ការអានព្រះបន្ទូលនំប៉័ងជីវិតជាប្រចាំថ្ងៃ
ការមួយដែលខ្ញុំចងចាំបំផុត កាលនៅខ្ញុំនៅតូច គឺខ្ញុំបានដើរចេញពីគ្រែ ពីព្រលឹមទៅលួចមើលឪពុករបស់ខ្ញុំលុតជង្គង់អធិស្ឋាន និងអានព្រះគម្ពីរ មុនដែលគាត់ចេញទៅធ្វើការ។ ការនោះពិតជាប៉ះពាល់ចិត្តខ្ញុំ យ៉ាងជ្រាលជ្រៅ ក្នុងនាមជាកូនម្នាក់។
ឪពុកខ្ញុំបានអានគម្ពីរសុភាសិត មួយថ្ងៃមួយជំពូក ដោយសារកណ្ឌនេះមានទាំងអស់សាមសិបមួយជំពូក ហើយខែភាគច្រើនមានសាមសិបមួយថ្ងៃ។ ខ្ញុំនៅតែព្យាយាមធ្វើបែបនោះ សម្រាប់ខ្លួនឯងរាល់ថ្ងៃ។ ទោះខ្ញុំមានការសិក្សា និងការអានបទគម្ពីរផ្សេងទៀតក្តី ខ្ញុំតែងចាប់ផ្តើមថ្ងៃនីមួយៗពីព្រលឹម ដោយអានព្រះគម្ពីរសុភាសិតមួយជំពូក។ ហើយខ្ញុំបានរៀនធ្វើបែបនោះ ដោយលុតជង្គង់។
លោក រ៉ូបឺត មួរេ មែកឆិនេ (Robert Murray McCheyne) ជាមនុស្សកោតខ្លាចព្រះម្នាក់ទៀត ដែលទីបន្ទាល់នៃការស្រឡាញ់ព្រះគម្ពីរ និងមានការប្តូរផ្តាច់ ដែលគាត់មានចំពោះព្រះ បានដៅជាប់ក្នុងជីវិត និងការងារដែលខ្ញុំបានធ្វើថ្វាយព្រះ។
លោក មែកឆិនេ (McCheyne) បានកើតនៅឆ្នាំ១៨១៣ ក្នុងទីក្រុង អេឌីនបឺក (Edinburgh) ប្រទេសស្កុតឡែន (Scotland) ហើយគាត់បានទទួលរមណៈភាព ក្នុងអាយុម្ភៃប្រាំបួនឆ្នាំ។ ប៉ុន្តែ ក្នុងជីវិតដ៏ខ្លីរបស់គាត់ គាត់បានជះឥទ្ធិពលដ៏ស្ថិតស្ថេរ នៅក្នុងសង្គម គឺដោយព្រោះតែភាពបរិសុទ្ធ ការបន្ទាបខ្លួន និងកិច្ចប្រឹងប្រែង ដោយចិត្តឆេះឆួលរបស់គាត់ ក្នុងការសង្រ្គោះព្រលឹងមនុស្ស ។
លោកមែកឆេននី មានចិត្តឆេះឆួលយ៉ាងខ្លាំង នៅក្នុងការស្វែងរកភាពបរិសុទ្ធផ្ទាល់ខ្លួន នៅចំពោះព្រះ បានជាគាត់សរសេរថា “ផ្អែកលើភាពបរិសុទ្ធរបស់អ្នក នោះអ្នកនឹងជោគជ័យ …។ មនុស្សបរិសុទ្ធ គឺជាអាវុធដ៏អស្ចារ្យ នៅក្នុងព្រះហស្តព្រះ”។
មានកត្តាជាច្រើន ដែលជះឥទ្ធិពលដ៏យូរអង្វែង មកលើសហគមន៍ និងប្រជាជាតិ។ ប៉ុន្តែ ភាពបរិសុទ្ធដែលមាននៅកណ្តាលប្រជារាស្រ្តរបស់ព្រះ ជាពិសេសក្នុងចំណោមអ្នកដឹកនាំ គឺជាគ្រឹះដ៏រឹងមាំ។ អំពើបាប ការខ្វះភាពបរិសុទ្ធ ធ្វើឲ្យព្រះវិញ្ញាណព្រួយ ហើយរារាំកិច្ចការរបស់ទ្រង់។ ព្រះគម្ពីរបានដាស់តឿនថា “កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះហឫទ័យ ” (អេភេសូរ ៤:៣០) និងថា “កុំឲ្យពន្លត់ព្រះវិញ្ញាណ ” (១ថែស្សាឡូនីច ៥:១៩)។
ម៉្យាងវិញទៀត ព្រះគម្ពីរលើកទឹកចិត្តយើងថា “ចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ” (អេភេសូរ ៥:១៨)។ ការដែលត្រូវពេញជាព្រះវិញ្ញាណបរិសុទ្ធ មានន័យថា យើងដើរក្នុងពន្លឺរបស់ទ្រង់ ហើយព្រះអម្ចាស់ ដែលគង់ក្នុងយើង ទ្រង់ជាអ្នកដឹកនាំ។ ដើម្បីពេញដោយព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែចំណាយពេល រាល់ថ្ងៃក្នុងការអាន និងជញ្ជឹងគិត អំពីព្រះបន្ទូលព្រះ បំពេញចិត្ត និងគំនិតយើង ដោយព្រះបន្ទូលដែលកែប្រែជីវិត និងជំរុញចិត្តយើង (កូល៉ុស ៣:១៦)។
ដើម្បីលើកទឹកចិត្ត ឲ្យមានការរស់នៅ ដែលបរិសុទ្ធ និងពេញដោយព្រះវិញ្ញាណ ក្នុងចំណោមពួកជំនុំរបស់លោក មែកឆេនី(McCheyne) គាត់បានបង្កើត និងបោះពុម្ភផ្សាយ អំពីសេចក្តីណែនាំ អំពីការអានព្រះគម្ពីរ ហើយជំរុញឲ្យអ្នកជឿអានព្រះគម្ពីរបរិសុទ្ធ “ក្នុងគ្រប់ផ្នែកទាំងអស់” ហើយត្រូវឲ្យមានភាពប្រាកដប្រជា ក្នុងការស្គាល់ និងស្តាប់បង្គាប់ព្រះបន្ទូលព្រះ។
ចុះអ្នកវិញ? តើអ្នកបានដាក់វិន័យខ្លួនឯង ក្នុងការអានព្រះគម្ពីររាល់ថ្ងៃហើយឬនៅ? ប្រសិនបើមិនទាន់ទេ សូមចាប់ផ្តើមនៅថ្ងៃនេះ! សូមធ្វើដូចឪពុកខ្ញុំអ៊ីចឹងដែរ គឺចាប់ផ្តើមអានព្រះគម្ពីរសុភាសិត បន្ទាប់មកអានជាបន្តរបន្ទាប់ ឲ្យចប់ព្រះគម្ពីរទាំងមូល ក្នុងរយៈពេល១ឆ្នាំ ជារៀងរាល់ឆ្នាំ។
សូមកុំឲ្យពេលវេលាកន្លងទៅ ដោយការមិនទទួលយកចំណែកនំប៉័ងប្រចាំថ្ងៃរបស់អ្នកឡើយ។
ការជញ្ជឹងគិត
- តើរាល់ថ្ងៃ អ្នកកំពុងតែចំណាយពេលអានព្រះគម្ពីរ យ៉ាងហោចណាស់ មួយជំពូកដែរឬទេ? បើមិនដូច្នោះទេ តើអ្នកអានព្រះបន្ទូលព្រះច្រើនប៉ុណ្ណា ជារៀងរាល់ថ្ងៃ?
- ប្រសិនបើអ្នកចំណាយពេលរាល់ថ្ងៃ ជាមួយនឹងព្រះបន្ទូលព្រះ តើព្រះបន្ទូលទ្រង់ បានជះឥទ្ធិពលអ្វីមកលើជីវិតអ្នក? ចុះចំណែកឯជីវិតរបស់មនុស្ស ដែលនៅជុំវិញអ្នក?
ការអនុវត្តន៍
- សូមជ្រើសយកផែនការពិតប្រាកដនិងជាក់លាក់មួយសម្រាប់អានផ្នែកណាមួយនៃព្រះបន្ទូលព្រះរៀងរាល់ថ្ងៃ។ មានសេចក្តីណែនាំជាច្រើនក្នុងការអានព្រះគម្ពីរដែលអាចជួយអ្នកឲ្យអានព្រះគម្ពីរបានជាប្រចាំ។ ឧទាហរណ៍ ចូលក្នុងគេហទំព័រ oneyearbibleonline.com.
ដើម្បីត្រឡប់ទៅទំព័រដើមវិញ សូចចុចពីលើ link: https://khmer-odb.org/healthy-habits/