សូមអាន ហេព្រើរ ១២:១-២ “​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់ ទាំង​រំពឹង​មើល​ដល់​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្តី​ជំនឿ​របស់​យើង”។

ឧបមាថា អ្នកបានចូលរួមក្នុងរត់ប្រណាំងចម្ងាយឆ្ងាយមួយ។ ពេលនោះ អ្នកប្រហែលជាដកដង្ហើមដង្ហក់ អ្នកមានអារម្មណ៍ថា ក្តៅទ្រូងស្ទើរឆេះ ប៉ុន្តែ អ្នកមិនចង់បន្ថយល្បឿនទេ ព្រោះអ្នកចង់ឆាប់ទៅដល់ទី។ បើការរត់ប្រណាំងមានការពិបាកយ៉ាងនេះ ហេតុអ្វីបានជាមានមនុស្សជាច្រើនចូលរួកក្នុងការប្រកួតកីឡាប្រភេទនេះ?

ខ្ញុំតែងតែឆ្ងល់ថា ហេតុអ្វីបានជាមានជនជាតិសឹង្ហបូរីជាច្រើននាក់ បានចូលរួមក្នុងការរត់ប្រណាំង ជារៀងរាល់ឆ្នាំ ទោះពួកគេហាក់ដូចជាប្រឈមមុខដាក់បញ្ហាស្មុគ្រស្មាញជាច្រើន ក្នុងការរត់ប្រណាំងនេះ។ ក្រោយមក ខ្ញុំក៏យល់អំពីលក្ខណៈនៃការរត់ប្រណាំងអាល់ត្រាម៉ារ៉ាតុន ហើយក៏បានរកឃើញថា ការចូលរួមក្នុងការរត់ប្រណាំង គឺមិនចាំបាច់ត្រូវប្រឹងប្រែងហួសហេតុពេកនោះឡើយ។

ការរត់ប្រណាំងអាល់ត្រាម៉ារ៉ាតុន គឺរាប់បញ្ចូលការរត់ម៉ារ៉ាតុន ដែលមានចម្ងាយ៤២គីឡូម៉ែត្រ និងការរត់បន្ថែមពីលើចម្ងាយនេះទៀត គឺចាប់ពី៥០គីឡូម៉ែត្រ ទៅ១០០គីឡូម៉ែត្រ។ ស្តាប់មើលទៅ ការរត់ប្រណាំងនេះ ហាក់ដូចជាមានចម្ងាយឆ្ងាយពេក គ្មាននរណាម្នាក់អាចរត់បានឡើយ ប៉ុន្តែ សូមគិតអំពីចំនួននៃអ្នកចូលរួម ក្នុងការរត់ប្រណាំងនេះចុះ។​

ខ្ញុំធ្លាប់បានជួបអ្នករត់ប្រណាំងជាច្រើន ដែលបានចូលរួមក្នុងការរត់ប្រណាំងអាល់ត្រាម៉ារ៉ាតុននេះ។ ពួកគេបានប្រាប់ខ្ញុំថា នៅក្នុងការប្រកួត ពួកគេរត់ត្រឹកៗយឺតៗ ហើយជួនកាលពួកគេដើរ ពេលណាពួកគេអស់កម្លាំង។ ពួកគេក៏បានឈប់នៅតាមផ្លូវជាញឹកញាប់ ដើម្បីសម្រាក។ ពួកគេក៏បានចំណាយពេលឈប់សម្រាក និងញាំអាហារផងដែរ។ អ្នកខ្លះថែមទាំងបានបន្ថយល្បឿន ដើម្បីឲ្យអ្នកផ្សេងទៀតរត់ទាន់ ដើម្បីឲ្យមានគ្នារត់ជាមួយ ជាពិសេសនៅពេលយប់។ ពួកគេមិនមានការប្រញាប់ប្រញ៉ាល់ទេ។

អ្នករត់ប្រណាំងជាច្រើនមិនខ្វល់អំពី “ការរត់ឲ្យបានល្អ”ឡើយ។ ពួកគេគ្រាន់តែខ្លាចរត់មិនដល់ទី។ ពួកគេបានប្តេជ្ញាចិត្តថា នឹង“មិនបោះបង់ចោលការតស៊ូ”។ នេះជាគោលដៅតែមួយរបស់ពួកគេ។​

បន្ទាប់ពីខ្ញុំបានសាកល្បងចូលរួមការប្រកួតអាល់ត្រាម៉ារ៉ាតុនបីបួនដង ខ្ញុំក៏បានដឹងថា : ការរត់ប្រណាំងខាងវិញ្ញាណ ក្នុងជីវិតរបស់យើង គឺមានលក្ខណៈមិនខុសពីការរត់ប្រណាំងអាល់ត្រាម៉ារ៉ាតុននោះឡើយ។​

យើងអាចដើរ ពេលណាយើងមានអារម្មណ៍ថា ហត់នឿយ។ យើងអាចឈប់ ដើម្បីសម្រាក។ យើងអាចបន្ថយល្បឿន ដើម្បីជួយអ្នកដទៃ ឬបបួលអ្នកដទៃ ឲ្យដើរជាមួយយើង។ យើងមិនចាំបាច់ត្រូវព្រួយបារម្ភ ខ្លាចរត់មិនបានល្អនោះឡើយ។ យើងគ្រាន់តែចាំបាច់ត្រូវបន្តទៅមុខទៀត រហូតទៅដល់ទី។​

រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរហេព្រើរ ១២:១-២ ដែលបានលើកទឹកចិត្តយើងថា : ““​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់ ទាំង​រំពឹង​មើល​ដល់​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្តី​ជំនឿ​របស់​យើង”។

ក្នុងបទគម្ពីរនេះ អ្នកនិពន្ធបានប្រើពាក្យ “រត់” ដើម្បីបញ្ជាក់ថា យើងត្រូវមានភាពរហ័សរហួន នៅក្នុងការដើរជាមួយព្រះ គឺដូចនៅក្នុងការរត់ប្រណាំងចម្ងាយខ្លី ដែលបានដាក់ជម្រុញចិត្តយើង “ឲ្យរត់ឲ្យបានល្អ”។

ប៉ុន្តែ បើសិនជាយើងគិតថា ការធ្វើដំណើរខាងវិញ្ញាណនេះ គឺជាការរត់ប្រណាំងចម្ងាយឆ្ងាយ នោះយើងអាចបន្ថយល្បឿនជាញឹកញាប់។​ ក្នុងការរត់ប្រណាំងនេះ វាមិនអីទេ បើសិនជាយើងជំពប់ ឬដួលនៅតាមផ្លូវ។ វាមិនអីទេ បើសិនជាយើងមានអារម្មណ៍ថា ខ្លួនយើងកំពុងតែមានបន្ទុកកាន់តែធ្ងន់ ពេលយើងរត់កាន់តែយូរ។ វាមិនអីទេ បើសិនជាយើងមិនល្អឥតខ្ចោះ។ យើងគ្រាន់តែចំាបាច់ត្រូវបន្តដំណើរទៅមុខទៀត ដោយមិនបោះបង់ចោលការតស៊ូ។​

ជាងនេះទៅទៀត បើសិនភ្នែករបស់យើងផ្តោតទៅលើព្រះយេស៊ូវ នោះព្រះអង្គនឹងមិនគ្រាន់តែជួយឲ្យយើងអាចស៊ូទ្រំា រហូតដល់ទីប៉ុណ្ណោះឡើង តែថែមទាំងជួយឲ្យជំនឿយើងមានភាពពេញវ័យ ហើយមានភាពគ្រប់លក្ខណ៍។ មានតែព្រះយេស៊ូវទេ ដែលអាចជួយយើងឲ្យរត់ទៅដល់ទីបានល្អ។ គឺដូចមានសេចក្តីចែងថា “ព្រះអង្គ​ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះយេស៊ូវគ្រីស្ទ”(ភីលីព ១:៦)។

តើអ្នកមានអារម្មណ៍ថា អ្នកកំពុងតែ “មានការលូតលាស់” យឺតជាងគ្រីស្ទបរិស័ទដទៃទៀតឬ? តើអ្នកកំពុងពិបាកប្រែចិត្តចេញពីអំពើបាបឬ? តើអ្នកមានការពិបាកនៅក្នុងការអានព្រះគម្ពីរ ឬអធិស្ឋានឬ? ចូរកុំបោះបង់ចោលការតស៊ូឡើយ។ ចូរបន្តការរត់ប្រណាំង រហូតដល់ទី។—Leslie Koh

ឱព្រះយេស៊ូវ ព្រះអង្គជ្រាបថា ទូលបង្គំខ្សោយ មានចំណុចខ្វះខាត

ឬអស់កម្លាំងយ៉ាងណា នៅពេលខ្លះ ក្នុងការរត់ប្រណាំងខាងវិញ្ញាណនេះ។

សូមប្រទានជួយទូលបង្គំឲ្យអាចស៊ូទ្រាំ ដើម្បីបន្តការរត់ប្រណាំង

ហើយបន្តដំណើរទៅមុខ ដោយកម្លាំង និងព្រះគុណព្រះអង្គ។​