ការបញ្ជាក់អះអាងឡើងវិញ អំពីអំណាចនៃព្រះគម្ពីរ

មានជាមនុស្សជាច្រើននៅសម័យនេះ បានវាយប្រហារអំណាចនៃព្រះបន្ទូលព្រះ។ ពួកគេបានបោះបង់​ចោល​បទគម្ពីរ​មួយចំនួន ហើយចោទសួរអំពីបទគម្ពីរជាច្រើនទៀត។ តើយើងគួរឆ្លើយតប ចំពោះការ​វាយ​ប្រហារទាំង​នោះ ដោយ​របៀប​ណា?

លោក​ ឆាលស៍ ស្ព័រជិន (Charles Spurgeon) បានឆ្លើយតបចំពោះសំណួរខាងលើនេះ យ៉ាងដូច្នេះថា​ “តើយើងត្រូវការ​ពារ​ព្រះ​បន្ទូលព្រះឬទេ? បើអ៊ីចឹងចូរយើងការពារសត្វតោផង”។  បានសេចក្តីថា ព្រះបន្ទូលព្រះមិនត្រូវការការពារអ្វីនោះទេ។ នៅក្នុង​ការ​ទទួល​​ស្គាល់អំណាចនៃព្រះគម្ពីរ យើងអាចដើរ​តាម​គំរូរបស់បុរសស្រ្តីជាច្រើន​ ដោយទំនុកចិត្ត ​ដែលពួកគេជាមនុស្ស​កោតខ្លាចព្រះ​ នៅគ្រប់សម័យកាល។

ព្រះយេស៊ូវបានទទួលស្គាល់ថា ព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះ។ ដើម្បីបញ្ជាក់ អំពីភាពត្រឹមត្រូវផ្នែកប្រវត្តិសាស្ត្ររបស់ព្រះគម្ពីរ ទ្រង់បានធ្វើការពន្យល់ដ៏មានន័យ ដោយដកស្រង់​​បទ​គម្ពីរសញ្ញាចាស់ ដែលមនុស្សមានការខ្វែងគំនិតគ្នា ឬ “ពិបាកជឿ”។ ព្រះអម្ចាស់បានមានបន្ទូលដល់រឿងរ៉ាវនៃការ​បង្កើតលោក (ម៉ាថាយ១៩:៤-៦; ម៉ាកុស ១០:២-៩; ១៣:១៩), លោកណូអេ និងទឹកជំនន់ (ម៉ាថាយ ២៤:៣៦-៣៩; លូកា១៧:២៦-២៧), ហើយលោកឡុត និងក្រុងសូដុម និងក្រុងកូម៉ូរ៉ា (ម៉ាថាយ១០:១៥; លូកា ១០:១២; ១៧:២៨-៣០)។

ព្រះយេស៊ូវក៏មានបន្ទូលដល់ប្រវត្តិរឿងលោកយ៉ូណាសផងដែរ (ម៉ាថាយ ១២:៤០-៤១; ១៦:៤)។ មានមនុស្សជាច្រើននៅសម័យនេះ បានសើចចំអក ចំពោះរឿងលោកយ៉ូណាស ហើយមិនចាប់​អារម្មណ៍ ​ដោយថា វាជារឿងព្រេង ឬជារឿងនិទាន សម្រាប់ក្មេងៗស្តាប់ ពេលចូលគេតែប៉ុណ្ណោះ។ តើហេតុអី្វ? ដោយផ្អែក​លើចំណេះដឹងដែលគេមាន​ ទាក់ទងនឹង​វិទ្យា​សាស្រ្ត ពួកគេថា វាមិនអាចទៅរួចទេ ដែលត្រីបាឡែន​លេបមនុស្ស​ម្នាក់ ហើយបន្ទាប់មក ក៏ខ្ជាក់មកវិញទាំង​នៅរស់​បន្ទាប់ពី​នៅ​ក្នុង​ពោះអស់រយៈបីថ្ងៃហើយនោះ។

ដំបូងបំផុត ព្រះគម្ពីរមិនបាននិយាយថា លោកយ៉ូណាសត្រូវត្រីបាឡែនលេបនោះទេ  តែបាន​ថា វា​​ជា​ត្រី​ដែល​ធំ (យ៉ូណាស ១:១៧)។ អ្វីដែលកាន់តែសំខាន់ជាងនោះ រឿងដែលមានលក្ខណៈជាប្រវត្តិសាស្រ្តនេះ ត្រូវបានកត់ត្រា ក្នុង​ព្រះ​​គម្ពីរ ហើយព្រះយេស៊ូវក៏មាន​បន្ទូលថា វាបានកើតឡើង។ ប្រសិនបើព្រះយេស៊ូវជឿលើព្រះគម្ពីរ ហេតុ​អ្វី​បាន​ជាយើងមិនគួរជឿ?

ព្រះគម្ពីរបញ្ជាក់យ៉ាងច្បាស់ថា “គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​ បណ្តាល​ឲ្យ​តែង​ទេ” (២ធីម៉ូថេ ៣:១៦)។ លោក​ចន អ ដាប់ប៊ែលយូ ស្តត (John R W. Stott)  បានពន្យល់​ អំពីការថ្លែង​ដ៏មាន​សារៈ​សំខាន់​នេះ ថា “​បទគម្ពីរនេះ គឺមានន័យថា ព្រះមិនបាន​បញ្ចេញ​ព្រះវិញ្ញាណ ទៅក្នុងការសរសេរ ដើម្បីឲ្យអក្សរ ក្នុងព្រះគម្ពីរ ក្លាយជាអក្សរដ៏ពិសេសនោះទេ ប៉ុន្តែ ទ្រង់បានបញ្ចេញព្រះវិញ្ញាណ ដើម្បីបណ្តាលចិត្តមនុស្សឲ្យនិពន្ធព្រះគម្ពីរ។ ពោលគឺទ្រង់ ទ្រង់មានបន្ទូលតាមរយៈ​មនុស្ស។ អ្នកទាំងនេជាអ្នកនាំសាររបស់ទ្រង់”។

គ្រប់ទាំងពាក្យពេជ្រក្នុងព្រះគម្ពីរ គឺព្រះទ្រង់បណ្តាលឲ្យតែង។ មានគេនិយាយថា “អ្នកអាចលេងភ្លេងបាន​យ៉ាង​ងាយ ដោយមិនចាំបាច់ប្រើពាក្យពេចន៍អ្វី”។ ព្រះទ្រង់បានបណ្តាលចិត្តគេ នៅក្នុងគ្រប់ផ្នែកទាំងអស់នៃព្រះគម្ពីរ គឺក្នុងព្រះគម្ពីរទាំងស្រុង  មិនគ្រាន់តែមាន នៅក្នុងអន្ថន័យ ដែលបានបង្ហាញដល់អ្នកអានប៉ុណ្ណោះឡើយ។ ។

ព្រះយេស៊ូវមានបន្ទូលថា “ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​គ្មាន​បាំង​ឈើ​១ ឬ​ក្បៀស​១​នៅ​ក្នុង​ក្រឹត្យវិន័យ ត្រូវ​បាត់​ឡើយ ដរាប​ដល់​កាល​ណា​មេឃ និង​ផែនដី បាន​កន្លង​បាត់​ទៅ គឺ​ទាល់​តែ​សេចក្តី​ទាំង​អស់​បាន​សម្រេច ដោយ​សព្វ​គ្រប់” (ម៉ាថាយ៥:១៨)។ ទ្រង់ធានា សូម្បីតែផ្នែកដ៏តូចបំផុត នៅក្នុងព្រះគម្ពីរ ក៏មានការបណ្តាលចិត្តមកពីព្រះផងដែរ!

អ្នកដឹកនាំនៃពួកជំនុំពីដើម ក៏បានការពារអំណាចនៃព្រះគម្ពីរផងដែរ។ លោកអូគើស្ទីន (Augustine) បាន​ថ្លែង​ថា “ដូច្នេះ​ ចូរយើងរាល់គ្នាចុះចូល និងក្រាបចុះចំពោះអំណាចនៃព្រះគម្ពីរ​បរិសុទ្ធ ដែលមិនមាន​កំហុស ហើយ​ក៏មិនមានការបោកបញ្ឆោតដែរ”។

ហេតុអ្វីបានជាយើងត្រូវខ្លាច ចំពោះការវាយប្រហារ ដែលរិះគន់ចំពោះព្រះគម្ពីរដ៏ពិតនោះ? ក្នុងនាម​ជា​កូន​ព្រះ យើង​ត្រូវ​ចុះចូលចំពោះទ្រង់ និងព្រះបន្ទូលដែលពេញដោយអំណាចរបស់ទ្រង់ តែមួយគត់។ បទ​គម្ពីរ​គឺជាខ្នាតដែលយើងអាច​វាស់​អ្វីៗគ្រប់យ៉ាងទាំងអស់។

ការជញ្ជឹងគិត

  • តើអ្នកធ្លាប់ឮថា មានមនុស្សវាយប្រហារអំណាចនៃព្រះបន្ទូលព្រះទេ?​ តើអ្នកមានអារម្មណ៍បែប​ណា ​ចំពោះការ​វាយ​ប្រហារនោះ? តើអ្នកឆ្លើយតប ដោយរបៀបណា?
  • បើព្រះគម្ពីរជាព្រះបន្ទូលព្រះ តើអ្នកត្រូវមានការអនុវត្តតាម អ្វីខ្លះ?

ការអនុវត្តន៍

  • ក្នុងសេចក្តីអធិស្ឋានរបស់អ្នក សូមធ្វើការប្តេជ្ញាចិត្តថា អ្នកនឹងជឿព្រះបន្ទូលគ្រប់ម៉ាត់ ដែលមានពីព្រះ។ សូមបង្ហាញដល់ទ្រង់ថា អ្នក​​ជឿលើទ្រង់អស់ពីចិត្ត ចំពោះអ្វីដែលទ្រង់មានបន្ទូល ហើយស្តាប់បង្គាប់​ ដោយចិត្តរីករាយ ចំពោះអ្វីដែល​ទ្រង់បង្គាប់​។

ដើម្បីត្រឡប់ទៅទំព័រដើមវិញ សូចចុចពីលើ link: https://khmer-odb.org/healthy-habits/