សូមអាន សុភាសិត ២៧:៦-១៧
មែលីស្សា(Melissa)កូនស្រីរបស់ខ្ញុំ មានមិត្តភក្ដិច្រើន ក្នុងអំឡុងពេលរៀននៅវិទ្យាល័យ។ ក្នុងចំណោមមិត្តល្អទាំងនោះ នាងមានមិត្តល្អម្នាក់ឈ្មោះ ខេធី(Katie)។ ក្រោយពេលដែលម៉េលីស្សាបានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរ ខេធីបានប្រាប់ខ្ញុំ អំពីរបៀបដែលពួកគេបានក្លាយជាមិត្តភក្ដិ។
កាលនោះ ខេធីគឺជាសិស្សថ្មី នៅថ្នាក់ទី៥ ដោយនាងទើបតែផ្ទេរមកពីរដ្ឋកាលីហ្វូញ៉ា។ នាងមានអារម្មណ៍ឯកោ ហើយមិនទាន់ស៊ាំនឹងកន្លែងថ្មី រហូតដល់ថ្ងៃមួយ ដែលត្រូវជាដើមឆ្នាំដំបូងរបស់នាង នៅទីនោះ។ គឺពេលនោះហើយ ដែលមែលីស្សាបានកត់សម្គាល់ឃើញនាង កំពុងអង្គុយម្នាក់ឯងក្នុងឡានក្រុង។
មែលីស្សាក៏បានក្រោកចេញ ពីកៅអីរបស់នាង ទៅអង្គុយក្បែរខេធីវិញ ហើយក៏បានចាប់ផ្ដើមសាកសួរពីនេះពីនោះ។ ចាប់តាំងពីពេលនោះមក ពួកគេក៏បានអង្គុយនៅក្បែរគ្នា ជារៀងរាល់ថ្ងៃ ហើយបានក្លាយជាមិត្តសំឡាញ់ ដែលមិនអាចបំបែកបាន អស់រយៈពេលប្រាំពីរឆ្នាំ រហូតដល់ពេលដែលមែលីស្សាទៅនៅជាមួយព្រះអម្ចាស់ នៅនគរស្ថានសួគ៌។
ក្នុងពិភពលោកយើងនេះ មានមនុស្សច្រើនណាស់ អាចមានការផ្លាស់ប្រែក្នុងជីវិត ដោយសារទង្វើរនៃសេចក្តីស្រឡាញ់ ដែលអ្នកដទៃបានធ្វើសម្រាប់ពួកគេ តែមួយលើកប៉ុណ្ណោះ។ មនុស្សទាំង នោះប្រហែលធ្លាប់គិតថា ពួកគេមិនអាចចូលក្នុងចំណោមគេចុះ ឬពួកគេប្រហែលជាកំពុងប្រឈមមុខនឹងបញ្ហាលំបាក ដែលធ្វើឲ្យពួកគេមានអារម្មណ៍ឯកោ។ ពេលខ្លះ អ្វីដែលយើងត្រូវធ្វើនោះ គឺគ្រាន់តែឈោងទៅរកពួកគេ ឬបង្ហាញទឹកមុខញញឹម ឬក៏និយាយពាក្យលើកទឹកចិត្តប៉ុណ្ណោះ។ យើងរាល់គ្នា ដែលជាអ្នកជឿព្រះ សុទ្ធតែបានស្គាល់ ហើយបានពិសោធនឹងសេចក្តីស្រឡាញ់របស់ព្រះអង្គ(១យ៉ូហាន ៣:១៦) ដូចនេះ យើងអាចឈោងទៅរកមនុស្សជាច្រើន ហើយចែករំលែកសេចក្តីស្រឡាញ់ នោះ។
ក្នុងសង្គមដែលយើងរស់នៅសព្វថ្ងៃ មានមនុស្សច្រើនល្មម នឹងឲ្យមនុស្សម្នាក់អាចរាប់អានគ្នាជាមិត្តភក្ដិបាន។ សូមធ្វើជាអ្នកចាប់ផ្ដើមរាប់អានគេមុន ដើម្បីកុំឲ្យមាននរណាម្នាក់ នៅម្នាក់ឯង ដោយគ្មានគេរាប់រកនោះឡើយ។ – JDB
តើមានអ្នកណាខ្លះ ដែលអ្នកអាចប្រព្រឹត្តល្អប្រកប ដោយសេចក្តីស្រឡាញ់ដល់ពួកគេ នៅថ្ងៃនេះ?