តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្តេច បើ​អ្នក​មិន​ទាន់​មាន​គូ (ជា​ពិសេស នៅ​ថ្ងៃ​នៃ​សេចក្តី​ស្រឡាញ់)

តើ​ពី​មុន​មក អ្នក​ធ្លាប់​ស្រមៃ​ថា អ្នក​នឹង​មាន​មង្គល​ការ ដ៏​ល្អ​ឥត​ខ្ចោះ​ដែ​ឬ​ទេ? ខ្ញុំ​ធ្លាប់​មាន​ក្តី​ស្រមៃ​ដូច​នេះ ជា​ពិសេស ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន និង​នៅ​ថ្ងៃ​នៃ​សេចក្តី​ស្រឡាញ់។ ជួន​កាល ពេល​ដែល​ខ្ញុំកំពុង​ទស្សនា​ខ្សែ​ភាព​យន្ត​ស្នេហា ខ្ញុំ​ក៏​ចាប់​ផ្តើម​មាន​ការ​ស្រមៃ​ផង​ដែរ។

តែ​ការ​ស្រមៃ នៅ​តែ​ជា​ការ​ស្រមៃ​ដដែល។​ ខ្ញុំ​ធ្លាប់​បាន​ទទួល​សំបុត្រ​ស្នេហា​ខ្លះ​ៗ​ដែរ កាល​ពី​មុន តែ​ខ្ញុំ​មិន​ដែល​មាន​ការ​ណាត់​ជួប​ជា​មួយ​នរណា​ម្នាក់​ទេ។ ហើយ​ខ្ញុំ​ប្រហែល​ជា​បាត់​បង់​ឱកាស​ខ្លះ​ផង​ដែរ។

តែ រឿង​អ្វី​ក៏​អាច​កើត​ឡើង​ដែរ។ យើង​មិន​ដឹង​ថា ថ្ងៃ​ស្អែក​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ទេ មែន​ទេ? អ្នក​ប្រហែល​ជា​និយាយ​ថា ការ​និយាយ​ដូច​នេះ គឺ​ពិត​ជា​គំនិត​វិជ្ជ​មាន​ណាស់។ តើ​អ្នក​មាន​មិត្ត​ភក្តិ ឬ​បង​ប្អូន ​ដែល​បាន​រៀប​ការ​មុន​អ្នក នៅ​ក្នុង​វ័យ​ដ៏​សម​រម្យ​មួយ​មែន​ទេ? ជា​ការ​ពិត​ណាស់ ខ្ញុំ​បាន​ហួស​វ័យ​នោះ​ហើយ។ ព្រះ​គម្ពីរ​បាន​លើក​យក​ឧទាហរណ៍​ជា​ច្រើន​មក​និយាយ អំពី​ជីវិត​របស់​មនុស្ស​មួយ​ចំនួន ដែល​ព្រះ​ជា​ម្ចាស់ ប្រទាន​គូ​ជីវិត​ដល់​ពួក​គេ នៅ​ពេល​ដែល​ពួក​គេ​មិន​បាន​នឹក​ស្មាន​ដល់។ ឧទាហរណ៍ : ពេលលោក​អ៊ីសាក់​កំពុង​តែ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ព្រះ ជា​ប្រចំា​ថ្ងៃ នៅ​ទី​វាល គាត់​ក៏​បាន​ក្រឡេក​មើល​ទៅ​ឃើញ​អនាគត​ភរិយា​របស់​គាត់​(លោកុប្បត្តិ ២៤:៦៣)។ ចំណែក​ឯ​នាង​រស់​វិញ ពេល​ដែល​នាង​កំពុង​តែរក​កន្លែង​ធ្វើ​ការ  នាង​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុង​វាល​ស្រែ​របស់​លោក​បូអូស(នាងរស់ ២:៣-១១) ហើយទី​បំផុត គាត់​ក៏​បាន​ទទួល​យក​នាង​ជា​ភរិយា។

ដូចនេះ ទោះ​ខ្ញុំ​បាន​ឈាន​ចូល​ដល់​វ័យ ដែល​ហាក់​ដូច​ជា​លែង​ចង់​គិត​ពី​រឿង​នេះ​ក្តី ខ្ញុំ​មិន​អស់​សង្ឃឹម​ឡើយ​។ ថ្ងៃ​ស្អែក​អាច​មាន​រឿង ដែល​កើត​ឡើង​ខុស​ពី​ថ្ងៃ​នេះ។ រឿង​អ្វី​ក៏​អាច​កើត​ឡើង​ដែរ។

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​រង់​ចាំ​ថ្ងៃ​នោះ​មក​ដល់ មាន​ការ​ជា​ច្រើន ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​ខ្ញុំធ្វើ ហើយ​អ្នក​ក៏​អាច​អនុវត្ត​តាម​ចំណុច​ដែល​មាន​ដូច​តទៅ:

១. ចូរ​បន្ត​បោះ​ជំហាន​ទៅ​មុខ​ទៀត ក្នុង​ព្រះ​គុណ​ព្រះ ខណៈ​ពេល​ដែល​ទ្រង់​កំពុង​តែ​ឲ្យ​វ័យ​របស់​អ្នក​រំកិល​ទៅ​មុខ។ ព្រះគម្ពីរ​សុភាសិត​បាន​ចែង​អំពី​ទុក្ខ​លំបាក​របស់​អ្នក​ដែល​រស់​នៅ​ជា​មួយ​ភរិយា​ដែល​ចូលចិត្ត​រក​រឿង​ឈ្លោះ​ប្រកែក ហើយ​ខ្ញុំ​ជឿ​ថា បទ​គម្ពីរ​នេះ​ក៏​និយាយ អំពី​ស្វាមី​ដែល​ពូកែ​ឈ្លោះ​ប្រកែក​ផងដែរ​(សុភាសិត ២១:១៩, ២៥:២៤)។ តើ​អ្នក​នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​តម្លៃ​លើស “ត្បូង​ទទឹម” សម្រាប់អនាគត​ភរិយា ឬ​អនាគត​ស្វាមី​របស់​អ្នក​(សុភាសិត ៣១:១០) ឬ​មួយ​អ្នក​នឹង​បាន​ដូច​ជា “ទឹក​ភ្លៀង​ដែលលេច​តាម​ដំបូង​ដែល​ធ្លុះ”(២៧:១៥)។ ដូច​នេះ អ្នក​ចាំ​បាច់​ត្រូវ​ឆែក​ពិនិត្យ​មើល​ចរិយា​សម្បត្តិ​របស់​អ្នក ឲ្យ​បាន​ញឹក​ញាប់។ តើឆ្នាំ​នេះ អ្នក​មាន​ចិត្ត​ដែល​សណ្តោះ​ប្រណី ឬ​ពូកែ​រិះ​គន់​ជាង​ឆ្នាំ​មុន?

២. ចូរ​រស់​នៅ​ឲ្យ​មាន​សុខ​ភាព​ល្អ។

បើ​អ្នក​ចង់​មាន​សុភ​មង្គល ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍ ឬ​ក្នុងជីវិត​នៅ​លីវ​ក្តី អ្នក​ចាំ​បាច់​ថែរក្សា​សុខ​ភាព​ឲ្យបាន​ល្អ។ ដូច​នេះ សូម​បរិភោគ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់។ មាន​ជម្ងឺ​រាំរ៉ៃ​ជា​ច្រើន ​ដែល​មាន​ដូច​ជា​ជម្ងឺ​ទឹក​នោម​ផ្អែម​ជា​ដើម បាន​កើត​ឡើង​ពី​ទម្លាប់​​អាក្រក់​នៃ​ការ​ទទួលទៀន​អាហារ និង​ការ​ខ្វះ​ខាត​ការ​ហាត់​ប្រាណ។ បើ​អ្នក​ចង់​បង្កើត​គ្រួសារ​នៅ​ពេល​អនាគត អ្នក​ប្រាកដ​ជាចាំ​បាច់​ត្រូវ​មាន​សុខ​ភាព​ល្អ និង​កម្លាំង ដើម្បី​ចិញ្ចឹម និង​ថែ​ទាំ​ប្តីប្រពន្ធ និង​កូន​របស់​អ្នក និង​គ្រប់​គ្រង​គ្រួសារ​ឲ្យ​បាន​ល្អ។ អ្នក​ចាំ​បាច់​ត្រូវ​រស់​នៅ តាម​របៀប​ដែល​នាំ​ឲ្យ​មាន​សុខ​ភាព​ល្អ ដើម្បី​កុំ​ឲ្យ​អ្នក​ក្លាយ​ជាបន្ទុក​សម្រាប់​អនាគត​ភរិយា ឬ​ស្វាមី​របស់​អ្នក​(ពេល​ដែល​អ្នក​បាន​រៀប​ការ) ឬ​សម្រាប់​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​(បើ​អ្នក​បន្ត​នៅ​លីវ)។

៣. ចូរ​រៀន​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​គ្រប់​វ័យ។

ជា​ញឹក​ញាប់ ខ្ញុំ​ឮ​គេ​និយាយ​ថា ជីវិត​អាពាហ៍​ពិពាហ៍ មិន​មែន​សម្រាប់​តែ​មនុស្ស​ពីរ​នាក់​នោះ​ទេ ព្រោះអ្នក​នឹង​ចូល​ទៅ​ក្នុង​គ្រួសារ​របស់​អនាគត​ស្វាមី ឬ​ភរិយា​របស់​អ្នក​ផង​ដែរ។ ដូច​នេះ អ្នក​ចាំ​បាច់​ត្រូវ​រៀនទំនាក់​ទំនង​ជា​មួយ​ក្មេង​ៗ មនុស្ស​ជំទង់ និង​មនុស្ស​ចាស់។ ព្រះវិហារ​ជា​កន្លែង​ដែល​បាន​ផ្តល់​ឱកាស ឲ្យ​អ្នក​រៀន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ។ ឧទាហរណ៍ អ្នក​អាច​យក​អសារ​ស្ត្រី​ដែល​មាន​កូន​តូច ដោយ​ជួយមើល​កូន​ឲ្យ​គាត់​ពីរ​បី​ម៉ោង ឬ​ចំណាយ​ពេល​ចូល​រួម​ក្នុង​ព័ន្ធ​កុមារ យុវជន ឬ​មនុស្ស​ចាស់​ជា​ដើម។ ព្រះគម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង​ថា “កាល​ណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម”(កាឡាទី ៦:១០)។

៤. ចូរ​រស់​នៅ​ជា​រៀង​រាល់​ថ្ងៃ ដោយ​មាន​គោល​បំណង​ច្បាស់​លាស់។

ចូរ​ខិត​ខំ​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត នៅ​ក្នុង​ការ​សិក្សា ឬ​ការងារ​របស់​អ្នក។​ ជួន​កាល ខ្ញុំ​ឆ្ងល់​ថា តើ​ជីវិត​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា បើ​សិន​ជា​ខ្ញុំ​បាន​រៀប​ការ។ តាម​ធម្ម​ជាតិ​ និង​អត្ត​ចរិត​របស់​ខ្ញុំ ខ្ញុំ​ប្រហែល​ជា​នឹង​ក្លាយ​ជា​មេផ្ទះ ឬ​ធ្វើ​ការងារ​ពាក់​កណ្តាល​ពេល នៅ​ពេល​មាន​គ្រួសារ។ ប៉ុន្តែ សព្វ​ថ្ងៃ​នេះ ដោយសារ​ខ្ញុំ​នៅ​លីវ នោះខ្ញុំ​អាច​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​នៅ​ពេល​ណា​ក៏​បាន តាម​ដែល​ការងារ​ខ្ញុំ​បាន​តម្រូវ តែ​បើ​ខ្ញុំ​មាន​គ្រួសារ​វិញ វា​នឹង​មិន​ងាយ​ស្រួល​ដូច​នេះ​ទេ។

៥. ចូរ​រៀន​ស្គាល់​មនុស្ស

បើ​មិត្ត​ភក្តិ​របស់​អ្នក​ចង់​ណែនាំ​អ្នក ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​នរណា​ម្នាក់ អ្នក​គួរ​តែ​រៀន​រាប់​អាន​គាត់ ជាមិត្ត​ភក្តិ​សិន តាម​របៀប​ដ៏​ត្រឹម​ត្រូវ។ ហើយ​ការ​ស្វែង​រក​គូរ​ជីវិត តាម​គេហ​ទំព័រ ឬ​វេបសាយ​ណាត់​ជួបរបស់​គ្រីស្ទ​បរិស័ទ​ ក៏​មិន​ជា​ការ​ខុស​ទាស់​អ្វី​ដែរ ដែល​សំខាន់​នោះ អ្នក​ត្រូវ​រៀន​ប្រើ​ប្រាជ្ញា​ដែល​មក​ពីព្រះ។ អ្នក​អាច​ឲ្យ​មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ​របស់​អ្នក ជួយ​អ្នក​ក្នុង​រឿង​នេះ។ ចូរ​ស្វែង​រក​យោបល់​ល្អ​ៗ យក​ការ​ដាស់​តឿន​របស់​ពួក​គេ​មក​ពិចារណា ហើយ​ស្វាគមន៍​ការ​ជូន​ពរ ឬ​ការ​រិះគន់​របស់​ពួក​គេ។ ការនេះ​មិន​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​រៀប​ការ​ជា​មួយ​មនុស្ស ដែល​អ្នក​ជួប​នោះ​ឡើយ។ អ្នក​អាច​ចែក​ផ្លូវ​គ្នា ដោយ​សន្តិ​ភាព បើ​សិន​ជា​អ្វី​ៗ​មិន​ដំណើរ​ការ​ទៅ​មុខ​។ ទន្ទឹម​នឹង​នោះ​ ចូរ​បន្ត​ពង្រឹង​ទំនាក់​ទំនង​ជា​មួយមិត្ត​ភក្តិ និង​ក្រុម​គ្រួសារ​ឲ្យ​បាន​រឹង​មាំ។ ថ្ងៃ​ណា​មួយ អ្នក​នឹង​មិន​អាច​ចំណាយ​ពេល​ច្រើន​ជា​មួយ​ពួក​គេទៀត​ទេ។

តើ​ចំណុច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ ហាក់​ដូច​ជា​ច្រើន​បន្តិច​ហើយ​មែន​ទេ។ តើ​អ្នក​គ្រាន់​តែ​បាន​រង់​ចាំ​មនុស្ស​ល្អ​ដែល​អ្នក​ចង់​បាន​ជា​គូរអនាគត ឬ​ក៏​អ្នក​កំពុង​តែ​រៀប​ចំ​ខ្លួន​ធ្វើ​ជា​មនុស្ស​ល្អ សម្រាប់​គូអនាគត​របស់​អ្នក​ផង​ដែរ? ហើយ​ទោះ​ជា​អ្នក​នឹង​ទទួល​លទ្ធ​ផល​យ៉ាង​ណា​ក៏ដោយ កាល​បើ​អ្នក​បាន​អនុវត្ត​តាម​ចំណុច​ខាង​លើ​នេះ​ បាន​ល្អ​ហើយ​ អ្នក​អាច​និយាយថា​ អ្នក​បាន​រស់​នៅ ក្នុង​ជីវិត​ដ៏​អស្ចារ្យ ទោះអ្នក​នឹង​បន្ត​នៅ​លីវ ឬ​បាន​រៀបការ​ក្តី!—Chia Poh Fang

This article was first published in ymi.today, the young adults arm of Our Daily Bread Ministries. Visit ymi.today to read more of such articles.

Looking to read more of the bible characters mentioned in this article? Check out Ruth and Hannah, as well as Mary and Martha.