ភាពធម្មតាបែបថ្មី
គ្រូគង្វាលម្នាក់ ដែលបានទទួលការបណ្តុះបណ្តាលផ្នែកប្រឹក្សាយោបល់ អំពីរបួសផ្លូវចិត្តធ្ងន់ធ្ងរ និងការសោកសង្រេង បានបញ្ចេញមតិរបស់គាត់ថា ជាញឹកញាប់ការឈឺចាប់ ដែលកើតមានភ្លាមៗ បន្ទាប់ពីមានការបាត់បង់មិនមែនជាឧបស័គ្គដ៏ធំបំផុត ក្នុងការរស់នៅរបស់អ្នកមានរបួសផ្លូវចិត្តឡើយ។ ផ្ទុយទៅវិញ បញ្ហាដ៏ធំបំផុត ដែលពួកគេជួប គឺការសម្របខ្លួននឹងការរស់នៅបែបផ្សេង បន្ទាប់ពីមានវិបត្តិផ្លូវចិត្តនោះហើយ។ អ្វីដែលធ្លាប់តែជាការធម្មតា ប្រហែលជាមិនអាចក្លាយជាការធម្មតាទៀតឡើយ។ ដូច្នេះ អ្វីដែលអ្នកប្រឹក្សាយោបល់ ត្រូវធ្វើសម្រាប់អ្នកជម្ងឺផ្លូវចិត្ត គឺត្រូវជួយពួកគេឲ្យមាន “ភាពធម្មតាបែបថ្មី”។ ភាពធម្មតាបែបថ្មីនេះ ប្រហែលជាមិនរាប់បញ្ចូលសុខភាពដ៏ម៉ាំមួន ទំនាក់ទំនងដ៏ល្អ ឬក៏ការងារដ៏ល្អដែលពួកគេធ្លាប់មាន។ ម្យ៉ាងទៀត ភាពធម្មតាបែបថ្មីនេះ អាចជាការទម្លាប់រស់នៅ ដោយគ្មានអ្នកជាទីស្រឡាញ់ ដែលបានលាចាកលោកទៅហើយជាដើម។ ដោយសារការបាត់បង់នោះ មានសភាពធ្ងន់ធ្ងរខ្លាំង នោះយើងត្រូវបង្ខំចិត្តរស់នៅ ក្នុងជីវិតបែបថ្មី ទោះបីជាមានការពិបាកយ៉ាងណាក៏ដោយ។
ពេលដែល យើងមាន “ភាពធម្មតាបែបថ្មី”ហើយ យើងងាយនឹងគិតថា គ្មាននរណាម្នាក់យល់ពីអារម្មណ៍របស់យើងឡើយ។ ប៉ុន្តែ ការគិតបែបនេះ គឺមិនត្រឹមត្រូវទេ។ ព្រះយេស៊ូវទ្រង់បានយាងមកចាប់កំណើតជាមនុស្ស ក៏ដើម្បីពិសោធនឹងការពិបាកក្នុងការរស់នៅ ក្នុងចំណោមមនុស្សជាតិផងដែរ ហើយការនេះបាននាំឲ្យទ្រង់មាននាទីដ៏សំខាន់មួយ គឺដូចដែលមានសេចក្តីចែងថា “ដ្បិត សំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូ ដល់សេចក្តីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្តីល្បួងគ្រប់យ៉ាងដូចជាយើងរាល់គ្នាដែរ តែឥតដែលធ្វើបាបឡើយ”(ហេព្រើរ ៤:១៥)។
ព្រះអង្គសង្គ្រោះនៃយើង ទ្រង់រស់នៅក្នុងជីវិតដ៏ល្អដែលគ្មានកន្លែងបន្ទោសបាន តែទ្រង់នៅតែជ្រាបពីការឈឺចាប់ ក្នុងលោកិយដ៏បាក់បែកនេះ។ ទ្រង់បានរងទុក្ខលំបាក…
គេកំពុងមើលយើង
មានក្រុមបាល់ទាត់អាជីពមួយ បានជួបរដូវកាលដ៏អាក្រក់ ដោយប្រកួតចាញ់ពីរបីសប្តាហ៍ជាប់ៗគ្នា។ អ្នកយកពត៌មានបានសួរកីឡាករម្នាក់ ដែលនៅក្នុងក្រុមនោះថា “តើមានអ្វីជម្រុញចិត្តលោក ឲ្យនៅតែបន្តខំប្រឹងប្រកួតយ៉ាងអស់ពីសមត្ថភាព ទោះបីជាក្រុមរបស់លោកបានចាញ់ ស្ទើរតែគ្រប់ការប្រកួតយ៉ាងដូចនេះ”។ គាត់បានឆ្លើយថា “ឪពុកម្តាយរបស់ខ្ញុំបានមកទស្សនាការប្រកួតរបស់ខ្ញុំ ដូចនេះ អ្នកត្រូវដឹងថា ខ្ញុំត្រូវតែខិតខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាព!” គាត់បានទទួលស្គាល់ នៅក្នុងការប្រកួត គឺមានអ្វីដែលសំខាន់ជាងការខំយកឈ្នះចាញ់។ មានមនុស្សជាច្រើនកំពុងទស្សនាការប្រកួតរបស់គាត់ ហេតុនេះហើយ បានជាគាត់មានទឹកចិត្តប្រកួតឲ្យបានល្អបំផុត។
ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូល អំពីសេចក្តីពិតដូចគ្នានេះ នៅក្នុងផ្នែកដំបូង នៃសេចក្តីបង្រៀននៅលើភ្នំ។ យើងគួរតែរស់នៅ ដោយទទួលស្គាល់ថា មនុស្សដែលនៅជុំវិញខ្លួនយើង កំពុងតែសង្កេតមើលអ្វីដែលយើងធ្វើ ដូចនេះ គេក៏អាចស្គាល់ព្រះរបស់យើង តាមរយៈទីបន្ទាល់នៃការរស់នៅរបស់យើងផងដែរ។ ហេតុនេះហើយ បានជាព្រះយេស៊ូវមានបន្ទូលថា “ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើងដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ តើយើងត្រូវឲ្យពន្លឺនៃជីវិតយើងបានភ្លឺឡើង ដោយរបៀបណាខ្លះ? គឺដោយបង្ហាញឲ្យគេស្គាល់ព្រះទ័យ និងបុគ្គលិកលក្ខណៈរបស់ព្រះគ្រីស្ទ នៅក្នុងស្ថានភាព ដែលយើងជួបប្រទះ ក្នុងជីវិតជាប្រចាំថ្ងៃ។ ដោយបង្ហាញចេញនូវចិត្តក្តួលអាណិត ដូចដែលទ្រង់បានធ្វើ ចំពោះអ្នកដែលកំសត់ទុរគត ឬអ្នកដែលសង្គមបោះបង់ចោល។ ហើយយកចិត្តទុកដាក់ ចំពោះការថ្វាយព្រះកិត្តិនាម និងសិរីល្អដល់ព្រះវរបិតា។
មនុស្សម្នាកំពុងតែមើលយើង។ សំណួរនោះគឺ តើពួកគេឃើញអ្វីខ្លះ តាមរយៈជីវិតយើង? —Bill…
បានជាស្អាតទាំងស្រុង
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានចែកចាយដល់ខ្ញុំ អំពីសុខទុក្ខរបស់គាត់ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដែលជារយៈពេលដែលគាត់ទទួលការព្យាបាលជម្ងឺមហារីក។ ស្នាមញញឹមនៅលើមុខរបស់គាត់បានលេចឡើង ខណៈពេលដែលគាត់បានចែកចាយអំពីដំណឹងល្អ ដែលគាត់ទើបតែបានទទួលពីវេជ្ជបណ្ឌិត។ គាត់បានប្រាប់ខ្ញុំថា នៅក្នុងការពិនិត្យសុខភាព អស់រយៈពេលមួយឆ្នាំនេះ វេជ្ជបណ្ឌិតបានប្រាប់គាត់ថា លទ្ធផលនៃការពិនិត្យបានរកឃើញថា គាត់បានជាស្អាតទាំងស្រុង។ ពាក្យនេះបានលើកទឹកចិត្តគាត់ណាស់។ សម្រាប់មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ ពាក្យថា ជាស្អាតទាំងស្រុង គឺមានន័យថា ជម្ងឺដែលបានគំរាមឆក់យកជីវិតគាត់ កាលពីប៉ុន្មានខែមុន ឥឡូវនេះ មិនមាននៅក្នុងខ្លួនគាត់ទៀតទេ។ យើងមានចិត្តត្រេកអរណាស់ ពេលដែលបានដឹងថា គាត់បានជាស្អាតទាំងស្រុងហើយនោះ!
បន្ទាប់ពីស្តេចដាវីឌបានប្រព្រឹត្តខុសសីលធម៌ ជាមួយនាងបាតសេបា ទ្រង់ក៏ចង់ឲ្យចិត្តរបស់ទ្រង់ បានជាស្អាតទាំងស្រុង ពីស្នាមប្រឡាក់នៃអំពើបាបផងដែរ បានជាទ្រង់ស្រែកអំពាវរកព្រះថា “ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង”(ទំនុកដំកើង ៥១:១០)។ ព្រះទ្រង់មានដំណឹងល្អមួយសម្រាប់ស្តេចដាវីឌ ក៏ដូចជាសម្រាប់យើងរាល់គ្នា គឺថា ទ្រង់អាចលាងជម្រះអំពើបាបឲ្យយើងបាន។ ពេលយើងត្រូវការការលាងជម្រះ នោះចូរយើងមានសង្ឃឹមឡើង ដ្បិតសាវ័កយ៉ូហានបានបង្រៀនយើងថា “បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង”(១យ៉ូហាន ១:៩)។
យើងមិនអាចសម្អាតចិត្តរបស់យើង ដោយខ្លួនឯងបានឡើយ មានតែព្រះទេដែលអាចសម្អាតចិត្តយើងបាន។ បើយើងបានលន់តួបាប នៅចំពោះទ្រង់ហើយ ទ្រង់បានសន្យាថា នឹងលាងជម្រះយើងឲ្យស្អាតទាំងស្រុង! –Bill Crowder
មិនមែនជារឿងទេវកថា
ខ្ញុំជាមនុស្សដែលចូលចិត្តស្វែងយល់ អំពីប្រវត្តិសាស្រ្តហេតុនេះហើយ បានជាខ្ញុំរង់ចាំទស្សនាកម្មវិធីផ្សាយពិសេសរបស់ទូរទស្សន៍ ស្តីអំពីស្តេចអាស័រ(King Arthur) ដ៏អស្ចារ្យ។ ក្នុងផ្នែកខាងដើមនៃខ្សែវីដេអូរឯកសារនេះ ពួកប្រវត្តិវិទូបានទទួលស្គាល់ថា រឿងស្តេចអាស័រ ពួកទ័ពសេះ និងការប្រជុំតុមូលរបស់ពួកគេ មិនមានការកត់ត្រារបស់សាក្សី ឬភ័ស្តុតាងប្រវត្តិសាស្រ្តណាមួយជាសំអាងទេ។ ដូចនេះ ជាញឹកញាប់ គេបានហៅរឿងនោះថា “រឿងព្រេង” ឬ “រឿងទេវកថា”។ រឿងនេះហាក់ដូចជា គ្រាន់តែជារឿងព្រេងមួយ ដែលកើតឡើងពីការប្រទាក់ក្រឡាគ្នានៃរឿងដទៃជាច្រើនទៀត អស់ជាច្រើនសតវត្សរ៍។
ទោះជាយ៉ាងណាក៏ដោយ ដំណឹងល្អមិនមានប្រភពនៅក្នុងរឿងទេវកថា ឬរឿងព្រេងឡើយ តែមានប្រភពនៅក្នុងការពិត ដែលគេបានស្រាវជ្រាវរកឃើញយ៉ាងត្រឹមត្រូវ ហើយជារឿងដ៏អស្ចារ្យបំផុតដែលគេបានថ្លែងប្រាប់។ គឺដូចដែលសាវ័កប៉ុលបានសរសេរថា ការរស់ពីសុគតឡើងវិញនៃព្រះគ្រីស្ទ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដែលមានសាក្សីដ៏ពិតជាសម្អាង។ សាវ័កប៉ុលបានរាយឈ្មោះរបស់ពួកសាវ័កដែលបានឃើញព្រះគ្រីស្ទផ្ទាល់ភ្នែក បន្ទាប់ពីទ្រង់បានមានព្រះជន្មឡើងវិញ ហើយបានរៀបរាប់ថា “ក្រោយទៀត ទ្រង់លេចមកឲ្យពួកបងប្អូនជាង៥០០នាក់ឃើញតែម្តង ជាពួកដែលមានគ្នាច្រើនរស់នៅ ដរាបដល់សព្វថ្ងៃនេះ តែមានខ្លះបានដេកលក់ទៅហើយ” (១កូរិនថូស ១៥:៦)។ ពេលដែលសាវ័កប៉ុលកំពុងសរសេរបទគម្ពីរនេះ ក្នុងចំណោមពួកស្មរបន្ទាល់ទាំងនោះ មានពួកគេជាច្រើននាក់ នៅមានជីវិតនៅឡើយ ហើយអ្នកដែលរស់នៅសម័យនោះ អាចទៅសួរអ្នកទាំងនោះបាន។
ការមានព្រះជន្មឡើងវិញ នៃព្រះគ្រីស្ទមិនមែនជារឿងប្រឌិត បែបទេវកថាឡើយ តែជាការពិត ដែលបានកើតឡើងក្នុងប្រវត្តិសាស្រ្ត។—Bill Crowder
សូមគង់នៅជាមួយទូលបង្គំ
នៅក្នុងវិស្ស័យកីឡាបាល់ទាល់ នៅប្រទេសអង់គ្លេស ជារៀងរាល់ឆ្នាំ វគ្គដែលគេចូលចិត្តទស្សនាបំផុត គឺវគ្គផ្តាច់ព្រាត់នៃការប្រកួតបាល់ទាល់ពានរង្វាន់ហ្វា(FA)។ គេសង្កេតឃើញថា អស់រយៈពេលជាង១០០ឆ្នាំកន្លងមកនេះ ថ្ងៃប្រកួតនោះ មានពេញដោយភាពរំភើបរីករាយ ការអបអរសាទរ និងការប្រកួតប្រជែង។ ប៉ុន្តែ អ្វីដែលខ្ញុំចាប់អារម្មណ៍បំផុត គឺព្រឹត្តិការណ៍នៃការបើកការប្រកួត។ ព្រោះគេចាប់ផ្តើមបើកការប្រកួត ដោយច្រៀងបទប្រពៃណី ដែលជាទំនុកសរសើរមានចំណងជើងថា “សូមគង់ជាមួយទូលបង្គំ”។
ពីដំបូង ខ្ញុំយល់ថា ការប្រើបទចម្រៀងដូចនេះ ហាក់ដូចជាចម្លែកបន្តិច។ ខ្ញុំឆ្ងល់ថា តើបទទំនុកសរសើរនោះ មានទំនាក់ទំនងអ្វីជាមួយកីឡាបាល់ទាត់? ពេលដែលខ្ញុំគិតអំពីការនេះ ខ្ញុំក៏បានដឹងថា យើងត្រូវការព្រះវត្តមាននៃព្រះ នៅក្នុងការគ្រប់យ៉ាងដែលយើងធ្វើ ដូចជានៅក្នុងកីឡា ការទិញឥវ៉ាន់ ការធ្វើការ ការទៅរៀន ឬធ្វើអ្វីៗផ្សេងទៀត។ គ្មានផ្នែកណាមួយនៃជីវិតយើង ដែលមិនត្រូវការព្រះវត្តមាននៃព្រះឡើយ ដូចនេះ ការប្រាថ្នាសូមឲ្យព្រះគង់ជាមួយ គឺពិតជាការប្រាថ្នាដ៏សមហេតុផលបំផុត ដែលយើងត្រូវមាន។
ជាការពិតណាស់ ព្រះវត្តមាននៃព្រះវរបិតាដែលគង់នៅស្ថានសួគ៌ មិនមែនជាអ្វីដែលយើងចាំបាច់ត្រូវទូលអង្វរដល់ទ្រង់ឡើយ ព្រោះទ្រង់បានសន្យាថា ទ្រង់នឹងគង់នៅជាមួយយើង។ ជាក់ស្តែង បទគម្ពីរហេព្រើ ១៣:៥ បានចែងថា “ដ្បិតទ្រង់មានព្រះបន្ទូលថា «អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ»”។
ព្រះវត្តមាននៃព្រះ មិនគ្រាន់តែជាកត្តាដែលនាំឲ្យយើងស្កប់ចិត្តប៉ុណ្ណោះទេ ប៉ុន្តេ ថែមទាំងជាអ្វីដែលព្រះបានសន្យាប្រទានដល់យើង ដែលអាចនាំឲ្យយើងមានប្រាជ្ញា ភាពសុខសាន្ត ការកម្សាន្តចិត្ត និងកម្លាំង…
ភាពមិនអាចមើលឃើញ ដ៏អាថ៌កំបាំង
នៅទូទាំងសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល ជាញឹកញាប់ យើងជួបប្រទះផលប៉ះពាល់នៃគ្រោះមហន្តរាយ ដែលគ្មាននរណាអាចមើលឃើញ។ ឧទាហរណ៍ ក្នុងឆ្នាំ២០១១ នៅសហរដ្ឋអាមេរិក មានទីក្រុងមួយចំនួន បានទទួលរងការបំផ្លាញពីខ្យល់កួចយក្សថូនេដូ ដែលបានបក់គួចបំផ្លាញលំនៅដ្ឋាន និងទីប្រជុំជន អស់ជាច្រើនកន្លែង។ ហើយក្នុងរដូវខ្យល់ព្យុះកំបុតត្បូងម្តងៗ យើងមានការរន្ធត់ចិត្ត ចំពោះខ្យល់ដែលបក់បោកក្នុងល្បឿនជាង ១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលបានគំរាមបំផ្លាញអ្វីៗដែលយើងបានកសាងមកនោះ។
ទាំងអស់នេះគឺបានបង្ករឡើង ដោយអំណាចដែលយើងមិនអាចមើលឃើញ។ ជាការពិតណាស់ យើងអាចមើលឃើញស្លឹកឈើបក់ ឬកំទេចកំទីប៉ើង ដោយសារខ្យល់បក់ តែយើងមិនអាចមើលឃើញខ្យល់បានឡើយ។ ការនេះកើតឡើងតាមរបៀបដ៏អាថ៌កំបាំងដែលយើងមើលមិនឃើញ។
តាមន័យធៀប យើងក៏មិនអាចមើលឃើញព្រះវិញ្ញាណបរិសុទ្ធបានដែរ។ តាមបទគម្ពីរកិច្ចការជំពូក២ ពេលអ្នកជឿព្រះបានពិសោធន៍នឹងការពេញដោយព្រះវិញ្ញាណបរិសុទ្ធ នៅថ្ងៃបុណ្យទី៥០ “ស្រាប់តែមានឮសូរពីលើមេឃ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង មកពេញក្នុងផ្ទះដែលគេអង្គុយនៅ”(កិច្ចការ ២:២)។ ខ្យល់ដែលបក់មកនោះ បានបង្ហាញឲ្យគ្រីស្ទបរិស័ទសម័យដើមទាំងនោះបានដឹង អំពីការយាងមកនៃព្រះវិញ្ញាណបរិសុទ្ធ ចូលសណ្ឋិតនៅក្នុងជីវិតរបស់ពួកគេ ដើម្បីធ្វើកិច្ចការរបស់ទ្រង់។ ហើយសព្វថ្ងៃនេះ ទ្រង់ក៏នៅតែធ្វើការនេះ នៅក្នុងជីវិតយើងផងដែរ! បើអ្នកជាអ្នកដើរតាមព្រះគ្រីស្ទ នោះចូរត្រេកអរចុះ។ ព្រះវិញ្ញាណបរិសុទ្ធបង្កើតផលផ្លែ ក្នុងជីវិតអ្នក(កាឡាទី ៥:២២-២៣) បង្រួបបង្រួមអ្នកជឿព្រះ ក្នុងរូបកាយតែមួយនៃព្រះគ្រីស្ទ(១កូរិនថូស ១២:១៣) ហើយទ្រង់ជួយឲ្យអ្នកបានដឹងច្បាស់ អំពីព្រះវត្តមាននៃព្រះ(១យ៉ូហាន ៣:២៤)។ ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ជាអង្គដ៏មានអំណាច ក្នុងជីវិតយើង ទោះជាយើងមិនអាចមើលទ្រង់ឃើញក៏ដោយ។—Bill Crowder
ថ្ងៃថ្មី
ក្នុងការប្រជុំពេលព្រឹក ដែលខ្ញុំបានចូលរួមពេលថ្មីៗនេះ អ្នករៀបចំការជួបជុំ បានអធិស្ឋានបើក យ៉ាងដូចនេះថា “ឱ ព្រះអម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណទ្រង់ សម្រាប់ថ្ងៃនេះ។ នេះជាពេលចាប់ផ្តើមនៃថ្ងៃថ្មីមួយទៀត ដែលយើងខ្ញុំទើបតែបានឃើញ”។ ទោះបីជាពាក្យអធិស្ឋានរបស់គាត់ត្រង់ចំណុចនេះ ហាក់ដូចជាងាយស្រួលយល់ក៏ដោយ ក៏សេចក្តីអធិស្ឋាននេះបានធ្វើឲ្យខ្ញុំគិតដល់ចំណុចខុសៗគ្នាមួយចំនួន។ ទីមួយ : ដោយសារថ្ងៃនីមួយៗ ជាថ្ងៃថ្មី ហើយជាឱកាសថ្មី នោះនៅក្នុងថ្ងៃនីមួយៗ មានការជាច្រើន ដែលយើងមិនអាចរំពឹងទុកជាមុន ឬមិនបានត្រៀមខ្លួនទុកជាមុន។ ដូចនេះ យើងចាំបាច់ត្រូវទទួលស្គាល់ថា សមត្ថភាពយើងមានកំណត់ ហើយត្រូវពឹងផ្អែកលើព្រះទាំងស្រុង ដោយសម្រេចចិត្តរស់នៅ ក្នុងព្រះគុណ និងកម្លាំងរបស់ទ្រង់ ជាជាងពឹងផ្អែកលើធនធានរបស់យើង។
ទីពីរ : ថ្ងៃនីមួយៗជាថ្ងៃថ្មី ហើយក៏ជាអំណោយ ដែលគួរឲ្យយើងអរសប្បាយផងដែរ។ ប្រហែលមកពីហេតុនេះហើយ បានជាអ្នកនិពន្ធទំនុកដំកើង បានប្រកាសឡើងថា “ថ្ងៃនេះជាថ្ងៃដែលព្រះយេហូវ៉ាបានកំណត់ទុក(ឬបង្កើត) នៅថ្ងៃនេះ យើងរាល់គ្នានឹងរីករាយសប្បាយឡើង”(ទំនុកដំកើង ១១៨:២៤)។
ជាការពិតណាស់ នៅថ្ងៃនេះ មានការជាច្រើនដែលយើងមិនធ្លាប់បានប្រទះពីមុនមកហើយមានការខ្លះក៏អាចធ្វើឲ្យយើងមានការពិបាកផងដែរ។ ប៉ុន្តែ ថ្ងៃថ្មីនីមួយៗសុទ្ធតែមានតម្លៃដ៏ពិសេស បានជាលោកម៉ូសេបានសរសេរនៅក្នុងបទគម្ពីរថា “ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា”(ទំនុកដំកើង ៩០:១២)។
ថ្ងៃថ្មីនីមួយៗ គឺជាអំណោយដ៏មានតម្លៃ។ សូមយើងទទួលគ្នាទៅវិញទៅមក ដោយអរព្រះគុណព្រះ ដោយទុកចិត្តគ្នាទៅវិញទៅមក ដោយការអបអរសាទរ…
ការបោកបញ្ឆោត
សៀវភៅក្បួនសឹកស៊ុនជឺ គឺជាស្នារដៃនិពន្ធរបស់មេទ័ពចិន ឈ្មោះស៊ុន ជឺ(Sun Tzu)។ ក្បួនសឹកនេះបានក្លាយជាមគ្គុទេស ដែលបានប្រឹក្សាយោបល ដល់ការធ្វើសឹកសង្គ្រាម អស់ពេលជាច្រើនសតវត្សរ៍មកហើយ។ ប៉ុន្តែ វាក៏ត្រូវបានមនុស្សទាំងប្រុសស្រីប្រើប្រាស់ ក្នុងវិស័យផ្សេងៗជាច្រើនទៀត ដែលរួមមានវិស័យដឹកនាំ គ្រប់គ្រង ធ្វើជំនួញ នយោបាយ និងកីឡាជាដើម។ ខ្ញុំសូមដកស្រង់ សម្តីរបស់លោកស៊ុន ជឺ ត្រង់ចំណុច ដែលគាត់បាននិយាយ ក្នុងក្បួនសឹកនោះថា : “សង្គ្រាមនីមួយៗ គឺសុទ្ធតែផ្អែកទៅលើការបោកបញ្ឆោត។ ដូចនេះ ពេលយើងមានលទ្ធភាពវាយប្រហារ យើងត្រូវតែធ្វើពុតជាគ្មានលទ្ធភាព។ ពេលយើងកំពុងបញ្ជាទ័ពរបស់យើង យើងត្រូវតែធ្វើពុតជាគ្មានសកម្មភាព។ ពេលយើងបានចូលទៅក្បែរសត្រូវ យើងត្រូវធ្វើឲ្យសត្រូវជឿថា យើងកំពុងនៅឆ្ងាយ។ ពេលយើងនៅ ឆ្ងាយ យើងត្រូវធ្វើឲ្យសត្រូវជឿថា យើងកំពុងនៅជិត”។
សម្រាប់យើងជាគ្រីស្ទបរិស័ទ នៅក្នុងសង្រ្គាមខាងវិញ្ញាណ សាតំាងក៏ប្រើល្បិចកលដូចខាងលើនេះ ដើម្បីយកឈ្នះយើងផងដែរ។ តាមពិត អំពើ បាបដែលកើតមានដំបូងបំផុត នៅក្នុងមនុស្សជាតិ ក៏បានបណ្តាលមកពីការបោកបញ្ឆោតរបស់ខ្មាំងសត្រូវនោះឯង។ សូមកត់ចំណាំប្រសាសន៍របស់សាវ័កប៉ុល ដែលបានថា “ខ្ញុំខ្លាចក្រែងគំនិតអ្នករាល់គ្នា ត្រូវបង្ខូចចេញពីសេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលយ៉ាងនោះដែរ”(២កូរិនថូស ១១:៣)។
តាមសេចក្តីពិតនេះ យើងចាំបាច់ត្រូវស្តាប់តាមការដាស់តឿនរបស់ព្រះអម្ចាស់ថា សាតាំងគឺជាឪពុកនៃការកុហក់(យ៉ូហាន ៨:៤៤) ដែលតែងតែព្យាយាមរកឱកាសបោកបញ្ឆោតយើងជានិច្ច។ តើយើងត្រូវការពារខ្លួនយើងដោយរបៀបណា?…
មិនអាចគ្រប់គ្រង មិនអាចដឹងជាមុន
ក្នុងជីវិតមនុស្ស មានរឿងដែលគួរឲ្យភ្ញាក់ផ្អើលជាច្រើនកើតឡើង ហើយមានការភ្ញាក់ផ្អើលខ្លះ បានដឹកនាំជីវិត ទៅតាមទិសដៅដែលយើងមិនចង់ទៅ។ ខ្ញុំនៅចាំថា កាលពីបួនប្រាំទសវត្សរ៍មុន គ្រួសាររបស់ខ្ញុំបានជួបរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ពេលឪពុករបស់ខ្ញុំបាត់បង់ការងារ ដោយមិនបានធ្វើអ្វីខុស។ យើងជួបការលំបាកយ៉ាងខ្លាំង ដោយសារក្នុងផ្ទះយើង មានក្មេងៗជាច្រើនដែលគាត់ត្រូវចិញ្ចឹម។ ទោះគាត់ដឹងច្បាស់ថា ការបាត់បង់ការងាររបស់គាត់បានកើតឡើង ដោយមិនបានដឹងជាមុន ហើយគាត់មិនអាចគ្រប់គ្រង់វាបានទេ ក៏គាត់នៅតែដឹងថា គាត់អាចជឿជាក់លើការរៀបចំដែលព្រះមាន សម្រាប់អនាគតរបស់គាត់។
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងត្រូវតែទទួលស្គាល់ថា ក្នុងជីវិតរបស់យើង មានការជាច្រើន ដែលយើង “មិនអាចគ្រប់គ្រង់បាន ហើយមិនអាចដឹងជាមុន”។ ស្ថិតក្នុងស្ថានភាពបែបនោះ សូមយើងប្រាជ្ញាពីបទគម្ពីរយ៉ាកុប ៤:១៣-១៥ ដែលបានចែងថា “ឥឡូវនេះ ឯពួកអ្នកដែលថា ថ្ងៃនេះ ឬថ្ងៃស្អែកយើងនឹងទៅឯក្រុងណាមួយ ហើយនិងនៅស្រុកនោះអស់១ឆ្នាំ ដើម្បីនឹងរកស៊ីឲ្យបានចំណេញ អ្នករាល់គ្នាមិនដឹង ជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ … គួរតែបាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ”។ ត្រង់ចំណុចនេះ សាវ័កយ៉ាកុបានសរសេរបទគម្ពីរនេះ សម្រាប់អ្នកដែលរៀបគម្រោង ដោយមិនបានអនុញ្ញាតឲ្យព្រះដឹកនាំ។
តើការរៀបគម្រោងសម្រាប់ពេលអនាគត ជាទង្វើខុសឆ្គងឬ? ជាការពិតណាស់ វាមិនមែនជាទង្វើខុសឆ្គងទេ។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវមានប្រាជ្ញា គឺមិនត្រូវភ្លេចថា ព្រះអាចអនុញ្ញាតឲ្យហេតុការណ៍អ្វីមួយកើតឡើង “ដោយយើងមិនអាចគ្រប់គ្រង់ ឬមិនអាចដឹងជាមុន” ពេលដែលទ្រង់សព្វព្រះទ័យនឹងឲ្យវាកើតឡើង។…
ការនិយាយស្តី ដោយគ្មានការប្រុងប្រយ័ត្ន
ពេលដែលខ្ញុំ និងភរិយារបស់ខ្ញុំទៅចូលរួមជាភ្ញៀវ ក្នុងព្រះវិហារមួយ ដើម្បីទស្សនាកម្មវិធីប្រគុំតន្រ្តីពិសេសមួយ យើងបានធ្វើដំណើរទៅដល់មុនម៉ោង ដើម្បីអង្គុយនៅកន្លែងល្អ។ មុនពេលកម្មវិធីចាប់ផ្តើម យើងក៏បានស្តាប់ឮសមាជិកពួកជំនុំពីរនាក់ ដែលអង្គុយពីក្រោយយើង កំពុងនិយាយរអ៊ូរទាំអំពីព្រះវិហាររបស់ខ្លួន។ ពួកគេបានរិះ គន់គ្រូគង្វាល ការដឹកនាំ ការលេងភ្លេង ការដាក់អទិភាពនៅ ក្នុងការងារបម្រើព្រះ និងការអ្វីជាច្រើនទៀត ដែលធ្វើឲ្យពួកគេមិនពេញចិត្ត។ ពួកគេមិនបានខ្វល់ ឬមិនបានដឹងថា មានភ្ញៀវពីរនាក់ កំពុងមានវត្ថមាននៅខាងមុខពួកគេទេ។
ខ្ញុំយល់ថា ការសន្ទនាដែលមិនសមរម្យរបស់ពួកគេ អាចធ្វើឲ្យយើងដើរចេញពីព្រះវិហាររបស់ពួកគេ បើសិនជាយើងកំពុងស្វែងរកព្រះវិហារថ្មីមួយកន្លែង សម្រាប់ទៅចូលរួមថ្វាយបង្គំព្រះជាប្រចាំនោះ។ ការអាក្រក់ជាងនេះអាចកើតឡើង បើសិនជាពេលនោះយើងកំពុងស្វែងរកព្រះ តែត្រូវបានធ្វើឲ្យរវាតចិត្តចេញទៅវិញ ដោយសារពាក្យសម្តីដែលបង្ហាញពីការមិនពេញចិត្តរបស់ពួកគេ។ ការនិយាយស្តីដោយគ្មានការប្រុងប្រយ័ត្នរបស់ពួកគេ មិនគ្រាន់តែជាបញ្ហានៃពាក្យសម្តី ឬអាកប្បកិរិយ៉ាដែលពួកគេបានបង្ហាញចេញប៉ុណ្ណោះទេ តែវាក៏បានបញ្ជាក់ផងដែរថា ពួកគេមិនបានខ្វល់ខ្វាយអំពីផលវិបាក ដែលពាក្យសម្តីនោះអាចមានចំពោះអ្នកដទៃឡើយ។
យើងត្រូវប្រើពាក្យសម្តី តាមរបៀបដែលប្រសើរជាងនេះ គឺដូចដែលស្តេចសាឡូម៉ូនបានចែង នៅក្នុងសុភាសិត ១៧:២៧ ថា “អ្នកណាដែលមានដំរិះរមែងសំចៃទុកនូវពាក្យសំដី ហើយអ្នកណាដែលមានយោបល់ នោះក៏តែងតែមានចិត្តត្រជាក់ដែរ”។ ជាញឹកញាប់ យើងគួរតែជៀសវាងការនិយាយអ្វី តាមការគិត ឬការយល់ដឹងរបស់យើង(ឬតាមការដែលយើងយល់ថា ខ្លួនដឹង) តែផ្ទុយទៅវិញ ចូរយើងខិតខំប្រើពាក្យសម្តី ដែលនាំឲ្យមានចិត្តត្រជាក់ និងសេចក្តីសុខសាន្តវិញ ព្រោះអ្នកប្រហែលជាមិនដឹងថា មាននរណាខ្លះកំពុងស្តាប់អ្នកនិយាយឡើយ។-Bill Crowder