សូមអាន ហេព្រើរ ១២:១-២ “ត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង”។
ឧបមាថា អ្នកបានចូលរួមក្នុងរត់ប្រណាំងចម្ងាយឆ្ងាយមួយ។ ពេលនោះ អ្នកប្រហែលជាដកដង្ហើមដង្ហក់ អ្នកមានអារម្មណ៍ថា ក្តៅទ្រូងស្ទើរឆេះ ប៉ុន្តែ អ្នកមិនចង់បន្ថយល្បឿនទេ ព្រោះអ្នកចង់ឆាប់ទៅដល់ទី។ បើការរត់ប្រណាំងមានការពិបាកយ៉ាងនេះ ហេតុអ្វីបានជាមានមនុស្សជាច្រើនចូលរួកក្នុងការប្រកួតកីឡាប្រភេទនេះ?
ខ្ញុំតែងតែឆ្ងល់ថា ហេតុអ្វីបានជាមានជនជាតិសឹង្ហបូរីជាច្រើននាក់ បានចូលរួមក្នុងការរត់ប្រណាំង ជារៀងរាល់ឆ្នាំ ទោះពួកគេហាក់ដូចជាប្រឈមមុខដាក់បញ្ហាស្មុគ្រស្មាញជាច្រើន ក្នុងការរត់ប្រណាំងនេះ។ ក្រោយមក ខ្ញុំក៏យល់អំពីលក្ខណៈនៃការរត់ប្រណាំងអាល់ត្រាម៉ារ៉ាតុន ហើយក៏បានរកឃើញថា ការចូលរួមក្នុងការរត់ប្រណាំង គឺមិនចាំបាច់ត្រូវប្រឹងប្រែងហួសហេតុពេកនោះឡើយ។
ការរត់ប្រណាំងអាល់ត្រាម៉ារ៉ាតុន គឺរាប់បញ្ចូលការរត់ម៉ារ៉ាតុន ដែលមានចម្ងាយ៤២គីឡូម៉ែត្រ និងការរត់បន្ថែមពីលើចម្ងាយនេះទៀត គឺចាប់ពី៥០គីឡូម៉ែត្រ ទៅ១០០គីឡូម៉ែត្រ។ ស្តាប់មើលទៅ ការរត់ប្រណាំងនេះ ហាក់ដូចជាមានចម្ងាយឆ្ងាយពេក គ្មាននរណាម្នាក់អាចរត់បានឡើយ ប៉ុន្តែ សូមគិតអំពីចំនួននៃអ្នកចូលរួម ក្នុងការរត់ប្រណាំងនេះចុះ។
ខ្ញុំធ្លាប់បានជួបអ្នករត់ប្រណាំងជាច្រើន ដែលបានចូលរួមក្នុងការរត់ប្រណាំងអាល់ត្រាម៉ារ៉ាតុននេះ។ ពួកគេបានប្រាប់ខ្ញុំថា នៅក្នុងការប្រកួត ពួកគេរត់ត្រឹកៗយឺតៗ ហើយជួនកាលពួកគេដើរ ពេលណាពួកគេអស់កម្លាំង។ ពួកគេក៏បានឈប់នៅតាមផ្លូវជាញឹកញាប់ ដើម្បីសម្រាក។ ពួកគេក៏បានចំណាយពេលឈប់សម្រាក និងញាំអាហារផងដែរ។ អ្នកខ្លះថែមទាំងបានបន្ថយល្បឿន ដើម្បីឲ្យអ្នកផ្សេងទៀតរត់ទាន់ ដើម្បីឲ្យមានគ្នារត់ជាមួយ ជាពិសេសនៅពេលយប់។ ពួកគេមិនមានការប្រញាប់ប្រញ៉ាល់ទេ។
អ្នករត់ប្រណាំងជាច្រើនមិនខ្វល់អំពី “ការរត់ឲ្យបានល្អ”ឡើយ។ ពួកគេគ្រាន់តែខ្លាចរត់មិនដល់ទី។ ពួកគេបានប្តេជ្ញាចិត្តថា នឹង“មិនបោះបង់ចោលការតស៊ូ”។ នេះជាគោលដៅតែមួយរបស់ពួកគេ។
បន្ទាប់ពីខ្ញុំបានសាកល្បងចូលរួមការប្រកួតអាល់ត្រាម៉ារ៉ាតុនបីបួនដង ខ្ញុំក៏បានដឹងថា : ការរត់ប្រណាំងខាងវិញ្ញាណ ក្នុងជីវិតរបស់យើង គឺមានលក្ខណៈមិនខុសពីការរត់ប្រណាំងអាល់ត្រាម៉ារ៉ាតុននោះឡើយ។
យើងអាចដើរ ពេលណាយើងមានអារម្មណ៍ថា ហត់នឿយ។ យើងអាចឈប់ ដើម្បីសម្រាក។ យើងអាចបន្ថយល្បឿន ដើម្បីជួយអ្នកដទៃ ឬបបួលអ្នកដទៃ ឲ្យដើរជាមួយយើង។ យើងមិនចាំបាច់ត្រូវព្រួយបារម្ភ ខ្លាចរត់មិនបានល្អនោះឡើយ។ យើងគ្រាន់តែចាំបាច់ត្រូវបន្តទៅមុខទៀត រហូតទៅដល់ទី។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរហេព្រើរ ១២:១-២ ដែលបានលើកទឹកចិត្តយើងថា : ““ត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង”។
ក្នុងបទគម្ពីរនេះ អ្នកនិពន្ធបានប្រើពាក្យ “រត់” ដើម្បីបញ្ជាក់ថា យើងត្រូវមានភាពរហ័សរហួន នៅក្នុងការដើរជាមួយព្រះ គឺដូចនៅក្នុងការរត់ប្រណាំងចម្ងាយខ្លី ដែលបានដាក់ជម្រុញចិត្តយើង “ឲ្យរត់ឲ្យបានល្អ”។
ប៉ុន្តែ បើសិនជាយើងគិតថា ការធ្វើដំណើរខាងវិញ្ញាណនេះ គឺជាការរត់ប្រណាំងចម្ងាយឆ្ងាយ នោះយើងអាចបន្ថយល្បឿនជាញឹកញាប់។ ក្នុងការរត់ប្រណាំងនេះ វាមិនអីទេ បើសិនជាយើងជំពប់ ឬដួលនៅតាមផ្លូវ។ វាមិនអីទេ បើសិនជាយើងមានអារម្មណ៍ថា ខ្លួនយើងកំពុងតែមានបន្ទុកកាន់តែធ្ងន់ ពេលយើងរត់កាន់តែយូរ។ វាមិនអីទេ បើសិនជាយើងមិនល្អឥតខ្ចោះ។ យើងគ្រាន់តែចំាបាច់ត្រូវបន្តដំណើរទៅមុខទៀត ដោយមិនបោះបង់ចោលការតស៊ូ។
ជាងនេះទៅទៀត បើសិនភ្នែករបស់យើងផ្តោតទៅលើព្រះយេស៊ូវ នោះព្រះអង្គនឹងមិនគ្រាន់តែជួយឲ្យយើងអាចស៊ូទ្រំា រហូតដល់ទីប៉ុណ្ណោះឡើង តែថែមទាំងជួយឲ្យជំនឿយើងមានភាពពេញវ័យ ហើយមានភាពគ្រប់លក្ខណ៍។ មានតែព្រះយេស៊ូវទេ ដែលអាចជួយយើងឲ្យរត់ទៅដល់ទីបានល្អ។ គឺដូចមានសេចក្តីចែងថា “ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ”(ភីលីព ១:៦)។
តើអ្នកមានអារម្មណ៍ថា អ្នកកំពុងតែ “មានការលូតលាស់” យឺតជាងគ្រីស្ទបរិស័ទដទៃទៀតឬ? តើអ្នកកំពុងពិបាកប្រែចិត្តចេញពីអំពើបាបឬ? តើអ្នកមានការពិបាកនៅក្នុងការអានព្រះគម្ពីរ ឬអធិស្ឋានឬ? ចូរកុំបោះបង់ចោលការតស៊ូឡើយ។ ចូរបន្តការរត់ប្រណាំង រហូតដល់ទី។—Leslie Koh
ឱព្រះយេស៊ូវ ព្រះអង្គជ្រាបថា ទូលបង្គំខ្សោយ មានចំណុចខ្វះខាត
ឬអស់កម្លាំងយ៉ាងណា នៅពេលខ្លះ ក្នុងការរត់ប្រណាំងខាងវិញ្ញាណនេះ។
សូមប្រទានជួយទូលបង្គំឲ្យអាចស៊ូទ្រាំ ដើម្បីបន្តការរត់ប្រណាំង
ហើយបន្តដំណើរទៅមុខ ដោយកម្លាំង និងព្រះគុណព្រះអង្គ។