ខ្ញុំនឹងយកវាទៅចិញ្ចឹមហើយ
ជាច្រើនឆ្នាំកន្លងទៅ ពេលខ្ញុំកំពុងសិក្សា នៅសកលវិទ្យាល័យកាលីហ្វូញ៉ា នៅក្រុងប៊ើខេលី(Berke-ley) ខ្ញុំបានចងមិត្តភាពជាមួយមិត្តរួមថ្នាក់ម្នាក់ ដែលបានទទួលរងការបាត់បង់ដ៏ធ្ងន់ធ្ងរ។ កូនរបស់គាត់បានលាចាកលោក ហើយភរិយារបស់គាត់បានចាកចេញពីគាត់ ដោយសារនាងមិនអាចទ្រាំទ្រនឹងការឈឺចាប់។
ថ្ងៃមួយ ពេលដែលមិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ កំពុងដើរជាមួយខ្ញុំ នៅតាមដងផ្លូវ មានស្រ្តីម្នាក់មានសក់កន្ទ្រើង កំពុងពរកូនតូចមួយ ដែលមានរូបកាយកខ្វក់ នៅពីមុខយើង។ នាងកំពុងខឹងនឹងកូនតូចនោះ ហើយបានដើរលឿនស្លេវ ដោយរលាក់កូននោះ យ៉ាងញាប់ធ្វើឲ្យជើងដ៏តូចរបស់វាមិនអាចតោងជាប់បាន។ ពេលយើងដើរទៅដល់ផ្លូវប្រសព្វដែលមានមនុស្សដើរទៅមកយ៉ាងមមាញឹក កូននោះក៏បានឈប់តោងម្តាយវាភ្លាម ហើយក៏របួតធ្លាក់ចេញពីដែរម្តាយវា។ នាងក៏ងាយក្រោយមករកវា ហើយប្រទេចផ្តាសាវា រួចដើរដោយជើងធ្ងន់ៗ ទៅមុខទៀត។ កូនប្រុសដ៏តូចនោះ បានអង្គុយចុះ ហើយស្រែកយំ ទាំងទឹកភ្នែករហាម។ មិត្តភ័ក្ររបស់ខ្ញុំក៏បានអង្គុយក្បែរវា ដោយគ្មានការស្ទាក់ស្ទើរ ហើយដាក់កូនតូចនេះនៅក្នុងរង្វង់ដៃគាត់។
ស្រ្តីនោះក៏បានបែរក្រោយ ហើយសម្លឹងមើលទៅកូននោះ រួមចាប់ផ្តើមជេរប្រទេចវាទៀត។ មិត្តភ័ក្ររបស់ខ្ញុំក៏បានដកដង្ហើមធំ ហើយងើបមុខមើលទៅនាង។ គាត់និយាយយ៉ាងស្រទន់ថា “អ្នកស្រី បើអ្នកមិនចង់មានកូននេះទេ ខ្ញុំនឹងយកវាទៅចិញ្ចឹមហើយ”។
ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏នឹងធ្វើយ៉ាងដូចនេះដែរ។ ទ្រង់ក៏បានស្គាល់ការបាត់បង់ដ៏ធ្ងន់ធ្ងរ ហើយបានស្រឡាញ់យើង ដោយភាពស្រទន់។ ទោះបីជាមិត្តភ័ក្រ និងគ្រួសារយើងបោះបង់យើងក៏ដោយ ក៏ព្រះនៃយើងនឹងមិនបោះបង់ចោលយើងឡើយ(ទំនុកតម្កើង ២៧:១០)។ ទ្រង់តែងយកចិត្តទុកដាក់ចំពោះយើងជានិច្ច។-David Roper
សត្វឆ្កែឌីងហ្គូ
លោកហារី ធូព័រ(Harry Tupper) មានឈ្មោះល្បីនៅក្នុងរឿងព្រេងនៃការស្ទូចត្រីមួយ នៅក្នុងរដ្ឋអ៊ីដូហា ដែលជាទីកន្លែងរស់នៅរបស់ខ្ញុំ។ នៅភាគខាងកើតនៃរដ្ឋនេះ មានបឹងមួយឈ្មោះហ៊ែនរី(Henry) ដែលក្នុងបឹងនោះ មានកន្លែងមួយ ដែលគេបានដាក់ឈ្មោះ តាមឈ្មោះរបស់គាត់គឺ “ធូព័រស៍ ហូល”(Tupper’s Hole)
ខ្ញុំចាំថា លោកហារីមានសមត្ថភាពដ៏កម្រ នៅក្នុងការចាប់បានត្រីត្រោតដ៏ធំ នៅក្នុងបឹងហ៊ែនរី តែខ្ញុំកាន់តែនឹងចាំអំពីសត្វឆ្កែរបស់គាត់ ឈ្មោះ ឌីងហ្គូ(Dingo)។ ឌីងហ្គូធ្លាប់អង្គុយទន្ទឹមនឹងលោកហ៊ែនរីនៅក្នុងទូករបស់គាត់ ហើយសម្លឹងមើលដោយការផ្តោតចិត្ត ពេលគាត់កំពុងស្ទូចត្រី។ ពេលអ្នកស្ទូចត្រីដ៏ចំណាស់រូប នេះ ស្ទូចបានត្រីត្រោតមួយ ឌីងហ្គូក៏ព្រុសឮៗ ទាល់គាត់បានត្រងត្រីនោះ ឡើងលើទូកហើយដោះផ្លែសន្ទូចចេញ ទើបវាឈប់ព្រុស។
ភាពក្លៀវក្លារបស់ឌីងហ្គោ បានបង្រៀនខ្ញុំឲ្យយល់ថា : យកល្អ យើងគួរតែមានចិត្តរំភើបរីករាយចំពោះការអ្វីដែលអ្នកដទៃកំពុងធ្វើ ជាជាងរំភើបរីករាយចំពោះការដែលយើងកំពុងធ្វើ។ ដូចនេះហើយ បានជាពេលដែលខ្ញុំបានអាចព្រះគម្ពីរភីលីព ២:៤ ហើយគិតដល់ឌីងហ្គូ ខ្ញុំសួរខ្លូនឯងថា : តើខ្ញុំបានចំណាយពេល ដើម្បីគិតអំពី “ប្រយោជន៍របស់អ្នកដទៃ”ឬទេ? តើចិត្តរំភើបរីករាយដែលខ្ញុំមាន ចំពោះការអ្វីដែលព្រះកំពុងធ្វើ នៅក្នុង និងតាមរយៈមិត្តភ័ក្ររបស់ខ្ញុំ មានភាពខ្លាំងក្លាដូចពេលដែលទ្រង់កំពុងធ្វើការរបស់ទ្រង់ នៅក្នុង និងតាមរយៈខ្ញុំដែរឬទេ? តើខ្ញុំមានចិត្តប្រាថ្នាចង់ឃើញអ្នកដទៃ មានការរីកលូតលាស់នៅក្នុងព្រះគុណព្រះ ហើយទទួលបានជោគជ័យឬទេ បន្ទាប់ពីខ្ញុំបានខិតខំជួយពួកគេឲ្យមានការចម្រើនឡើង?
នេះជាការវាស់ស្ទង់នៃភាពអស្ចារ្យ…
មានភាពស្រស់ថ្លា និងចម្រើនឡើង
ក្នុងទំនុកតម្កើង ជំពូក៩២ អ្នកនិពន្ធបានចាប់ផ្តើមបទកំណាព្យនេះ ដោយពាក្យលើកទឹកចិត្តឲ្យសរសើរតម្កើងព្រះថា “នេះជាការល្អហើយ គឺដែលនឹងអរព្រះគុណដល់ព្រះយេហូវ៉ា”។ តើល្អសម្រាប់នរណា? គឺល្អសម្រាប់អ្នកនិងខ្ញុំ។ ការសរសើរតម្កើងព្រះ មានប្រយោជន៍ក្រៃលែង ចំពោះវិញ្ញាណរបស់យើង ព្រោះអាចជួយយើងឲ្យរួចផុតពីការព្រួយបារម្ភក្នុងគំនិត ហើយធ្វើឲ្យការរស់នៅរបស់យើង ពេញដោយការសរសើរតម្កើង នៅក្នុងការអធិស្ឋាន។ ដូចនេះ នេះជាការល្អហើយ ដែលយើងស្វាគមន៍ពេលព្រឹករាល់ថ្ងៃ ដោយច្រៀងបទអរព្រះគុណ ដ្បិតការសរសើរតម្កើងដូចនេះ ធ្វើឲ្យយើងមានសេចក្តីអំណរ។ ការសរសើរតម្កើងនាំយើងចេញពីសេចក្តីងងឹត ហើយជំនួសទុក្ខព្រួយរបស់យើង ដោយបទចម្រៀងដ៏មានអំណរ ចំពោះ “កិច្ចការដែលព្រះ ហស្ថទ្រង់បានធ្វើ”(ខ.៤)។ តើកិច្ចការនោះជាកិច្ចការអ្វី? គឺកិច្ចការដែលទ្រង់កំពុងធ្វើក្នុងជីវិតយើងម្នាក់ៗ!
បទគម្ពីរខាងក្រោមនេះ ស្ថិតនៅក្នុងចំណោមបទគម្ពីរប្រៀបប្រដូច ដែលខ្ញុំចូលចិត្តបំផុត :
“ឯមនុស្សសុចរិត គេនឹងលូតលាស់ឡើង ដូចជាដើមលម៉ើរ
ក៏នឹងធំឡើង ដូចជាដើមតាត្រៅនៅលើភ្នំល្បាណូនដែរ
គេត្រូវដាំនៅក្នុងដំណាក់នៃព្រះយេហូវ៉ា
គេដុះដាលឡើងនៅក្នុងទីលានរបស់ព្រះនៃយើងខ្ញុំ
កាលណាចាស់ហើយ នោះគេនឹងនៅតែកើតផល
គេនឹងមានជ័រជាបរិបូរ ហើយនៅតែខៀវស្រស់”(ខ.១២-១៤)។
បទទំនុកតម្កើងបាននិយាយប្រៀបប្រដូច អំពីសម្រស់ដ៏ខ្ពស់ត្រដែត និងដើមតាត្រៅ នៃកម្លាំងដែលមិនចេះទន់ទោ។ ទាំងនេះសុទ្ធតែជាលក្ខណៈសម្បត្តិរបស់អ្នកដែលត្រូវបាន “ដាំក្នុងដំណាក់នៃព្រះអម្ចាស់”(ខ.១៣)។ ឫសរបស់ពួកគេបានចាក់ចូលទៅក្នុងដីនៃសេចក្តស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះ។ តើអ្នកយល់ថា ខ្លួនឯងលែងមានប្រយោជន៍ចំពោះព្រះឬ? ចូរបន្តនៅជាប់ក្នុងព្រះបន្ទូលព្រះ ចាក់ឫសចូល និងតាំងជំហរនៅក្នុងព្រះគ្រីស្ទ ហើយស្រូបយកសេចក្តីស្រឡាញ់ និងភាពស្មោះត្រង់របស់ទ្រង់។ បន្ទាប់មក ទោះបីជាអ្នកស្ថិតក្នុងវ័យណាក៏ដោយ អ្នកនឹងបង្កើតផលផ្លែ…
បើមានស្លាបដូចជាសត្វព្រាប
ស្តេចដាវីឌទ្រង់បានដកដង្ហើមធំ ដោយបន្ទូលថា “ឱបើសិនណាជាមានស្លាបដូចជាព្រាបទៅរ៉ា នោះអញនឹងហើរចេញទៅ ឲ្យបានសេចក្តីសុខ”(ទំនុកតម្កើង ៥៥:៦)។ តែចំណែកខ្ញុំវិញ ខ្ញុំនឹងទៅសង់ផ្ទះឈើតូចមួយ នៅក្នុងតំបន់ប្រជុំភ្នំ ឬទៅប្រចាំការជារៀងរហូត នៅក្នុងប៉ម សម្រាប់រកមើលភ្លើងឆេះព្រៃ។ តែពេលដែលការរស់នៅរបស់ខ្ញុំទទួលរងបន្ទុកខ្លាំង ខ្ញុំក៏នឹងប្រាថ្នាចង់ហើរចេញទៅឲ្យឆ្ងាយ ដើម្បីរកកន្លែងសម្រាកឲ្យបានសុខផងដែរ។
ស្តេចដាវីឌសរសេរ ដោយបើកចំហរអំពីស្ថានភាពរបស់ទ្រង់ ដែលមានដូចជា អំពើហឹង្សា ការគៀបសង្កត់ និងទុក្ខលំបាកបានហុំព័ទ្ធទ្រង់ជុំជិត ដែលត្រូវបានបង្ករឡើង ដោយភាពមិនស្មោះត្រង់ នៃមិត្តសំឡាញ់ចាស់របស់គាត់(៥៥:៨-១៤)។ ការភ័យខ្លាច និងភាពតក់ស្លត់ ការឈឺចាប់ និងការភ័យញ័រ ការថប់បារម្ភ និងភាពរសាប់រសល់បានគ្របសង្កត់ពីលើទ្រង់(ខ.៤-៥)។ តើអ្នកឆ្ងល់ទេ ពេលដែលទ្រង់ចង់ហើរទៅឲ្យឆ្ងាយ? ប៉ុន្តែ ទ្រង់មិនអាចគេចវេសបានទេ។ ទ្រង់មិនអាចគេចចេញពីទុក្ខលំបាកបានឡើយ។ ទ្រង់គ្រាន់តែអាចថ្វាយកាលៈទេសៈដ៏លំបាកទៅដល់ព្រះ គឺដូចដែលមានសេចក្តីចែងថា “ចំណែកខ្ញុំនឹងអំពាវនាវដល់ព្រះ ហើយព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះខ្ញុំ ខ្ញុំនឹងអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងពេលល្ងាច ពេលព្រឹក និងថ្ងៃត្រង់ផង ហើយទ្រង់នឹងស្តាប់សំឡេងខ្ញុំជាមិនខាន”(ខ.១៦-១៧)។
ទោះជាយើងស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ គឺទោះជាមានបន្ទុកធ្ងន់ក្នុងការងារបម្រើព្រះ មានការលំបាកនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ កំពុងអត់ការងារធ្វើ ឬកំពុងមានភាពឯកកោខ្លាំងយ៉ាងណាក៏ដោយ តើទ្រង់នឹងសម្រាលបន្ទុកនៃសេចក្តីទុក្ខព្រួយរបស់យើងឬទេ? យើងបានថ្វាយវិញ្ញាណដល់ទ្រង់ រហូតអស់កល្បជានិច្ច ដោយទុកចិត្តទ្រង់ហើយ ដូចនេះ តើយើងមិនអាចថ្វាយកាលៈទេសៈដ៏លំបាក ក្នុងពេលបច្ចុប្បន្ន ដល់ទ្រង់ផងដែរទេឬ? “ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក…
កំរិតទាំង៦ នៃការញែកពីគ្នា
កាលពី៨៥ឆ្នាំមុន មានអ្នកនិពន្ធម្នាក់ ឈ្មោះហ្វ្រ៊ីកយែស ខារីនធី(Frigyes Karinthy) បាននិពន្ធរឿងខ្លីមួយ ដែលគាត់បានដាក់ចំណងជើងថា “ចំណងនៃច្រវ៉ាក់” ដែលនៅក្នុងនោះ គាត់បានបញ្ចេញទស្សនៈថា ការតភ្ជាប់គ្នារវាងបុគ្គលពីរៗនាក់ នៅក្នុងលោកិយនេះ បានកើតមានឡើង យ៉ាងហោចណាស់ តាមរយៈទំនាក់ទំនងប្រាំយ៉ាង។ ទស្សនៈនេះត្រូវបានគេយកមកវិភាគឡើងវិញ ក្នុងពេលបច្ចុប្បន ហើយតាមធម្មតា ត្រូវបានគេបកស្រាយថា “កំរិតទាំង៦ នៃការញែកពីគ្នា”។ ជាការពិតណាស់ គេមិនទាន់បានបង្ហាញថា ទ្រឹស្តីរបស់គាត់មានភាពត្រឹមត្រូវឡើយ។ ប៉ុន្តែ មានកត្តាដ៏សកម្មមួយ ដែលបានតភ្ជាប់យើង ជាមួយអ្នកដទៃ នៅទូទាំងពិភពលោក: គឺប្រាជ្ញា និងអំណាចគ្រប់គ្រងរបស់ព្រះ ដែលបើកសម្តែងឡើងតាមរយៈព្រះបន្ទូលទ្រង់ ដើម្បីបំពេញបំណងព្រះទ័យទ្រង់។
បីបួនឆ្នាំមុន ខ្ញុំបានទទួលសំបុត្រមួយ ពីបុរសម្នាក់ ដែលខ្ញុំមិនដែលធ្លាប់ជួប។ គាត់បានសរសេរប្រាប់ខ្ញុំថា កាលពីមុន ខ្ញុំបានផ្ញើសំបុត្រខ្លីមួយ ទៅមិត្តភ័ក្ររបស់ខ្ញុំ ដែលជាអ្នកជិតខាងរបស់គាត់ ហើយក្រោមមក គាត់ក៏បានអានសំបុត្រនោះផងដែរ។ សំបុត្រនោះបានលើកទឹកចិត្តគាត់ នៅពេលគាត់កំពុងបាក់ទឹកចិត្ត និងអស់សង្ឃឹម ក្នុងភាពងងឹត។ មិត្តភ័ក្រ ដែលខ្ញុំបានផ្ញើសំបុត្រដ៏ខ្លីឲ្យនោះ បានផ្ញើសំបុត្រនោះបន្តទៅមិត្តភ័ក្រម្នាក់ ហើយអ្នកនោះក៏បានផ្ញើទៅមិត្តភ័ក្រម្នាក់ទៀត ហើយគេក៏ចេះតែផ្ញើតៗគ្នា រហូតដល់ពេលដែលវាធ្លាក់មកដល់បុរស ដែលបានសរសេរសំបុត្រមកកាន់ខ្ញុំនេះ។
ការនេះអាចមានន័យថា ជីវិតមនុស្សម្នាក់បានទទួលការប៉ះពាល់ដ៏អស់កល្បជានិច្ច ដោយពាក្យពេចន៍ដ៏សាមញ្ច ដែលត្រូវបានបង្ហាញចេញមក ដោយសេចក្តីស្រឡាញ់…
ព្រះអម្ចាស់នៃសន្តិភាព
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានស្គាល់យុវជនម្នាក់ ដែលបានជិះម៉ូតូ ជាមួយក្រុមជើងកាងម៉ូតូ។ គាត់បានធំធាត់នៅក្នុងតំបន់បំពេញបេសកកម្មមួយ គឺនៅកន្លែងឪពុកម្តាយគាត់បានធ្វើការបម្រើព្រះ។ ពេលគ្រួសាររបស់គាត់វិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ គាត់ហាក់ដូចជាមិនអាចសម្របនឹងការរស់នៅបានទេ។ ការរស់នៅរបស់គាត់ ក៏បានប្រឈមនឹងរឿងហេតុជាច្រើន ហើយគាត់ក៏ត្រូវគេសម្លាប់ នៅក្នុងការវាយគ្នាជាមួយនឹងក្រុមជើងកាងមួយទៀត។
ខ្ញុំបានជួយធ្វើកិច្ចការ នៅក្នុងពិធីបុណ្យសពជាច្រើន ប៉ុន្តែ ពីធីបុណ្យសពរបស់គាត់ មានលក្ខណៈគួរឲ្យចងចាំបំផុត។ គេបានធ្វើពិធីបុណ្យសពនោះ នៅក្នុងសួនច្បាមួយ ដែលមានវាលស្មៅព័ទជុំវិញបឹងតូចមួយ។ មិត្តភ័ក្ររបស់គាត់បានតម្រៀបម៉ូតូជារង្វង់ ហើយនាំគ្នាអង្គុយនៅលើស្មៅជុំវិញខ្ញុំ និងមិត្តភ័ក្រម្នាក់ ក្នុងពេលយើងកំពុងធ្វើពិធីបុណ្យ។ យើងបាននិយាយតាមរបៀបសាម័ញ្ចៗ និងខ្លីៗ អំពីសន្តិភាព ដែលព្រះយេស៊ូវអាចប្រទាន ដល់ក្រុមដែលមានជម្លោះនឹងគ្នា។
ក្រោយមក មានសមាជិកក្រុមជើងកាងម៉ូតូម្នាក់បានមកថ្លែងអំណរគុណយើង ហើយចាប់ផ្តើមដើរទៅបាត់ តែបន្ទាប់មក ក៏បានត្រឡប់មកវិញ។ ខ្ញុំមិនដែលបំភ្លេចពាក្យរបស់គាត់ឡើយ ពេលគាត់បានប្រាប់ថា គាត់មានម៉ូតូមួយគ្រឿង ផ្ទះល្វែងមួយ និងមិត្តស្រីម្នាក់ ហើយគាត់និយាយទៀតថា “ប៉ុន្តែ ខ្ញុំមិនអាចរស់ដោយគ្មានសន្តិភាពបានឡើយ”។ ដូចនេះ យើងក៏បានជជែកគ្នាអំពីព្រះយេស៊ូវ ដែលទ្រង់ជាសន្តិភាពរបស់យើង។
ទោះបីជាយើងមានឧទ្ធម្ភាកចក្រ ឬឡានទំនើប មានគេហដ្ឋានធំស្កឹមស្កៃ ឬផ្ទះល្វែងតូចមួយ មានមនុស្សជាទីស្រឡាញ់ម្នាក់ ឬគ្មាននរណាម្នាក់នៅក្បែរក៏ដោយ ក៏មិនខុសគ្នាដែរ។ បើគ្មានព្រះយេស៊ូវទេ នោះយើងមិនអាចមានសន្តិភាពបានឡើយ។ ទ្រង់មានបន្ទូលថា “ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា”(យ៉ូហាន ១៤:២៧)។ អំណោយទាននេះ គឺសម្រាប់អ្នកដែលទុកចិត្តទ្រង់។…
ការហាត់ប្រាណដោយការគោរពប្រតិបត្តិព្រះ
ឆ្នាំថ្មីច្រើនតែជាពេលដែលយើងសម្រេចចិត្តមើលថែរខ្លួនឯង ឲ្យបានល្អជាងមុន ដោយហាត់ប្រាណ ហូបចុកឲ្យបានត្រឹមត្រូវ ហើយក៏ប្រហែលជាដោយសម្រកទម្ងន់ខ្លះៗដែលបានឡើង កាលពីថ្ងៃឈប់សម្រាក។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ការបង្ហាត់ប្រាណ នោះមានប្រយោជន៍តែបន្តិចទេ”(១ធីម៉ូថេ ៤:៨) ដូចនេះ ខ្ញុំក៏ខំសង្វាតឲ្យបានសុខភាពមាំមួន តាមដែលអាចធ្វើទៅបាន។ ខ្ញុំបានព្យាយាមញាំអាហារឲ្យបានត្រឹមត្រូវ ដោយបន្ថែមឬបន្ថយអាហារ ទោះខ្ញុំពិតជាចូលចិត្តញាំម៉ាន់បំពងយ៉ាងណាក៏ដោយ។ ខ្ញុំបានលើកដុំដែក ហើយដើរហាត់ប្រាណ តែខ្ញុំក៏បានដឹងថា រូបកាយរបស់ខ្ញុំនឹងមិនស្ថិតស្ថេរយូរអង្វែង ក្នុងលោកិយនេះទេ។ រូបកាយរបស់ខ្ញុំកំពុងតែថយកម្លាំងបន្តិចម្តងៗ។
យកល្អ យើងគួរផ្តោតទៅលើការគោរពប្រតិបត្តិដល់ព្រះវិញ ព្រោះការគោរពប្រតិបត្តិដល់ព្រះ នាំឲ្យយើងទទួលសេចក្តីសន្យា សម្រាប់ជីវិតនៅជាន់ឥឡូវនេះ ក៏ដូចជាទៅខាងនាយផង(ខ.៨)។ ដូចនេះ មានអ្វីដែលយើងអាច ទទួលបាន បន្ទាប់ពីយើងលាចាកលោកនេះទៅ? គេប្រហែលជាយល់ថា ការគោរពប្រតិបត្តិព្រះ មិនមានអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងមានលក្ខណៈគួរឲ្យខ្លាច ហើយជាអ្វីដែលគេមិនអាចធ្វើបាន ប៉ុន្តែ តាមពិត ការគោរពប្រតិបត្តិព្រះ គឺគ្រាន់តែជាការស្រឡាញ់ ដោយការលះបង់អាត្មាខ្លួនឯង ដោយយកចិត្តទុកដាក់ចំពោះអ្នកដទៃ ឲ្យបានច្រើនជាងខ្លួនឯង។ សេចក្តីស្រឡាញ់ប្រភេទនេះមិនងាយនឹងរកបាន តែមានការរីកលូតលាស់ ក្នុងវត្តមានរបស់ព្រះនៃសេចក្តីស្រឡាញ់។ សេចក្តីស្រឡាញ់របស់យើងរីកលូតលាស់ ហើយយើងក៏មានលក្ខណៈកាន់តែគួរឲ្យស្រឡាញ់ ពេលយើងអង្គុយនៅទៀបព្រះបាទព្រះយេស៊ូវ ស្តាប់ទ្រង់មានបន្ទូល ហើយទូលទ្រង់អំពីបញ្ហាទាំងឡាយ ទន្ទឹមនឹងនោះ យើងក៏កាន់តែដូចព្រះ ដែលទ្រង់ជាសេចក្តីស្រឡាញ់(១យ៉ូហាន ៤:៨)។
ខ្ញុំយល់ថា ជីវិតគឺជាការធ្វើដំណើរចូលទៅក្នុងសេចក្តីស្រឡាញ់ ហើយគ្មានអ្វីដែលស្រស់ស្អាត ដូចវិញ្ញាណដែលចេះគោរពប្រតិបត្តិដល់ព្រះឡើយ។…
មេសេះ និងក្មេងប្រុស
នៅពេលខ្ញុំអាយុបាន 5ឆ្នាំ ឪពុករបស់ខ្ញុំបានសម្រេចចិត្តថា ខ្ញុំត្រូវមានសេះមួយក្បាលផ្ទាល់ខ្លួន សំរាប់មើលថែរ។ ដូច្នេះ គាត់បានទិញមេសេះចំណាស់មួយក្បាល ហើយដឹកមកផ្ទះប្រគល់ឱ្យខ្ញុំ។ ខ្ញុំបានដាក់ឈ្មោះមេសេះនោះថា ឌីឃ្សី។ ឌីឃ្សី គឺជាសត្វគួរឱ្យខ្លាចសំរាប់ក្មេងដែលមានអាយុស្របាលហ្នឹង ហើយមានមាឌតូចល្អិត។ គ្មានកែបតូចល្មម និងគ្មានឈ្នាន់កែបខ្លីល្មមសំរាប់ខ្ញុំជិះទេ ដូច្នេះខ្ញុំជិះសេះគ្មានកែបគ្រប់ពេល ។
ឌីឃ្សី មានមាឌក្រម៉ាប់ៗ មានន័យថា ជើងរបស់ខ្ញុំកន្ឋែកត្រង់នៅលើខ្នងសេះ វាមានភាពលំបាកខ្លាំងពេលដែលជិះច្រកគៀវ។ នៅពេលណាដែលខ្ញុំធ្លាក់ពីលើខ្នងសេះ ឌីឃ្សីឈប់យ៉ាងស្រួល ហើយក្រឡេកមើលខ្ញុំ និងរងចាំខ្ញុំមួយសន្ទុះ ដើម្បីឲ្យខ្ញុំព្យាយាមឡើងជិះម្តងទៀត។ ការនេះបានធ្វើឱ្យខ្ញុំស្ញើចសរសើរនូវលក្ខណៈសម្បត្តិរបស់វា គឺវាមានសេចក្តីអត់ធ្មត់យ៉ាងអស្ចារ្យ។
ម៉្យាងទៀតខ្ញុំមានសេចក្តីអត់ធ្មត់តិចជាងឌីឃ្សី។ វាធុញទ្រាន់ចំពោះអាម្មរណ៍ ឆេវឆាវដូចក្មេងរបស់ខ្ញុំ ដោយចេះទាំងទ្រាំទ្រ និងអត់ធ្មត់គ្រប់យ៉ាង មិនចេះសងសឹកម្តងណាឡើយ។ ខ្ញុំប្រាថ្នាចង់ឱ្យខ្លួនខ្ញុំមានសេចក្តីអត់ធ្មត់ដូចជាឌីឃ្សីដែរ ដើម្បីឱ្យខ្ញុំមើលរំលងហួសពីចិត្តប្រកាន់ខឹងឬចិត្តប្រទូសរាយ។ ខ្ញុំបានសួរខ្លួនខ្ញុំថា “តើខ្ញុំមានប្រតិកម្មយ៉ាងដូចម្តេច នៅពេលអ្នកណាម្នាក់ចេះតែធ្វើឱ្យខ្ញុំខឹងសំបា?” តើខ្ញុំគួរតែតបឆ្លើយដោយការបន្ទាបខ្លួនឱនលំទោន ហើយនិងអត់ធ្មត់ឬ? កូល៉ុស 3:12។ ឬដោយការមិនអត់ឱនឱ្យបាន និងការឈឺចាប់?
ចូរមើលរំលងពីការសងសឹក។ ចូរអត់ទោសឱ្យបាន70គុណ7ដង។ ចូរទ្រាំទ្រជាមួយគុណវិបត្តិ និងភាពបរ៉ាជ័យ។ ចូរបង្ហាញនូវចិត្តមេត្តា សប្បុរសចំពោះអស់អ្នកដែលធ្វើឱ្យយើងក្តៅក្រហាយខ្លាំង។ ចូរបង្កើននូវការគ្រប់គ្រងព្រលឹងរបស់យើង នេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ —David Roper
តើមានអ្វីខ្លះដែលចង់ឱ្យអញប្រទានដល់ឯង ?
ខ្ញុំធ្លាប់បានប្រាប់ថា មានរឿង“សេចក្តីប្រាថ្នាបីយ៉ាង” ឃើញ មានស្ទើរតែគ្រប់វប្បធម៌ទាំងអស់ គឺមានដំណើររឿងស្រដៀងគ្នាទាំងអស់។ អ្នកបំពេញកុសលម្នាក់លេចមក ហើយស្ម័គ្រចិត្តព្រមឱ្យនូវសេចក្តីប្រាថ្នាបីយ៉ាង ទៅដល់អ្នកទទួលដោយឥតសង្ស័យ។ ការពិតទៅ រឿងទាំងនេះតែងតែជួបប្រទះជាញឹកញាប់ ដើម្បីផ្តល់នូវគំនិតយោបល់ឱ្យយើងទាំងអស់គ្នា ដែលចង់បានអ្វីមួយដែលយើងមិនអាចមាន ដោយខ្លួនឯងបាន ។
សូម្បីតែនៅក្នុងព្រះគម្ពីរក៏មានរឿង “សេចក្តីប្រាថ្នា”ដែរ រឿងនេះបានកើតឡើង ក្នុងយប់មួយដែលព្រះអម្ចាស់បានលេចមកសាឡូម៉ូនក្នុងសុបិន្តនិមិត្ត ហើយទ្រង់ មានបន្ទូលមកកាន់គាត់ថា “ចូរសូមអ្វីដែលចង់ឱ្យអញប្រទានដល់ឯងចុះ?”(១ពង្សាវតាក្សត្រ 3:5)។ សាឡូម៉ូនអាចសូមអ្វីៗបាន ដូចជា ទ្រព្យសម្បត្តិ កិត្តិយស និងភាពល្បីល្បាញ ឬអំណាច។ តែគាត់បានសូមមិនមែនជារបស់ទាំងអស់នេះទេ។ គាត់បានទាមទារឱ្យ“មានចិត្តប្រកបដោយប្រាជ្ញា”(ខ.9) ឬ “មានចិត្តចង់ដឹង” គឺជា ចិត្តដែលបន្ទាបចុះដើម្បីស្តាប់ និងរៀនពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ធ្វើជាស្តេចនៅក្មេងតូច ខ្វះបទពិសោធន៍ ហើយផ្ទុកធ្ងន់ហួសហេតុពេក ដោយមានការទទួលខុសត្រូវលើការគ្រប់គ្រងលើជាតិសាសន៍ដ៏ធំ នោះទូលបង្គំត្រូវប្រាជ្ញារបស់ព្រះអម្ចាស់ដើម្បីគ្រប់គ្រងរាស្ត្រទាំងនេះឱ្យបានល្អ។
តើខ្ញុំចេះថ្លឹងថ្លែងដែរឬទេ? ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំផ្ទាល់ហើយថែមទាំងបានសួរថា តើមានអ្វីខ្លះដែលអញអាចធ្វើសំរាប់ខ្ញុំ តើខ្ញុំគួរសុំអ្វីខ្លះ? តើគួរឱ្យខ្ញុំសូមសំរាប់សុខភាព ទ្រព្យសម្បត្តិ យុវវ័យភាព អំណាច ឬកិត្តិនាម? តើគួរឱ្យខ្ញុំសូមសំរាប់ប្រាជ្ញា ភាពបរិសុទ្ឋ និងសេចក្តីស្រឡាញ់? តើគួរឱ្យខ្ញុំធ្វើជាមនុស្សឆ្លាត ឬក៏មនុស្សល្ងង់ខ្លៅ?
សន្មត់ថា ព្រះជាម្ចាស់សួរអ្នក តើអ្វីខ្លះដែលចង់ឱ្យអញប្រទានដល់ឯង។ តើអ្នកគួរសុំអ្វីខ្លះ?_David Roper
មិត្តសំឡាញ់ជួបគ្នាតាមផ្លូវ
ខ្ញុំ ចូលចិត្តដើរតាមផ្លូវផ្សេងៗពីគ្នា ព្រោះថាមានទេសភាព និងសម្រស់ធម្មជាតិនៅជុំវិញ។ ខ្ញុំតែងតែរំលឹកខ្លួនឯងថា ផ្លូវទាំងនេះជានិមិត្តសញ្ញានៃដំណើរជីវិតខាងវិញ្ញាណ បើគេមើលទៅដំណើរជីវិតធម្មតារបស់គ្រីស្ទបរិស័ទ ដើររួមជាមួយព្រះយេស៊ូវ ដែលជាមិត្តសំឡាញ់ និងអ្នកនាំផ្លូវ ។ ទ្រង់យាងកាត់ទឹកដីប៉ាឡេស្ទីនពីម្ខាងទៅម្ខាងទៀត រួចនាំពួកសិស្សស្រែកប្រកាសថា៖ «ចូរមកតាមខ្ញុំ»(ម៉ាថាយ ៤:១៩)។
ដំណើរជីវិតមិនមែនសុទ្ធតែ ស្រួលរហូតនោះទេ។ ជួនកាលក៏ចង់បោះបង់ចោលស្រួលជាងបន្តដំណើរទៅមុខទៀត ប៉ុន្តែពេលពិបាកដោះស្រាយ យើងអាចសម្រាកយកកម្លំាំងចាំទៅមុខទៀត។ នៅក្នុង Pilgrim’s Progress លោកចន ប៊ុនយ៉ាន បានពិពណ៌នាថា ដើមឈើនៅលើភ្នំជាកន្លែងដែលគ្រីស្ទបរិស័ទឈប់ដកដង្ហើម មុនពេលបន្តដំណើរទៀត។ តម្រារបស់គាត់សម្រាលបន្ទុក និង រំលឹកអំពីវត្តមានព្រះអម្ចាស់ និងព្រះចេស្តារបស់ព្រះអង្គស្ថិតស្ថេរនៅជាដរាប។ ពេលមានខ្យល់ដកដង្ហើមស្រួលហើយ គាត់អាចបន្តដំណើរបានទៀត។
មានតែព្រះអម្ចាស់ទេ ដែលដឹងថានាំយកទៅណា តែព្រះជាម្ចាស់បានអះអាងថា «ខ្ញុំនៅជាមួយអ្នករាល់គ្នាជាដរាបតទៅ» (ម៉ាថាយ ២៨-២០)។ នេះមិនមែនជាការប្រៀបធៀប ឬអួតពីពាក្យពេចន៍នោះឡើយ។ ទ្រង់ពិតជាមិត្តដ៏ល្អមែន។ គ្មានម៉ោងណាមួយ ដែលមិនត្រូវការវត្តមានព្រះអង្គឡើយ សូម្បីតែរត់លើសមួយម៉ាយក៏មិនអាចអត់ទ្រង់ឡើយ។ យើងដឹងថា ទ្រង់គង់ជាមួយយើងធ្វើឲ្យពន្លឺជីវិតបំភ្លឺឡើង ។-David Roper