សូម​អាន សុភាសិត ២៧:៦-១៧

មែលីស្សា(Melissa)​កូន​ស្រី​របស់​ខ្ញុំ មាន​មិត្ត​ភក្ដិ​ច្រើន ក្នុង​អំឡុង​ពេល​រៀន​នៅ​វិទ្យាល័យ។ ក្នុង​ចំណោម​មិត្ត​ល្អ​ទាំង​នោះ នាង​មាន​មិត្ត​ល្អ​ម្នាក់​ឈ្មោះ ខេធី(Katie)។ ក្រោយ​ពេល​ដែល​ម៉េលីស្សា​បាន​បាត់​បង់​ជីវិត ក្នុង​គ្រោះ​ថ្នាក់​ចរាចរ ខេធី​បាន​ប្រាប់​ខ្ញុំ អំពី​របៀប​ដែល​ពួកគេ​បាន​ក្លាយ​ជា​មិត្ត​ភក្ដិ។

កាល​នោះ ខេធី​គឺ​ជា​សិស្ស​ថ្មី នៅ​ថ្នាក់​ទី​៥ ដោយ​នាង​ទើប​តែ​ផ្ទេរ​មក​ពី​រដ្ឋ​កាលីហ្វូញ៉ា។ នាង​មាន​អារម្មណ៍​ឯកោ ហើយ​មិន​ទាន់​ស៊ាំ​នឹង​កន្លែង​ថ្មី រហូត​ដល់​ថ្ងៃ​មួយ ដែល​ត្រូវ​ជាដើម​ឆ្នាំ​ដំបូង​របស់​នាង​ នៅ​ទីនោះ។ គឺ​ពេល​នោះ​ហើយ ដែល​មែលីស្សា​បាន​កត់​សម្គាល់​ឃើញ​នាង កំពុង​អង្គុយ​ម្នាក់​ឯង​ក្នុង​ឡាន​ក្រុង។

មែលីស្សា​ក៏បាន​ក្រោក​ចេញ​ ពី​កៅ​អី​របស់​នាង ទៅ​អង្គុយ​ក្បែរ​ខេធី​វិញ ហើយ​ក៏បាន​ចាប់​ផ្ដើម​សាក​សួរ​ពី​នេះ​ពី​នោះ។ ចាប់​តាំង​ពី​ពេល​នោះ​មក​ ពួក​គេ​ក៏​បាន​អង្គុយ​នៅ​ក្បែរ​គ្នា​ ជា​រៀង​រាល់​ថ្ងៃ ហើយបាន​ក្លាយ​ជា​មិត្ត​សំឡាញ់​ ដែល​មិន​អាច​បំបែក​បាន អស់​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ រហូត​ដល់​ពេល​ដែល​មែលីស្សា​ទៅ​នៅ​ជា​មួយ​ព្រះ​អម្ចាស់ នៅ​នគរស្ថាន​សួគ៌។

ក្នុង​ពិភព​លោក​យើង​នេះ មាន​មនុស្ស​ច្រើន​ណាស់ អាច​មាន​ការ​ផ្លាស់​ប្រែ​ក្នុង​ជីវិត ដោយ​សារ​ទង្វើរ​នៃ​សេចក្តី​ស្រឡាញ់ ដែល​អ្នក​ដទៃ​បាន​ធ្វើ​សម្រាប់​ពួក​គេ តែ​មួយ​លើក​ប៉ុណ្ណោះ។ មនុស្ស​ទាំង​ នោះ​ប្រហែល​ធ្លាប់​គិត​ថា ពួក​គេ​មិន​អាច​ចូល​ក្នុង​ចំណោម​គេ​ចុះ ឬ​ពួក​គេ​ប្រហែល​ជា​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​លំបាក ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ឯកោ។ ពេល​ខ្លះ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ គឺ​គ្រាន់​តែឈោង​ទៅ​រក​ពួក​គេ ឬ​បង្ហាញ​ទឹក​មុខ​ញញឹម ឬ​ក៏​និយាយ​ពាក្យ​​លើក​ទឹក​ចិត្ត​ប៉ុណ្ណោះ។ យើង​រាល់​គ្នា ដែល​ជា​អ្នក​ជឿ​ព្រះ ​ សុទ្ធ​តែ​បាន​ស្គាល់ ហើយ​បាន​ពិសោធ​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ(១យ៉ូហាន ៣:១៦) ដូច​នេះ ​យើង​អាច​ឈោង​ទៅ​រក​មនុស្ស​ជា​ច្រើន ហើយ​ចែក​រំលែក​សេចក្តី​ស្រឡាញ់​ នោះ។

ក្នុង​សង្គម​ដែល​យើង​រស់​នៅ​សព្វ​ថ្ងៃ មាន​មនុស្ស​ច្រើន​ល្មម នឹង​ឲ្យ​មនុស្ស​ម្នាក់​អាច​រាប់​អាន​គ្នាជា​មិត្ត​ភក្ដិ​បាន​។ សូម​ធ្វើ​ជា​អ្នក​ចាប់​ផ្ដើម​រាប់​អាន​គេ​មុន ដើម្បី​កុំ​ឲ្យ​មាន​នរណា​ម្នាក់ នៅ​ម្នាក់​ឯង ដោយ​គ្មាន​គេ​រាប់​រក​នោះ​ឡើយ។ – JDB

តើ​មាន​អ្នក​ណា​ខ្លះ ដែល​អ្នក​អាច​ប្រព្រឹត្ត​ល្អ​ប្រកប​ ដោយ​សេចក្តី​ស្រឡាញ់​ដល់​ពួក​គេ​ ​នៅ​ថ្ងៃ​នេះ?