ពី​ព្រោះ​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ ទ្រង់​ជា​ព្រះអាទិត្យ ហើយ​ជា​ខែល ព្រះយេហូវ៉ា​ទ្រង់​នឹង​ផ្តល់​ព្រះគុណ ព្រម​ទាំង​កិត្តិយស ទ្រង់​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី ដល់​ពួក​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ។ ទំនុកដំកើង ៨៤:១១

បន្ទាប់​ពី​ខ្ញុំ​បាន​បញ្ចប់​បរិញ្ញា​ប័ត្រ​ជាន់​ខ្ពស់ ផ្នែក​អ្នក​និពន្ធ នៅ​ចក្រ​ភព​អង់​គ្លេស​ បាន​ប្រហែល​មួយ​ខែ កាល​ពី​ឆ្នាំ​មុន ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ការ ដូច​និស្សិត​ភាគ​ច្រើន ដែល​បាន​បញ្ចប់​ការ​សិក្សា។ ខ្ញុំ​មាន​ចិត្ត​ចង់​បន្ត​រស់​នៅ ក្នុង​ចក្រភព​អង់​គ្លេស ពីរ​បី​ឆ្នាំ​ទៀត ដើម្បី​ស្វែង​រក​បទ​ពិសោធន៍​ការងារ និង​ដើម្បីឲ្យ​ខ្លួន​ខ្ញុំ​បាន​ជ្រួត​ជ្រាប នឹង​វប្ប​ធម៌​ដ៏សម្បូរ​បែប​របស់​ប្រទេស​នេះ។​ ដូច​នេះ ខ្ញុំ​ក៏​បាន​ស្វែង​រក​ការ​ងារ​នៅ​ទីនោះ និង​នៅ​ប្រទេស​សឹង្ហ​បូរី ដែល​ជាប្រទេស​កំណើត​របស់​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ផ្ញើ​ស្នាដៃ​និពន្ធ​របស់​ខ្ញុំ ទៅ​កាន់​ក្រុម​ហ៊ុន​ទស្សនា​វដ្តី និង​ក្រុម​ហ៊ុន​បោះ​ពុម្ភ​ផ្សាយ​។

ពី​ដំបូង ចិត្ត​ខ្ញុំ​មាន​ពេញ​ដោយ​ក្តី​សង្ឃឹម និង​ភាព​ក្លៀវ​ក្លា។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ទូល​សួរ​ព្រះ​អម្ចាស់​ថា បើ​សិន​ជា​ព្រះអង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​ខ្ញុំ​វិល​ត្រឡប់​ទៅ​ប្រទេស​សឹង្ហ​បូរី​ ខ្ញុំ​នឹង​វិល​ត្រឡប់​ទៅ​វិញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​សិនជា​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​ខ្ញុំ បន្ត​ស្នាក់​នៅ​ក្នុង​ចក្រ​ភព​អង់​គ្លេស នោះ​សូម​ព្រះ​អង្គ​បើក​ចំហរ​ទ្វារ​នៃ​ឱកាស​ការងារ សម្រាប់ខ្ញុំ​។​

ខ្ញុំ​ក៏​បាន​បន្ត​ស្វែង​រក​ការងារ ហើយ​ក៏​បាន​ពង្រីង​បណ្តាញ​របស់​ខ្ញុំ ដោយ​សង្ឃឹម​ថា នឹង​បាន​ជួប​អ្នក​ដែល​នឹង​ទទួល​ខ្ញុំ​ឲ្យ​ធ្វើ​ការ​ជា​មួយ​។ ប៉ុន្តែ ពេល​វេលា​ក៏​បាន​កន្លង​ផុត​ទៅ ក្តី​សង្ឃឹម និង​ភាព​ក្លៀវ​ក្លា​របស់​ខ្ញុំ​ ក៏​បាន​ក្រៀម​ស្វិត។ ពាក្យ​សុំ​ធ្វើ​ការ​របស់​ខ្ញុំ ត្រូវ​បាន​គេ​បដិសេធ​ជា​បន្ត​បន្ទាប់។ សូម្បី​តែ​ស្នា​ដៃ​និពន្ធ​ដែល​ខ្ញុំ​បាន​ផ្ញើ​ឲ្យ​គេ ក៏​ត្រូវ​បាន​គេបដិសេធ​ផង​ដែរ។​

ខ្ញុំ​ក៏​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​សឹង្ហ​បូរី​វិញ ក្នុង​ខែ​មករា ដោយ​គ្មាន​ការងារ​ធ្វើ។ បន្ទាប់​មក មេរោគ​រាត​ត្បាត Covid-19 ក៏​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​ពិភព​លោក។ រឿង​នេះ គឺ​មាន​ន័យ​ថា​ ទីផ្សា​ការងារ នៅ​តែ​មាន​ភាព​អាប់​អួរ ​ពេញ​មួយ​ឆ្នាំ។ ខ្ញុំ​ក៏​បាន​ព្យាយាម​ស្វែង​រក​ទិស​ដៅ​មក​ពី​ព្រះ តែ​មិន​បាន​ឃើញ​ព​ន្លឺ​អ្វី​សោះ។ នេះ​ជា​លើក​ទី​មួយហើយ ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា ទាល់​ច្រក។​

ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ស្វែង​រក​ការ​កម្សាន្ត​ចិត្ត ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ។ ពេល​ដែល​ខ្ញុំ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ព្រះ ខ្ញុំ​ក៏​រៀន​បានការ​បី​យ៉ាង ដែល​ជួយ​ឲ្យ​ខ្ញុំ​លូត​លាស់ ក្នុង​ជំនឿ ក្នុង​ពេល​ដ៏​ស្រពិច​ស្រពិល​នេះ:

១. ចូរ​ចាំ​ថា ព្រះ​ទ្រង់​ជា​នរណា

ក្នុង​អំឡុង​ពេល​ខ្ញុំ​ស្នាក់​នៅ ក្នុង​ប្រទេស​អង់​គ្លេស ខ្ញុំ​ទទួល​បាន​នូវ​បទ​ពិសោធន៍​មួយ​ចំនួន ដែល​ហាក់​ដូច​ជា​បាន​គាំទ្រ​ឲ្យ​ខ្ញុំ​បន្ត​ស្នាក់​នៅ​ទីនោះ​ទៀត បន្ទាប់​ពី​រៀន​ចប់។ ដូច​នេះ ពេល​ដែល​ខ្ញុំ​បាន​ទទួល​ការ​បដិសេធន៍​ពី​ក្រុម​ហ៊ុនទាំង​ឡាយ នៅ​ប្រទេស​អង់គ្លេស ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​មាន​ការ​សង្ស័យ​ចំពោះ​ព្រះ។ ហើយ​ពេល​ដែល​ខ្ញុំ​មិន​បានទទួល​ការ​ឆ្លើយ​តប ​ពី​ក្រុម​ហ៊ុន​នៅ​ប្រទេស​សឹង្ហ​បូរី ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​ព្រះ​អង្គ​អាច​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ស្ថាន​ភាព​ដ៏​លំបាន​នេះ​ទេ។​

ជា​ញឹក​ញាប់ យើង​ឮ​គេ​ប្រកាស់​ថា “ព្រះ​ជា​ម្ចាស់​មាន​គ្រប់​ចេស្តា” ហើយ “ព្រះ​ជា​ម្ចាស់​គ្រប់​គ្រង​អ្វី​ៗ​ទាំង​អស់”។ ពាក្យ​ពេចន៍​ទាំង​នេះ ក៏​បាន​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​យើង​ផង​ដែរ។ ប៉ុន្តែ ពេល​ដែល​រឿង​វិបត្តិ​បាន​បក់​បោក​មក តើ​មានមនុស្ស​ប៉ុន្មាន​នាក់ ដែល​ពិត​ជា​ជឿ​ថា ព្រះ​អង្គ​មាន​គ្រប់​ចេស្តា ហើយ​កំពុង​តែ​គ្រប់​គ្រង​ស្ថាន​ភាព​របស់​យើង?

មាន​ពេល​ជា​ច្រើន​ដង ដែល​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ អំពី​បញ្ហា​ហិរញ្ញ​វត្ថុ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​បាន​បាត់​បង់​ទំនុក​ចិត្ត​លើ​សមត្ថ​ភាព​ខ្លួន​ឯង ទោះ​ខ្ញុំ​មាន​បរិញ្ញា​ប័ត្រ​ជាន់​ខ្ពស់​ហើយ​ក៏​ដោយ។​ ស្ថិត​ក្នុង​ពេល​នោះ បទ​គម្ពីរ​អេសាយ ៤១:១៣-១៤ ក៏​បាន​ផ្តល់​ឲ្យ​នូវ​ការ​ធា​នា​ថា :

“ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង ឱ​យ៉ាកុប​ជា​ដង្កូវ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ហើយ​ឯង​រាល់​គ្នា ជា​ពូជពង្ស​អ៊ីស្រាអែល​ដែរ ដ្បិត​ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​នឹង​ជួយ​ឯង ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ជា​អ្នក​ប្រោស​លោះ​ឯង”។

ខ្ញុំ​ក៏​បាន​ដឹង​ថា តាម​ពិត ខ្ញុំ​កំពុង​តែ​ផ្តោត​ទៅ​លើ​បញ្ហា​របស់​ខ្ញុំ​ខ្លាំង​ពេក បាន​ជា​ខ្ញុំ​ភ្លេច​ទទួល​ស្គាល់​ថា​ ព្រះ​ទ្រង់​ជា​នរណា​។ ខ្ញុំ​កំពុង​តែ​ដាក់​ដែន​កំណត់​ឲ្យ​ព្រះ គឺ​មិន​បាន​ទទួល​ស្គាល់​អំណាច​ចេស្តា​ព្រះ​អង្គ​ទាំង​ស្រុង​ឡើយ។ ខ្ញុំ​ត្រូវ​ដឹង​ថា ខ្ញុំ​កំពុង​តែ​ថ្វាយ​បង្គំ​ព្រះ ដែល​គ្មាន​ដែន​កំណត់ ដែល​ជ្រាប​ថា ព្រះ​អង្គ​កំពុង​តែ​ធ្វើ​អ្វី​សម្រាប់​ខ្ញុំ។

២. ចូរ​នឹក​ចាំ អំពី​ការ​ល្អ​ដែល​ព្រះ​អង្គ​បាន​ធ្វើ​កាល​ពី​មុន

ខ្ញុំ​បាន​ពិសោធន៍​នឹង​ភាព​ឡើង​ចុះ​ៗ នៃ​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​ធម្មតា ដូច​មនុស្ស​ជា​ច្រើន ហើយ​ខ្ញុំ​មាន​ការ​រំភើប​ចិត្ត ចំពោះ​ពេល​ដែល​ខ្ញុំ​មាន​ក្តី​អំណរ​បំផុត ដែល​ប្រៀប​បាន​នឹង​ការ​ឡើង​ដល់​កំពូល​ភ្នំ ជាជាង​ឆ្លង​កាត់​បទ​ពិសោធន៍​ដ៏ពិបាក ដូច​ការ​ឆ្លង​កាត់​ជ្រលង​ភ្នំ​ងងឹត​។ ប៉ុន្តែ ក្នុង​រដូវ​កាល​បែប​នេះ ព្រះ​ជា​ម្ចាស់​បាន​ចង្អុល​បង្ហាញ​ខ្ញុំ ឲ្យ​ងាក​ទៅ​រក​ព្រះ​បន្ទូល ដែល​ព្រះ​អង្គ​បាន​មាន​ទៅ​កាន់​ពួក​អ៊ីស្រា​អែល ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ទឹក​ដី​សន្យា យ៉ាង​ដូច​នេះ​ថា :

​ត្រូវ​ឲ្យ​ឯង​នឹក​ចាំ​ពី​អស់​ទាំង​ការ ដែល​កើត​មាន​តាម​ផ្លូវ ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​នាំ​ឯង​នៅ​ក្នុង​ទី​រហោស្ថាន ក្នុង​រវាង​៤០​ឆ្នាំ​នេះ ដើម្បី​នឹង​បន្ទាប​ចិត្ត​ឯង ហើយ​នឹង​ល្បងល​ឯង​ឲ្យ​ដឹង​ជា​សេចក្តី​ណា ដែល​នៅ​ក្នុង​ចិត្ត​ឯង គឺ​បើ​នឹង​កាន់ តាម​បញ្ញត្ត​ទ្រង់​ឬ​ទេ។ ចោទិយកថា ៨:២

បទ​គម្ពីរ​នេះ បាន​ធ្វើ​​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​របៀប​ដែល​ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ ក្នុង​ជីវិត​ខ្ញុំ។ ខ្ញុំ​បាន​នឹក​ចាំ អំពី​របៀប​ដែល​ព្រះ​អង្គ​បាន​ប្រទាន​ការងារ​ឲ្យ​ខ្ញុំ និង​ដាក់​ខ្ញុំ​នៅ​កន្លែង​ធ្វើ​ការ​ណា​មួយ ដើម្បី​ឲ្យ​បាន​បទ​ពិសោធន៍ សូម្បី​តែ​ពេល​ខ្លះ ខ្ញុំ​គិត​ថា វា​ជា​រឿង​មិន​អាច​ធ្វើ​ទៅ​រួច​ក៏​ដោយ។ ពេល​ណា​ខ្ញុំ​រាប់​ការ​ល្អ​ដែល​ព្រះ​អង្គ​បាន​ធ្វើ​សម្រាប់​ខ្ញុំ ខ្ញុំមាន​អារម្មណ៍​ថា មាន​សន្តិ​ភាព​ក្នុង​ចិត្ត ដោយ​ដឹង​ថា ព្រះ​អង្គ​គឺ​ជា​ព្រះ ដែល​ថែម​ទាំង​ជ្រាប​ថា​ ក្បាល​ខ្ញុំ​មាន​សក់​ប៉ុន្មាន​សសៃ​ទៀត​ផង​(លូកា ១២:៧) ហើយ​នឹង​ធានា​ថា ព្រះ​អង្គ​នឹង​បំពេញ​តម្រូវ​ការ​ទាំង​អស់​ដែល​ខ្ញុំ​មាន។​

ជា​ការ​ពិត​ណាស់​ នៅ​ថ្ងៃ​ខ្លះ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​ជា​ម្ចាស់​ហាក់​ដូច​ជា​នៅ​ឆ្ងាយ ហើយ​ខ្ញុំ​មាន​អារម្មណ៍​​ឈឺ​ចាប់ និង​ខ្លាច​ព្រះអង្គ មិន​ធ្វើ​ការ​អ្វី​មួយ ក្នុង​ជីវិត​ខ្ញុំ។ អារម្មណ៍​ទាំង​អស់​នេះ មិន​មែន​ជា​រឿង​ចម្លែក​ទេ ប៉ុន្តែ ខ្ញុំ​មិន​ត្រូវបណ្តោយ​ឲ្យ​វា​ដឹក​នាំ​ជីវិត​ខ្ញុំ​បាន​ឡើយ។​

ស្ថិត​ក្នុង​ពេល​បែប​នេះ ព្រះ​ជា​ម្ចាស់​បាន​នាំ​ខ្ញុំ​ត្រឡប់​ទៅ​រក​ព្រះ​បន្ទូល ដែល​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​មិន​ចាក​ចេញពី​ខ្ញុំ ឬ​បោះ​បង់​ខ្ញុំ​ចោល​ឡើយ​(ចោទិយកថា ៣១:៦)។ ខ្ញុំ​បាន​ជំពប់​ដួល តែ​ខ្ញុំ​បាន​រៀន​ថ្វាយ​ការ​ថប់​បារម្ភ​របស់​ខ្ញុំ ដល់​ព្រះ​អង្គ  ព្រោះ​ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​ខ្ញុំ​(១ពេត្រុស ៥:៧)។

៣. ចូរ​នឹក​ចាំ អំពី​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ​

ពេល​ដែល​ក្តី​ស្រមៃ​របស់​ខ្ញុំ ដែល​ចង់​ធ្វើ​ការ​ក្នុង​ចក្រ​ភព​អង់​គ្លេស មិន​បាន​ក្លាយ​ជា​ការ​ពិត ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា​ តើ​ខ្ញុំ​គួរតែ​ដេញ​តាម​ក្តី​ស្រមៃ​នេះ​ តាំង​ពី​ដំបូង​ឬ​ទេ? បើ​ព្រះ​ជា​ម្ចាស់​មាន​ផែន​ការ​ប្រទាន​ក្តី​សង្ឃឹម និង​អនាគត​ដ៏​ល្អ​មក​ខ្ញុំ ហេតុ​អ្វី​បាន​ជា​អ្វី​ៗ​ហាក់​ដូច​ជា​ខុស​ពី​ការ​រំពឹង​គិត​របស់​ខ្ញុំ? មាន​ចម្ងល់​ជា​ច្រើន​ទៀត បាន​​លេច​ឡើង ក្នុង​ខួរ​ក្បាលខ្ញុំ​។

ខ្ញុំ​ក៏​បាន​ចែក​ចាយ អំពី​ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ ដល់​អ្នក​ដឹក​នាំ​ក្រុម​កោសិការ​របស់​ខ្ញុំ កាល​ពី​បី​សប្តាហ៍​មុន។ ទឹក​ភ្នែក​របស់​ខ្ញុំ​ក៏​បាន​ស្រក់​ចុះ​មក ពេល​ដែល​គាត់​បាន​រំឭក​ខ្ញុំ អំពី​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ខ្ញុំ។ ពេល​ណា​ខ្ញុំ​មាន​ការ​សង្ស័យ ចំពោះ​សេចក្តី​ល្អ​របស់​ព្រះ​ជា​ម្ចាស់ គាត់​ក៏​បាន​លើក​ឡើង​ថា ព្រះ​ទ្រង់​មិន​ដែល​បង្ខាំង​ទុក​របស់​ល្អ​ណា​មួយ ពី​កូន​របស់​ព្រះ​អង្គ​ឡើយ​(ទំនុកដំកើង ៨៤:១១)។

នៅ​ក្នុង​ពេល​ដ៏​អាប់​អួរ​នោះ ខ្ញុំ​បាន​ផ្តោត​ទៅ​លើ​បញ្ហា​របស់​ខ្ញុំ ជា​ជាង​ផ្តោត​ទៅ​លើ​ព្រះ​អង្គ។ ពេល​ដែល​បំណង​របស់​ខ្ញុំ​ហាក់​ដូច​ជា​មិន​បាន​សម្រេច ឬ​មិន​ត្រូវ​បាន​អើពើរ ​ខ្ញុំ​ពិបាក​នឹង​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ ដែល​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់។

ប៉ុន្តែ ខ្ញុំ​បាន​រៀន​កាត់​ចិត្ត និង​រៀន​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​មាន​ផែន​ការ​ល្អ​ជាង​នេះ សម្រាប់​ជីវិត​ខ្ញុំ។  គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ឯ​ព្រះ​ដែល​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តី តាម​ព្រះចេស្តា ដែល​បណ្តាល​ក្នុង​យើង​រាល់​គ្នា”(អេភេសូរ ៣:១៩)។

ការ​ជាប់​គាំង នៅ​ក្នុង​ស្ថាន​ភាព​ដ៏​អស់​សង្ឃឹម ដោយ​គ្មាន​ដំណោះ​ស្រាយ នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ពិបាក​ណាស់។ យើង​មិន​ចង់​ស្ថិត​ក្នុង​ភាព​ទាល់​ច្រក ដោយ​បាត់​បង់​ម្ចាស់​ការ និង​មិន​ដឹង​ថា​ មាន​អ្វី​នៅ​ខាង​មុខ​ទៀត​នោះ​ឡើយ។ ប៉ុន្តែ តាម​រយៈ​បទ​ពិសោធន៍​នេះ ខ្ញុំ​ក៏​បាន​ដឹង​ថា ព្រះ​ជា​ម្ចាស់​យក​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​សណ្ឋាន​នៃ​ចិត្ត​របស់​ខ្ញុំ ច្រើន​ជាង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​មុខ​មាត់ និង​ជោគ​ជ័យ​របស់​ខ្ញុំ គឺ​ចំពោះ​របៀប​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ឆ្លើយ​តប ចំពោះ​ព្រះ​អង្គ ក្នុង​កាលៈ​ទេសៈ​ដ៏​ពិបាក។ ហើយ​ទោះ​ជំងឺ​រាត​ត្បាត កំពុង​តែ​បន្ត​រីក​រាល​ដាល ខ្ញុំ​បាន​ជ្រក​នៅ​ក្រោម​ស្លាប​របស់​ព្រះ​អង្គ យ៉ាង​សុខ​សាន្ត។

បទ​គម្ពីរ​ទំនុក​ដំកើង ៦៦:១០ បាន​ចែង​ថា​ “ដ្បិត ឱ​ព្រះអង្គ​អើយ ទ្រង់​បាន​ល្បង​ល​យើង​ខ្ញុំ​ហើយ ក៏​បាន​សាក​យើង​ខ្ញុំ​ដូច​ជា​គេ​សាក​ប្រាក់​ដែរ”។ ខ្ញុំ​ជឿ​ថា រដូវ​កាល​នេះ ជា​ពេល​ចម្រាញ់​ជីវិត​ខ្ញុំ គឺ​ពេល​ដែល​ត្រូវ​លូត​លាស់​ក្នុង​ជំនឿ ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ និង​ត្រូវ​នឹក​ចាំ​ថា ខ្ញុំ​ត្រូវ​បន្ត​មាន​ទំនាក់​ទំនង​ដ៏​ត្រឹម​ត្រូវ​ជា​មួយ​ព្រះ។

សូម្បី​តែ​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​សរសេរ​អត្ថ​បទ​នេះ ខ្ញុំ​ក៏​មិន​ដឹង​ថា អនាគត​របស់​ខ្ញុំ នឹង​ទៅ​ជា​យ៉ាង​ណា​ដែរ។ ខ្ញុំ​ក៏​មិន​ដឹង​ថា ខ្ញុំ​នឹង​មាន​ការងារ​ធ្វើ​នៅ​ចក្រ​ភព​អង់​គ្លេស ឬ​នៅ​ប្រទេស​ផ្សេង​ទៀត​នោះ​ឡើយ។ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា ស្នាដៃ​និពន្ធ​របស់​ខ្ញុំ នឹង​ត្រូវ​បាន​គេ​យក​មក​បោះ​ពុម្ភ​ផ្សាយ នៅ​ថ្ងៃ​ណា​មួយ​នោះ​ដែរ។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​នាំ​ឲ្យ​ខ្ញុំ នឹក​ចាំ អំពី​បទ​គម្ពីរ​សុភាសិត ១៦:៩ ដែល​បាន​ចែង​ថា “ចិត្ត​របស់​មនុស្ស​រមែង​គិត​សំរេច​ផ្លូវ​របស់​ខ្លួន តែ​គឺ​ព្រះយេហូវ៉ា​ដែល​ទ្រង់​ដំរង់​ជំហាន​គេ​វិញ”។ តាម​រយៈ​បទ​គម្ពីរ​នេះ ព្រះ​អង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ នូវ​ការ​កម្សាន្ត​ចិត្ត និង​ការ​ធានា ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ទៀត​ឡើយ។


និពន្ធដោយ : Riley Sands, Singapore