កាលពី១០ឆ្នាំមុន ខ្ញុំបានរៀនចប់ថ្នាក់វិទ្យាល័យ ហើយត្រូវត្រៀមខ្លួនចូលរៀននៅសកលវិទ្យាល័យរបស់រដ្ឋ ដែលមានទីតាំងក្នុងកណ្តាលចំការពោត ក្នុងភាគខាងលិចនៃរដ្ឋមីឈីហ្គិន។ ពេលនោះខ្ញុំមាន “គម្រោង” រៀនឲ្យចប់ថ្នាក់បរិញ្ញាបត្រ ដោយមិនមានការពន្យាពេល រួចផ្លាស់ទៅរស់នៅក្នុងទីក្រុងញូយ៉ក ដោយធ្វើការជាអ្នកកែសម្រួលអត្ថបទ ឲ្យក្រុមហ៊ុន Random House ដែលជាក្រុមហ៊ុនបោះពុម្ភផ្សាយដ៏ល្បីល្បាញ ហើយរស់ ដោយការដ្បិតត្បៀត ក្នុងបន្ទប់តូចខុនដូតូចមួយ ក្នុងកណ្តាលទីក្រុងនោះ។
ជាបឋម ផែនការនេះមានបញ្ហាមួយ គឺខ្ញុំបានធ្វើវាឡើង តាមចិត្តរបស់ខ្ញុំ(ទោះខ្ញុំពិនិត្យមើលទៅ ឃើញថា វាមានលក្ខណៈជាច្រើនដែលស្របនឹងព្រះទ័យព្រះក៏ដោយ)។ ក្នុងនាមខ្ញុំជាយុវជនអាយុ១៨ឆ្នាំ ខ្ញុំមានការស្រមើស្រមៃ អំពីលទ្ធភាពដែលអាចរស់នៅ ដោយប្រាក់កំរៃ ពីការងារកែសម្រួលសៀវភៅ ប៉ុន្តែ ពេលនោះ ព្រះទ្រង់ក៏បានធ្វើការក្នុងចិត្តខ្ញុំ តាមរបៀបដែលខ្ញុំមិនដែលនឹកស្មានដល់។
ក្នុងអំឡុងពេលដែលខ្ញុំបានរៀនចប់វិទ្យាល័យ ខ្ញុំក៏មានការយល់ដឹង អំពីការជួញដូរមនុស្ស។ ដោយសារខ្ញុំរស់នៅតំបន់អណាធិបតេយ្យ នៅជាយក្រុង នោះខ្ញុំមានការតក់ស្លត់ណាស់ ពេលដែលបានដឹងថា សព្វថ្ងៃនេះ មានមនុស្សជាច្រើនបានជួបការកេងប្រវ័ញ្ច តាមរបៀបដ៏គួរឲ្យភ័យខ្លាចនេះ។ ខ្ញុំចាំថា ខ្ញុំធ្លាប់បានជួបរឿងនេះដោយផ្ទាល់ ហើយមិនបានអនុញ្ញាតឲ្យខ្លួនឯងដកថយទៅរកភាពល្ងង់ខ្លៅ និងសុវត្ថិភាពដ៏ផុយស្រួយនោះទេ។ មនុស្សជាច្រើន នៅទូទាំងពិភពលោក កំពុងតែជាប់ក្នុងអន្ទាក់នៃទុក្ខវេទនា តើធ្វើដូចម្តេចឲ្យខ្ញុំអាចរស់នៅ ដោយមិនអើពើរចំពោះរឿងនេះ ឬគិតថា វាមិនបានកើតឡើង?
ពេលដែលខ្ញុំបានបញ្ចប់ថ្នាក់មហាវិទ្យាល័យ ខ្ញុំនៅមានផែនការចាប់យកអាជីពជាអ្នកកែសម្រួលសៀវភៅ។ ប៉ុន្តែ ការយល់ដឹងអំពីភាពអយុត្តិធម៌បានចាក់ឫសជាប់ក្នុងចិត្តខ្ញុំហើយ។ មានភ្លើងតូចមួយកំពុងឆេះឆួល ក្នុងចិត្តខ្ញុំ បានជាខ្ញុំមិនអាចព្រងើយកន្តើយចំពោះរឿងនេះបានទេ។ ដូចនេះ ខ្ញុំក៏បានធ្វើតាមការបណ្តាលចិត្តនោះ ដោយចូលរួមជាមួយនិស្សិតមួយក្រុម ដែលមានការប្តូរផ្តាច់ នៅក្នុងការផ្សព្វផ្សាយការយល់ដឹង អំពីការជូញដូរមនុស្ស។ គេក៏បានអញ្ជើញក្រុមរបស់ខ្ញុំ ឲ្យពិនិត្យមើលខ្សែភាពយន្តឯកសាររបស់អង្គការ Exodus Cry ដែលមានចំណងជើងថា ភាពសាហាវព្រៃផ្សៃ នៃការជួញដូរមនុស្ស ។ ភាពយន្តឯកសារនេះ បានធ្វើការស៊ើបអង្កេត អំពីរបៀបដែលការជួញដូរមនុស្សបានបង្ហាញខ្លួនឡើង នៅក្នុងសហគមន៍ទាំងឡាយ នៅទូទាំងពិភពលោក។ ពេលដែលខ្ញុំពិនិត្យមើលបានតែពាក់កណ្តាល ព្រះទ្រង់បានបណ្តាលចិត្តខ្ញុំឲ្យមានការឈឺចាប់យ៉ាងខ្លាំង ចំពោះភាពសាហាវព្រៃផ្សៃនេះ។
នៅក្នុងឈុតមួយនោះ អ្នកផលិតខ្សែភាពយន្តឯកសារនេះបានលើកយកសហគមន៍ក្រីក្រមួយចំនួនមកនិយាយ។ ខ្ញុំមិនអាចបំភ្លេចអ្វីដែលខ្ញុំបានឃើញនោះឡើយ។ នៅប្រទេសក្រីក្រនោះ ពួកជួញដូរមនុស្សបានបង្ខំឪពុកម្តាយក្នុងភូមិ ឲ្យលក់កូនរបស់ខ្លួន ទៅឲ្យផ្ទះបន។ ខ្ញុំនៅចាំថា កាលនោះមានអ្វីមួយក្នុងចិត្តខ្ញុំបានកម្រើកឡើង ហើយក៏ស្រែកឡើងថា “ទេ”។ ខ្ញុំមានអារម្មណ៍ថា ចិត្តខ្ញុំត្រូវបានគេពុះជាចំរៀកៗ។ ខ្ញុំក៏បានបើកឡានត្រឡប់មកផ្ទះវិញ ហើយក៏បានអង្គុយក្នុងឡាន យំយ៉ាងខ្លាំង លើសពេលណាទាំងអស់ក្នុងជីវិតខ្ញុំ។
ខ្ញុំក៏បានស្រែកសួរព្រះអង្គ “ហេតុអ្វី ព្រះអង្គអនុញ្ញាតឲ្យមានរឿងអាក្រក់យ៉ាងនេះកើតឡើង?”
ក្នុងវិញ្ញាណរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ខ្ញុំហាក់ដូចជាកំពុងតែជំរុញឲ្យព្រះអង្គ ដោយទូលសួរថា តើព្រះអង្គនឹងដោះស្រាយបញ្ហានេះ ដោយរបៀបណា?
ខ្ញុំក៏បានមុជចូលទៅក្នុងផ្នែកនេះ។ ហើយនៅក្នុងការប្រលោកក្នុងការងារនេះ ខ្ញុំក៏បានបង្កើតផែនការថ្មីមួយ។ តែមិនមែនសម្រាប់ផ្នែកបោះពុម្ភផ្សាយសៀវភៅទៀតទេ តែសម្រាប់ផ្នែកបង្រៀនវិញ។ ខ្ញុំក៏ផ្លាស់ទៅនៅទីក្រុងឈីកាហ្គោ ជាជាងទៅទីក្រុងញូយ៉ក។ ខ្ញុំមិនបានទៅធ្វើការនៅក្រុមហ៊ុន Random House ទេ តែខ្ញុំទៅធ្វើការជាមួយអង្គការមិនរកប្រាក់ចំណេញដ៏ល្បីជាងគេនៅទីក្រុងឈឺកាហ្គោ ជាអង្គការដែលប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទ។ ខ្ញុំក៏បានរៀបផែនការយ៉ាងច្បាស់លាស់ ដោយតាំងចិត្តថា ខ្ញុំនឹងបញ្ចប់ការសិក្សា ហើយទៅធ្វើការឲ្យអង្គការនោះ នៅអាយុ២៣ឆ្នាំ ដោយគ្មានបទពិសោធន៍ ខ្ញុំនឹងចូលរួមដឹកនាំផ្នែកអប់រំរបស់អង្គការនេះ ដោយចូលទៅក្នុងការបង្រៀននៅវិទ្យាល័យដល់សិស្សទាំងឡាយ អំពីធាតុពិតនៃការជួញដូរមនុស្ស។ ពេលខ្ញុំរៀនចប់ ខ្ញុំក៏បានផ្ញើពាក្យសុំចូលធ្វើការ ដោយទំនុកចិត្តទាំងស្រុងថា នឹងបានទទួលលទ្ធផលល្អ ហើយរង់ចាំដោយចិត្តអត់ធ្មត់ ឲ្យផែនការរបស់ខ្ញុំចាប់ផ្តើមមានដំណើរទៅមុខ។
តាមធម្មតា គេមិនទូរស័ព្ទមកខ្ញុំទេ។
ខ្ញុំក៏បានរអ៊ូរទាំដាក់ព្រះអង្គថា “ហេតុអ្វីព្រះអង្គត្រាស់ហៅទូលបង្គំឲ្យមកធ្វើការងារនេះ បើសិនជាព្រះអង្គបិទទ្វារ មិនឲ្យទូលបង្គំធ្វើការងារនេះ? តើវាមិនមែនជាអ្វីដែលព្រះអង្គសព្វព្រះទ័យឲ្យទូលបង្គំធ្វើទេឬ? តើទូលបង្គំមិនមែនកំពុងតែធ្វើអ្វី ដែលព្រះអង្គបានត្រាស់ហៅឲ្យទូលបង្គំធ្វើទេឬ?”
ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនយល់ផែនការរបស់ព្រះអង្គសោះ។ ព្រះអង្គបានដាក់បន្ទុកនៃការឈឺចាប់ ចំពោះការជួញដូរមនុស្ស នៅក្នុងចិត្តខ្ញុំ ដោយបើកឱកាសជាច្រើន ឲ្យខ្ញុំរៀនសូត្រ និងប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ។ ហេតុអ្វីព្រះអង្គមិនអនុញ្ញាតឲ្យខ្ញុំធ្វើការងារ ដែលខ្ញុំគិតថា ព្រះអង្គបានត្រាស់ហៅឲ្យខ្ញុំធ្វើ?
ប៉ុន្មានខែក្រោយមក ទីបំផុត ខ្ញុំក៏បានអង្គុយនៅក្នុងព្រះវិហារមួយ ដែលខ្ញុំមិនដែលបានចូលរួមថ្វាយបង្គំ កាលពីពេលកន្លងមក។ ព្រះអង្គក៏បានមានបន្ទូលមកកាន់ខ្ញុំ តាមរយៈការអធិប្បាយព្រះបន្ទូល ក្នុងកណ្ឌគម្ពីរនេហេមា នៅថ្ងៃនោះ។ លោកនេហេមាមានការឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំង ពេលដែលគាត់បានទទួលដំណឹងថា ទឹកដីរបស់រាស្រ្តព្រះអង្គស្ថិតក្នុងសភាពបែកបាក់។ លោកនេហេមាក៏បានសោកសង្រេង អធិស្ឋាន និងតមអត់(នេហេមា ១:៣-៤)។ គាត់ក៏បានរង់ចាំការដឹកនាំមកពីព្រះ។ ហើយគាត់ក៏បានរង់ចំាហើយ រង់ចាំទៀត។ ទីបំផុត នៅពេលដែលពេលវេលា និងកាលៈទេសៈសមប្រកប នៅក្នុងព្រះនេត្រព្រះ ព្រះអង្គក៏បានប្រទានលោកនេហេមា នូវមធ្យោបាយ ដើម្បីសម្រេចកិច្ចការ ដែលព្រះអង្គបានដាក់នៅចំពោះមុខគាត់។ ហើយគាត់ក៏បានចេញដំណើរទៅទីក្រុងយេរូសាឡិម(នេហេមា ២:៣-៩)។ ហើយព្រះទ្រង់ក៏បានប្រើលោកនេហេមា ដើម្បីនាំមកនូវការស្អាងឡើងវិញ ដល់ទឹកដីអ៊ីស្រាអែល។
ខ្ញុំមានការឈឺចាប់ក្នុងចិត្ត ដោយសារការជួញដូរមនុស្ស ហើយខ្ញុំបានតមអត់ និងអធិស្ឋានអំពីការជួញដូរមនុស្ស និងអំពីតួនាទី ដែលខ្ញុំអាចមាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ។ ប៉ុន្តែ ជានិច្ចជាកាល ខ្ញុំបានអនុវត្តតាមផែនការរបស់ខ្ញុំ។ ខ្ញុំបានរំពឹងថា ព្រះនឹងធ្វើការតាមពេលវេលាដែលខ្ញុំចង់បាន ហើយខ្ញុំរំពឹងថា កាលៈទេសៈនឹងមានភាពសមស្របនឹងផែនការរបស់ខ្ញុំ។ ខ្ញុំបានភ្លេចហើយថា ព្រះទ្រង់ជាអ្នកបញ្ឆេះចិត្តខ្ញុំ ហើយទាល់តែខ្ញុំបានថ្វាយរឿងនេះ នៅទៀបព្រះបាទព្រះអង្គ ទើបខ្ញុំអាចរំពឹងថា នឹងរកឃើញភាពជោគជ័យ។
ដូចនេះ ខ្ញុំក៏បានថ្វាយផែនការរបស់ខ្ញុំ។ ហើយក៏បានអធិស្ឋានតប និងអធិស្ឋាន ដោយការរង់ចំា។ ហើយខ្ញុំក៏បានរង់ចាំ ហើយរង់ចាំទៀត។ នៅក្នុងការរង់ចាំនោះ ខ្ញុំក៏បានរកឃើញក្តីអំណរ នៅកន្លែងដែលព្រះទ្រង់បានដាក់ខ្ញុំ ឲ្យធ្វើការថ្វាយទ្រង់ ដោយខ្ញុំបានបង្រៀនសិស្សវិទ្យាល័យ និងធ្វើការជាមួយសិស្សដ៏អស្ចារ្យជាច្រើននាក់ ដោយតភ្ជាប់ជាមួយមិត្តភក្តិចាស់ៗ និងចូលរួម នៅក្នុងការងារយុវជន ដោយជួបជាមួយបុរស ដែលខ្ញុំស្រឡាញ់ ហើយក៏បានរៀបការជាមួយគាត់។ នៅក្នុងការរង់ចាំនេះ ព្រះទ្រង់បានចាប់ផ្តើមបង្ហាញផ្លូវ ដែលព្រះអង្គកំពុងតែដឹកនាំខ្ញុំឆ្ពោះទៅរក។
ខ្ញុំក៏បានយល់ច្បាស់ អំពីរបៀបនៃការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស តាមផ្លូវច្បាប់ ក្នុងអំឡុងពេលនៃការរៀននៅមហាវិទ្យាល័យ ដែលនៅក្នុងនោះ ខ្ញុំក៏បានជួបនិស្សិតច្បាប់ម្នាក់ ដែលទើបបញ្ចប់ការសិក្សា និងចៅក្រមម្នាក់ ដែលសុទ្ធតែមានការប្តូរផ្តាច់ នៅក្នុងការប្រយុទ្ធប្រឆំាងនឹងការជួញដូរមនុស្ស តាមផ្លូវច្បាប់។ បន្ទាប់ពីខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបានពីរបីខែ ខ្ញុំក៏បានចូលរួម ក្នុងសិក្ខាសាលាមួយ ដែលសមាជិកព្រឹទ្ធសភាម្នាក់ នៅរដ្ឋមីឈីហ្គិនបានរៀបចំឡើង ដើម្បីពិភាក្សា អំពីច្បាប់ប្រឆាំងការជួញដូរមនុស្ស ដែលគាត់ និងជនរងគ្រោះនៃការជួញដូរមនុស្ស ព្រមទាំងអ្នកដឹកនាំអង្គការមិនរកប្រាក់ចំណេញជាច្រើន បានខិតខំធ្វើការរួមគ្នា ដើម្បីឲ្យគេបង្កើតច្បាប់នេះ។ ខ្ញុំក៏បានដឹងថា សាលាច្បាប់របស់រដ្ឋមីឈីហ្គិន មានវគ្គសិក្សាពិសេស អំពីការជួញដូរមនុស្ស ដែលគេបានបង្កើតឡើង ដើម្បីជួយនិស្សិតច្បាប់ ឲ្យរៀនសូត្រអំពីរបៀបផ្តល់ជំនួយផ្នែកច្បាប់ដ៏មានប្រសិទ្ធភាព ដល់ជនរងគ្រោះនៃការជួញដូរមនុស្ស ហើយខ្ញុំក៏បានជ្រើសរើសយកវគ្គសិក្សានេះជាអាទិភាព ពេលដែលខ្ញុំសម្រេចចិត្តចូលរៀននៅសាលាច្បាប់។
ពីមុនមក ខ្ញុំមិនដែលមានផែនការធ្វើជាមេធាវីទេ។ ប៉ុន្តែ នៅពេលដែលខ្ញុំបានពិចារណា អំពីគ្រាប់ពូជផ្សេងៗ ដែលបានដាំក្នុងចិត្តខ្ញុំ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខ្ញុំក៏បានដឹងច្បាស់ថា ព្រះអង្គជាអ្នកដាំ។ ហើយនៅពេលនេះ ខណៈពេលដែលខ្ញុំទៅតាមផ្លូវថ្មីនេះ ខ្ញុំក៏បានស្វែងរកព្រះហឫទ័យព្រះអង្គជាប់ជានិច្ច។ ក្នុងអំឡុងពេលនោះ ខ្ញុំកំពុងតែរៀនត្រៀមប្រឡងចូលសាលាច្បាប់ និងដាក់ពាក្យចូលរៀនសាលាច្បាប់ ហើយសិក្សាក្នុងកម្មវិធីសិក្សាផ្នែកច្បាប់ ដោយត្រៀមខ្លួនសម្រាប់ការងារ ដែលខ្ញុំត្រូវធ្វើបន្ទាប់ពីរៀនចប់។ ខ្ញុំក៏បានទូលសួរព្រះអង្គថា “តើព្រះអង្គសព្វព្រះទ័យឲ្យទូលបង្គំធ្វើការងារនេះឬទេ? តើព្រះអង្គសព្វព្រះទ័យឲ្យទូលបង្គំទៅទីន្លែងណា បន្ទាប់ទៀត?”
នេះមិនមែនជាផែនការ ដែលខ្ញុំចង់បានពីដំបូងទេ ប៉ុន្តែ ព្រះអង្គបានប្រើផែនការនេះ ដើម្បីដឹកនាំជីវិតខ្ញុំ។ ផែនការព្រះអង្គល្អឥតខ្ចោះ។ នៅក្នុងរដូវស្លឹកឈើជ្រុះនេះ បើសិនជាព្រះអង្គសព្វព្រះទ័យ ខ្ញុំនឹងប្រលងជាប់ ហើយចាប់ផ្តើមធ្វើការពីរឆ្នាំ ជាមួយអង្គការមិនរកប្រាក់ចំណេញមួយ ដើម្បីពង្រីកសេវាកម្មផ្នែកច្បាប់របស់អង្គការនេះ ទៅដល់ជនរងគ្រោះនៃការជួញដូរមនុស្ស។ ព្រះអង្គជ្រាបអំពីពេលអនាគតរបស់ខ្ញុំ។ ប៉ុន្តែ កាលពីពេលថ្មីៗនេះ ពេលណាខ្ញុំមានអារម្មណ៍ថា “ចង់ធ្វើផែនការ” ឡើងវិញ បទគម្ពីរមីកា ៦:៨ បានក្រើនរំឭកខ្ញុំ ឲ្យស្វែងរកយុត្តិធម៌ ស្រឡាញ់សេចក្តីមេត្តា និងដើរដោយការបន្ទាបខ្លួន ជាមួយព្រះអង្គ ស្របតាមផែនការព្រះអង្គ ដែលជាផែនការដ៏ឥតខ្ចោះ។
*My Equal Justice Works fellowship is sponsored by the Jones Day Foundation and Procter & Gamble
Written By Ashleigh Pelto, USA