ការប្រកបជាមួយព្រះ
កាលពីប៉ុន្មានឆ្នាំមុន នៅប្រទេសអង់គ្លេស មានវេជ្ជបណ្ឌិតម្នាក់ បានជួបស្រ្តីចំណាស់ម្នាក់ដែលជាគ្រីស្ទបរិស័ទ។ គាត់បានសួរស្រ្តីនោះថា “បើខ្ញុំទូលសូមឲ្យព្រះប្រទានខ្ញុំលុយ៥ផោន តើខ្ញុំនឹងទទួលបានលុយនោះទេ?
ស្រ្តីនោះបានឆ្លើយ ដោយសួរទៅវិញថា “ប្រសិនបើគេណែនាំអ្នកឲ្យ ជួបព្រះអង្គម្ចាស់នៃប្រទេសវែល តើអ្នកនឹងទូលសូមលុយពីទ្រង់ នៅពេលនោះ ភ្លាមៗតែម្តងទេ?”
វេជ្ជបណ្ឌិតនោះក៏ឆ្លើយថា “ទេ ខ្ញុំមិនទាន់សុំទេ ទាល់តែស្គាល់ទ្រង់ ឲ្យបានច្បាស់សិន” ។ ស្រ្តីនោះក៏បញ្ជាក់ថា “ល្អណាស់ ដូច្នេះ អ្នកក៏ត្រូវតែស្គាល់ព្រះឲ្យបានច្បាស់សិនដែរ មុននឹងអ្នករំពឹងថា ព្រះអង្គនឹងឆ្លើយតបការអធិស្ឋានរបស់អ្នក”។
តាមរយៈការសង្កេតចំពោះសាច់រឿងនេះ មានមនុស្សម្នាក់បានយល់ឃើញថា “មនុស្សជាច្រើនបានសន្មត់ថា ខ្លួនអាចទូលសូមអ្វីៗពីព្រះបាន ពេលដែលខ្លួនស្គាល់ទ្រង់បានតែបន្តិច។ តែនេះមិនមែនជារឿងដែលបានកើតឡើង ជាញឹកញាប់ទេឬ?”
ដូចដែលយើងបាននិយាយកន្លងមក ការអធិស្ឋានគឺជារឿងដែលសំឡាញ់ពីរនាក់ជជែកគ្នាយ៉ាងសាមញ្ញ។ ព្រះគម្ពីរ គឺជាផ្នែកមួយនៃការសន្ទនារបស់ព្រះ ព្រោះព្រះទ្រង់មានបន្ទូលមកកាន់យើង តាមរយៈព្រះគម្ពីរ។ នៅពេលដែលខ្ញុំអានព្រះគម្ពីរ ខ្ញុំក៏យល់ឃើញភ្លាមថា ខ្ញុំកំពុងខ្សឹបប្រាប់ទ្រង់ នូវការទូលសូមមួយ។ នៅពេលខ្ញុំអធិស្ឋាន ព្រះបន្ទូលរបស់ព្រះ ដែលខ្ញុំបានអានក្នុងព្រះគម្ពីរ បានលេចឡើង ក្នុងគំនិតខ្ញុំ។ នៅពេលដែលខ្ញុំស្តាប់ព្រះបន្ទូលទ្រង់ ព្រលឹងខ្ញុំក្រាបចុះថ្វាយការសរសើរដល់ទ្រង់។
លោក ដាប់ប៊ែលយូ ហ្គ្រាហាំ ស្ក្រគគី (W. Graham Scroggi) ដែលជាអ្នកអធិប្បាយព្រះបន្ទូល បានសរសេរថា “ព្រះមានបន្ទូលមកកាន់យើង នៅក្នុងព្រះគម្ពីរ ហើយយើងនិយាយទៅកាន់ព្រះអង្គវិញ ក្នុងសេចក្តីអធិស្ឋានរបស់យើង។” ព្រះគម្ពីរ និងការអធិស្ឋាន គឺជាខ្សែដែលត្រូវបានមូលបញ្ចូលគ្នា បង្កើតជាខ្សែពួរនៃការប្រកបដ៏ស្និទ្ធស្នាល រវាងព្រះនិងយើង។
សូមយើងអានសេចក្តីអធិស្ឋានដ៏អស្ចារ្យ របស់លោកម៉ូសេ នេហេមា អែសរ៉ា និងដានីយ៉ែល។ ពួកគេបានទូលសូមដល់ព្រះ ដោយដកស្រង់ព្រះបន្ទូលទ្រង់ ទូលថ្វាយទ្រង់។ នេះជាភាសានៃសេចក្តីអធិស្ឋាន ដែលព្រះសព្វព្រះទ័យឆ្លើយតប។ ខណៈដែលអ្នកអធិស្ឋាន សូមអនុញ្ញាតឲ្យព្រះទ្រង់ដាក់ព្រះបន្ទូលទ្រង់ ក្នុងគំនិតរបស់អ្នក។ សូមអធិស្ឋាន ដោយដកស្រង់បទគម្ពីរ ទូលថ្វាយទ្រង់ គឺព្រះបន្ទូលដែលត្រូវនឹងសាច់រឿងនៃការអធិស្ឋានរបស់អ្នក។
មុនដែលអ្នកចាប់ផ្តើមចំណាយពេលអាន និងសិក្សាព្រះគម្ពីររាល់ថ្ងៃ សូមអធិស្ឋានដល់ព្រះ សូមឲ្យទ្រង់ជួយឲ្យចិត្តយើង ងាយនឹងឆ្លើយតបចំពោះព្រះបន្ទូលទ្រង់ជាមុនសិន។ លោក ម៉ាទីន លូសឺរ (Martin Luther) មានប្រសាសន៍ថា “ការអធិស្ឋានបានល្អ នឹងជួយឲ្យយើងសិក្សាព្រះបន្ទូលបានល្អផងដែរ”។ យើងមិនអាចមានមួយអត់មួយបានឡើយ។
លោកចច មូលល័រ(George Muller) បានប្រកបយ៉ាងស្និទ្ធស្នាលជាមួយព្រះអម្ចាស់។ ព្រះទ្រង់បានថែរក្សាកុមារកំព្រារាប់ពាន់នាក់ តាមរយៈគាត់។ ទោះគាត់មានការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុដ៏ច្រើនយ៉ាងណាក្តី គាត់មិនដែលសុំឲ្យអ្នកដទៃជួយបំពេញសេចក្តីត្រូវការរបស់គាត់ឡើយ។ សម្ពាធផ្នែកហិវញ្ញវត្តុដ៏ធ្ងន់ធ្ងរ បែរជាជំរុញចិត្តគាត់ ឲ្យចំណាយពេលកាន់តែច្រើន ក្នុងការសន្ទនាយ៉ាងជិតស្និទ្ធស្នាល ជាមួយព្រះ។
លោក មូលល័រ (Muller) បានមានប្រសាសន៍ អំពីការដែលលោកចំណាយពេលផ្ទាល់ខ្លួនជាមួយព្រះថា: “ខ្ញុំបានចាប់ផ្តើមជញ្ជឹងគិតព្រះបន្ទូលព្រះ ក្នុងគម្ពីរសញ្ញាថ្មី ក្នុងពេលព្រឹកព្រលឹម … មិនដែលខាន។ គឺបន្ទាប់ពីការចំណាយពេលជាច្រើននាទី ក្នុងការជញ្ជឹងគិត ខ្ញុំបានរកឃើញថា ព្រះទ្រង់បាននាំព្រលឹងខ្ញុំ ឲ្យធ្វើការលន់តួ ឬអរព្រះគុណ ឬក៏ទូលអង្វរ ឬមួយទូលថ្វាយសេចក្តីសំណូម។ ដូច្នេះ អ្នកប្រហែលជានិយាយថា ខ្ញុំមិនបានអធិស្ឋានទេ គឺមានតែការជញ្ចឹងគិតព្រះបន្ទូល។ ទោះជាយ៉ាងណាក៏ដោយ ភ្លាមនោះ ការដែលខ្ញុំជញ្ជឹងគិតព្រះបន្ទូល បានប្រែក្លាយជាការអធិស្ឋាន”។
ខណៈពេលដែលព្រះបន្ទូលព្រះ បានបន្លឺសម្លេងឡើង ក្នុងចិត្តលោក មូលល័រ (Muller) គាត់ក៏បានឆ្លើយតបទៅទ្រង់ភ្លាម ដោយការអធិស្ឋាន។ គាត់មានអំណរចំពោះការប្រកបស្និទ្ធស្នាល ជាមួយព្រះអម្ចាស់របស់គាត់។
ការប្រាស្រ័យទាក់ទង គឺជាគន្លឹះសម្រាប់ការទំនាក់ទំនងគ្រប់ប្រភេទ។ ទំនាក់ទំនងរបស់យើងជាមួយព្រះ អាចចម្រើនឡើងបាន លុះត្រាតែយើងថ្វាយការលើកសរសើរ ការលន់តួ សេចក្តីសំណូម ការទូលអង្វរ និងការអរព្រះគុណ ទៅចំពោះទ្រង់ តាមរយៈការអធិស្ឋាន និងនៅពេលដែលយើងស្តាប់សំលេងទ្រង់ តាមរយៈការសិក្សាព្រះបន្ទូលរបស់ទ្រង់ ជាប្រចាំ។
តើអ្នកស្គាល់ព្រះច្បាស់ប៉ុណ្ណា? តើអ្នកមានទំនាក់ទំនងជាមួយព្រះ ស្និទ្ធស្នាលប៉ុណ្ណា? លោកមូលល័រអាចចូលមករកព្រះ ទូលសូមទ្រង់នូវប្រាក់ប្រាំផោន ដោយដឹងថា ព្រះវបិតារបស់គាត់ ដែលគង់នៅស្ថានសួគ៌ នឹងបំពេញសេចក្តីត្រូវការរបស់គាត់ ដោយមធ្យោបាយណាមួយ។ តើអ្នកអាចទូលសូមព្រះ យ៉ាងដូចនេះដែរឬទេ? ឬមួយ អ្នកគ្រាន់តែទូលសូមទ្រង់លំៗ ហើយខ្លាចចិត្តទ្រង់ មិនហ៊ានទូលសូមអ្វីពីទ្រង់?
ការជញ្ជឹងគិត
- ក្នុងនាមជាកូនព្រះ តើអ្នកស្គាល់ព្រះវបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌បានច្បាស់ប៉ុណ្ណា? តើអ្នកចង់ស្គាល់ទ្រង់ ឲ្យបានច្បាស់ប៉ុណ្ណា?
ការអនុវត្តន៍
- ក្នុងអំឡុងពេលដែលអ្នកអធិស្ឋាន នៅពេលក្រោយ សូមចាប់ផ្តើមដោយការជញ្ជឹងគិតបទគម្ពីរមួយ។ បន្ទាប់មកអធិស្ឋានទៅព្រះ ដោយស្តាប់នូវអ្វីដែលព្រះអង្គមានបន្ទូលមកកាន់អ្នក ចេញពីបទគម្ពីរនោះ។
ដើម្បីត្រឡប់ទៅទំព័រដើមវិញ សូចចុចពីលើ link: https://khmer-odb.org/healthy-habits/