តើ​ទំនាក់​ទំនង​ស្នេហា ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ? ព្រះ​គម្ពីរ​ប៊ីប​បាន​ផ្តល់​ឲ្យ​នូវ​ប្រាជ្ញា និង​ការ​ដឹក​នាំ​ជា​ច្រើន សម្រាប់​អាពាហ៍​ពិពាហ៍ ដែល​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ ប៉ុន្តែ ព្រះ​គម្ពីរ​ប៊ីប​មិន​បាន​ប្រាប់​យើង​ជា​ជំហាន​ៗ​ អំពី​វិធីសាស្រ្ត​ស្វែង​រក​ទំនាក់​ទំនង​ស្នេហា​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នោះ​ទេ។ ជួន​កាល បញ្ហា​នេះ​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​នឿយ​ណាយ ហើយ​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​ហាក់​ដូច​ជា​បាន​បោះ​បង់​យើង​ចោល ប៉ុន្តែ ព្រះ​នៃ​យើង​បាន​សន្យា​ថា ព្រះ​អង្គ​មិនដែល​ចាក​ចោល​យើង​ឡើយ​(ចោទិយកថា ៣១:៦)។​ ព្រះ​អង្គ​ជា​គ្រូ​បង្រៀន​ដែល​មាន​ព្រះ​ទ័យ​អត់​ធ្មត់ ហើយ​ព្រះ​អង្គ​មានផែន​ការ​ដ៏​ល្អ សម្រាប់​អ្នក និង​ខ្ញុំ ទោះ​ទំនាក់​ទំនង​របស់​យើង​មាន​លក្ខណៈ​ដូច​ម្តេច​ក៏​ដោយ។

ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ទំនាក់​ទំនង​ស្នេហា​ដែល​ខ្ញុំ​ធ្លាប់​មាន មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​នៅ​លីវ ហើយ​ក៏​បាន​ជួបរឿង​ដែល​ធ្វើ​ឲ្យឈឺ​ក្បាល​ជា​ច្រើន។ ប៉ុន្តែ ទំនាក់​ទំនង​ដែល​បរាជ័យ​ទាំង​នោះ មាន​ការ​ឈឺ​ចាប់​នៅ​ពេល​ខ្លះ តែ​ខ្ញុំ​ក្រឡេក​មកក្រោយ អាច​មើល​ដឹង​ថា កាល​នោះ ព្រះ​អង្គ​បាន និង​កំពុង​តែ​ប្រើ​ទំនាក់​ទំនង​នីមួយ​ៗ ដើម្បី​ជួយ​ឲ្យ​ខ្ញុំ​មាន​ការ​លូត​លាស់ និងពេញ​វ័យ​ខាង​វិញ្ញាណ។

ខាង​ក្រោម​នេះ ជា​មេរៀន ដែល​ខ្ញុំ​រៀន​បាន​ ដែល​បាន​ជួយ​ឲ្យ​ខ្ញុំ​យល់​កាន់​តែ​ច្បាស់ អំពី​ចារិក​លក្ខណៈ​នៃ​ទំនាក់​ទំនង​ស្នេហាដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ។ សូមឲ្យ​មេរៀន​នីមួយ​ៗ​បាន​លើក​ទឹក​ចិត្ត និង​ជំរុញ​ចិត្ត​អ្នក ឲ្យ​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ ទោះ​អ្នក​កំពុង​តែ​មាន​ទំនាក់​ទំនង​ស្នេហា ឬ​មិន​ទាន់​មាន​ក៏​ដោយ។​

១. ទំនាក់​ទំនង​ដែល​កោត​ខ្លាច​ព្រះ មាន​គោល​បំណង​ច្បាស់​លាស់

តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ដឹង​ថា អ្នក​កំពុង​តែ​មាន​ទំនាក់​ទំនង​ស្នេហា? ជួន​កាល យើង​ពិបាក​ឆ្លើយ​សំណួរ​នេះ! តើ​អ្នក​គ្រាន់​តែ​មានការ​ណាត់​ជួប ដោយ​គ្មាន​គម្រោង ឬ​មិន​មាន​ការ​គិត​ពិចារណា​ដិត​ដល់ និង​ដោយ​អធិស្ឋាន​យ៉ាង​ខ្ជាប់​ខ្ជួន ដើម្បី​ឲ្យ​ព្រះ​ទ្រង់បង្ហាញ​ថា អ្នក​នោះ​ជា​មនុស្ស​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​រៀប​ការ​ជា​មួយ​ឬ​ទេ?

ការ​ណាត់​ជួប​គួរ​តែ​មាន​ភាព​សប្បាយ និង​រំភើប​រីក​រាយ។ តែ​វា​ក៏​ជា​តំណាង​ឲ្យ​គោល​បំណង​ដ៏​បរិសុទ្ធ និង​ការ​ពិនិត្យ​មើល​លទ្ធ​ភាព​ដែល​អាច​យក​គេ​ជា​គូរ​ជិវិត។ ផ្នែក​ទីពីរ នៃ​បទ​គម្ពីរ​អេភេសូរ ជំពូក​៥ បាន​ធ្វើ​ការ​ប្រៀប​ធៀប ដោយ​ចាត់​ទុក​ពួក​ជំនុំសកល​ជា​កូន​ក្រមុំ​របស់​ព្រះ​គ្រីស្ទ។ សេចក្តី​ស្រឡាញ់​ដោយ​ការ​លះ​បង់​របស់​ព្រះ​គ្រីស្ទ គួរ​តែ​បាន​ធ្វើ​ជា​គំរូ សម្រាប់​ការ​ណាត់ជួប និង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​យើង ហើយ​សេចក្តី​ស្រឡាញ់​នេះ ត្រូវ​មាន​ការ​ប្តេជ្ញា​ចិត្ត​ច្បាស់​លាស់(អេភេសូរ ៥:២១-៣៣)។

ទំនាក់​ទំនង​ស្នេហា​របស់​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​បំផុត ដោយ​សារ​យើង​ខ្វះ​ភាព​ច្បាស់​លាស់។ ខ្ញុំ​ធ្លាប់​មាន​ទំនាក់​ទំនង​ជា​មួយ​បុរសម្នាក់ ស្ថិត​ក្នុង​វ័យ​យុវជន​ដូច​គ្នា ដែល​បាន​ផ្លាស់​ប្តូរ​យឺត​ៗ ពី​ “មិត្តល្អ” ទៅ​ជា​ទំនាក់​ទំនង​កាន់​តែ​រឹង​មាំ ប៉ុន្តែ ដំណើរ​ការ​នេះ ហាក់​ដូច​ជា​ជាប់​គាំង មិន​ទៅ​មុខ​ទៀត​សោះ។ ខ្ញុំ​មាន​ចិត្ត​អន្ទះ​សារ​ចង់​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ហើយ​គាត់​ហាក់​ដូច​ជា​មានការ​បង្អែរ​បង្អង់​ខ្លាំង​ណាស់។ នៅ​ពេល​ខ្លះ ខ្ញុំ​មាន​អារម្មណ៍​នឿយ​ណាយ តែ​មិន​ហ៊ាន​នាំ​គាត់​និយាយ​គ្នា​ឲ្យ​ដឹង​រឿង។​

ថ្ងៃ​មួយ ខ្ញុំ​ក៏​បាន​បង្ហាញ​អារម្មណ៍​នឿយ​ណាយ​នេះ ដល់​ម្តាយ​ខ្ញុំ។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​ម្តាយ​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ ដោយសុភាព​ថា បុរស​នោះ​ប្រហែល​មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​ទំនាក់​ទំនង​ស្នេហា ដោយ​មាន​បំណង​ចិត្ត​ដូច​ខ្ញុំ​នោះ​ឡើយ។ ខ្ញុំ​មាន​ការ​ឈឺ​ចាប់ ពេល​ដែល​ឮ​ដូច​នេះ តែ​ខ្ញុំ​នៅ​តែ​មិន​ព្រម​និយាយ​អំពី​រឿង​នេះ ជា​មួយ​គាត់។ ជា​លទ្ធ​ផល ទំនាក់​ទំនង​នេះ​មានការ​ជាប់​គាំង​ពីរ​បី​ខែ​ទៀត ហើយ​ក៏​បាន​ឈាន​ដល់​ទី​បញ្ចប់ ដោយ​យើង​ទាំង​ពីរ​បាន​បែក​ផ្លូវ​គ្នា យ៉ាង​រញ៉េរញ៉ៃ។

ក្នុង​ពេល​នោះ ការ​ដែល​យើង​ខ្វះ​ការ​យល់​ចិត្ត​គ្នា បាន​ធ្វើ​ឲ្យ​យើង​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន ហើយ​ក៏​បាន​ពន្យា​ពេល​ការ​ឈឺ​ចាប់ ក្នុង​ទំនាក់​ទំនង​នេះ កាន់​តែ​យូរ។ សូម​គោរព​ខ្លួន​អ្នក និង​អ្នក​ដទៃ ដោយ​មិន​មើល​ស្រាល​ការ​ប្តេជ្ញា​ចិត្ត នៅក្នុង​ការ​ណាត់​ជួប ហើយ​កុំ​ប្រញាប់​សន្និ​ដ្ឋាន​ថា អ្នក និង​គាត់​កំពុង​តែ​មាន​ចិត្ដ​ដូច​គ្នា​នោះ​ឡើយ។ សូម​ស្វែង​រក​ឱកាសនិយាយ​គ្នា ដោយ​បើក​ចំហរ អំពី​ស្ថាន​ភាព​នៃ​ទំនាក់​ទំនង​ និង​គោល​បំណង​របស់​អ្នក។

២. ទំនាក់​ទំនង​ដែល​ព្រះ​សព្វ​ព្រះ​ទ័យ ស្តាប់​យោបល់​ប្រកប​ដោយ​ប្រាជ្ញា​របស់​អ្នក​ដទៃ

ពេល​ណា​អ្នក​ចាប់​អារម្មណ៍​ចំពោះ​នរណា​ម្នាក់ ហើយ​ចាប់​ផ្តើម​ស្គាល់​គាត់ តាម​ធម្មតា អ្នក​មិន​បាច់​ចាប់​ភ្លឹក​នឹង​រឿង​ផ្សេង​ឡើយ​។ ខ្ញុំ​យល់​អំ​ពី​អារម្មណ៍​មួយ​នេះ។ ពេល​នោះ​ជា​ពេល​ដ៏​រំភើប​រីក​រាយ ហើយ​អ្នក​ក៏​បាន​ចាប់​ផ្តើម​នឹក​ស្រមៃ ចង់​កសាងអនាគត​ជា​មួយ​គាត់ ដោយ​មិន​ចង់​គិត​អ្វី​ច្រើន​ទេ។ ការ​ធ្វើ​ដូច​នេះ គឺ​មិន​ខុស​ពី​ការ​រត់​ប្រណាំង ក្នុង​ទំនាក់​ទំនង ដោយ​យក​ក្រណាត់​រុំ​ភ្នែក មិន​អាច​មើល​ឃើញ​អ្វីៗ​ ដែល​នៅ​ជុំវិញ​ខ្លួន​។ ក្នុង​ទំនាក់​ទំនង​ថ្មី​ដូច​នេះ អ្នក​ចំា​បាច់​ត្រូវ​ស្វែង​រក​ការ​ប្រឹក្សា​យោបល​ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ ពី​មនុស្ស​ដែល​មាន​ចំណាស់​ជាង មាន​ប្រាជ្ញា​ជាង និង​ស្រឡាញ់​អ្នក។

សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ អ្នក​ដែល​ខ្ញុំ​ទៅ​សុំ​ការ​ប្រឹក្សា​មុន​គេ គឺ​ជា​ឪពុក​ម្តាយ​របស់​ខ្ញុំ។ ពួក​គាត់​ពូកែ​មើល​ស្គាល់​អត្ត​ចរិត​របស់មនុស្ស តែ​សំខាន់​ជាង​នេះ​ទៀត​នោះ គឺ​ពួក​គាត់​បាន​ស្គាល់​អត្ត​ចរិត​ខ្ញុំ​ច្បាស់​ណាស់។ សម្រាប់​អ្នក​វិញ អ្នក​អាច​ស្វែង​រក​ការប្រឹក្សា​យោបល​ពី​ឪពុកម្តាយ បង​បង្កើត ពូមីង ឬ​គ្រូ​ណា​ម្នាក់​នៅ​ព្រះវិហារ។ យើង​ចាំ​បាច់​ត្រូវ​មាន​អ្នក​ជឿ​ណា​ម្នាក់ ដែល​មានក្តី​ស្រឡាញ់ និង​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ ផ្តល់​យោបល​ដ៏​ស្មោះ​ត្រង់ សម្រាប់​ទំនាក់​ទំនង​ក្នុង​ពេល​បច្ចុប្បន្ន ឬ​ពេល​អនាគត​។

ការ​ណាត់​ជួប​របស់​ខ្ញុំ ជា​មួយ​អ្នក​មិន​ធ្លាប់​ស្គាល់​គ្នា កាល​នៅ​រៀន​នៅ​មហា​វិទ្យាល័យ បាន​បញ្ចប់ បន្ទាប់​ពី​យើង​បាន​ជួប​គ្នា​ពីរបី​ដង ដែល​ក្នុង​ចំណោម​នោះ មាន​ការ​ណាត់​ជួប​មួយ​បាន​កើត​ឡើង ពេល​ដែល​ឪពុក​ម្តាយ​ខ្ញុំ​មក​លេង​ទីក្រុង។​ ខ្ញុំ​ក៏​បានបបួល​គាត់​ទៅ​ញាំ​ការ៉េម ជា​មួយ​ឪពុក​ម្តាយ​ខ្ញុំ ដើម្បី​ជា​ការ​កម្សាន្ត ហើយ​នៅ​ពេល​ល្ងាច​នោះ យើង​ជួប​រឿង​ដែល​ខុស​ទំនង​បន្តិច​។ មួយ​សប្តាហ៍​ក្រោយ​មក ពេល​ដែល​យើង​បាន​បែក​គ្នា​ដាច់​ស្រឡះ​ហើយ ម្តាយ​ខ្ញុំ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា គ្រាន់​តែ​ម្តាយ​ខ្ញុំបាន​ឃើញ​គាត់​ភ្លាម ម្តាយ​ខ្ញុំ​អាច​និយាយ​បាន​ថា ខ្ញុំ​និង​គាត់​មិន​សម​គ្នា​ទេ។ ប្រសាសន៍​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​ភ្លាម​ៗ​នោះ ខ្ញុំ​មាន​ការ​សោក​ស្តាយ ដែល​មិន​បាន​សុំ​យោបល់​គាត់ ឲ្យ​បាន​ឆាប់​ជាង​នេះ។​ នៅ​ពេល​ខ្លះ ការ​យល់ឃើញ​របស់​ម្តាយ​ខ្ញុំ មាន​ភាព​ច្បាស់​ស្រឡះ​ជាង​ខ្ញុំ ដែល​នេះ​ជា​លក្ខណៈ​ធម្មតា​របស់​ម្តាយ។

ដូចនេះ ចូរ​យើង​ស្វែង​រក​ប្រាជ្ញា។​ តើ​អ្នក​ដែល​ស្រឡាញ់​អ្នក​បំផុត គិត​ថា ទំនាក់​ទំនង​របស់​អ្នក មាន​លក្ខណៈ​ល្អ ឬ​មិន​ល្អ ត្រង់​ចំណុច​ណា​ខ្លះ?​ តើ​ពួក​គាត់​ដាស់​តឿន​អ្នក ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន នៅ​ត្រង់​ចំណុច​ណា? តើ​ពួក​គាត់​លើក​ទឹក​ចិត្ត​អ្នក ឲ្យ​ធ្វើ​ដូច​ម្តេច​ខ្លះ? បទ​គម្ពីរ សុភាសិត ១៥:៣១ បាន​ចែង​ថា “ត្រចៀក​ណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស​នៃ​ជីវិត នោះ​នឹង​អាស្រ័យ​នៅ​ជា​កណ្តាល​ពួក​អ្នក​ប្រាជ្ញ”។ ក្នុង​ករណី​របស់​ខ្ញុំ ការ​ស្តាប់​តាម​ការ​ស្តី​បន្ទោស ឬ​ណែ​នាំ អាច​បញ្ជៀស​ការ​ឈឺ​ចាប់ជា​ច្រើន នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា។

៣. ទំនាក់ទំនងស្នេហា ដែលព្រះសព្វព្រះទ័យ មានការសួរសំណួរពិបាកៗ

រឿង​នេះ​បាន​កើត​ឡើង កាល​ខ្ញុំ​នៅ​រៀន មុន​ពេល​រដូវ​ក្តៅ​មក​ដល់។ ខ្ញុំ​មាន​មិត្ត​ភក្តិ​មួយ​ក្រុម​ ហើយ​ក្នុង​ចំណោម​ពួក​គេ មានមិត្ត​ភក្តិ​របស់​យើង​ម្នាក់ ដែល​ខ្ញុំ​បាន​ជួប​កាន់​តែ​ញឹក​ញាប់​ឡើង​ៗ។ គាត់​ជា​មនុស្ស​កំប្លែង មាន​លក្ខណៈ​ទាក់​ទាញ និង​ចិត្ត​ល្អ​។​ ​យើង​ក៏​បាន​ចាប់​ផ្តើម​ផ្ញើ​សារ​ទៅ​វិញ​ទៅ​មក ហើយ​ខណៈ​ពេល​ដែល​សាលា​រៀន​ជិត​ដល់​ពេល​វ៉ា​កង។ ពេល​ដែល​សាលា​វ៉ាកង យើង​ក៏​បាន​សន្យា​ថា យើង​នឹង​នៅ​តែ​បន្ត​មាន​ទំនាក់​ទំនង​។​ ខ្ញុំ​មាន​ចិត្ត​រំភើប​ណាស់ ពេល​ដែល​បាន​ឃើញ​គាត់​ចាប់អារម្មណ៍​មក​លើ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​អរ​សប្បាយ នៅ​ក្នុង​ការ​បន្ត​ទំនាក់​ទំនង​ជា​មួយ​គាត់ ប៉ុន្តែ ក្នុង​អារម្មណ៍​ដែល​ខ្ញុំ​មិន​បាន​បង្ហាញ​ឲ្យគេ​ដឹង គឺ​ភាគ​ច្រើន​ខ្ញុំ​ចង់​រាប់​អាន​ជា​មិត្ត​ភក្តិ គឺ​មិន​មាន​លក្ខណៈ​រ៉ូមិន​ទិច​ទេ។

យើង​ក៏​បាន​បន្ត​ការ​សន្ទនា​គ្នា​ជា​ទៀង​ទាត់ អស់​ជា​ច្រើន​សប្តាហ៍ ហើយ​គាត់​ថែម​ទំាង​បាន​បើក​ឡាន ទៅ​លេង​ផ្ទះ​ឪពុក​ម្តាយ​ខ្ញុំ​ទៀត។ ក្រោយ​មក ភាគ​ច្រើន​ខ្ញុំ​មាន​អារម្មណ៍​ប្រកាន់​ទោស​ខ្លួន​ឯង និង​មាន​ការ​ភ័ន្ត​ភំាង​ផង​ដែរ។ គាត់​ជា​មនុស្ស​ល្អ​ណាស់ ប៉ុន្តែ ខ្ញុំ​ចង់​រាប់​អាន​គាត់​លើស​ពី​មិត្ត​ភក្តិ។​ តែ​ពីរបី​សប្តាហ៍​ទៀត រដូវ​ក្តៅ​នឹង​កន្លង​ផុត​ទៅ តែ​ខ្ញុំ​មាន​ការ​តប់​ប្រម៉ល់​មិន​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​។ តើ​ខ្ញុំ​គួរ​តែ​និយាយ​អ្វី​មួយ នៅ​ពេល​ឥឡូវ​នេះ ឬ​រង់​ចំា​ទាល់​តែ​យើង​ចូល​រៀន​វិញ? តើខ្ញុំ​គួរ​តែ​ចាប់​ផ្តើម​ផ្ញើសារ​ទៅគាត់ កាន់​តែ​តិច​ទៅ​ៗ? តើ​ខ្ញុំ​គួរ​តែ​មិន​ឈប់​ខ្វល់​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​ឯង ហើយ​ក៏​បន្ត​ការ​រាប់​អាន​ធម្មតា​វិញ​ឬ?

ទី​បញ្ចប់ ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​ដែល​ខ្ញុំ​មិន​ហ៊ាន​សួរ​សំណួរ​ពិបាក​ៗ ទៅ​កាន់​គាត់ ដើម្បី​ឲ្យ​យល់​ចិត្ត​គាត់ គឺ​បាន​នាំ​ឲ្យ​គាត់​ដើរ​ទៅរក​ច្រក​ចេញ​ពី​ទំនាក់​ទំនង​នេះ។ ការ​សន្ទនា​ដោយ​ផ្ទាល់ ដើម្បី​សួរ​គាត់ គឺ​ល្អ​ជាង តែ​យើង​នៅ​ឆ្ងាយ​ពី​គ្នា​ពេក។ ខ្ញុំក៏​បាន​សរសេរ​ក្នុង​សារ​ថា “វា​មិន​មែន​ជា​កំហុស​របស់​អ្នក តែ​ជា​កំហុស​របស់​ខ្ញុំ” រួច​ក៏​បាន​ចុច​បញ្ជូន​សារ​ទៅ​គាត់។ ភ្លាម​ៗ​នោះ ចិត្ត​របស់ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង​មុខ​រាប់​លាន​ដង។ ខ្ញុំ​មាន​ការ​ស្តាយ​ក្រោយ ចំពោះ​ការ​ឈឺ​ចាប់​របស់​គាត់ ប៉ុន្តែ ខ្ញុំ​ដឹង​ថា ការចាប់​ផ្តើម​ការ​សន្ទនា​ដ៏​ពិបាក ដើម្បី​ឲ្យ​យល់​ចិត្ត​គ្នា គឺ​ជា​ទង្វើរ​ដ៏​ត្រឹម​ត្រូវ។ គាត់​ក៏​បាន​ឆ្លើយ​តប​មក​វិញ ដោយ​ការ​អនុ​គ្រោះ ហើយ​មាន​សំណួរ​ពីរបី សម្រាប់​ខ្ញុំ តែ​ទីបញ្ចប់ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​សន្តិ​ភាព​នៅ​ក្នុង​ចិត្ត។

ពេល​ខ្ញុំ​ក្រឡេក​មក​មើល​រឿង​នេះ ខ្ញុំ​មាន​ការ​សោក​ស្តាយ ដែល​មិន​បាន​សួរ​សំណួរ​ពិបាក​ៗ​នោះ ទៅ​កាន់​គាត់ ឲ្យ​បាន​ឆាប់ជាង​នេះ។ ហើយ​ប្រហែល​ជា​ខ្ញុំ​គួរ​តែ​បើក​ឡាន ទៅ​ជួប​គាត់​ដោយ​ផ្ទាល់! ការ​សួរ​សំណួរ​ដ៏​ពិបាក​នេះ គឺ​មិន​មែន​ដើម្បី​បញ្ចប់ទំនាក់​ទំនង​ស្នេហា​នោះ​ឡើយ តែ​វា​ជា​ការ​បញ្ចប់​ការ​ថប់​បារម្ភ និងភាព​មិន​ច្បាស់​លាស់។ យើង​ប្រហែល​ជា​ចង់​យក​សួរ​សំណួរពិបាក​ៗ​នេះ​ទៅ​ពិភាក្សា​ជា​មួយ​អ្នក​ដទៃ មុន​នឹង​ទៅ​សួរ​អ្នក​ដែល​កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ ។ បទគម្ពីរ​សុភាសិត បាន​ក្រើន​រំឭក​យើង​ជា​ថ្មី​ម្តង​ទៀត ឲ្យ​ជ្រើស​រើស​យក សេចក្តី​ពិត ភាព​ស្មោះ​ត្រង់ និង​ប្រាជ្ញា​(សុភាសិត ១៩:១,៨,៩,២២)។ សូម្បី​តែ​នៅ​ក្នុង​ការ​សួរ​សំណួរ​ដ៏​ពិបាក ការ​និយាយ​ការ​ពិត ដោយ​ក្តីស្រឡាញ់​តែង​តែ​ឈ្នះ​ការ​និយាយ​កុហក់​ជា​និច្ច។

មេរៀន​ទំាង​ប៉ុន្មាន​នេះ ជា​តំណាង​ឲ្យ​ពេល​នៃ​ជីវិត​ខ្ញុំ ដែល​ពិបាក​ឆ្លង​កាត់។ ជា​ពេល​ដែល​ខុស​ទំនង​បន្តិច មាន​ការ​រំភើបរីក​រាយ​បន្តិច​ និង​គួរ​ឲ្យ​ភ័យ​ខ្លាច​បន្តិច។ ការ​ណាត់​ជួប​ ក្នុង​ទំនាក់​ទំនង​ស្នេហា គឺ​តែ​ប៉ុណ្ណឹង​ឯង តើ​មែន​ទេ?

ដំណឹង​ល្អ​នោះ​គឺ​ថា ព្រះ​ទ្រង់​តែង​តែ​គង់​នៅ​ជា​មួយ​យើង ពេល​ដែល​យើង​កំពុង​ឆ្លង​កាត់​បញ្ហា​ប្រភេទ​នេះ ហើយ​ព្រះ​អង្គ​អាចប្រើ​រដូវ​កាល និង​ទំនាក់​ទំនង​នីមួយ​ៗ ដើម្បី​សិរីល្អ​របស់​ព្រះ​អង្គ។ ដូច​នេះ យើង​ចាំ​បាច់​ត្រូវ​មាន​គោល​បំណង​ច្បាស់​ណាស់ នៅ​ក្នុង​ការ​ណាត់​ជួប ជា​លក្ខណៈ​ស្នេហា និង​សូម​យោបល់​ប្រកប​ដោយ​ប្រាជ្ញា​ពី​មនុស្ស​នៅ​ក្បែរ​យើង ហើយ​កុំ​មាន​ការ​ភ័យខ្លាច នៅ​ក្នុង​ការ​សួរ​សំណួរ​ពិបាក​ៗ។

មាន​មេរៀន​ជា​ច្រើន​រាប់​មិន​អស់ ដែល​យើង​អាច​រៀន​សូត្រ ដើម្បី​ឲ្យ​ដឹង​ថា ទំនាក់​ទំនង​ស្នេហា​ដែល​ព្រះ​សព្វ​ព្រះទ័យ មានលក្ខណៈ​ដូច​ម្តេច ប៉ុន្តែ ក្នុង​អត្ថ​បទ​នេះ ខ្ញុំ​សូម​លើក​យក​មេរៀន​តែ​ពីរ​បី​ប៉ុណ្ណោះ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត។