ការចំណាយពេលអធិស្ឋាន
មានការអ្វីមួយ ដែលច្រើនតែរារាំងគ្រីស្ទបរិស័ទ មិនឲ្យពិសោធនូវកិច្ចការផ្លាស់ប្រែដ៏អស្ចារ្យ ដែលព្រះទ្រង់បណ្តាលឡើងក្នុងជីវិតរបស់ពួកគេ។ តើវាជាការធ្វេសប្រហែស? ឬជាការខ្វះការប្រកបគ្នាដ៏ល្អរវាងគ្រីស្ទបរិស័ទ? ឬក៏វាជាការល្បួង? ជាការពិតណាស់ វាជា ការខ្វះការអធិស្ឋាន ។
តើការអធិស្ឋានរបស់យើង បានទទួលការឆ្លើយតបញឹកញាប់យ៉ាងណា? គ្រីស្ទបរិស័ទជាច្រើន មិនយល់អំពីអត្ថន័យនៃការធ្វើជាកូនព្រះ ដែលអាចនិយាយជាមួយព្រះអម្ចាស់ អំពីតម្រូវការពិតប្រាកដ ពោលគឺពួកគេមិនគ្រាន់តែទទួលបាននូវការឆ្លើយតប ចំពោះការអធិស្ឋានរបស់ខ្លួន ដែលជាចម្លើយដ៏ជាក់លាក់ ត្រឹមត្រូវ និងអាចយល់បាន។
ខ្ញុំអាចប្រាប់អ្នក អំពីព្រះបន្ទូលសន្យាទាក់ទងនឹងសេចក្តីអធិស្ឋាន ព្រមទាំងបទពិសោធន៍របស់ខ្ញុំផ្ទាល់ និងមិត្តភក្តិខ្ញុំ ហើយអធិស្ឋានឲ្យអ្នក ប៉ុន្តែ ខ្ញុំមិនអាចអធិស្ឋានជំនួសអ្នកបានទេ។ អ្នកអាចអានសេចក្តីណែនាំ អំពីការអធិស្ឋាន និងស្តាប់អ្នកដទៃអធិស្ឋាន ប៉ុន្តែ ប្រសិនបើអ្នកមិនចាប់ផ្តើមអធិស្ឋាន ដោយខ្លួនឯងផ្ទាល់ទេ អ្នកនឹងមិនយល់ អំពីការអធិស្ឋានឡើយ។ វាដូចជាការជិះកង់ ឬការហែលទឹកអញ្ចឹងដែរ គឺៈ អ្នករៀនតាមរយៈការអនុវត្តន៍។
លោក ម៉ាទីន លូធ័រ (Martin Luther) មានប្រសាសន៍ថា “កិច្ចការរបស់គ្រីស្ទបរិស័ទ គឺត្រូវអធិស្ឋាន គឺមិនខុសពីអ្នកប្រកបមុខរបរជាជាងដេរ ដែលត្រូវកាត់សំលៀកបំពាក់ ហើយជាងធ្វើស្បែកជើង ត្រូវតែជួសជុលស្បែកជើងនោះឡើយ។” អាថ៌កំបាំងនៃជីវិតផ្លាស់ប្រែរបស់លោក ម៉ាទីន (Martin) គឺជាប្តូរផ្តាច់ក្នុងការចំណាយពេលផ្ទាល់ខ្លួន ជាមួយព្រះរៀងរាល់ថ្ងៃ។
លោក ជេ ស៊ី រ៉ាល (J.C.Ryle) បានជំរុញចិត្តយើងថា “សូមពិចារណាអំពីជីវិតរបស់អ្នកបម្រើព្រះ ដែលមានភាពលេចធ្លោ និងមានពន្លឺចែងចាំង មិនថាអ្នកទាំងនោះមានឈ្មោះក្នុងព្រះគម្ពីរ ឬនៅក្រៅក្តី អ្នកអាចដឹងថា ពួកគេសុទ្ធតែថាជាមនុស្សដែលមានការអធិស្ឋាន។ ចូរយើងពឹងផ្អែកលើការអធិស្ឋាន ដ្បិតការអធិស្ឋាន មានពេញដោយអំណាចចេស្តា”របស់ព្រះ។
ខ្ញុំសូមលើកទឹកចិត្តអ្នក ឲ្យចំណាយពេលសន្ទនាជាមួយព្រះរាល់ថ្ងៃ។ កុំគ្រាន់តែចំណាយ ពេល៣០វិនាទី និយាយទៅកាន់ទ្រង់ នៅពេលដែលអ្នកកំពុងប្រញាប់ប្រញាល់ នៅពេលព្រឹក ដោយគ្រាន់តែទូលថា : “ឱព្រះអម្ចាស់ សូមប្រទានពរទូលបង្គំសម្រាប់ថ្ងៃនេះ ជាពិសេស ព្រោះថ្ងៃនេះជាថ្ងៃច័ន្ទ … ”។ តើយើងគួរអធិស្ឋានបែបនេះទេ?
យើងចាំបាច់ត្រូវញែកពេលដ៏ជាក់លាក់រាល់ថ្ងៃ សម្រាប់ការអធិស្ឋានផ្ទាល់ខ្លួន។ សូមព្យាយាមអធិស្ឋាន ឲ្យមានរបៀប និងមានភាពស្មោះត្រង់ ប៉ុន្តែ ចូរជៀសវាងការយកការអធិស្ឋាននេះជាបន្ទុក ដូចជាការខំប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ ។ នៅពេលខ្លះ អ្នកប្រហែលជាត្រូវជ្រើសរើសពេលផ្សេងណាមួយ ក្នុងពេលថ្ងៃ ដើម្បីអធិស្ឋាន។ ការធ្វើដូចនេះ គ្មានអ្វីខុសទេ។ ប៉ុន្តែ សូមព្យាយាមធ្វើឲ្យបានជាប់លាប់ និងទៀងទាត់។
ខ្ញុំយល់ឃើញថា ពេលព្រឹកព្រលឹម គឺជាពេលដ៏ល្អបំផុតសម្រាប់អធិស្ឋាន។ មនុស្សសំណព្វរបស់ព្រះជាច្រើន ក៏មានទម្លាប់អធិស្ឋានពេលព្រឹកព្រលឹមផងដែរ គឺមានដូចជាលោក ម៉ាទីន លូធ័រ (Marin Luther) នៅប្រទេសអាឡឺម៉ង់ លោក ចន វេសលី (John Wesley) នៅចក្រភពអង់គ្លេស លោក ហាដ់សាន់ ថេល័រ (Hudson Taylor) នៅប្រទេសចិន និងអ្នកដទៃជាច្រើនទៀត។ លោក ឌី អិល មូឌី (D.L. Moody) ជាអ្នកផ្សាយដំណឹងល្អ ដែលបានធ្វើឲ្យខ្ញុំនឹកចាំអំពីពួកគេ ពេលដែលគាត់និយាយថា “យើងគួរតែមើលទៅព្រះភក្រ្តទ្រង់ រៀងរាល់ពេលព្រឹក មុនដែលយើងមើលមុខមនុស្ស។ បើអ្នកមានកិច្ចការរវល់ច្រើនពេក ធ្វើឲ្យអ្នកគ្មានពេលអធិស្ឋាន នោះត្រូវដឹងថា អ្នកកំពុងមានការងារច្រើន លើសពីអ្វីដែលព្រះសព្វព្រះទ័យឲ្យអ្នកធ្វើហើយ”។ សូមញែកពេល នៅក្នុងកាលវិភាគរបស់អ្នក ដើម្បីឲ្យអាចចាប់ផ្តើមថ្ងៃនីមួយៗ ដោយការអធិស្ឋានជាប្រចាំ។
ម្យ៉ាងវិញទៀត ការអធិស្ឋាន គឺជារឿងដែលគួរតែកើតឡើង ពេញមូយថ្ងៃ។ ព្រះគម្ពីរចែងថា “ចូរអធិស្ឋានឥតឈប់ឈរ”(១ថែស្សាឡូនីច ៥:១៧)។ មិនថាពេលណា ឬក្នុងឱកាសណានោះទេ យើងមានសេរីភាពពេញលេញ ក្នុងការនិយាយ ទៅកាន់ព្រះវរបិតានៃយើង បានគ្រប់ពេល។ លោក អាល់ប៊ឺត ជេ វ៉ុលឡិន (Albert J. Wollen) មានប្រសាសន៍ថា គ្រីស្ទបរិស័ទគ្រប់រូបអាចអរសប្បាយនឹង “ការប្រកបដ៏ជាប់លាប់ និងអស់ពីចិត្ត ជាមួយព្រះ”។ តាមរយៈការអធិស្ឋាន យើងអាចអរសប្បាយក្នុងសេចក្តីប្រកបនេះ ជាមួយនឹងព្រះដ៏មានព្រះជន្មរស់ ដែលទ្រង់គង់ក្នុងយើង។
មានបទចំរៀងទំនុកបរិសុទ្ធមួយបានសួរថា “បើព្រះយេស៊ូវទ្រង់បានអធិស្ឋានហើយ ចុះអ្នកវិញយ៉ាងម៉េចដែរ?” យើងនឹងមានការភ្ញាក់ផ្អើល ពេលបានដឹងថា ព្រះយេស៊ូវលះបង់ពេលច្រើនប៉ុណ្ណា ដើម្បីអធិស្ឋាន។ ទ្រង់មិនដែលរាប់អង្គទ្រង់ថារវល់ពេក គ្មានពេលអធិស្ឋាននោះទេ។ ខណៈពេលដែលព្រះរាជកិច្ចទ្រង់ កាន់តែមានភាពមមាញឹក ហើយទ្រង់ក៏ប្រឈមនឹងការសម្រេចចិត្តធំៗជាច្រើន ទ្រង់បានឈ្លាតពេល យាងទៅអធិស្ឋានតែម្នាក់ឯង។ ចុះអ្នកវិញយ៉ាងម៉េចដែរ?
ការជញ្ជឹងគិត
- តើអ្នកអធិស្ឋាន ទៅកាន់ព្រះវបិតារបស់អ្នក ដែលគង់ស្ថានសួគ៌ នៅពេលណា? សូមពិពណ៌នា អំពីរបៀបដែលអ្នកអធិស្ឋានទៅកាន់ទ្រង់។
ការអនុវត្តន៍
- សូមចំណាយពេលមូយនាទី និយាយទៅកាន់ព្រះ ក្នុងពេលនេះ ដោយនិយាយថា “ឱព្រះអម្ចាស់ កូនរីករាយចំពោះពេលវេលាដ៏មានន័យ ក្នុងការប្រកបជាមួយទ្រង់ ជាពេលដ៏មានន័យណាស់ បានជាកូនចង់ចំណាយពេលឲ្យបានច្រើនជាងនេះ ក្នុងមួយថ្ងៃដោយផ្ទាល់ខ្លួន ជាមួយទ្រង់ ដោយការអធិស្ឋាន”។
- នៅថ្ងៃស្អែក សូមញែកពេល១៥នាទី ដើម្បីចំណាយពេលផ្ទាល់ខ្លួនជាមួយព្រះអម្ចាស់ ដោយការអធិស្ឋាន។ សូមរក្សាការតាំងចិត្តឲ្យបាន។ បន្ទាប់មកទៀត នៅថ្ងៃស្អែក សូមចាប់ផ្តើមឲ្យបានឆាប់ជាងមុន បីបួននាទី ដើម្បីចំណាយពេលណាត់ជួបជាមួយស្តេចលើអស់ទាំងស្តេច!
ដើម្បីត្រឡប់ទៅទំព័រដើមវិញ សូចចុចពីលើ link: https://khmer-odb.org/healthy-habits/