ថ្មី​ៗ​នេះ ពេល​ណា​ខ្ញុំ​សរសេរ​អ៊ីមែល​ផ្ញើ​ទៅ​នរណា​ម្នាក់ ខ្ញុំ​តែង​តែ​សរសេរ​ជូន​ពរ​ពួក​គេ ដោយ​ចិត្ត​ស្មោះ​ត្រង់​ថា “ខ្ញុំ​សង្ឃឹម​ថា នៅ​ឆ្នាំ​ថ្មី​នេះ​ នឹង​មាន​រឿង​ល្អ​ៗ​ជា​ច្រើន​កើត​ឡើង​ចំពោះ​អ្នក”។ មនុស្ស​ជា​ច្រើន​ដែល​ខ្ញុំ​ស្គាល់ បាន​អាន និង​ទស្សនា​ពត៌​មាន ឬ​ដំណឹង​អាក្រក់​ជា​ច្រើន តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ នៅ​ដើម​ឆ្នាំ​នេះ ​ដែល​បាននាំ​មក​នូវ​ផល​ប៉ះ​ពាល់​ជា​ច្រើន មក​លើ​ផ្លូវ​អារម្មណ៍​របស់​ពួក​គេ។​

នៅ​ថ្ងៃ​ទី​១ នៃ​ឆ្នាំ​២០២០ ទី​ក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូ​នេស៊ី ត្រូវ​បាន​ទឹក​ភ្លៀង​ជន់​លិច។ ទឹក​ជំនន់​បាន​ឡើង​យ៉ាង​ឆាប់​រហ័ស ធ្វើ​ឲ្យ​ពល​រដ្ឋ​ឥណ្ឌូ​នេស៊ី​ជា​ច្រើន​នាក់​ មិន​អាច​ត្រៀម​ខ្លួន​ទាន់​ពេល​វេលា។ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​មិន​អាច​ទៅ​ទទួល​កូន នៅ​ផ្ទះ​ម្តាយ​របស់​គាត់ អស់​រយៈ​ពេល​ពីរ​បី​ថ្ងៃ ដោយ​សារ​គ្រោះ​ទឹក​ជំនន់​នេះ។​ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ទៀត​ត្រូវ​ជិះ​យន្ត​ហោះ ​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ចូល​រួម​ការ​ប្រជុំ​មួយ នៅ​ថ្ងៃ​ទី​៣ ខែ​មករា ប៉ុន្តែ គាត់​ខក​ខាន​មិន​បាន​រៀប​ចំ​ខោ​អាវ​នៅ​ផ្ទះ ដោយ​សារ​តែ​ទឹក​ជំនន់​នេះ ហើយ​គាត់​ត្រូវ​ទិញ​ខោអាវ​ថ្មី នៅ​ប្រទេស​ម៉ាឡេស៊ី សម្រាប់​ស្លៀក​ពាក់​នៅ​ទីនោះ។​

បន្ទាប់​មក យើង​ក៏​បាន​ឮ​ពត៌​មាន​ផ្សាយ​ថា មាន​​ភ្នំ​ភ្លើង​មួយ បាន​ផ្ទុះ​ឡើង នៅ​ប្រទេស​ភីលីពីន។ អ្នក​បក​ប្រែ​ភាសា​តាកាឡុក​៥​នាក់​របស់​នំម៉ាណា​ប្រចាំថ្ងៃ ប្រចាំ​ប្រទេស​ភីលីពីន មាន​ទី​លំ​នៅ​ក្បែរ​តំបន់​នោះ។ ផ្ទះ​របស់​ពួក​គេ​ត្រូវ​បាន​គ្រប​ដណ្តប់ ដោយ​ផេះ ដែល​ហុច​ចេញ​ពី​ភ្នំ​ភ្លើង។ ក្នុង​ចំណោម​ពួក​គេ មាន​បី​នាក់​ដែល​មាន​បញ្ហា​ផ្លូវ​ដង្ហើម ដោយ​សារ​ផេះ​ធ្លាក់​ខ្លាំង​ពេក ហើយ​ត្រូវ​រស់​នៅ ដោយ​គ្មាន​ចរន្ត​អគ្គីសនី និង​ការ​ផ្គត់​ផ្គង់​ទឹក អស់​រយៈ​ពេល​បី​ថ្ងៃ។​

ទន្ទឹម​នឹង​នោះ បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អូស្ត្រាលី​ក៏​កំពុង​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ឡើង។ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​ត្រូវ​ជិះ​យន្ត​ហោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ពី​ទីក្រុង​បាងកក ទៅ​ទីក្រុង​ឃែនបេរ៉ា ប្រទេស​អូស្រ្តាលី។ គាត់​ក៏​បាន​ទទួល​ដំណឹង​ថា ភ្លើង​ឆេះ​ព្រៃ​នៅ​ទីក្រុង​ឃែនបេរ៉ា បាន​ធ្វើ​ឲ្យ​គេបង្ខំ​ចិត្ត​លប់​ចោល​ជើង​ហោះ​ហើរ​ភាគ​ច្រើន នៅ​តាម​អាកាស​យាន្ត​ដ្ឋាន ដែល​នៅ​ក្បែរ​តំបន់​ភ្លើង​ឆេះ​ព្រៃ។ ជើង​ហោះ​ហើរ​របស់​គាត់ ក៏​បាន​ផ្លាស់​ប្តូរ​ទិស​ដៅ ទៅ​ទីក្រុង​ផ្សេង រួច​ក៏​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​ត្រឡប់​មក​ផ្ទះ។ គាត់​ក៏​បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​ថា “មាន​រឿង​កំពុង​តែកើត​ឡើង នៅ​ទីក្រុង​ដាវៅ ទីក្រុងម៉ានីល ទីក្រុងស៊ីឌនី ទីក្រុងឃែនបេរ៉ា … ខ្ញុំ​កំពុង​តែ​រង់​ចាំ … ខ្ញុំ​គ្រាន់​តែ​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប៉ុណ្ណោះ!”

ហើយ​គេ​ក៏​បាន​បន្ត​ទទួល​ដំណឹង​អាក្រក់​ជា​បន្ត​បន្ទាប់​ទៀត។ ពត៌​មាន​ដែល​និយាយ​អំពី​ការ​រាត​ត្បាត​នៃ​វីរូស​កូរ៉ូណា បាន​ក្លាយ​ជា​ដំណឹង​អាក្រក់ ដែល​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ជាង​ពត៌​មាន​ណា​ទាំង​អស់។ វីរូស​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​១​សែន​នាក់ ចាប់​តាំង​ពីពេល​ដែល​វា​ចាប់​ផ្តើម​រីក​រាល​ដាល នៅ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ២០១៩។

ក្នុង​ចំណោម​អ្នក​ដែល​ខ្ញុំ​ស្គាល់ គឺ​មិន​មាន​នរណា​ម្នាក់ ដែល​បាន​ឆ្លង​មេរោគ​នេះ​ទេ ប៉ុន្តែ ខ្ញុំ​បាន​ទទួល​ដំណឹង​មរណៈ​ភាព​របស់​មនុស្ស​បី​នាក់ ក្នុង​អំឡុង​ពេល​១៧​ថ្ងៃ​ដំបូង ​នៃ​ឆ្នាំ​ថ្មី​នេះ។ អ្នក​ទីមួយ​ គឺ​ជា​បង​ប្អូន​ជីដូន​មួយ​របស់​ខ្ញុំ ដែល​បាន​ស្លាប់​ចោល​ភរិយា​ដ៏​ក្មេង​វ័យ ដោយ​បន្សល់​នូវការ​ព្រាត់​ប្រាស់​គ្រួសារ​ដ៏​សោក​សៅ។ អ្នក​ទីពីរ គឺ​ជា​ស្រ្តី​ចំណាស់​ម្នាក់ ដែល​បាន​ស្លាប់​ចោល​ដៃ​គូរ​ជីវិត​របស់​ខ្លួន ដែល​បាន​រស់​នៅជា​មួយ​គ្នា​អស់់​រយៈ​ពេល​ជាង​៤០​ឆ្នាំ​មក​ហើយ។ អ្នក​ទីបី​គឺ​ជា​កុមារី​អាយុ​៥​ឆ្នាំ ដែល​ក្រញាំ​នៃ​សេចក្តី​ស្លាប់​បាន​ឆក់​យក​ជីវិត​របស់​នាង ចេញ​ពីដើម​ទ្រូង​ម្តាយ ដោយ​ការ​សោក​សង្រេង​បំផុត។​

ការ​និយាយ​ថា ឆ្នាំ​នេះ​មិន​មាន​ការ​ចាប់​ផ្តើម​ដ៏​ល្អ គឺ​មិន​មែន​ជា​ការ​និយាយ​លើស​ទេ។ ជីវិត​របស់​អ្នកក៏​ប្រហែល​ជា​បាន​ទទួល​ការ​រំខាន ពី​ពត៌មាន​អាក្រក់​ជា​បន្ត​បន្ទាប់ ក្នុង​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ ហើយ​វា​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ភ័យ​ខ្លាច ការ​ព្រួយ​បារម្ភ កំហឹង  ឬ​ពិបាក​ចិត្ត។ បើ​សិនជា​នេះ​ជា​ការ​ពិត​មែន នោះ​សូម​ទទួល​នូវ​ការ​លើក​ទឹក​ចិត្ត​ដូច​តទៅ។

អារម្មណ៍​ដែល​អ្នក​មាន​ចំពោះ​បញ្ហា គឺ​វា​កើត​មាន​ជា​ធម្មតា​ទេ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​អ្នក​មាន​កំហឹង ចំពោះ​ការ​ស្លាប់​របស់​មនុស្ស​ជា​ទីស្រឡាញ់​ណា​ម្នាក់។ វា​ក៏​មិន​ខុស​ទាស់​អ្វី​ដែរ ដែល​អ្នក​មាន​ការ​មិន​សប្បាយ​ចិត្ត ចំ​ពោះ​ការ​ផ្លាស់​ប្តូរ​ធាតុ​អាកា ដែល​នាំ​ឲ្យ​មាន​ទឹក​ជំនន់ ឬ​ភ្លើង​ឆេះ​ព្រៃ ឬ​ព្រួយ​បារម្ភ​អំពី​ការ​រីក​រាល​ដាស​នៃ​វីរូស​កូរ៉ូណា។​

ខ្ញុំ​មាន​ចិត្ត​ក្រៀម​ក្រំ​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ទទួល​ដំណឹង​មរណៈ​ភាព​របស់​បង​ប្អូន​ជីដូន​មួយ​របស់​ខ្ញុំ ហើយខ្ញុំ​ក៏​បាន​ចោទ​សួរ​ថា ហេតុ​អ្វី​គាត់​ស្លាប់​ទាំង​វ័យ​ក្មេង​យ៉ាង​នេះ។ ខ្ញុំ​ក៏​បាន​ចូល​រួម​សោក​ស្តាយ​ជា​មួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ ដែល​បាន​បាត់​បង់​កូន​ស្រី​ជាទី​ស្រឡាញ់​ដោយសារ​ជម្ងឺ ខណៈ​ពេល​ដែល​មិត្ត​ភក្តិ​ខ្លះ​ទៀត​ មិន​អាច​ទៅ​ផ្ទះ ដោយសារ​ភ្លើង​ឆេះ​ព្រៃ ឬ​ត្រូវ​ពិបាក​ក្នុង​ការ​សម្អាត​ផ្ទះ បន្ទាប់​ពី​មាន​ទឹក​ជំនន់ ឬ​បន្ទុះ​ភ្នំ​ភ្លើង​។

យើង​ឃើញ​ថា ព្រះ​យេស៊ូវ​ក៏​បាន​បង្ហាញ​ចេញ​នូវ​ព្រះ​ទ័យ​សោក​សង្រេង នៅ​ពិធី​បុណ្យ​សព​ផង​ដែរ។ ពេល​ដែល​ព្រះ​អង្គ​បាន​ទត​ឃើញ​នាងម៉ារា​ទួញ​យំ ជា​មួយ​ពួក​សាសន៍​យូដា ដោយសារ​ការ​ស្លាប់​របស់​លោក​ឡាសា ដែល​ជា​ប្អូន​ប្រុស​របស់​នាង នោះ​ទ្រង់​មាន​សេចក្តី​រំជួល ទាំង​ក្នាញ់​ក្នុង​ព្រះហឫទ័យ(យ៉ូហាន ១១:៣៣)។

តើ​ព្រះ​អង្គ​ក្នាញ់​ក្នុង​ព្រះ​ទ័យ​នឹង​រឿង​អ្វី? ត្រង់​ចំណុច​នេះ ព្រះ​អង្គ​អាច​មាន​ព្រះ​ទ័យ​ឈឺ​ចាប់ ចំពោះ​អំពើ​បាប និង​ផល​វិបាក​របស់​វា។ ព្រះ​ជាម្ចាស់​មិន​បាន​បង្កើត​ពិភព​លោក ឲ្យ​មាន​ពេញ ដោយ​ជម្ងឺ ទុក្ខ​វេទនា និង​សេចក្តី​ស្លាប់​នោះ​ឡើយ។ ប៉ុន្តែ អំពើ​បាប​បាន​ចូល​ទៅ​ក្នុង​លោកិយ ហើយ​ធ្វើ​ឲ្យ​ខូច​ស្នា​ព្រះ​ហស្ត​ដ៏​ល្អ​របស់​ព្រះ​អង្គ។​

ពេល​ដែល​អ្វី​ៗ​មិន​ដំណើរ​ការ​ល្អ ចូរ​ដឹង​ថា យើង​មិន​ទាន់​ដល់​ទី​បញ្ចប់​ទេ។ មាន​សំណួរ​ជា​ច្រើន អំពី​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា ដែល​ខ្ញុំពិបាក​ស្វែង​រក​ចម្លើយ។ ប៉ុន្តែ ពេល​ណា​ខ្ញុំ​មាន​ការ​សង្ស័យ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​យេស៊ូវ​បាន​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ពិភព​លោក​របស់​យើង កាល​ពី​២​ពាន់​ឆ្នាំ​មុន ហើយ​ក៏​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​ជា​ម្ចាស់​មាន​លក្ខណៈ​ដូច​ម្តេច។​

ព្រះ​ហស្ត​ព្រះ​អង្គ​បាន​ពាល់​មនុស្ស​កើត​ឃ្លង់​ ហើយ​ប្រោស​គាត់​ឲ្យ​ជា(ម៉ាកុស ១:៤១) ហើយ​ព្រះ​អង្គ​បាន​ទត​មើល​ទៅ​ស្រ្តី​មេម៉ាយ​ដ៏​កំសត់ ​នៅ​ក្រុង​ណាអ៊ីន ដោយ​ព្រះ​ទ័យ​អាណឹត​អាសូរ​ចំពោះ​គាត់ ហើយ​ក៏​បាន​ប្រោស​កូន​ប្រុស​គាត់​ឲ្យ​រស់​ឡើង​វិញ​(លូកា ៧:១១-១៧)។ ពេលណា​យើង​ឈឺ​ចាប់ ព្រះ​អង្គ​ក៏​មាន​ព្រះ​ទ័យ​ឈឺ​ចាប់​ផង​ដែរ។ យើង​មាន​ព្រះ​អង្គ​សង្រ្គោះ​មួយ​អង្គ ដែល​មាន​ព្រះ​ទ័យ​អាណឹត នឹង​ឈឺ​ចាប់ជា​មួយ​យើង។ ប៉ុន្តែ ជាង​នេះ​ទៅ​ទៀត ព្រះ​យេស៊ូវ​បាន​សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ហើយ​ព្រះ​អង្គ​នឹង​មិន​សុគត​ទៀត​ឡើយ។ ព្រះ​អង្គ​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា បន្ទាប់​ពី​យើង​ស្លាប់​ទៅ នៅ​ថ្ងៃ​ណា​មួយ​យើង​នឹង​រស់​ឡើង​វិញ។ យើង​មាន​ក្តី​សង្ឃឹម​ដ៏​រស់ ក្នុង​ព្រះ​យេស៊ូវ ព្រោះ​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង​មាន​ព្រះ​ជន្ម​រស់​នៅ។

ហើយ​ព្រះ​អង្គ​បាន​សន្យា​ថា ថ្ងៃ​មួយ មនុស្ស​នឹង​លែង​មាន​ការ​ឈឺ​ចាប់​ទៀត(វិវរណៈ ២១:៤)។ យើង​មិន​អាច​ជៀស​វាង​​ការ​ឈឺ​ចាប់​ក្នុង​រូបកាយ​យើង ដែល​បណ្តាល​មក​ពី​ជំងឺ និង​អំពើ​បាប​ឡើយ តែ​ក្នុង​នាម​យើង​ជា​កូន​ព្រះ​ យើង​នឹង​បាន​ទទួល​រូប​កាយ​ថ្មី ​ដ៏​ឧត្តម្ភ តាម​ព្រះ​បន្ទូល​សន្យា(១កូរិនថូស ១៥:៤២-៤៣)។ នេះ​ជា​ចុង​បញ្ចប់​នៃ​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ ដែល​យើង​មាន​ឯក​សិទ្ធិ នៅ​ក្នុង​ការ​ដឹង​ជា​មុន។​

ក្នុង​ឆ្នាំ​២០២០​នេះ តើ​អ្នក​បាន​ឃើញ​រឿង​អាក្រក់​ជា​ច្រើន​បាន​កើត​ឡើង​ឬ? សូម​កុំ​បាក់​ទឹក​ចិត្ត​ឡើយ ព្រោះ​យើង​មិន​ទាន់​ដល់​ទីបញ្ចប់​នៅ​ឡើយ​ទេ។ ព្រះ​ជា​ម្ចាស់​កំពុង​តែ​បំពេញ​ព្រះ​រាជ​កិច្ច​ស្តា​អ្វី​ៗ​ឡើង​វិញ និង​នាំ​មនុស្ស​ជាតិ​ឲ្យ​ទទួល​ការ​ប្រោស​លោះ​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​បានឲ្យ ​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្តី​ល្អដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ(រ៉ូម ៨:២៨)។

បន្ទាប់​ពី​យើង​បាន​បោះ​ជំហាន​ចូល ទៅ​ក្នុង​ឆ្នាំ​២០២០​ហើយ យើង​ប្រហែល​ត្រូវ​បាន​រុញ​ច្រាន ឲ្យ​ចូល​ទៅ​ក្នុង​ស្ថាន​ភាព​ដែល​ពិបាក​ៗ​ជាច្រើន ដែល​ជា​ឱកាស ដែល​យើង​អាច​ប្រើ ដើម្បី​រៀន​ទុក​ចិត្ត​ព្រះ​អង្គ។ សូម​យើង​នាំ​គ្នា​មើល​ទៅ​ព្រះ​អង្គ ជា​ជាង​មើល​ទៅ​រឿង​ទាំង​ឡាយ​ដែល​កំពុង​កើត​ឡើង។ ដោយសារ​យើង​មាន​ក្តី​សង្ឃឹម​ក្នុង​ព្រះ​អង្គ នោះ​យើង​អាច​ដឹង​ច្បាស់​ថា ព្រះ​អង្គ​នឹង​នាំ​យើង​ឆ្លង​កាត់​បញ្ហា​ទាំង​អស់ ដោយ​ជោគ​ជ័យ។​

និពន្ធដោយ Chia Poh Fang, Singapore