ល្អ​មួយ​ទៀត​នោះ គឺ​ជា​ការ​ធា​នា​ថា ​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង​បាន​យក​ឈ្នះ​លោកិយ​ហើយ។

ថ្ងៃ​នេះ សូម​ឲ្យ​យើង​បាន​រក​មើល​អំ​ណោយ​ដ៏​ល្អ​ និង​ឥត​ខ្ចោះ​​នៅ​ក្នុង​ជីវិត​របស់​យើង។

ដូចនេះ ចូរ​យើង​កុំ​ខក​ខាន នឹង​អរ​ព្រះ​គុណ​ដល់​ព្រះ​ឡើយ។

ដោយ Karen Pimpo សហរដ្ឋអាមេរិក

សំណួរ​ត្រិះរិះ

១.       តើ​នៅ​ពេល​ណា​ដែល​អ្នក​ត្រូវ​ល្បួង​ខ្លាំងបំផុត ឲ្យ​សង្ស័យ​ព្រះ?

២.      តើ​បទ​គម្ពីរ​នេះ ផ្តល់​ការ​លើក​ទឹក​ចិត្ត​អ្វី​ខ្លះ ដល់​អ្នក​ដែល​ប្រឈម​មុខ នឹង​ការ​ល្បង​ល និង​សេច​ក្តីល្បួង?