និយាយដោយសង្ខេប
មានពេលមួយនោះ ខ្ញុំស្វែងយល់ឃើញថា សន្ទរកថាដ៏ល្បីមួយរបស់លោកអប្រាហាំលីងខិន មានតែពាក្យតិចជាង៣០០ប៉ុណ្ណោះ។ មានន័យថា មានពេលខ្លះយើងមិនចាំបាច់និយាយច្រើនពេកទេ ដើម្បីអោយគេចាំ។
ហេតុដូច្នេះហើយបានជាខ្ញុំចូលចិត្តទំនុកដំកើង ១១៧។ ការសង្ខេបខ្លីគឺជានិមិត្តសញ្ញាមួយ។ អ្នកនិពន្ធគម្ពីរទំនុកដំកើងសរសេរជា៣០ពាក្យ មានតែ១៧ពាក្យប៉ុណ្ណោះនៅក្នុងភាសាហេព្រើ ។ ឱសាសន៍ទាំងឡាយអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ឱជនរាល់គ្នាអើយ ចូរដំកើងទ្រង់ចុះ ដ្បិតសេចក្តីសប្បុរសនៃទ្រង់ចំពោះយើងរាល់គ្នា នោះធំក្រៃលែង ហើយសេចក្តីពិតនៃព្រះយេហូវ៉ា ក៏ស្ថិតស្ថេរនៅជាដរាប ចូរសរសើរដល់ព្រះយេហូវ៉ាចុះ!
នេះជាដំណឹងល្អសម្រាប់អ្នករាល់គ្នា។ បទទំនុកដំកើងនេះ ជាព្រះរាជសារទៅកាន់សាសន៍ទាំងឡាយ ដ្បិតសេចក្តីសប្បុរសនៃទ្រង់ ដែលជាសេចក្តីស្រឡាញ់នៃសម្ពន្ធមេត្រីរបស់ទ្រង់ ធំក្រៃលែងចំពោះយើងរាល់គ្នា។ ចូរគិតមើល ថាតើសេចក្តីស្រឡាញ់របស់ទ្រង់មានន័យយ៉ាងណា ចំពោះយើង។ ទ្រង់ស្រឡាញ់យើង មុនពេលយើងកើតនៅផែនដីនេះ ទោះក្រោយយើងស្លាប់ក៏ទ្រង់នៅតែស្រឡាញ់យើងដែរ។ គ្មានអ្វីមួយអាចបំបែកយើងចេញពីក្តីស្រឡាញ់របស់ព្រះជាម្ចាស់មាននៅក្នុងអង្គព្រះគ្រីស្ទយេស៊ូវឡើយ(រ៉ូម ៨:៣៩)។ ព្រះទ័យទ្រង់ជាប្រភពទឹកនៃក្តីស្រឡាញ់ដែលហូរមិនចេះអស់មិនចេះហើយ។
ពេលខ្ញុំអានគម្ពីរទំនុកដំកើងដ៏ខ្លីនេះ ខ្ញុំគិតថាគ្មានការលើកទឹកចិត្តណា ពិសេសជាងការរំព្ញកពីក្តីសប្បុរសរបស់ព្រះជាម្ចាស់។ សរសើរតម្កើងព្រះអម្ចាស់! David Roper
ព្រះបុត្រាត្រូវបានលើកតម្កើង
យោងតាមរឿងព្រេងនិទាន អាយដាហូជាឈ្មោះរដ្ឋមួយរបស់សហរដ្ឋអាមេរិក មកពីពាក្យសូសុនរបស់ឥណ្ឌា «អ៊ីដាហូ» តែពេលបកជាភាសាអង់គ្លេសថា«មើល! ព្រះអាទិត្យរះពីលើភ្នំ»។ ខ្ញុំតែងគិតថា ព្រះអាទិត្យរះពីទិសខាងកើតជះពន្លឺ និងផ្តល់ជីវិតដល់មនុស្សនៅជ្រលងភ្នំ។ ខ្ញុំក៏នឹកចាំពីព្រះបន្ទូលសន្យាក្នុងគម្ពីរម៉ាឡាគី «ព្រះអាទិត្យនៃសេចក្តីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសអោយជានៅក្នុងចំអេងស្លាប» (ម៉ាឡាគី ៤:២)។ នេះជាព្រះបន្ទូលសន្យាមិនអាចដកយកបានឡើយគឺថា ព្រះអម្ចាស់យេស៊ូនឹងយាងមកវិញ ហើយ«ជីវិតទាំងនោះឯងនឹងបានរួចពីចំណងនៃសេចក្តីពុករលួយ អោយបានសេរីភាពនៃ សិរីល្អរបស់ពួកព្រះវិញ» (រ៉ូម ៨:២១)។
រាល់ពេលព្រះអាទិត្យរះឡើង យើងនឹកដល់ពេលព្រឹកដ៏អស់កល្ប ហើយពន្លឺព្រះអាទិត្យរះឡើងមានទាំងអំណាចប្រោសអោយជានៅក្នុងចំអេងស្លាបនៃទ្រង់។ រួចមករបស់សព្វសារពើដែលទ្រង់បានបង្កើតត្រឡប់ទៅជាថ្មីវិញ ហើយក៏គ្រប់លក្ខណ៍ផង។ ពេលនោះគ្មានជំងឺ គ្មានវិបត្តិហិរញ្ញវត្ថុ គ្មានការបាត់បង់ និង គ្មានអាយុកំណត់ទៀតទេ។ ព្រះគម្ពីរចែងថា «...អ្នករាល់គ្នានឹងមានសេរីភាព អ្នករាល់គ្នាលោតយ៉ាងសប្បាយដូចគោដែលចេញពីក្រោល» (ម៉ាឡាគី ៤:២)។ នេះជាក្តីរំពឹងនិងក្តីសង្ឃឹមរបស់ខ្ញុំនៅចំពោះព្រះជាម្ចាស់។
ព្រះយេស៊ូមានបន្ទូលថា៖ «ពិតមែនហើយ យើងនឹងមកដល់ក្នុងពេលឆាប់ៗ» (វិវរណៈ២២:២០)។ ព្រះយេស៊ូអើយ! សូមទ្រង់យាងមកជាឆាប់ ។ David Roper