អ្វីដែលយើងត្រូវខ្វល់
ការទទួលសំពាធពីមនុស្សនៅជុំវិញខ្លួនយើង ជាផ្នែកមួយនៃការរស់នៅប្រចំាថ្ងៃ។ ជួនកាល យើងធ្វើការសម្រេចចិត្ត ដោយផ្អែកទៅលើគំនិត ឬពាក្យសម្តីរបស់អ្នកដទៃ ជាជាងពឹងផ្អែកទៅលើសម្បជញ្ញៈ និងបំណងព្រះទ័យព្រះ។ យើងបារម្ភថា គេនឹងកាត់ទោស ឬចម្អកឲ្យយើង។
យ៉ាងណាមិញ សាវ័កប៉ុលក៏ធ្លាប់ទទួលរងសំពាធពីមនុស្សនៅជុំវិញខ្លួនគាត់ផងដែរ។ នៅសម័យនោះ មានគ្រីស្ទបរិស័ទដែលជាជនជាតិយូដាមួយចំនួន បានជឿថា សាសន៍ដទៃគួរតែកាត់ស្បែក ដើម្បីឲ្យបានទទួលសេចក្តីសង្រ្គោះដ៏ពិតប្រាកដ(កាឡាទី ១:៧ ៦:១២-១៥)។ ទោះជាយ៉ាងណាក៏ដោយ សាវ័កប៉ុលបានប្រកាន់ខ្ជាប់នូវគោលជំហររបស់ខ្លួន។ គាត់នៅតែបន្តផ្សាយព្រះបន្ទូលថា សេចក្តីសង្រ្គោះគឺបានមកពីព្រះគុណព្រះ ដោយសារសេចក្តីជំនឿតែមួយមុខគត់ គឺមិនបានតម្រូវឲ្យយើងធ្វើកិច្ចការអ្វីមួយបន្ថែម ដើម្បីឲ្យបានសង្រ្គោះទេ។ ហើយគេក៏បានចោទប្រកាន់ថា គាត់បានតាំងខ្លួនជាសាវ័ករបស់ព្រះគ្រីស្ទ។ ហើយពួកគេថែមទាំងបានលើកឡើងថា ដំណឹងល្អដែលគាត់បានផ្សាយ មិនដែលបានទទួលការយល់ព្រមពីពួកសាវ័កឡើយ(២:១-១០)។
ទោះជាមានសំពាធយ៉ាងណាក៏ដោយ សាវ័កប៉ុលនៅតែដឹងច្បាស់ថា គាត់កំពុងបម្រើនរណា។ គាត់កំពុងបម្រើព្រះគ្រីស្ទ។ ដូចនេះ ការយល់ព្រមរបស់ព្រះ សំខាន់ជាងការយល់ព្រមរបស់មនុស្ស។ គាត់បានកំណត់គោលដៅថា គាត់នឹងមិនព្យាយាមស្វែងរកការយល់ព្រម ពីមនុស្សឡើយ។ គាត់នឹងបំពេញព្រះទ័យព្រះតែមួយអង្គប៉ុណ្ណោះ(១:១០)។
យើងក៏ជាអ្នកបម្រើព្រះគ្រីស្ទ មិនខុសពីសាវ័កប៉ុលឡើយ។ យើងនៅតែបម្រើព្រះ ទោះគេគោរពយើង ឬស្អប់ខ្ពើមយើង និយាយបង្ខូច ឬសរសើរយើងក៏ដោយ។ ថ្ងៃមួយ “យើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះ ពីដំណើររបស់ខ្លួនយើងជាមិនខាន”(រ៉ូម ១៤:១២)។ មានន័យថា យើងមិនគួរខ្វល់ថា គេគិត ឬនិយាយអ្វីពីយើងឡើយ តែអ្វីដែលយើងត្រូវខ្វល់នោះ គឺត្រូវធ្វើយ៉ាងណាឲ្យព្រះទ្រង់សព្វព្រះទ័យវិញ។…
ទ្រង់បានបង្រៀនដៃខ្ញុំ
មានពេលមួយលោកដាវីឌ វូឌ(David Wood) ដែលជាអតីតកីឡាករអិនប៊ីអេ បានទៅប្រកួតឲ្យក្រុមទួរក្រេស ដឺ បាស់កូនា ក្នុងវគ្គផ្តាច់ព្រ័ត្តនៃការប្រកួតកីឡាបាល់បោះពានរង្វាន់របស់ប្រទេសអេស្ប៉ាញ។ កាលនោះខ្ញុំមានឱកាសនៅក្បែរគាត់។ មុនពេលការប្រកួតចាប់ផ្តើម គាត់បានអានខគម្ពីរទំនុកដំកើង ១៤៤:១ ដូច្នេះថា “សូមឲ្យព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំ បានប្រកបដោយព្រះពរ ជាព្រះដែលបង្ហាត់បង្វឹកដៃទូលបង្គំឲ្យចេះច្បាំង ហើយម្រាមដៃរបស់ទូលបង្គំឲ្យធ្វើសង្រ្គាម”។ គាត់ក៏បានងាកមកខ្ញុំ ហើយនិយាយថា “អ្នកឃើញទេ? ព្រះទ្រង់ហាក់ដូចជាបានសរសេរខគម្ពីរនេះ សម្រាប់ខ្ញុំចឹង! ទ្រង់បានបង្រៀនដៃខ្ញុំ ឲ្យចេះចាប់បាល់ដែលបានលោតចុះឡើង ហើយបង្រៀនម្រាមដៃខ្ញុំឲ្យចេះបាញ់បាល់ចូលក្នុងកន្ត្រក!” លោកដាវីឌដឹងថា ព្រះបានត្រាសហៅគាត់ឲ្យលេងកីឡាបាល់បោះ ហើយគាត់ក៏បានដឹងថា ព្រះទ្រង់បានទទួលយកយើង ទោះយើងមានសណ្ឋានបែបណាក៏ដោយ ហើយក៏បានប្រទានលទ្ធភាពឲ្យយើងធ្វើការអ្វីដែលទ្រង់បានត្រាសហៅឲ្យយើងធ្វើ។
យើងងាយនឹងគិតថា ខ្លួនឯងមិនសូវមានតម្លៃសម្រាប់ព្រះ គឺនៅពេលដែលយើងមានអារម្មណ៍ថាយើងមិនមានអ្វីសម្រាប់ថ្វាយទ្រង់។ ពេលព្រះទ្រង់បង្ហាញព្រះអង្គទ្រង់ដល់លោកម៉ូសេ ហើយបានចាត់តាំងគាត់ ឲ្យមានភារៈកិច្ចប្រាប់ជនជាតិអ៊ីស្រាអែលថា ទ្រង់នឹងរំដោះពួកគេឲ្យរួចពីការគៀបសង្កត់របស់ជនជាតិអេស៊ីព្ទ(និក្ខមនំ ៣:១៦-១៧) លោកម៉ូសេមានអារម្មណ៍ថា គាត់មិនមានសមត្ថភាពគ្រប់គ្រាន់ទេ។ គាត់ទូលព្រះអម្ចាស់ថា “ទូលបង្គំជាអ្នកមិនសូវមានវោហារទេ … ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្តាតក៏ដំឡាន់ផង”(៤:១០)។ លោកម៉ូសេប្រហែលជាមិនអាចនិយាយច្បាស់ ឬគ្រាន់តែមានការភ័យខ្លាច តែព្រះទ្រង់បានជម្នះភាពខ្វះចន្លោះរបស់គាត់ ដោយភាពគ្រប់គ្រាន់របស់ទ្រង់។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ដូច្នេះចូរឯងទៅឥឡូវចុះ អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្តីដែលឯងត្រូវនិយាយផង”(ខ.១២)។
អ្វីដែលព្រះទ្រង់ចង់បានពីយើងនោះ គឺឲ្យយើងដើរតាមផែនការទ្រង់។ បន្ទាប់ពីយើងដើរតាមផែនការទ្រង់ហើយ ទ្រង់នឹងបំពេញនូវភាពខ្វះចន្លោះរបស់យើង។ ក្នុងព្រះហស្តដ៏មានចេស្តារបស់ទ្រង់ …