ថ្មីៗនេះ ពេលណាខ្ញុំសរសេរអ៊ីមែលផ្ញើទៅនរណាម្នាក់ ខ្ញុំតែងតែសរសេរជូនពរពួកគេ ដោយចិត្តស្មោះត្រង់ថា “ខ្ញុំសង្ឃឹមថា នៅឆ្នាំថ្មីនេះ នឹងមានរឿងល្អៗជាច្រើនកើតឡើងចំពោះអ្នក”។ មនុស្សជាច្រើនដែលខ្ញុំស្គាល់ បានអាន និងទស្សនាពត៌មាន ឬដំណឹងអាក្រក់ជាច្រើន តាមរយៈប្រព័ន្ធផ្សព្វផ្សាយ នៅដើមឆ្នាំនេះ ដែលបាននាំមកនូវផលប៉ះពាល់ជាច្រើន មកលើផ្លូវអារម្មណ៍របស់ពួកគេ។
នៅថ្ងៃទី១ នៃឆ្នាំ២០២០ ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ត្រូវបានទឹកភ្លៀងជន់លិច។ ទឹកជំនន់បានឡើងយ៉ាងឆាប់រហ័ស ធ្វើឲ្យពលរដ្ឋឥណ្ឌូនេស៊ីជាច្រើននាក់ មិនអាចត្រៀមខ្លួនទាន់ពេលវេលា។ មិត្តភក្តិរបស់ខ្ញុំម្នាក់មិនអាចទៅទទួលកូន នៅផ្ទះម្តាយរបស់គាត់ អស់រយៈពេលពីរបីថ្ងៃ ដោយសារគ្រោះទឹកជំនន់នេះ។ មិត្តភក្តិខ្ញុំម្នាក់ទៀតត្រូវជិះយន្តហោះ ចេញទៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមការប្រជុំមួយ នៅថ្ងៃទី៣ ខែមករា ប៉ុន្តែ គាត់ខកខានមិនបានរៀបចំខោអាវនៅផ្ទះ ដោយសារតែទឹកជំនន់នេះ ហើយគាត់ត្រូវទិញខោអាវថ្មី នៅប្រទេសម៉ាឡេស៊ី សម្រាប់ស្លៀកពាក់នៅទីនោះ។
បន្ទាប់មក យើងក៏បានឮពត៌មានផ្សាយថា មានភ្នំភ្លើងមួយ បានផ្ទុះឡើង នៅប្រទេសភីលីពីន។ អ្នកបកប្រែភាសាតាកាឡុក៥នាក់របស់នំម៉ាណាប្រចាំថ្ងៃ ប្រចាំប្រទេសភីលីពីន មានទីលំនៅក្បែរតំបន់នោះ។ ផ្ទះរបស់ពួកគេត្រូវបានគ្របដណ្តប់ ដោយផេះ ដែលហុចចេញពីភ្នំភ្លើង។ ក្នុងចំណោមពួកគេ មានបីនាក់ដែលមានបញ្ហាផ្លូវដង្ហើម ដោយសារផេះធ្លាក់ខ្លាំងពេក ហើយត្រូវរស់នៅ ដោយគ្មានចរន្តអគ្គីសនី និងការផ្គត់ផ្គង់ទឹក អស់រយៈពេលបីថ្ងៃ។
ទន្ទឹមនឹងនោះ បញ្ហាភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលីក៏កំពុងតែមានសភាពធ្ងន់ធ្ងរឡើង។ មិត្តភក្តិរបស់ខ្ញុំម្នាក់ត្រូវជិះយន្តហោះត្រឡប់ទៅផ្ទះវិញ ពីទីក្រុងបាងកក ទៅទីក្រុងឃែនបេរ៉ា ប្រទេសអូស្រ្តាលី។ គាត់ក៏បានទទួលដំណឹងថា ភ្លើងឆេះព្រៃនៅទីក្រុងឃែនបេរ៉ា បានធ្វើឲ្យគេបង្ខំចិត្តលប់ចោលជើងហោះហើរភាគច្រើន នៅតាមអាកាសយាន្តដ្ឋាន ដែលនៅក្បែរតំបន់ភ្លើងឆេះព្រៃ។ ជើងហោះហើររបស់គាត់ ក៏បានផ្លាស់ប្តូរទិសដៅ ទៅទីក្រុងផ្សេង រួចក៏បានធ្វើដំណើរតាមផ្លូវវាងត្រឡប់មកផ្ទះ។ គាត់ក៏បានសរសេរនៅលើហ្វេសប៊ុកថា “មានរឿងកំពុងតែកើតឡើង នៅទីក្រុងដាវៅ ទីក្រុងម៉ានីល ទីក្រុងស៊ីឌនី ទីក្រុងឃែនបេរ៉ា … ខ្ញុំកំពុងតែរង់ចាំ … ខ្ញុំគ្រាន់តែចង់ត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ!”
ហើយគេក៏បានបន្តទទួលដំណឹងអាក្រក់ជាបន្តបន្ទាប់ទៀត។ ពត៌មានដែលនិយាយអំពីការរាតត្បាតនៃវីរូសកូរ៉ូណា បានក្លាយជាដំណឹងអាក្រក់ ដែលបានទទួលការចាប់អារម្មណ៍ច្រើនជាងពត៌មានណាទាំងអស់។ វីរូសនេះបានឆក់យកជីវិតមនុស្សជាង១សែននាក់ ចាប់តាំងពីពេលដែលវាចាប់ផ្តើមរីករាលដាល នៅប្រទេសចិន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងចំណោមអ្នកដែលខ្ញុំស្គាល់ គឺមិនមាននរណាម្នាក់ ដែលបានឆ្លងមេរោគនេះទេ ប៉ុន្តែ ខ្ញុំបានទទួលដំណឹងមរណៈភាពរបស់មនុស្សបីនាក់ ក្នុងអំឡុងពេល១៧ថ្ងៃដំបូង នៃឆ្នាំថ្មីនេះ។ អ្នកទីមួយ គឺជាបងប្អូនជីដូនមួយរបស់ខ្ញុំ ដែលបានស្លាប់ចោលភរិយាដ៏ក្មេងវ័យ ដោយបន្សល់នូវការព្រាត់ប្រាស់គ្រួសារដ៏សោកសៅ។ អ្នកទីពីរ គឺជាស្រ្តីចំណាស់ម្នាក់ ដែលបានស្លាប់ចោលដៃគូរជីវិតរបស់ខ្លួន ដែលបានរស់នៅជាមួយគ្នាអស់់រយៈពេលជាង៤០ឆ្នាំមកហើយ។ អ្នកទីបីគឺជាកុមារីអាយុ៥ឆ្នាំ ដែលក្រញាំនៃសេចក្តីស្លាប់បានឆក់យកជីវិតរបស់នាង ចេញពីដើមទ្រូងម្តាយ ដោយការសោកសង្រេងបំផុត។
ការនិយាយថា ឆ្នាំនេះមិនមានការចាប់ផ្តើមដ៏ល្អ គឺមិនមែនជាការនិយាយលើសទេ។ ជីវិតរបស់អ្នកក៏ប្រហែលជាបានទទួលការរំខាន ពីពត៌មានអាក្រក់ជាបន្តបន្ទាប់ ក្នុងពេលថ្មីៗនេះផងដែរ ហើយវាក៏បានធ្វើឲ្យអ្នកមានការភ័យខ្លាច ការព្រួយបារម្ភ កំហឹង ឬពិបាកចិត្ត។ បើសិនជានេះជាការពិតមែន នោះសូមទទួលនូវការលើកទឹកចិត្តដូចតទៅ។
អារម្មណ៍ដែលអ្នកមានចំពោះបញ្ហា គឺវាកើតមានជាធម្មតាទេ។ វាជារឿងធម្មតាទេ ដែលអ្នកមានកំហឹង ចំពោះការស្លាប់របស់មនុស្សជាទីស្រឡាញ់ណាម្នាក់។ វាក៏មិនខុសទាស់អ្វីដែរ ដែលអ្នកមានការមិនសប្បាយចិត្ត ចំពោះការផ្លាស់ប្តូរធាតុអាកា ដែលនាំឲ្យមានទឹកជំនន់ ឬភ្លើងឆេះព្រៃ ឬព្រួយបារម្ភអំពីការរីករាលដាសនៃវីរូសកូរ៉ូណា។
ខ្ញុំមានចិត្តក្រៀមក្រំយ៉ាងខ្លាំង ពេលដែលបានទទួលដំណឹងមរណៈភាពរបស់បងប្អូនជីដូនមួយរបស់ខ្ញុំ ហើយខ្ញុំក៏បានចោទសួរថា ហេតុអ្វីគាត់ស្លាប់ទាំងវ័យក្មេងយ៉ាងនេះ។ ខ្ញុំក៏បានចូលរួមសោកស្តាយជាមួយមិត្តភក្តិរបស់ខ្ញុំ ដែលបានបាត់បង់កូនស្រីជាទីស្រឡាញ់ដោយសារជម្ងឺ ខណៈពេលដែលមិត្តភក្តិខ្លះទៀត មិនអាចទៅផ្ទះ ដោយសារភ្លើងឆេះព្រៃ ឬត្រូវពិបាកក្នុងការសម្អាតផ្ទះ បន្ទាប់ពីមានទឹកជំនន់ ឬបន្ទុះភ្នំភ្លើង។
យើងឃើញថា ព្រះយេស៊ូវក៏បានបង្ហាញចេញនូវព្រះទ័យសោកសង្រេង នៅពិធីបុណ្យសពផងដែរ។ ពេលដែលព្រះអង្គបានទតឃើញនាងម៉ារាទួញយំ ជាមួយពួកសាសន៍យូដា ដោយសារការស្លាប់របស់លោកឡាសា ដែលជាប្អូនប្រុសរបស់នាង នោះទ្រង់មានសេចក្តីរំជួល ទាំងក្នាញ់ក្នុងព្រះហឫទ័យ(យ៉ូហាន ១១:៣៣)។
តើព្រះអង្គក្នាញ់ក្នុងព្រះទ័យនឹងរឿងអ្វី? ត្រង់ចំណុចនេះ ព្រះអង្គអាចមានព្រះទ័យឈឺចាប់ ចំពោះអំពើបាប និងផលវិបាករបស់វា។ ព្រះជាម្ចាស់មិនបានបង្កើតពិភពលោក ឲ្យមានពេញ ដោយជម្ងឺ ទុក្ខវេទនា និងសេចក្តីស្លាប់នោះឡើយ។ ប៉ុន្តែ អំពើបាបបានចូលទៅក្នុងលោកិយ ហើយធ្វើឲ្យខូចស្នាព្រះហស្តដ៏ល្អរបស់ព្រះអង្គ។
ពេលដែលអ្វីៗមិនដំណើរការល្អ ចូរដឹងថា យើងមិនទាន់ដល់ទីបញ្ចប់ទេ។ មានសំណួរជាច្រើន អំពីការឈឺចាប់ និងទុក្ខវេទនា ដែលខ្ញុំពិបាកស្វែងរកចម្លើយ។ ប៉ុន្តែ ពេលណាខ្ញុំមានការសង្ស័យ ខ្ញុំក៏បាននឹកចាំ អំពីការដែលព្រះយេស៊ូវបានបោះជំហានចូលទៅក្នុងពិភពលោករបស់យើង កាលពី២ពាន់ឆ្នាំមុន ហើយក៏បានបង្ហាញឲ្យយើងដឹងថា ព្រះជាម្ចាស់មានលក្ខណៈដូចម្តេច។
ព្រះហស្តព្រះអង្គបានពាល់មនុស្សកើតឃ្លង់ ហើយប្រោសគាត់ឲ្យជា(ម៉ាកុស ១:៤១) ហើយព្រះអង្គបានទតមើលទៅស្រ្តីមេម៉ាយដ៏កំសត់ នៅក្រុងណាអ៊ីន ដោយព្រះទ័យអាណឹតអាសូរចំពោះគាត់ ហើយក៏បានប្រោសកូនប្រុសគាត់ឲ្យរស់ឡើងវិញ(លូកា ៧:១១-១៧)។ ពេលណាយើងឈឺចាប់ ព្រះអង្គក៏មានព្រះទ័យឈឺចាប់ផងដែរ។ យើងមានព្រះអង្គសង្រ្គោះមួយអង្គ ដែលមានព្រះទ័យអាណឹត នឹងឈឺចាប់ជាមួយយើង។ ប៉ុន្តែ ជាងនេះទៅទៀត ព្រះយេស៊ូវបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ។ ហើយព្រះអង្គនឹងមិនសុគតទៀតឡើយ។ ព្រះអង្គបានបង្ហាញឲ្យយើងដឹងថា បន្ទាប់ពីយើងស្លាប់ទៅ នៅថ្ងៃណាមួយយើងនឹងរស់ឡើងវិញ។ យើងមានក្តីសង្ឃឹមដ៏រស់ ក្នុងព្រះយេស៊ូវ ព្រោះព្រះអង្គសង្រ្គោះរបស់យើងមានព្រះជន្មរស់នៅ។
ហើយព្រះអង្គបានសន្យាថា ថ្ងៃមួយ មនុស្សនឹងលែងមានការឈឺចាប់ទៀត(វិវរណៈ ២១:៤)។ យើងមិនអាចជៀសវាងការឈឺចាប់ក្នុងរូបកាយយើង ដែលបណ្តាលមកពីជំងឺ និងអំពើបាបឡើយ តែក្នុងនាមយើងជាកូនព្រះ យើងនឹងបានទទួលរូបកាយថ្មី ដ៏ឧត្តម្ភ តាមព្រះបន្ទូលសន្យា(១កូរិនថូស ១៥:៤២-៤៣)។ នេះជាចុងបញ្ចប់នៃប្រវត្តិសាស្រ្តមនុស្សជាតិ ដែលយើងមានឯកសិទ្ធិ នៅក្នុងការដឹងជាមុន។
ក្នុងឆ្នាំ២០២០នេះ តើអ្នកបានឃើញរឿងអាក្រក់ជាច្រើនបានកើតឡើងឬ? សូមកុំបាក់ទឹកចិត្តឡើយ ព្រោះយើងមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ។ ព្រះជាម្ចាស់កំពុងតែបំពេញព្រះរាជកិច្ចស្តាអ្វីៗឡើងវិញ និងនាំមនុស្សជាតិឲ្យទទួលការប្រោសលោះរបស់ព្រះអង្គ។ ព្រះអង្គបានឲ្យ ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះអង្គ(រ៉ូម ៨:២៨)។
បន្ទាប់ពីយើងបានបោះជំហានចូល ទៅក្នុងឆ្នាំ២០២០ហើយ យើងប្រហែលត្រូវបានរុញច្រាន ឲ្យចូលទៅក្នុងស្ថានភាពដែលពិបាកៗជាច្រើន ដែលជាឱកាស ដែលយើងអាចប្រើ ដើម្បីរៀនទុកចិត្តព្រះអង្គ។ សូមយើងនាំគ្នាមើលទៅព្រះអង្គ ជាជាងមើលទៅរឿងទាំងឡាយដែលកំពុងកើតឡើង។ ដោយសារយើងមានក្តីសង្ឃឹមក្នុងព្រះអង្គ នោះយើងអាចដឹងច្បាស់ថា ព្រះអង្គនឹងនាំយើងឆ្លងកាត់បញ្ហាទាំងអស់ ដោយជោគជ័យ។
និពន្ធដោយ Chia Poh Fang, Singapore