កាល​ពី​១០​ឆ្នាំ​មុន ខ្ញុំ​បាន​រៀន​ចប់​ថ្នាក់​វិទ្យាល័យ ហើយ​ត្រូវ​ត្រៀម​ខ្លួន​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​របស់​រដ្ឋ ដែល​មាន​ទីតាំង​ក្នុង​កណ្តាល​ចំការ​ពោត ក្នុង​ភាគ​ខាង​លិច​នៃ​រដ្ឋ​មីឈីហ្គិន។ ពេល​នោះ​ខ្ញុំ​មាន “គម្រោង” រៀន​ឲ្យ​ចប់​ថ្នាក់​បរិញ្ញា​បត្រ ដោយ​មិន​មាន​ការ​ពន្យា​ពេល រួច​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ទីក្រុង​ញូយ៉ក ដោយ​ធ្វើ​ការ​ជា​អ្នក​កែ​សម្រួល​អត្ថបទ ឲ្យ​ក្រុម​ហ៊ុន Random House ដែលជាក្រុមហ៊ុនបោះ​ពុម្ភ​ផ្សាយ​ដ៏​ល្បី​ល្បាញ​ ហើយ​រស់​ ដោយ​ការ​ដ្បិត​ត្បៀត ក្នុង​បន្ទប់​តូច​ខុនដូ​តូច​មួយ ក្នុង​កណ្តាល​ទីក្រុង​នោះ។​

ជា​បឋម ផែន​ការ​នេះ​មាន​បញ្ហា​មួយ គឺ​ខ្ញុំ​បាន​ធ្វើ​វា​ឡើង តាម​ចិត្ត​របស់​ខ្ញុំ​(ទោះ​ខ្ញុំ​ពិនិត្យ​មើល​ទៅ ឃើញ​ថា វា​មាន​លក្ខណៈ​ជា​ច្រើន​ដែល​ស្រប​នឹង​ព្រះ​ទ័យ​ព្រះ​ក៏​ដោយ)។ ក្នុង​នាម​ខ្ញុំ​ជា​យុវជន​អាយុ​១៨​ឆ្នាំ ខ្ញុំ​មាន​ការ​ស្រមើ​ស្រមៃ អំពី​លទ្ធភាព​ដែល​អាច​រស់​នៅ ដោយ​ប្រាក់​កំរៃ ពី​ការងារ​កែ​សម្រួល​សៀវភៅ ប៉ុន្តែ ពេល​នោះ ព្រះ​ទ្រង់​ក៏​បាន​ធ្វើ​ការ​ក្នុង​ចិត្ត​ខ្ញុំ តាម​របៀប​ដែល​ខ្ញុំ​មិន​ដែល​នឹក​ស្មាន​ដល់។​

ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​បាន​រៀន​ចប់​វិទ្យាល័យ ខ្ញុំ​ក៏​មាន​ការ​យល់​ដឹង អំពី​ការ​ជួញ​ដូរ​មនុស្ស។​ ដោយ​សារ​ខ្ញុំ​រស់​នៅ​តំបន់​អណា​ធិបតេយ្យ នៅ​ជាយ​ក្រុង នោះ​ខ្ញុំ​មាន​ការ​តក់​ស្លត់​ណាស់ ពេល​ដែល​បាន​ដឹង​ថា សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​ជា​ច្រើន​បាន​ជួប​ការ​កេង​ប្រវ័ញ្ច តាម​របៀប​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​នេះ។ ខ្ញុំ​ចាំ​ថា ខ្ញុំ​ធ្លាប់​បាន​ជួប​រឿង​នេះ​ដោយ​ផ្ទាល់ ហើយ​មិន​បាន​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​ដក​ថយ​ទៅ​រក​ភាព​ល្ងង់​ខ្លៅ និង​សុវត្ថិភាព​ដ៏​ផុយ​ស្រួយ​នោះ​ទេ។ មនុស្ស​ជា​ច្រើន នៅ​ទូទាំង​ពិភព​លោក កំពុង​តែជាប់​ក្នុង​អន្ទាក់​នៃ​ទុក្ខ​វេទនា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​រស់​នៅ ដោយ​មិន​អើពើរ​ចំពោះ​រឿង​នេះ ឬ​គិត​ថា វា​មិន​បាន​កើត​ឡើង​?

ពេល​ដែល​ខ្ញុំ​បាន​បញ្ចប់​ថ្នាក់​មហា​វិទ្យាល័យ ខ្ញុំ​នៅ​មាន​ផែន​ការ​ចាប់​យក​អាជីព​ជា​អ្នក​កែ​សម្រួល​សៀវភៅ។ ប៉ុន្តែ ការ​យល់​ដឹង​អំពី​ភាព​អយុត្តិធម៌​បាន​ចាក់​ឫស​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​ហើយ។ មាន​ភ្លើង​តូច​មួយ​កំពុង​ឆេះ​ឆួល ក្នុង​ចិត្ត​ខ្ញុំ បាន​ជា​ខ្ញុំ​មិន​អាច​ព្រងើយ​កន្តើយ​ចំពោះ​រឿង​នេះ​បាន​ទេ។ ដូចនេះ ខ្ញុំ​ក៏​បាន​ធ្វើ​តាម​ការ​បណ្តាល​ចិត្ត​នោះ ដោយ​ចូល​រួម​ជា​មួយ​និស្សិត​មួយ​ក្រុម ដែល​មាន​ការ​ប្តូរ​ផ្តាច់ នៅ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង អំពី​ការ​ជូញ​ដូរ​មនុស្ស។ គេ​ក៏​បាន​អញ្ជើញ​ក្រុម​របស់​ខ្ញុំ ​ឲ្យ​ពិនិត្យ​មើល​ខ្សែ​ភាព​យន្ត​ឯកសារ​របស់​អង្គ​ការ Exodus Cry ដែល​មាន​ចំណង​ជើង​ថា ភាព​សាហាវព្រៃផ្សៃ នៃ​ការ​ជួញ​ដូរ​មនុស្ស ។​ ភាព​យន្ត​ឯក​សារ​នេះ បាន​ធ្វើ​ការ​ស៊ើប​អង្កេត អំពី​របៀប​ដែល​ការ​ជួញ​ដូរ​មនុស្ស​បាន​បង្ហាញ​ខ្លួន​ឡើង នៅ​ក្នុង​សហគមន៍​ទាំង​ឡាយ នៅ​ទូទាំង​ពិភព​លោក។ ពេលដែល​ខ្ញុំ​ពិនិត្យ​មើល​បាន​តែ​ពាក់​កណ្តាល ព្រះ​ទ្រង់​បាន​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ចំពោះ​ភាព​សាហាវ​ព្រៃ​ផ្សៃ​នេះ។​

នៅ​ក្នុង​ឈុត​មួយ​នោះ អ្នក​ផលិត​ខ្សែ​ភាព​យន្ត​ឯកសារ​នេះ​បាន​លើក​យក​សហគមន៍​ក្រីក្រ​មួយ​ចំនួនមក​និយាយ។ ខ្ញុំ​មិន​អាច​បំភ្លេច​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​នោះ​ឡើយ។ នៅ​ប្រទេស​ក្រីក្រ​នោះ ពួក​ជួញ​ដូរមនុស្ស​បាន​បង្ខំ​ឪពុក​ម្តាយ​ក្នុង​ភូមិ ឲ្យ​លក់​កូន​របស់​ខ្លួន ទៅ​ឲ្យ​ផ្ទះ​បន។ ខ្ញុំ​នៅ​ចាំ​ថា កាល​នោះ​មាន​អ្វីមួយ​ក្នុង​ចិត្ត​ខ្ញុំ​បាន​កម្រើក​ឡើង ហើយ​ក៏​ស្រែក​ឡើង​ថា “ទេ”។ ខ្ញុំ​មាន​អារម្មណ៍​ថា ចិត្ត​ខ្ញុំ​ត្រូវ​បាន​គេពុះ​ជា​ចំរៀក​ៗ។​ ខ្ញុំ​ក៏​បាន​បើក​ឡាន​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក៏​បាន​អង្គុយ​ក្នុង​ឡាន យំ​យ៉ាង​ខ្លាំង​ លើស​ពេល​ណា​ទាំង​អស់​ក្នុង​ជីវិត​ខ្ញុំ។​

ខ្ញុំ​ក៏​បាន​ស្រែក​សួរ​ព្រះ​អង្គ “ហេតុ​អ្វី ព្រះ​អង្គ​អនុញ្ញាត​ឲ្យ​មាន​រឿង​អាក្រក់​យ៉ាង​នេះ​កើត​ឡើង?”

ក្នុង​វិញ្ញាណ​របស់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ហាក់​ដូច​ជា​កំពុង​តែ​ជំរុញ​ឲ្យ​ព្រះ​អង្គ ដោយ​ទូល​សួរ​ថា​ តើព្រះ​អង្គ​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ ដោយ​របៀប​ណា?

ខ្ញុំ​ក៏​បាន​មុជ​ចូល​ទៅ​ក្នុង​ផ្នែក​នេះ។ ហើយ​នៅ​ក្នុង​ការ​ប្រលោក​ក្នុង​ការ​ងារ​នេះ ខ្ញុំ​ក៏​បាន​បង្កើត​ផែន​ការ​ថ្មី​មួយ។ តែ​មិន​មែន​សម្រាប់​ផ្នែក​បោះ​ពុម្ភ​ផ្សាយ​សៀវភៅ​ទៀត​ទេ តែ​សម្រាប់​ផ្នែក​បង្រៀន​វិញ។ ខ្ញុំ​ក៏ផ្លាស់​ទៅ​នៅ​ទីក្រុង​ឈីកាហ្គោ ជា​ជាង​ទៅ​ទីក្រុង​ញូយ៉ក។ ខ្ញុំ​មិន​បាន​ទៅ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន Random House ទេ តែ​ខ្ញុំ​ទៅ​ធ្វើ​ការ​ជា​មួយ​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ដ៏​ល្បី​ជាង​គេ​នៅ​ទីក្រុង​ឈឺកាហ្គោ ជា​អង្គការ​ដែល​ប្តេជ្ញា​ចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ។ ខ្ញុំ​ក៏​បាន​រៀប​ផែន​ការយ៉ាង​ច្បាស់លាស់ ដោយ​តាំងចិត្ត​ថា ខ្ញុំ​នឹង​បញ្ចប់​ការ​សិក្សា ហើយ​ទៅ​ធ្វើ​ការ​ឲ្យ​អង្គការ​នោះ នៅអាយុ​២៣​ឆ្នាំ ដោយ​គ្មាន​បទ​ពិសោធន៍ ខ្ញុំ​នឹង​ចូល​រួម​ដឹក​នាំ​ផ្នែក​អប់​រំ​របស់​អង្គការ​នេះ ដោយ​ចូល​ទៅក្នុង​ការ​បង្រៀន​នៅ​វិទ្យាល័យ​ដល់​សិស្ស​ទាំង​ឡាយ អំពី​ធាតុ​ពិត​នៃ​ការ​ជួញ​ដូរ​មនុស្ស។ ពេល​ខ្ញុំ​រៀន​ចប់ ខ្ញុំ​ក៏​បាន​ផ្ញើ​ពាក្យ​សុំ​ចូល​ធ្វើ​ការ ដោយ​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា នឹង​បាន​ទទួល​លទ្ធ​ផល​ល្អ ហើយ​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់ ឲ្យ​ផែន​ការ​របស់​ខ្ញុំ​ចាប់​ផ្តើម​មាន​ដំណើរ​ទៅ​មុខ។​

តាម​ធម្មតា គេ​មិន​ទូរស័ព្ទ​មក​ខ្ញុំ​ទេ។​

ខ្ញុំ​ក៏​បាន​រអ៊ូរទាំ​ដាក់​ព្រះ​អង្គ​ថា “ហេតុ​អ្វី​ព្រះ​អង្គ​ត្រាស់​ហៅ​ទូល​បង្គំ​ឲ្យ​មក​ធ្វើ​ការងារ​នេះ បើ​សិន​ជាព្រះ​អង្គ​បិទ​ទ្វារ មិន​ឲ្យ​ទូល​បង្គំ​ធ្វើ​ការ​ងារ​នេះ? តើ​វា​មិន​មែន​ជា​អ្វី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​ទូល​បង្គំ​ធ្វើ​ទេ​ឬ? តើ​ទូល​បង្គំ​មិន​មែន​កំពុង​តែ​ធ្វើ​អ្វី ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​ទូល​បង្គំ​ធ្វើ​ទេ​ឬ?”

ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​យល់​ផែន​ការ​របស់​ព្រះ​អង្គ​សោះ។ ព្រះ​អង្គ​បាន​ដាក់​បន្ទុក​នៃ​ការ​ឈឺ​ចាប់ ចំពោះ​ការ​ជួញ​ដូរ​មនុស្ស នៅ​ក្នុង​ចិត្ត​ខ្ញុំ ដោយ​បើក​ឱកាស​ជា​ច្រើន ឲ្យ​ខ្ញុំ​រៀន​សូត្រ និង​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​នេះ។ ហេតុ​អ្វី​ព្រះ​អង្គ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ការងារ ដែល​ខ្ញុំ​គិត​ថា ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​ខ្ញុំ​ធ្វើ?

ប៉ុន្មាន​ខែ​ក្រោយ​មក ទី​បំផុត ខ្ញុំ​ក៏​បាន​អង្គុយ​នៅ​ក្នុង​ព្រះ​វិហារ​មួយ ដែល​ខ្ញុំ​មិន​ដែល​បាន​ចូល​រួមថ្វាយ​បង្គំ​ ​កាល​ពី​ពេល​កន្លង​មក។ ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​មក​កាន់​ខ្ញុំ តាម​រយៈ​ការ​អធិប្បាយ​ព្រះ​បន្ទូល ក្នុង​កណ្ឌ​គម្ពីរ​នេហេមា នៅ​ថ្ងៃ​នោះ។ លោក​នេហេមា​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថា ទឹក​ដី​របស់​រាស្រ្ត​ព្រះ​អង្គ​ស្ថិត​ក្នុង​សភាព​បែក​បាក់។ លោក​នេហេមា​ក៏​បានសោក​សង្រេង អធិ​ស្ឋាន និង​តម​អត់​(នេហេមា ១:៣-៤)។ គាត់​ក៏​បាន​រង់​ចាំ​ការ​ដឹក​នាំ​មកពី​ព្រះ។ ហើយ​គាត់​ក៏​បាន​រង់​ចំា​ហើយ​ រង់​ចាំ​ទៀត។ ទី​បំផុត នៅ​ពេល​ដែល​ពេល​វេលា និង​កាលៈ​ទេសៈ​សម​ប្រកប នៅ​ក្នុង​ព្រះ​នេត្រ​ព្រះ​ ព្រះ​អង្គ​ក៏​បាន​ប្រទាន​លោក​នេហេមា នូវ​មធ្យោបាយ ដើម្បី​សម្រេច​កិច្ច​ការ ដែល​ព្រះ​អង្គ​បាន​ដាក់​នៅ​ចំពោះ​មុខ​គាត់។ ហើយ​គាត់ក៏​បាន​ចេញ​ដំណើរ​ទៅ​ទីក្រុង​យេរូសាឡិម(នេហេមា ២:៣-៩)។ ហើយ​ព្រះ​ទ្រង់​ក៏​បាន​ប្រើ​លោក​នេហេមា ដើម្បី​នាំ​មក​នូវ​ការ​ស្អាង​ឡើង​វិញ ដល់​ទឹក​ដី​អ៊ីស្រា​អែល។

ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយ​សារ​ការ​ជួញ​ដូរ​មនុស្ស ហើយ​ខ្ញុំ​បាន​តម​អត់ និង​អធិស្ឋាន​អំ​ពី​ការជួញ​ដូរ​មនុស្ស និង​អំពី​តួនាទី ដែល​ខ្ញុំ​អាច​មាន នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​នេះ។​ ប៉ុន្តែ ជា​និច្ច​ជា​កាល ខ្ញុំ​បាន​អនុវត្ត​តាម​ផែន​ការ​របស់​ខ្ញុំ។ ខ្ញុំ​បាន​រំពឹង​ថា ព្រះ​នឹង​ធ្វើ​ការ​តាម​ពេល​វេលា​ដែល​ខ្ញុំ​ចង់បាន ហើយ​ខ្ញុំ​រំពឹង​ថា កាលៈ​ទេសៈ​នឹង​មាន​ភាព​សម​ស្រប​នឹង​ផែន​ការ​របស់​ខ្ញុំ។​ ខ្ញុំ​បាន​ភ្លេច​ហើយ​ថា ព្រះ​ទ្រង់​ជា​អ្នក​បញ្ឆេះ​ចិត្ត​ខ្ញុំ ហើយ​ទាល់​តែ​ខ្ញុំ​បាន​ថ្វាយ​រឿង​នេះ នៅ​ទៀប​ព្រះ​បាទ​ព្រះអ​ង្គ ទើប​ខ្ញុំ​អាច​រំពឹង​ថា នឹង​រក​ឃើញ​ភាព​ជោគជ័យ។

ដូច​នេះ ខ្ញុំ​ក៏​បាន​ថ្វាយ​ផែន​ការ​របស់​ខ្ញុំ។ ហើយ​ក៏​បាន​អធិស្ឋាន​តប និង​អធិស្ឋាន ដោយ​ការ​រង់​ចំា។ ហើយ​ខ្ញុំ​ក៏​បាន​រង់​ចាំ ហើយ​រង់​ចាំ​ទៀត។ នៅ​ក្នុង​ការ​រង់​ចាំ​នោះ ខ្ញុំ​ក៏​បាន​រក​ឃើញ​ក្តី​អំណរ នៅ​កន្លែងដែល​ព្រះ​ទ្រង់​បាន​ដាក់​ខ្ញុំ ឲ្យ​ធ្វើ​ការ​ថ្វាយ​ទ្រង់ ដោយ​ខ្ញុំ​បាន​បង្រៀន​សិស្ស​វិទ្យាល័យ និង​ធ្វើ​ការជា​មួយ​សិស្ស​ដ៏អស្ចារ្យ​ជា​ច្រើន​នាក់ ដោយ​តភ្ជាប់​ជា​មួយ​មិត្ត​ភក្តិ​ចាស់​ៗ និង​ចូល​រួម នៅ​ក្នុង​ការងារ​យុវ​ជន ដោយ​ជួប​ជា​មួយ​បុរស ដែល​ខ្ញុំ​ស្រឡាញ់ ហើយ​ក៏​បាន​រៀប​ការ​ជាមួយ​គាត់។ នៅ​ក្នុង​ការ​រង់​ចាំនេះ​ ព្រះ​ទ្រង់​បាន​ចាប់​ផ្តើម​បង្ហាញ​ផ្លូវ ដែល​ព្រះ​អង្គ​កំពុង​តែ​ដឹក​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​រក។

ខ្ញុំ​ក៏​បាន​យល់​ច្បាស់ អំពី​របៀប​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស តាម​ផ្លូវ​ច្បាប់ ក្នុង​អំឡុង​ពេលនៃ​ការ​រៀន​នៅ​មហា​វិទ្យាល័យ ដែល​នៅ​ក្នុង​នោះ ខ្ញុំក៏​បាន​ជួប​និស្សិត​ច្បាប់​ម្នាក់ ដែល​ទើប​បញ្ចប់​ការ​សិក្សា និង​ចៅ​ក្រម​ម្នាក់ ដែល​សុទ្ធ​តែ​មាន​ការ​ប្តូរ​ផ្តាច់ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆំាង​នឹង​ការ​ជួញ​ដូរមនុស្ស តាម​ផ្លូវ​ច្បាប់។ បន្ទាប់​ពី​ខ្ញុំ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​បាន​ពីរ​បី​ខែ ខ្ញុំ​ក៏​បាន​ចូល​រួម ក្នុង​សិក្ខា​សាលា​មួយ ដែល​សមា​ជិក​ព្រឹទ្ធ​សភា​ម្នាក់ នៅ​រដ្ឋ​មីឈីហ្គិន​បាន​រៀប​ចំ​ឡើង ដើម្បី​ពិភាក្សា អំពី​ច្បាប់​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ដែល​គាត់ និង​ជន​រង​គ្រោះនៃ​ការ​ជួញ​ដូរ​មនុស្ស ព្រម​ទាំង​អ្នក​ដឹក​នាំ​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ជា​ច្រើន បាន​ខិត​ខំ​ធ្វើ​ការ​រួម​គ្នា ដើម្បី​ឲ្យ​គេ​បង្កើត​ច្បាប់​នេះ។​ ខ្ញុំ​ក៏​បាន​ដឹង​ថា សាលា​ច្បាប់​របស់​រដ្ឋ​មីឈីហ្គិន មាន​វគ្គ​សិក្សា​ពិសេស អំពី​ការ​ជួញ​ដូរ​មនុស្ស​ ដែលគេ​បាន​បង្កើត​ឡើង ដើម្បី​ជួយ​និស្សិត​ច្បាប់ ឲ្យ​រៀន​សូត្រ​អំពី​របៀប​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដ៏​មាន​ប្រសិទ្ធ​ភាព ដល់​ជន​រង​គ្រោះនៃ​ការ​ជួញ​ដូរ​មនុស្ស ហើយ​ខ្ញុំ​ក៏​បាន​ជ្រើស​រើស​យក​វគ្គ​សិក្សា​នេះ​ជាអាទិភាព ពេល​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ចូល​រៀន​នៅ​សាលា​ច្បាប់។​

ពី​មុន​មក ខ្ញុំ​មិន​ដែល​មាន​ផែនការ​ធ្វើ​ជា​មេធាវី​ទេ។ ប៉ុន្តែ នៅ​ពេល​ដែល​ខ្ញុំ​បាន​ពិចារណា អំពី​គ្រាប់​ពូជ​ផ្សេង​ៗ ដែល​បាន​ដាំ​ក្នុង​ចិត្ត​ខ្ញុំ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​ក៏​បាន​ដឹង​ច្បាស់​ថា​ ព្រះ​អង្គ​ជា​អ្នក​ដាំ។​ ហើយ​នៅ​ពេល​នេះ ខណៈ​ពេល​ដែល​ខ្ញុំ​ទៅ​តាម​ផ្លូវ​ថ្មី​នេះ ខ្ញុំ​ក៏​បាន​ស្វែង​រក​ព្រះហឫ​ទ័យ​ព្រះ​អង្គ​ជាប់​ជា​និច្ច។ ក្នុង​អំឡុង​ពេល​នោះ ខ្ញុំ​កំពុង​តែ​រៀន​ត្រៀម​ប្រឡង​ចូល​សាលា​ច្បាប់ និង​ដាក់ពាក្យ​ចូល​រៀន​សាលា​ច្បាប់ ហើយ​សិក្សា​ក្នុង​កម្ម​វិធី​សិក្សា​ផ្នែក​ច្បាប់ ដោយ​ត្រៀម​ខ្លួន​សម្រាប់​ការងារ ដែល​ខ្ញុំ​ត្រូវ​ធ្វើ​បន្ទាប់​ពី​រៀន​ចប់។ ខ្ញុំ​ក៏​បាន​ទូល​សួរ​ព្រះ​អង្គ​ថា “តើ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​ទូល​បង្គំ​ធ្វើការ​ងារ​នេះ​ឬ​ទេ? តើ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​ទូល​បង្គំ​ទៅ​ទី​ន្លែង​ណា បន្ទាប់​ទៀត?”

នេះ​មិន​មែន​ជា​ផែន​ការ ដែល​ខ្ញុំ​ចង់​បាន​ពី​ដំបូង​ទេ ប៉ុន្តែ ព្រះ​អង្គ​បាន​ប្រើ​ផែន​ការ​នេះ ដើម្បី​ដឹក​នាំជីវិត​ខ្ញុំ។ ផែន​ការ​ព្រះ​អង្គ​ល្អ​ឥត​ខ្ចោះ។ នៅ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ បើ​សិន​ជា​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ ខ្ញុំ​នឹង​ប្រលង​ជាប់ ហើយ​ចាប់​ផ្តើម​ធ្វើ​ការ​ពីរ​ឆ្នាំ ជា​មួយ​អង្គ​ការ​មិន​រក​ប្រាក់​ចំណេញ​មួយ ដើម្បី​ពង្រីកសេវា​កម្ម​ផ្នែក​ច្បាប់​របស់​អង្គ​ការ​នេះ ទៅ​ដល់​ជន​រង​គ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស។ ព្រះ​អង្គ​ជ្រាប​អំពីពេល​អនាគត​របស់​ខ្ញុំ។ ប៉ុន្តែ កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ណា​ខ្ញុំ​មាន​អារម្មណ៍​ថា “ចង់​ធ្វើ​ផែន​ការ” ឡើង​វិញ បទ​គម្ពីរ​មីកា ៦:៨ បាន​ក្រើន​រំឭក​ខ្ញុំ ​ឲ្យ​ស្វែង​រក​យុត្តិ​ធម៌ ស្រឡាញ់​សេចក្តី​មេត្តា និង​ដើរ​ដោយ​ការ​បន្ទាប​ខ្លួន ជា​មួយ​ព្រះ​អង្គ ស្រប​តាម​ផែន​ការ​ព្រះ​អង្គ ដែល​ជា​ផែន​ការ​ដ៏​ឥត​ខ្ចោះ។​

*My Equal Justice Works fellowship is sponsored by the Jones Day Foundation and Procter & Gamble

Written By Ashleigh Pelto, USA