តើទំនាក់ទំនងស្នេហា ដែលព្រះទ្រង់សព្វព្រះទ័យ មានលក្ខណៈដូចម្តេចខ្លះ? ព្រះគម្ពីរប៊ីបបានផ្តល់ឲ្យនូវប្រាជ្ញា និងការដឹកនាំជាច្រើន សម្រាប់អាពាហ៍ពិពាហ៍ ដែលថ្វាយព្រះកិត្តិនាមដល់ព្រះ ប៉ុន្តែ ព្រះគម្ពីរប៊ីបមិនបានប្រាប់យើងជាជំហានៗ អំពីវិធីសាស្រ្តស្វែងរកទំនាក់ទំនងស្នេហាដែលព្រះទ្រង់សព្វព្រះទ័យនោះទេ។ ជួនកាល បញ្ហានេះនាំឲ្យយើងមានអារម្មណ៍នឿយណាយ ហើយមានអារម្មណ៍ថា ព្រះទ្រង់ហាក់ដូចជាបានបោះបង់យើងចោល ប៉ុន្តែ ព្រះនៃយើងបានសន្យាថា ព្រះអង្គមិនដែលចាកចោលយើងឡើយ(ចោទិយកថា ៣១:៦)។ ព្រះអង្គជាគ្រូបង្រៀនដែលមានព្រះទ័យអត់ធ្មត់ ហើយព្រះអង្គមានផែនការដ៏ល្អ សម្រាប់អ្នក និងខ្ញុំ ទោះទំនាក់ទំនងរបស់យើងមានលក្ខណៈដូចម្តេចក៏ដោយ។
ខ្ញុំបានទទួលស្គាល់ថា ទំនាក់ទំនងស្នេហាដែលខ្ញុំធ្លាប់មាន មិនសូវជាល្អប៉ុន្មានទេ។ សព្វថ្ងៃនេះ ខ្ញុំនៅលីវ ហើយក៏បានជួបរឿងដែលធ្វើឲ្យឈឺក្បាលជាច្រើន។ ប៉ុន្តែ ទំនាក់ទំនងដែលបរាជ័យទាំងនោះ មានការឈឺចាប់នៅពេលខ្លះ តែខ្ញុំក្រឡេកមកក្រោយ អាចមើលដឹងថា កាលនោះ ព្រះអង្គបាន និងកំពុងតែប្រើទំនាក់ទំនងនីមួយៗ ដើម្បីជួយឲ្យខ្ញុំមានការលូតលាស់ និងពេញវ័យខាងវិញ្ញាណ។
ខាងក្រោមនេះ ជាមេរៀន ដែលខ្ញុំរៀនបាន ដែលបានជួយឲ្យខ្ញុំយល់កាន់តែច្បាស់ អំពីចារិកលក្ខណៈនៃទំនាក់ទំនងស្នេហាដែលព្រះទ្រង់សព្វព្រះទ័យ។ សូមឲ្យមេរៀននីមួយៗបានលើកទឹកចិត្ត និងជំរុញចិត្តអ្នក ឲ្យធ្វើតាមបំណងព្រះទ័យព្រះអង្គ ទោះអ្នកកំពុងតែមានទំនាក់ទំនងស្នេហា ឬមិនទាន់មានក៏ដោយ។
១. ទំនាក់ទំនងដែលកោតខ្លាចព្រះ មានគោលបំណងច្បាស់លាស់
តើធ្វើដូចម្តេចឲ្យអ្នកដឹងថា អ្នកកំពុងតែមានទំនាក់ទំនងស្នេហា? ជួនកាល យើងពិបាកឆ្លើយសំណួរនេះ! តើអ្នកគ្រាន់តែមានការណាត់ជួប ដោយគ្មានគម្រោង ឬមិនមានការគិតពិចារណាដិតដល់ និងដោយអធិស្ឋានយ៉ាងខ្ជាប់ខ្ជួន ដើម្បីឲ្យព្រះទ្រង់បង្ហាញថា អ្នកនោះជាមនុស្សដែលព្រះទ្រង់សព្វព្រះទ័យឲ្យរៀបការជាមួយឬទេ?
ការណាត់ជួបគួរតែមានភាពសប្បាយ និងរំភើបរីករាយ។ តែវាក៏ជាតំណាងឲ្យគោលបំណងដ៏បរិសុទ្ធ និងការពិនិត្យមើលលទ្ធភាពដែលអាចយកគេជាគូរជិវិត។ ផ្នែកទីពីរ នៃបទគម្ពីរអេភេសូរ ជំពូក៥ បានធ្វើការប្រៀបធៀប ដោយចាត់ទុកពួកជំនុំសកលជាកូនក្រមុំរបស់ព្រះគ្រីស្ទ។ សេចក្តីស្រឡាញ់ដោយការលះបង់របស់ព្រះគ្រីស្ទ គួរតែបានធ្វើជាគំរូ សម្រាប់ការណាត់ជួប និងទំនាក់ទំនងប្តីប្រពន្ធរបស់យើង ហើយសេចក្តីស្រឡាញ់នេះ ត្រូវមានការប្តេជ្ញាចិត្តច្បាស់លាស់(អេភេសូរ ៥:២១-៣៣)។
ទំនាក់ទំនងស្នេហារបស់ខ្ញុំមានការឈឺចាប់បំផុត ដោយសារយើងខ្វះភាពច្បាស់លាស់។ ខ្ញុំធ្លាប់មានទំនាក់ទំនងជាមួយបុរសម្នាក់ ស្ថិតក្នុងវ័យយុវជនដូចគ្នា ដែលបានផ្លាស់ប្តូរយឺតៗ ពី “មិត្តល្អ” ទៅជាទំនាក់ទំនងកាន់តែរឹងមាំ ប៉ុន្តែ ដំណើរការនេះ ហាក់ដូចជាជាប់គាំង មិនទៅមុខទៀតសោះ។ ខ្ញុំមានចិត្តអន្ទះសារចង់បន្តដំណើរទៅមុខទៀត ហើយគាត់ហាក់ដូចជាមានការបង្អែរបង្អង់ខ្លាំងណាស់។ នៅពេលខ្លះ ខ្ញុំមានអារម្មណ៍នឿយណាយ តែមិនហ៊ាននាំគាត់និយាយគ្នាឲ្យដឹងរឿង។
ថ្ងៃមួយ ខ្ញុំក៏បានបង្ហាញអារម្មណ៍នឿយណាយនេះ ដល់ម្តាយខ្ញុំ។ ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលម្តាយខ្ញុំបានប្រាប់ខ្ញុំ ដោយសុភាពថា បុរសនោះប្រហែលមិនបានត្រៀមខ្លួនសម្រាប់ទំនាក់ទំនងស្នេហា ដោយមានបំណងចិត្តដូចខ្ញុំនោះឡើយ។ ខ្ញុំមានការឈឺចាប់ ពេលដែលឮដូចនេះ តែខ្ញុំនៅតែមិនព្រមនិយាយអំពីរឿងនេះ ជាមួយគាត់។ ជាលទ្ធផល ទំនាក់ទំនងនេះមានការជាប់គាំងពីរបីខែទៀត ហើយក៏បានឈានដល់ទីបញ្ចប់ ដោយយើងទាំងពីរបានបែកផ្លូវគ្នា យ៉ាងរញ៉េរញ៉ៃ។
ក្នុងពេលនោះ ការដែលយើងខ្វះការយល់ចិត្តគ្នា បានធ្វើឲ្យយើងមិនអាចបន្តដំណើរទៅមុខទៀតបាន ហើយក៏បានពន្យាពេលការឈឺចាប់ ក្នុងទំនាក់ទំនងនេះ កាន់តែយូរ។ សូមគោរពខ្លួនអ្នក និងអ្នកដទៃ ដោយមិនមើលស្រាលការប្តេជ្ញាចិត្ត នៅក្នុងការណាត់ជួប ហើយកុំប្រញាប់សន្និដ្ឋានថា អ្នក និងគាត់កំពុងតែមានចិត្ដដូចគ្នានោះឡើយ។ សូមស្វែងរកឱកាសនិយាយគ្នា ដោយបើកចំហរ អំពីស្ថានភាពនៃទំនាក់ទំនង និងគោលបំណងរបស់អ្នក។
២. ទំនាក់ទំនងដែលព្រះសព្វព្រះទ័យ ស្តាប់យោបល់ប្រកបដោយប្រាជ្ញារបស់អ្នកដទៃ
ពេលណាអ្នកចាប់អារម្មណ៍ចំពោះនរណាម្នាក់ ហើយចាប់ផ្តើមស្គាល់គាត់ តាមធម្មតា អ្នកមិនបាច់ចាប់ភ្លឹកនឹងរឿងផ្សេងឡើយ។ ខ្ញុំយល់អំពីអារម្មណ៍មួយនេះ។ ពេលនោះជាពេលដ៏រំភើបរីករាយ ហើយអ្នកក៏បានចាប់ផ្តើមនឹកស្រមៃ ចង់កសាងអនាគតជាមួយគាត់ ដោយមិនចង់គិតអ្វីច្រើនទេ។ ការធ្វើដូចនេះ គឺមិនខុសពីការរត់ប្រណាំង ក្នុងទំនាក់ទំនង ដោយយកក្រណាត់រុំភ្នែក មិនអាចមើលឃើញអ្វីៗ ដែលនៅជុំវិញខ្លួន។ ក្នុងទំនាក់ទំនងថ្មីដូចនេះ អ្នកចំាបាច់ត្រូវស្វែងរកការប្រឹក្សាយោបលដែលថ្វាយសិរីល្អដល់ព្រះ ពីមនុស្សដែលមានចំណាស់ជាង មានប្រាជ្ញាជាង និងស្រឡាញ់អ្នក។
សម្រាប់ខ្លួនខ្ញុំផ្ទាល់ អ្នកដែលខ្ញុំទៅសុំការប្រឹក្សាមុនគេ គឺជាឪពុកម្តាយរបស់ខ្ញុំ។ ពួកគាត់ពូកែមើលស្គាល់អត្តចរិតរបស់មនុស្ស តែសំខាន់ជាងនេះទៀតនោះ គឺពួកគាត់បានស្គាល់អត្តចរិតខ្ញុំច្បាស់ណាស់។ សម្រាប់អ្នកវិញ អ្នកអាចស្វែងរកការប្រឹក្សាយោបលពីឪពុកម្តាយ បងបង្កើត ពូមីង ឬគ្រូណាម្នាក់នៅព្រះវិហារ។ យើងចាំបាច់ត្រូវមានអ្នកជឿណាម្នាក់ ដែលមានក្តីស្រឡាញ់ និងភាពពេញវ័យខាងវិញ្ញាណ ផ្តល់យោបលដ៏ស្មោះត្រង់ សម្រាប់ទំនាក់ទំនងក្នុងពេលបច្ចុប្បន្ន ឬពេលអនាគត។
ការណាត់ជួបរបស់ខ្ញុំ ជាមួយអ្នកមិនធ្លាប់ស្គាល់គ្នា កាលនៅរៀននៅមហាវិទ្យាល័យ បានបញ្ចប់ បន្ទាប់ពីយើងបានជួបគ្នាពីរបីដង ដែលក្នុងចំណោមនោះ មានការណាត់ជួបមួយបានកើតឡើង ពេលដែលឪពុកម្តាយខ្ញុំមកលេងទីក្រុង។ ខ្ញុំក៏បានបបួលគាត់ទៅញាំការ៉េម ជាមួយឪពុកម្តាយខ្ញុំ ដើម្បីជាការកម្សាន្ត ហើយនៅពេលល្ងាចនោះ យើងជួបរឿងដែលខុសទំនងបន្តិច។ មួយសប្តាហ៍ក្រោយមក ពេលដែលយើងបានបែកគ្នាដាច់ស្រឡះហើយ ម្តាយខ្ញុំក៏បានប្រាប់ខ្ញុំថា គ្រាន់តែម្តាយខ្ញុំបានឃើញគាត់ភ្លាម ម្តាយខ្ញុំអាចនិយាយបានថា ខ្ញុំនិងគាត់មិនសមគ្នាទេ។ ប្រសាសន៍របស់គាត់ បានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល ហើយភ្លាមៗនោះ ខ្ញុំមានការសោកស្តាយ ដែលមិនបានសុំយោបល់គាត់ ឲ្យបានឆាប់ជាងនេះ។ នៅពេលខ្លះ ការយល់ឃើញរបស់ម្តាយខ្ញុំ មានភាពច្បាស់ស្រឡះជាងខ្ញុំ ដែលនេះជាលក្ខណៈធម្មតារបស់ម្តាយ។
ដូចនេះ ចូរយើងស្វែងរកប្រាជ្ញា។ តើអ្នកដែលស្រឡាញ់អ្នកបំផុត គិតថា ទំនាក់ទំនងរបស់អ្នក មានលក្ខណៈល្អ ឬមិនល្អ ត្រង់ចំណុចណាខ្លះ? តើពួកគាត់ដាស់តឿនអ្នក ឲ្យមានការប្រុងប្រយ័ត្ន នៅត្រង់ចំណុចណា? តើពួកគាត់លើកទឹកចិត្តអ្នក ឲ្យធ្វើដូចម្តេចខ្លះ? បទគម្ពីរ សុភាសិត ១៥:៣១ បានចែងថា “ត្រចៀកណាដែលស្តាប់តាមសេចក្តីបន្ទោសនៃជីវិត នោះនឹងអាស្រ័យនៅជាកណ្តាលពួកអ្នកប្រាជ្ញ”។ ក្នុងករណីរបស់ខ្ញុំ ការស្តាប់តាមការស្តីបន្ទោស ឬណែនាំ អាចបញ្ជៀសការឈឺចាប់ជាច្រើន នៅក្នុងទំនាក់ទំនងស្នេហា។
៣. ទំនាក់ទំនងស្នេហា ដែលព្រះសព្វព្រះទ័យ មានការសួរសំណួរពិបាកៗ
រឿងនេះបានកើតឡើង កាលខ្ញុំនៅរៀន មុនពេលរដូវក្តៅមកដល់។ ខ្ញុំមានមិត្តភក្តិមួយក្រុម ហើយក្នុងចំណោមពួកគេ មានមិត្តភក្តិរបស់យើងម្នាក់ ដែលខ្ញុំបានជួបកាន់តែញឹកញាប់ឡើងៗ។ គាត់ជាមនុស្សកំប្លែង មានលក្ខណៈទាក់ទាញ និងចិត្តល្អ។ យើងក៏បានចាប់ផ្តើមផ្ញើសារទៅវិញទៅមក ហើយខណៈពេលដែលសាលារៀនជិតដល់ពេលវ៉ាកង។ ពេលដែលសាលាវ៉ាកង យើងក៏បានសន្យាថា យើងនឹងនៅតែបន្តមានទំនាក់ទំនង។ ខ្ញុំមានចិត្តរំភើបណាស់ ពេលដែលបានឃើញគាត់ចាប់អារម្មណ៍មកលើខ្ញុំ ហើយខ្ញុំក៏អរសប្បាយ នៅក្នុងការបន្តទំនាក់ទំនងជាមួយគាត់ ប៉ុន្តែ ក្នុងអារម្មណ៍ដែលខ្ញុំមិនបានបង្ហាញឲ្យគេដឹង គឺភាគច្រើនខ្ញុំចង់រាប់អានជាមិត្តភក្តិ គឺមិនមានលក្ខណៈរ៉ូមិនទិចទេ។
យើងក៏បានបន្តការសន្ទនាគ្នាជាទៀងទាត់ អស់ជាច្រើនសប្តាហ៍ ហើយគាត់ថែមទំាងបានបើកឡាន ទៅលេងផ្ទះឪពុកម្តាយខ្ញុំទៀត។ ក្រោយមក ភាគច្រើនខ្ញុំមានអារម្មណ៍ប្រកាន់ទោសខ្លួនឯង និងមានការភ័ន្តភំាងផងដែរ។ គាត់ជាមនុស្សល្អណាស់ ប៉ុន្តែ ខ្ញុំចង់រាប់អានគាត់លើសពីមិត្តភក្តិ។ តែពីរបីសប្តាហ៍ទៀត រដូវក្តៅនឹងកន្លងផុតទៅ តែខ្ញុំមានការតប់ប្រម៉ល់មិនដឹងថា ត្រូវធ្វើអ្វី។ តើខ្ញុំគួរតែនិយាយអ្វីមួយ នៅពេលឥឡូវនេះ ឬរង់ចំាទាល់តែយើងចូលរៀនវិញ? តើខ្ញុំគួរតែចាប់ផ្តើមផ្ញើសារទៅគាត់ កាន់តែតិចទៅៗ? តើខ្ញុំគួរតែមិនឈប់ខ្វល់ពីអារម្មណ៍ពិតរបស់ខ្លួនឯង ហើយក៏បន្តការរាប់អានធម្មតាវិញឬ?
ទីបញ្ចប់ ខ្ញុំក៏បានដឹងថា ការដែលខ្ញុំមិនហ៊ានសួរសំណួរពិបាកៗ ទៅកាន់គាត់ ដើម្បីឲ្យយល់ចិត្តគាត់ គឺបាននាំឲ្យគាត់ដើរទៅរកច្រកចេញពីទំនាក់ទំនងនេះ។ ការសន្ទនាដោយផ្ទាល់ ដើម្បីសួរគាត់ គឺល្អជាង តែយើងនៅឆ្ងាយពីគ្នាពេក។ ខ្ញុំក៏បានសរសេរក្នុងសារថា “វាមិនមែនជាកំហុសរបស់អ្នក តែជាកំហុសរបស់ខ្ញុំ” រួចក៏បានចុចបញ្ជូនសារទៅគាត់។ ភ្លាមៗនោះ ចិត្តរបស់ខ្ញុំមានអារម្មណ៍ធូរស្រាលជាងមុខរាប់លានដង។ ខ្ញុំមានការស្តាយក្រោយ ចំពោះការឈឺចាប់របស់គាត់ ប៉ុន្តែ ខ្ញុំដឹងថា ការចាប់ផ្តើមការសន្ទនាដ៏ពិបាក ដើម្បីឲ្យយល់ចិត្តគ្នា គឺជាទង្វើរដ៏ត្រឹមត្រូវ។ គាត់ក៏បានឆ្លើយតបមកវិញ ដោយការអនុគ្រោះ ហើយមានសំណួរពីរបី សម្រាប់ខ្ញុំ តែទីបញ្ចប់ ខ្ញុំមានអារម្មណ៍ថា មានសន្តិភាពនៅក្នុងចិត្ត។
ពេលខ្ញុំក្រឡេកមកមើលរឿងនេះ ខ្ញុំមានការសោកស្តាយ ដែលមិនបានសួរសំណួរពិបាកៗនោះ ទៅកាន់គាត់ ឲ្យបានឆាប់ជាងនេះ។ ហើយប្រហែលជាខ្ញុំគួរតែបើកឡាន ទៅជួបគាត់ដោយផ្ទាល់! ការសួរសំណួរដ៏ពិបាកនេះ គឺមិនមែនដើម្បីបញ្ចប់ទំនាក់ទំនងស្នេហានោះឡើយ តែវាជាការបញ្ចប់ការថប់បារម្ភ និងភាពមិនច្បាស់លាស់។ យើងប្រហែលជាចង់យកសួរសំណួរពិបាកៗនេះទៅពិភាក្សាជាមួយអ្នកដទៃ មុននឹងទៅសួរអ្នកដែលកំពុងមានទំនាក់ទំនងស្នេហាជាមួយ ។ បទគម្ពីរសុភាសិត បានក្រើនរំឭកយើងជាថ្មីម្តងទៀត ឲ្យជ្រើសរើសយក សេចក្តីពិត ភាពស្មោះត្រង់ និងប្រាជ្ញា(សុភាសិត ១៩:១,៨,៩,២២)។ សូម្បីតែនៅក្នុងការសួរសំណួរដ៏ពិបាក ការនិយាយការពិត ដោយក្តីស្រឡាញ់តែងតែឈ្នះការនិយាយកុហក់ជានិច្ច។
មេរៀនទំាងប៉ុន្មាននេះ ជាតំណាងឲ្យពេលនៃជីវិតខ្ញុំ ដែលពិបាកឆ្លងកាត់។ ជាពេលដែលខុសទំនងបន្តិច មានការរំភើបរីករាយបន្តិច និងគួរឲ្យភ័យខ្លាចបន្តិច។ ការណាត់ជួប ក្នុងទំនាក់ទំនងស្នេហា គឺតែប៉ុណ្ណឹងឯង តើមែនទេ?
ដំណឹងល្អនោះគឺថា ព្រះទ្រង់តែងតែគង់នៅជាមួយយើង ពេលដែលយើងកំពុងឆ្លងកាត់បញ្ហាប្រភេទនេះ ហើយព្រះអង្គអាចប្រើរដូវកាល និងទំនាក់ទំនងនីមួយៗ ដើម្បីសិរីល្អរបស់ព្រះអង្គ។ ដូចនេះ យើងចាំបាច់ត្រូវមានគោលបំណងច្បាស់ណាស់ នៅក្នុងការណាត់ជួប ជាលក្ខណៈស្នេហា និងសូមយោបល់ប្រកបដោយប្រាជ្ញាពីមនុស្សនៅក្បែរយើង ហើយកុំមានការភ័យខ្លាច នៅក្នុងការសួរសំណួរពិបាកៗ។
មានមេរៀនជាច្រើនរាប់មិនអស់ ដែលយើងអាចរៀនសូត្រ ដើម្បីឲ្យដឹងថា ទំនាក់ទំនងស្នេហាដែលព្រះសព្វព្រះទ័យ មានលក្ខណៈដូចម្តេច ប៉ុន្តែ ក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកមេរៀនតែពីរបីប៉ុណ្ណោះ ដើម្បីជាការលើកទឹកចិត្ត។