ថ្ងៃទី​៧

អាន យ៉ាកុប​​ ២:១៨-២៦

មាន​ពេល​មួយ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​លាន់​មាត់​ថា “ខ្ញុំ​មិន​នឹក​ស្មាន​ថា​ ពួក​គេ​បាន​ធ្វើ​អញ្ចឹ​ងដាក់​អ្នក​សោះ។ ពួក​គេ​ជា​គ្រីស្ទ​បរិស័ទ ​ពួក​គេ​គួរ​តែ​ដឹង​ច្បាស់​ នេះ​មិន​មែន​ជា​ទង្វើរ​ត្រឹម​ត្រូវ​ទេ។

ខ្ញុំ​បាន​ឮ​គេ​និយាយ​ជា​ញឹក​ញាប់​ថា​ ថា​គ្រីស្ទ​បរិស័ទ​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចាប់​ ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ចុះ​ ឬ​និយាយ​នូវ​ពាក្យ​អាក្រក់ៗ​ដាក់​ពួក​គេ។​​ អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​រឿង​នេះ​ ហើយ​ក៏​ប្រហែល​ជា​ធ្លាប់​មាន​បទ​ពិសោធន៍​ខ្លួន​ឯង​ផង​ដែរ។

លោកិយ​មាន​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​មិន​ទាន់​ជឿ​ព្រះ​ ដូចនេះ គេ​មាន​ការ​រំពឹង​គិត​ដ៏​ខ្ពស់​ថា ​ថា គ្រីស្ទ​បរិស័ទ​គួរ​រស់​នៅ​ ដោយខ្នាត​គំរូ​ដែល​ខ្ពស់​ជាង​នេះ ។​ ពួក​គេ​គិតថា គ្រីស្ទបរិស័ទ​រស់​នៅ​ស្រប​តាម​សេចក្តី​ជំនឿ​របស់​ខ្លួន។​​ ហើយ​នោះ​មិន​មែន​ជា​ការ​ទាម​ទារ​មិន​សម​ហេតុ​ផល​នោះ​ទេ​ ព្រោះ​សាវ័ក​យ៉ាកុប​ក៏​បាន​ប្រាប់​យើងផង​ដែរ​ ជំនឿ​យើង​ត្រូវ​មាន​ការ​ប្រព្រឹត្ត ដើម្បី​ឲ្យ​លោកិយ​ដឹង​ថា ​យើង​មាន​សេចក្តី​ជំនឿ​ដែល​នាំ​ឲ្យ​ការ​ផ្លាស់​ប្តូរ​ជីវិត។​

យើង​ប្រកាស​ថា​ ព្រះយេស៊ូវ​គឺ​ជា​ព្រះ​អម្ចាស់​ នោះ​យើង​ត្រូវ​តែ​បង្ហាញ​ឲ្យ​គេដឹងថា ព្រះ​អង្គ​ពិត​ជា​ព្រះ​អម្ចាស់​មែន តាម​រយៈ​ការប្រព្រឹត្តដោយ​ស្តាប់​បង្គាប់​ព្រះអង្គ​ ឬ​បង្កើត​“ផលផ្លែល្អ” (ម៉ាថាយ​ ៧:១៦-២១)។ ​កណ្ឌគម្ពីរ យ៉ាកុប ២:១៨-២៦ បានចែង​ថា ​ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត គឺ​ជា​ជំនឿ “ស្លាប់” ឬ “គ្មានប្រយោជន៍”។ ត្រង់​ចំណុច​នេះ គឺ​មាន​ន័យថា យើង​អាច​អះ​អាង​ថា​ យើង​មាន​ជំនឿ​ដែល​នាំ​ឲ្យ​បាន​សង្គ្រោះ​ តែ​តាម​ពិត  យើង​មិនមាន​ជំនឿ​ទាល់​តែ​សោះ។  បើ​គ្រាន់​តែ​ចេះសូត្រ​ព្រះ​បន្ទូល​ព្រះ តែ​មិន​ប្រព្រឹត្ត​តាមទេ គឺ​គ្មាន​ប្រយោជន៍​នោះទេ។ លោក​យ៉ាកុប​ប្រាប់​យើង​ថា  សូម្បី​តែ​ពួក​អារក្ស​ក៏​ជឿ​ថា​ព្រះ​មាន​ពិត​មែន​ផង​ដែរ។ ​

តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​ដឹង​ថា យើង​មាន​ជំនឿ​ពិត​ប្រាកដ?

ជំនឿ​ពិត​ គឺមិន​គ្រាន់​តែ​ជា​ការ​ទទួល​ស្គាល់​សេចក្តី​ពិត​ក្នុង​ចិត្ត​ និងពាក្យសម្តី​ប៉ុណ្ណោះ​ឡើយ ​ពោលគឺត្រូវមានការ​ប្រព្រឹត្ត​ជា​សម្អាង​ផង​ដែរ។ ។

កណ្ឌគម្ពីរ​យ៉ាកុប​ក៏​បាន​និយាយ​អំពី​ភាព​មិន​អាច​កាត់​ផ្តាច់​ចេញ​ពី​គ្នា នៃ​ជំនឿ និង​ការប្រព្រឹត្ត​ គឺដូច​ដែល​លោក​អ័ប្រាហាំ និង​នាង​រ៉ាហាប បាន​ធ្វើ​ជា​គំរូ ក្នុង​ជីវិត​របស់​ពួក​គេស្រាប់។ ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ បាន​បង្ហាញ​ថា ជំនឿ​របស់​ពួក​គេ​ ​មាន​ការប្រព្រឹត្ត​តាម​ដ៏​ល្អ​ប្រសើរ។

សរុប​មក ជំនឿ​បង្កើត​ផល​ផ្លែ​ល្អ​។ គឺ​ដូច​ដែល​ព្រះយេស៊ូវ​ទ្រង់​មាន​បន្ទូល​ក្នុង​ម៉ាថាយ ៧:១៧-១៨​ថា “អស់​ទាំង​ដើម​ឈើ​ល្អ តែង​មាន​ផ្លែ​ល្អ ឯ​ដើម​ឈើ​អាក្រក់ ក៏​តែង​មាន​ផ្លែ​អាក្រក់​ដែរ ធម្មតា​ដើម​ឈើ​ល្អ មិន​ដែល​បញ្ចេញ​ផល​អាក្រក់​បាន​ទេ ហើយ​ដើម​ដែល​អាក្រក់ ក៏​ពុំ​អាច​បញ្ចេញ​ផល​ល្អ​បាន​ដែរ”។

បងប្អូនអើយ កាលណា​ខ្ញុំ​ដើរ​តាម​ព្រះយេស៊ូវ​កាន់​តែ​ជិតស្និទ្ធ នោះ​ខ្ញុំ​ក៏​កាន់​តែ​ដឹង​ថា​ទ្រង់​អស្ចារ្យ​ប៉ុណ្ណា។ គឺ​ដឹងថា ទ្រង់បាន​ប្រទាន​ជីវិត​ និង​សេរីភាព​យ៉ាង​ដូច​ម្តេច​ខ្លះ​។ បើ​ខ្ញុំ​ចង់​ឲ្យ​មិត្ត​ភក្តិ​ដើរ​តាម​ព្រះ​យេស៊ូវ​ដែរ ខ្ញុំ​ត្រូវ “បង្ហាញ”ឲ្យពួកគេ​ស្គាល់​ព្រះ​យេស៊ូវ​ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ។ របៀប​ដែល​ខ្ញុំ​រស់​ក្នុង​ជីវិត​របស់​ខ្ញុំ នឹងបន្លឺសម្លេង​បាន​ឮ​ជាង និងច្បាស់​ជាង​ ពាក្យ​សម្តី​ដែល​ខ្ញុំ​និយាយ​ទៅ​ទៀត។ យើង​គឺជា​ទូត​របស់​ព្រះ​គ្រីស្ទ។ ដូច្នេះ ចូរឲ្យ​ជីវិត​របស់​យើង ក្លាយ​ជា​ការ​សម្តែង​ចេញ​នូវ​សេរីភាព និង​សេចក្តី​ស្រឡាញ់​ដែល​អាច​រក​ឃើញ​ តែ​នៅ​ក្នុងទំនាក់​ទំនង​ជា​មួយ​ទ្រង់​ប៉ុណ្ណោះ។

ដោយ Rachel Moreland សហរដ្ឋអាមេរិក

សំណួរត្រិះរិះ

១.       តើ​អ្នកអាច​ធ្វើ​អ្វី​បាន នៅ​សប្ដាហ៍នេះ ដើម្បី​បង្ហាញ​ពី​សេចក្ដីជំនឿរបស់​អ្នក និង​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវ?

២.      តើ​មាន​ជំហាន​អ្វី​ខ្លះ ដែល​អ្នក​អាច​ពង្រឹង​ជំនឿ​របស់​អ្នក​ផ្ទាល់ ឧទាហរណ៍ ចំណាយ​ពេល​បន្ថែម​​សម្រាប់​ការ​អាន​ព្រះគម្ពីរ អធិស្ឋាន​ឲ្យ​បាន​ទៀត​ទាត់ ចែក​ចាយ​ដំណឹង​ល្អ​ជាមួយ​មនុស្ស​ ដែល​មិន​ទាន់​ជឿ​ព្រះ។