ក្បួនមាស
ក្បួនមាសបានចែងថា ចូរប្រព្រឹត្តចំពោះអ្នកដទៃ តាមរបៀបដែលអ្នកចង់ឲ្យគេប្រព្រឹត្តចំពោះអ្នក។ មានសាសនាជាច្រើនបានប្រើក្បួនមាសនេះ។ ដូចនេះ តើក្បួនមាស ដែលមានក្នុងព្រះបន្ទូលព្រះយេស៊ូវ មានចំណុចអ្វីដែលពិសេសលើសគេ? ជាការពិតណាស់ ក្បួនមាសរបស់ព្រះអង្គមានលក្ខណៈពិសេស នៅត្រង់ពាក្យ “ដូច្នេះ” ដែលបង្ហាញអំពីភាពសប្បុរសរបស់ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណង់បើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត។ ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ”(ម៉ាថាយ ៧:១១-១២)។
យើងគ្រប់គ្នាមិនបានយល់ដឹងច្បាស់ទេថា តាមពិត យើងមិនបានស្រឡាញ់អ្នកដទៃ ដូចដែលព្រះបានស្រឡាញ់យើងឡើយ។ ព្រះយេស៊ូវបានអនុវត្តតាមក្រមសីលធម៌ ដែលគួរឲ្យស្ងប់ស្ងែងនោះ ដោយសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍ តាមរយៈការរស់នៅ និងការសុគតដើម្បីលោះបាបយើងរាល់គ្នា។
យើងមានព្រះវរបិតា ដែលមានក្តីស្រឡាញ់ និងសប្បុរស ដែលមិនបានគិតប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺបានបើកបង្ហាញទំហំនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ តាមរយៈព្រះរាជបុត្រាព្រះអង្គព្រះនាមព្រះយេស៊ូវ។ ភាពសប្បុរសរបស់ព្រះ ជាគំរូដែលបណ្តាលចិត្តយើង ឲ្យប្រព្រឹត្តចំពោះអ្នកដទៃ តាមរបៀបដែលយើងចង់ឲ្យគេប្រព្រឹត្តចំពោះយើង។ យើងស្រឡាញ់ និងបង្ហាញភាពសប្បុរសដល់អ្នកដទៃ ព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន(១យ៉ូហាន ៤:១៩)។
ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានឲ្យយើងរស់នៅតាមព្រះរាជបញ្ជារបស់ព្រះអង្គ តែព្រះអង្គក៏បានប្រទានយើង នូវអំណាចចេស្តា និងសេចក្តីស្រឡាញ់ ដើម្បីឲ្យយើងបង្ហាញសេចក្តីស្រឡាញ់នោះដល់អ្នកដទៃ។ យើងគ្រាន់តែទូលសូមឲ្យព្រះអង្គជួយយើង ដើម្បីឲ្យយើងអាចស្រឡាញ់អ្នកដទៃតាមបំណងព្រះទ័យព្រះអង្គ។-David Roper
ថ្ងៃរះ
នាពេលព្រឹកថ្ងៃមួយ ខ្ញុំបានឃើញថ្ងៃរះ ដោយពន្លឺស្អាតអស្ចារ្យណាស់ ប៉ុន្តែ ខ្ញុំមានការរវល់នឹងកិច្ចការផ្សេងៗពេក បានជាមិនបានគយគន់ឲ្យបានយូរ។ ក្រោយមក ខ្ញុំក៏បាននឹកគិតអំពីថ្ងៃរះនោះ ហើយក៏បានដឹងខ្លួនថា ខ្ញុំបានភ្លេចឆក់ឱកាស ដើម្បីថ្វាយបង្គំព្រះកាលពីពេលព្រឹកមិញហើយ។
ក្នុងពេលដ៏មមាញឹកនឹងកិច្ចការជាច្រើន និងមានភាពតានតឹង ក្នុងថ្ងៃនីមួយៗ មានសម្រស់ដ៏ស្រស់ត្រកាលជាច្រើន ដែលនៅជុំវិញខ្លួនយើង ដែលបង្ហាញពីសេចក្តីល្អរបស់ព្រះ នៅគ្រប់ទិសទី ក្នុងដំណើរជីវិតយើង។ ទីកន្លែងទាំងនោះ មាននៅក្នុងចក្រវាលដ៏ធំល្វឹងល្វើយ ដែលក្នុងនោះព្រះបានបើកបង្ហាញនគរស្ថានសួគ៌ បើសិនជាយើងគ្រាន់តែឈប់បង្អង់មួយភ្លែតសិន ដើម្បីចំណាយពេលគិតអំពីសេចក្តីស្រឡាញ់ ដែលព្រះបានបង្ហាញចេញមក តាមរយៈស្នាព្រះហស្តរបស់ព្រះអង្គ។
ឧបមាថាលោកម៉ូសេគ្រាន់តែក្រឡេចមើលទៅគុម្ពបន្លា ដែលកំពុងឆេះតែមួយភ្លែត(និក្ខមនំ ៣:២) ដោយមិនបានចាប់អារម្មណ៍នឹងគុម្ពបន្លានោះ រួចក៏ប្រញាប់បង្វែរអារម្មណ៍ទៅរកការអ្វីផ្សេងវិញ ដូចជាការមើលថែរហ្វូងចៀមជាដើម ដែលនោះជាការងារដ៏សំខាន់មួយផងដែរ។ បើសិនជាគាត់បានធ្វើដូច្នោះមែន នោះមានន័យថា គាត់បានបាត់ឱកាសជួបជាមួយព្រះដ៏រស់ ដែលនាំឲ្យគាត់មានជីវិតផ្លាស់ប្រែហើយ(ខ.៤-១២)។
ជួនកាល នៅក្នុងការរស់នៅ យើងត្រូវមានការប្រញាប់ប្រញាល់។ ប៉ុន្តែ តាមពិត ការរស់នៅរបស់យើងគួរតែកាត់បន្ថយការប្រញាប់ប្រញាល់ ហើយត្រូវមានការឈប់ ដើម្បីកត់សំគាល់ឲ្យកាន់តែច្រើនឡើង។ ជីវិតយើងកំពុងរស់នៅក្នុងពេលបច្ចុប្បន្ន។ ការរស់នៅត្រូវមានការមើលឃើញសេចក្តីស្រឡាញ់របស់ព្រះ ដែលបានបង្ហាញចេញមក។ ជីវិតជាការញែកពេលសម្រាប់ងាកមកជញ្ជឹងគិតអំពីការអស្ចារ្យ ដូចជាថ្ងៃរះជាដើម។ ជារៀងរាល់ថ្ងៃ ថ្ងៃរះពីទិសខាងកើត ហើយលិចនៅទិសខាងលិចវិញ ជានិមិត្តសញ្ញា នៃភាពអស់កល្បជានិច្ច ដែលកំពុងរង់ចាំយើង។-David Roper
នៅលើស្លាបឥន្ទ្រី
ព្រះគម្ពីរអេសាយបាននិយាយអំពីការរង់ចាំព្រះអម្ចាស់ ដោយចិត្តអត់ធ្មត់ ដោយការរំពឹងគិតដល់ពេលអនាគត ដោយសេចក្តីសង្ឃឹមដ៏មុតមាំ។ ពេលដែលយើងមានទុក្ខលំបាក យើងរង់ចាំជំនួយមកពីព្រះ ដែលប្រាកដជានឹងមកដល់។ ព្រះយេស៊ូវបានមានបន្ទូលធានាដល់ពួកសិស្សរបស់ព្រះអង្គថា “មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីកំសាន្តចិត្ត”(ម៉ាថាយ ៥:៤)។
យើងអាចបោះជំហានទៅមុខ ដោយទំនុកចិត្ត ពេលដែលយើងបានដឹងថា យើងនឹងបានរស់នៅក្នុងរូបកាយដ៏ឧត្តម្ភ នៅនគរស្ថានសួគ៌ ដែលជាសេចក្តីសង្ឃឹមដ៏ពិត។ ទោះយើងមានការនឿយហត់ក៏ដោយ ក៏យើងនៅតែអាចបើកស្លាបនៃសេចក្តីជំនឿរបស់យើង ដើម្បីហោះហើរ! យើងអាចដើរតាមផ្លូវនៃការស្តាប់បង្គាប់ និងដោយគ្មានការអស់កម្លាំង។ យើងអាចរស់នៅជារៀងរាល់ថ្ងៃ ដោយគ្មានការហត់នឿយ។ ជីវិតយើងកាន់តែប្រសើរឡើង ពេលដែលវិញ្ញាណយើងក្លាយជាវិញ្ញាណដែលសកម្ម ហើយរូបកាយយើងនឹងរត់ លោត ហើយហោះហើរ។ នេះជាក្តីសង្ឃឹមរបស់យើងហើយ។
ទន្ទឹមនឹងនោះ ការអ្វីដែលនឹងសម្រេចនៅថ្ងៃណាមួយ គឺអាចចាប់ផ្តើមសម្រេចនៅពេលឥឡូវនេះ។ យើងអាចមានចិត្តរឹងប៉ឹង អត់ធ្មត់ និងមានអំណរ ទោះបីជាយើងមានការនឿយហត់យ៉ាងណាក៏ដោយ។ យើងអាចមានចិត្តសប្បុរស ហើយស្ងប់រម្ងាប់ ដោយលែងផ្តោតទៅលើភាពកម្សោយ និងទុក្ខលំបាករបស់យើងទៀត។ យើងអាចមានការយកចិត្តទុកដាក់ចំពោះអ្នកដទៃ ជាជាងគិតពីប្រយោជន៍ខ្លួនឯង ហើយយើងអាចត្រៀមខ្លួនជាស្រេច ដើម្បីនិយាយ ដោយក្តីស្រឡាញ់ ដល់អ្នកដែលកំពុងជួបការលំបាក។ យើងអាចត្រៀមខ្លួន សម្រាប់ថ្ងៃដែលវិញ្ញាណរបស់យើង នឹងហោះហើរ។-David Roper
ការមើលឃើញមិនធម្មតា
មានជាងចម្លាក់ខ្លះមានសមត្ថភាព មើលថ្មមួយផ្ទាំងដែលមិនទាន់ឆ្លាក់ ឃើញរូបភាពដ៏ល្អឥតខ្ចោះនៅក្នុងផ្ទាំងថ្មនោះ ហើយក៏ឆ្លាក់ចេញជារូបនោះ ដោយសម្រស់ដ៏គួរជាទីគយគន់។ គេហៅសមត្ថភាពនេះថា “ការមើលឃើញមិនធម្មតា”។
លោកហ្គូតហ្សុន ប៊កលុម(Gutzon Borglum ឆ្នាំ១៨៦៧-១៩៤១) ជាជាងចម្លាក់ម្នាក់ ដែលបានបង្កើតស្នាដៃសិល្បៈសាធារណៈដ៏ល្បីល្បាញជាច្រើន។ គេជឿថា រូបចម្លាក់ដ៏ធំសម្បើម នៅលើភ្នំរ៉ាសម័រ ដែលជាទីរំឭករបស់អាមេរិក ក្នុងរដ្ឋដាកូតាខាងត្បូង គឺជាស្នាដៃដ៏ល្បីល្បាញបំផុតរបស់គាត់។ អ្នកបម្រើក្នុងផ្ទះរបស់លោកប៊កលូម បានយល់អំពីសមត្ថភាពនៃការមើលឃើញមិនធម្មតានោះ ពេលដែលនាងទស្សនារូបចម្លាក់ក្បាលរបស់ប្រធានាធិបតីសហរដ្ឋអាមរិក ដែលគាត់បានឆ្លាក់នៅលើភ្នំរ៉ាស់ម័រជាលើកដំបូង។ នាងបានសួរគាត់ថា “លោកប៊កលូម ខ្ញុំឆ្ងល់ថា តើធ្វើដូចម្តេច ឲ្យលោកអាចមើលឃើញរូបភាពលោកប្រធានាធិបតីលីនខិន(Lincoln) បង្កប់ក្នុងផ្ទាំងថ្មនោះ ហើយក៏ឆ្លាក់ឲ្យចេញជារូបគាត់បាន?”
ការមើលឃើញមិនធម្មតា ជាសមត្ថភាពដែលសិល្បៈករឆ្មើមៗមាន តែក៏អាចឆ្លុះបញ្ចាំងអំពីព្រះមួយអង្គ ដែលអាចមើលឃើញ និងជ្រាបអំពីគ្រប់ការទាំងអស់។ ព្រះអង្គជ្រាប អំពីយើង ដោយគ្មានកន្លែងចន្លោះ។ ព្រះអង្គជ្រាបថា យើងនឹងក្លាយជាអ្វី ពេលដែលព្រះអង្គសូនច្នៃជីវិតយើងរួចរាល់ហើយ រួចយើងក៏អាចឈរនៅចំពោះព្រះអង្គ ដោយភាពបរិសុទ្ធ និងគ្រប់លក្ខណ៍គ្មានកន្លែងបន្ទោសបាន គឺមានលក្ខណៈដូចព្រះយេស៊ូវ។ គឺដូចមានសេចក្តីចែងថា ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ(ភីលីព ១:៦)។
យើងមិនត្រូវបដិសេធបំណងព្រះហឫទ័យព្រះឡើយ! ព្រះអង្គសព្វព្រះទ័យនឹងជួយឲ្យយើងផ្លាស់ប្រែ ទៅរកភាពគ្រប់លក្ខណ៍ ដែលនឹងគ្មានអ្វីអាចរារាំងបានឡើយ និយាយរួម ព្រះអង្គនឹងសម្រេចកិច្ចការ ដែលព្រះអង្គបានចាប់ផ្តើមធ្វើក្នុងជីវិតយើង បើសិនជាយើងព្រមថ្វាយជីវិតយើង ក្នុងព្រះហស្តនៃព្រះដែលជាជាងចម្លាក់ លើសអស់ទាំងជាងចម្លាក់។-David…
ការលត់ដំក្នុងការរង់ចាំ
ការរង់ចាំ ជាការពិបាក។ ក្នុងការរស់នៅ មានការជាច្រើនដែលយើងត្រូវរង់ចាំ។ យើងឈរតម្រង់ជួររង់ចាំទិញឥវ៉ាន់ នៅហាងលក់ទំនិញ យើងរង់ចាំធ្វើដំណើរ នៅកន្លែងស្ទះចរាចរណ៍ យើងរង់ចាំជួបពេទ្យនៅក្នុងមន្ទីរពេទ្យ ។ល។ ពេលយើងរង់ចាំ យើងប្រហែលជាអង្គុយត្រដុសម្រាមដៃ ដោយការតប់ប្រម៉ល់ ឬស្ងាបដោយការធុញទ្រាន់ ឬមួយមានការថប់បារម្ភក្នុងចិត្ត ដោយចិត្តនឿយណាយជាដើម។ ពុំនោះទេ លើសពីនេះទៀត យើងប្រហែលជារង់ចាំទទួលសំបុត្រ ដែលគេមិនឃើញផ្ញើមកសោះ ឬរង់ចាំកូនដែលបង្ហិនទ្រព្យសម្បត្តិត្រឡប់មកវិញ ឬមួយរង់ចាំថ្ងៃដែលប្តីឬប្រពន្ធយើងប្រែចិត្ត។ យើងរង់ចាំកូន ដែលយើងអាចឱបក្នុងរង្វង់ដៃរបស់យើង។ យើងរង់ចាំពេលដែលបំណងរបស់យើងបានសម្រេច។
ក្នុងទំនុកដំកើង ជំពូក៤០ ស្តេចដាវីឌបានមានបន្ទូលថា “ខ្ញុំបានរង់ចាំព្រះយេហូវ៉ា ដោយអំណត់”។ តាមព្រះគម្ពីរដើម ជាភាសាហេព្រើ ត្រង់ចំណុចនេះ ស្តេចដាវីឌបានរង់ចាំពេលដែលព្រះឆ្លើយតបការអធិស្ឋានរបស់ទ្រង់ ដោយ “រង់ចាំព្រះអង្គហើយ រង់ចាំទៀត”។ ប៉ុន្តែ ក្រោយមក ទ្រង់ក៏បានក្រឡេកមកមើលពេលដែលព្រះបានពន្យាពេលឆ្លើយតប ហើយទ្រង់ក៏បានសរសើរដំកើងព្រះអង្គ។ ទ្រង់មានបន្ទូលថា ព្រះអង្គបាន “បណ្តាលឲ្យមានទំនុកថ្មីនៅក្នុងមាត់ខ្ញុំ គឺជាសេចក្តីសរសើរដល់ព្រះនៃយើងខ្ញុំ”(៤០:៣)។
លោកអេហ្វ ប៊ី មេយើរ(F. B. Meyer) បានមានប្រសាសន៍ថា “ជំពូកដែលនិយាយអំពីការពន្យាពេលរបស់ព្រះ ជាជំពូកដ៏ប្រសើរណាស់! ជំពូកនោះបង្ហាញអំពីអាថ៌កំបាំងនៃការអប់រំវិញ្ញាណមនុស្ស ឲ្យមានចិត្តអត់ធ្មត់ដ៏ប្រសើរបំផុត ដែលពួកគេអាចមាន”។ តាមរយៈការលត់ដំខ្លួន ក្នុងការរង់ចាំ យើងអាចមានការលូតលាស់ខាងវិញ្ញាណ ដោយមានការចុះចូល…
ជីវីតដែលលាក់កំបាំង
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានអានកំណាព្យមួយ ដែលលោកចច មែកដូណាល់(George MacDonald) បាននិពន្ធ ដែលមានចំណងជើងថា “ជីវិតដែលលាក់កំបាំង”។ កំណាព្យនេះ បានដំណាលអំពីយុវជនស្កុតឡង់ម្នាក់ ដែលមានអំណោយទាន និងការរៀនសូត្រជ្រៅជ្រះ ដែលបានងាកបែរចេញពីអាជីព ផ្នែកបញ្ញាវ័ន្តដ៏មានកិត្យានុភាព ដើម្បីវិលត្រឡប់ទៅរកឪពុកចាស់ជរារបស់ខ្លួន និងកសិដ្ឋានប្រចាំគ្រួសាររបស់គាត់។ នៅទីនោះ គាត់បានប្រលោកនៅក្នុង “កិច្ចការដ៏សាមញ្ញ” និងមានប្រយោជន៍របស់មនុស្ស”។ មិត្តភ័ក្តរបស់គាត់ទាំងឡាយ បានបង្ហាញពីការសោកស្តាយ ពេលដែលបានឃើញគាត់ទុកឲ្យជំនាញរបស់ខ្លួន ក្លាយជាអាសារឥតការយ៉ាងដូចនេះ។
អ្នកក៏ប្រហែលជាកំពុងតែធ្វើការ ក្នុងកន្លែងដែលគេមិនចាប់អារម្មណ៍ គឺធ្វើតែកិច្ចការដែលសាមញ្ញៗ។ អ្នកដទៃប្រហែលជាគិតថា អ្នកកំពុងធ្វើកិច្ចការដែលឥតប្រយោជន៍។ ប៉ុន្តែ គ្មានការអ្វីដែល មិនមានប្រយោជន៍សម្រាប់ព្រះឡើយ។ រាល់ការប្រព្រឹត្តដោយសេចក្តីស្រឡាញ់ ដើម្បីព្រះនាមព្រះអង្គ ត្រូវបានព្រះអង្គកត់ទុក ហើយនឹងបានទទួលរង្វាន់ដ៏អស់កល្បជានិច្ច។ គ្រប់ទីកន្លែងទាំងអស់ សុទ្ធតែជាទីបរិសុទ្ធ ទោះកន្លែងនោះតូចប៉ុណ្ណាក៏ដោយ។ ឥទ្ធិពលមិនមែនកើតមាន តែនៅពេលដែលយើងបានធ្វើកិច្ចការ ឬនិយាយនូវពាក្យអ្វីដែលលេចធ្លោនោះឡើយ។ ឥទ្ធិពលអាចកើតចេញពីភាពមានប្រយោជន៍របស់មនុស្ស ដ៏សាមញ្ញ ដែលមានដូចជា ការនៅក្បែរ ការស្តាប់ ការយល់អំពីតម្រូវការ ការស្រឡាញ់ និងការអធិស្ឋាន។ កិច្ចការដ៏សាមញ្ញទាំងនេះ ធ្វើឲ្យកាតព្វកិច្ចដែលយើងបំពេញជារៀងរាល់ថ្ងៃ ក្លាយទៅជាការថ្វាយបង្គំ និងការបម្រើ។
សាវ័កប៉ុលបានលើកទឹកចិត្តពួកជំនុំ នៅក្រុងកូល៉ុសថា “ក្នុងគ្រប់ទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយ…
ក្នុងព្រះហស្តព្រះអង្គ
មានពេលមួយខ្ញុំ និងមិត្តភ័ក្ររបស់ខ្ញុំ បានដឹកដៃក្មេងតូចៗដើរឆ្លងផ្លូវថ្មល់ដ៏មមាញឹកមួយ។ យើងបានឲ្យពួកគេកាន់ដៃរបស់យើង ហើយប្រាប់ពួកគេថា “សូមកាន់ដៃឲ្យជាប់” ហើយពួកគេក៏ខំកាន់ដែយើងយ៉ាងណែន។ ប៉ុន្តែ បើគ្រាន់តែឲ្យពួកគេកាន់ដៃយើងតែម្យ៉ាង នោះខ្ញុំមិនមានទំនុកចិត្តទេ ព្រោះពួកគេអាចរបូតដៃ បានជាយើងដែលជាមនុស្សធំ ចាំបាច់ត្រូវកាន់ដៃពួកគេឲ្យជាប់ ដើម្បីឲ្យពួកគេអាចមានសុវត្ថិភាព។ ហេតុនេះហើយបានជាសាវ័កប៉ុលបានមានប្រសាសន៍ថា “ព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាន”(ភីលីព ៣:១២)។ ឬអាចនិយាយបានម្យ៉ាងទៀតថា “ព្រះគ្រីស្ទបានកាន់ដៃខ្ញុំជាប់!”
ត្រង់ចំណុចនេះ យើងអាចដឹងច្បាស់ថា យើងមានសុវត្ថិភាព មិនមែនដោយសារយើងបានតោងព្រះហស្តព្រះអង្គឡើយ តែគឺដោយសារព្រះអង្គបានកាន់ដៃយើងជាប់ ដោយសារអំណាចចេស្តារបស់ព្រះអង្គទៅវិញទេ។ គ្មាននរណាម្នាក់ អាចទាញដៃយើងចេញពីព្រះហស្តព្រះអង្គបានឡើយ សូម្បីតែវិញ្ញាណអាក្រក់ ឬខ្លួនយើងក៏មិនអាចទាញចេញបានដែរ។ ដរាបណាព្រះអង្គបានកាន់ដៃយើងហើយ ព្រះអង្គនឹងមិនព្រលែងឡើយ។ គឺដូចដែលព្រះអង្គបានធានាដល់យើងថា “ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ ព្រះវរបិតានៃខ្ញុំ ដែលប្រទានវាមកខ្ញុំ ទ្រង់ធំលើសជាងទាំងអស់ គ្មានអ្នកណាអាចនឹងឆក់វាចេញពីព្រះហស្តរបស់ព្រះវរបិតាខ្ញុំបាន ឡើយ”(យ៉ូហាន ១០:២៨-២៩)។
បទគម្ពីរនេះបានបញ្ជាក់ថា យើងមានសុវត្ថិភាពទ្វេរដង ព្រោះព្រះវរបិតាកាន់ដៃយើងម្ខាង ហើយព្រះយេស៊ូវដ៏ជាព្រះសង្រ្គោះនៃយើង កាន់ដៃយើងម្ខាងទៀត។ ព្រះហស្តព្រះអង្គជាព្រះហស្តដែលបានបង្កើតភ្នំ មហាសមុទ្រ ហើយបានដាក់ហ្វូងផ្កាយក្នុងលំហរអវកាស។ គ្មានអ្វី “អាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាបានឡើយ” ទោះជាក្នុងមួយជីវិតនេះ ឬបន្ទាប់ពីយើងលាចាកលោកនេះទៅក្តី(រ៉ូម ៨:៣៩)។—David Roper
មិនមានអារម្មណ៍ទទេ
មានពេលមួយ ជូលា ចៅស្រីរបស់ខ្ញុំ បានចំណាយពេលក្នុងរដូវក្តៅ ទៅធ្វើការ ក្នុងមណ្ឌលកុមារកំព្រាមួយកន្លែង ក្នុងក្រុងប៊ូសៃ ប្រទេសយូហ្កាន់ដា។ ក្នុងថ្ងៃចុងក្រោយ នៃការចុះកម្មសិក្សារបស់នាង នៅទីនោះ នាងបានទៅលាក្មេងៗ ក្នុងមណ្ឌលកុមារកំព្រានោះ។ មានក្មេងស្រីតូចម្នាក់ ឈ្មោះស៊ូម៉ាយ៉ា មានទឹកមុខក្រៀមក្រំណាស់ ហើយក៏បាននិយាយប្រាប់នាងថា “ថ្ងៃស្អែក អ្នកមីងទៅចោលពួកខ្ញុំហើយ ហើយអាទិត្យក្រោយ អ្នកមីងផ្សេងទៀត(ដែលមកចុះកម្មសិក្សា) ក៏ទៅចោលពួកខ្ញុំដែរ”។ ពេលនោះ ជូលាក៏បានតបថា នាងពិតជាត្រូវចាកចេញមែន។ ស៊ូម៉ាយ៉ាក៏បានឈរគិតមួយសន្ទុះ ហើយក៏លាន់ម៉ាត់ថា “ប៉ុន្តែ អ្នកមីងក៏ទៅ អ្នកមីងផ្សេងទៀតក៏ទៅ ចឹងទៅចោលពួកខ្ញុំអស់ហើយ”។ ជូលាក៏បានតបថា នេះជាការពិតមែន។ ប៉ុន្តែ ក្មេងស្រីតូចម្នាក់នេះក៏បានគិតមួយសន្ទុះ ហើយនិយាយទៀតថា “តែព្រះអង្គនឹងនៅតែគង់នៅជាមួយយើងជានិច្ច ដូចនេះ យើងមិនមានអារម្មណ៍ទទេឡើយ”។
ត្រង់ចំណុចនេះ យើងរាល់គ្នាសុទ្ធតែអាចយល់អំពីអារម្មណ៍ទទេ។ ទោះបីជាមនុស្សមានទំនាក់ទំនង មានស្នេហា ទំនាក់ទំនងផ្លូវភេទ លុយ អំណាច ប្រជាប្រិយភាព ឬមានជ័យជម្នះច្រើនយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជម្នះអារម្មណ៍ទទេនេះបានឡើយ ព្រោះវាជាសេចក្តីប៉ងប្រាថ្នាចង់បានរបស់អ្វីមួយដែលយើងគិតថា មានតម្លៃ ដែលមិនអាចបរិយ៉ាយ និងកាត់ថ្លៃបាន ប៉ុន្តែ របស់នោះមិនស្ថិតស្ថេរសោះឡើយ។ ពេលណាយើងបានរបស់ល្អហើយ យើងកាន់តែមានចិត្តចង់បានរបស់ដែលល្អជាងនោះទៀត។ យើងប្រហែលជារកបានរបស់ដែលល្អជាងនោះ ឬអាចគ្រាន់តែស្រម៉ៃថា បានរបស់នោះនៅក្នុងដៃ…
អ្នករួមដំណើរ
ថ្មីៗនេះ ពេលដែលខ្ញុំទៅលេងមិត្តភ័ក្រ ដែលធ្លាប់បញ្ចប់ការសិក្សានៅសាលាព្រះគម្ពីរជាមួយគ្នា ខ្ញុំក៏បានដឹងថា មានមិត្តភ័ក្ររបស់យើងជាច្រើន បានលាចាកលោកទៅហើយ។ ការនេះបានរំឭកខ្ញុំយ៉ាងច្បាស់ថា ជីវិតរបស់មនុស្សពិតជាខ្លីណាស់។ អាយុរបស់មនុស្សយើង គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ ដ្បិតអាយុយើងឆាប់កន្លងទៅ ហើយយើងហើរទៅបាត់ (ទំនុកដំកើង ៩០:១០)។ អ្នកនិពន្ធទំនុកដំកើងពិតជានិយាយត្រូវមែន។ យើងជាអ្នកដទៃ ជាអ្នកដំណើរដូចជាពួកឰយុកោដែរ(៣៩:១២)។ ភាពរួញខ្លីនៃជីវិតបានធ្វើឲ្យយើងគិតអំពី “ចុងបញ្ចប់” នៃជីវិតយើង និងចំនួនថ្ងៃដែលយើងនៅសល់ ដែលកន្លងផុតទៅឆាប់រហ័សណាស់(ខ.៤)។ យើងមានអារម្មណ៍ដឹងកាន់តែច្បាស់អំពីបញ្ហានេះ ពេលដែលចុងបញ្ចប់នៃជីវិតយើង កាន់តែរំគិតមកដល់។
លោកិយនេះមិនមែនជាផ្ទះរបស់យើងទេ យើងគ្រាន់តែជាអ្នកដំណើរ ដែលមកសំណាក់នៅបណ្តោះអាសន្នប៉ុណ្ណោះ។ តែយើងមិនធ្វើដំណើរតែម្នាក់ឯងទេ។ យើងជាអ្នកដំណើរ ដែលមានព្រះគង់នៅ និងរួមដំណើរជាមួយ(៣៩:១២) ដូចនេះ យើងមិនត្រូវខ្លាចឧបស័គ្គនៅតាមផ្លូវ មិនត្រូវខ្លាច ឬមានការព្រួយបារម្ភឡើយ។ យើងធ្វើដំណើរឆ្លងកាត់លោកិយនេះ ហើយចូលទៅក្នុងនគរព្រះ ជាមួយនឹងព្រះវរបិតា ដែលមានក្តីស្រឡាញ់ ដែលតែងតែរួមដំណើរ និងនាំផ្លូវយើងជានិច្ច។ យើងជាអ្នកដំណើរ ក្នុងលោកិយនេះ តែយើងមិនដែលធ្វើដំណើរតែម្នាក់ឯងឡើយ(៧៣:២៣-២៤)។ យើងមានព្រះមួយអង្គ ដែលមានបន្ទូលថា “ខ្ញុំនឹងគង់នៅជាមួយអ្នកជានិច្ច”(ម៉ាថាយ ២៨:២០)។
ឪពុកម្តាយ ប្តីប្រពន្ធ និងមិត្តភ័ក្រយើង មិនអាចនៅក្បែរយើងគ្រប់ពេលឡើយ តែយើងដឹងថា ព្រះដើរទន្ទឹមយើងជានិច្ច។ មានពាក្យចាស់ពោលថា “ការធ្វើដំណើររបស់យើង ហាក់ដូចជាស្រាលជាងមុខ…
ជំពូកចុងក្រោយ
មិត្តភ័ក្ររបស់ខ្ញុំម្នាក់មានទម្លាប់អានសៀវភៅ តាមរបៀបចម្លែកខុសគេ។ ពេលនាងអានសៀវភៅរឿងប្រលោមលោកបែបរន្ធត់ នាងចូលចិត្តអានជំពូកចុងក្រោយមុនគេ។ នាងប្រាប់ខ្ញុំថា មូលហេតុដែលនាងមានទម្លាប់អានដូចនេះ គឺដោយសារនាង “មិនចង់មានចិត្តថប់បារម្ភ នៅក្នុងការអាន”។ សម្រាប់យើងដែលជាគ្រីស្ទបរិស័ទវិញ យើងប្រហែលជាមានចិត្តថប់បារម្ភ អំពីហេតុការណ៍ដែលអាចកើតឡើងចំពោះយើង នៅពេលអនាគត ប៉ុន្តែ ព្រះបានអនុញ្ញាតឲ្យយើងដឹងជាមុន អំពីចុងបញ្ចប់នៃសាច់រឿងនៃជីវិតរបស់យើង ដូចនេះ យើងអាចមានសន្តិភាពក្នុងចិត្ត ពេលជួបភាពជ្រួលច្របល់ ហើយមានចិត្តស្ងប់ ពេលជួបគ្រោះមហន្តរាយ។
ត្រង់ចំណុចនេះ ក្នុងបទគម្ពីរ ភីលីព ៤:៥ សាវ័កប៉ុលបានហៅអាកប្បកិរិយ៉ាដូចនេះថា “សេចក្តីសំឡូត”។ ពាក្យនេះត្រូវបានប្រើក្នុងបទគម្ពីរនេះ សំដៅទៅលើ “ការមានសន្តិភាពក្នុងចិត្ត ពេលស្ថិតក្រោមសំពាធអ្វីមួយ” ដែលជាភាពស្ងប់រម្ងាប់ និងជាកម្លាំងដែលយើងប្រើ ពេលយើងជួបស្ថានភាពដែលធ្វើឲ្យមានការថប់បារម្ភ ក្នុងការរស់នៅ។ នគរទាំងឡាយអាចរលំរលាយ មិត្តភ័ក្រអាចលែងទុកចិត្តគ្នា ពួកជំនុំអាចជួបការបែបបាក់ ទឹកសមុទ្រអាចជន់ជោរឡើង ហើយភ្នំទាំងឡាយអាចកក្រើករំពើក ប៉ុន្តែ យើងនៅតែអាចមានសន្តិភាពនៅក្នុងចិត្ត។ តើធ្វើដូចម្តេច ឲ្យយើងអាចមានចិត្តស្ងប់យ៉ាងដូចនេះបាន?
យើងអាចមានចិត្តស្ងប់យ៉ាងដូចនេះបាន ដោយនឹកចាំថា “ព្រះអម្ចាស់ជិតយាងមកហើយ”(ភីលីព ៤:៥)។ ព្រះអម្ចាស់នៃយើងកំពុងឈរនៅខាងក្រៅ ដោយត្រៀមខ្លួនទំលាយទ្វារចូល ហើយកែរប្រែអ្វីៗឲ្យត្រឹមត្រូវឡើងវិញ។ ពេលនោះ លោកិយនេះ និងបញ្ហាទាំងឡាយប្រែក្លាយជានគររបស់ព្រះអម្ចាស់នៃយើង ហើយ “មនុស្សនឹងស្គាល់ដល់សិរីល្អនៃព្រះយេហូវ៉ា នៅពេញលើផែនដី ដូចជាទឹកក៏នៅពេញសមុទ្រដែរ”(ហេព្រើ ២:១៤)។ ព្រះយេស៊ូវបានមានបន្ទូលថា…