ពេលការភ័យខ្លាច ចូលមកក្នុងជីវិត
នៅពេលដែលកូនស្រីរបស់ខ្ញុំស្រែកថា “ម៉ាក់ សត្វ!” ខ្ញុំក៏មើលទៅកន្លែងដែលនាងចង្អុល ហើយក៏បានឃើញពីងពាងដ៏ធំមួយ។ ពីមុនមក ខ្ញុំមិនធ្លាប់ឃើញពីងពាងធំដូចនេះ នៅក្រៅកន្លែងលក់សត្វចិញ្ចឹមទេ។ ខ្ញុំដឹងថា ខ្ញុំមិនអាចឲ្យវាចូលនៅក្នុងផ្ទះរបស់ខ្ញុំបានទេ ហើយវាក៏ដឹងដែរ។ ប៉ុន្តែ ខណៈពេលដែលខ្ញុំប្រឈមមុខដាក់វា ខ្ញុំរកឃើញថា ខ្ញុំមិនអាចឈានជើងទៅមុខមួយជំហានទៀត ដើម្បីចូលទៅជិតវាបានឡើយ។ ជីពចររបស់ខ្ញុំលោតកាន់តែញាប់។ ខ្ញុំបានលេបទឹកមាត់មួយក្អឿក ហើយនិយាយផ្តល់កំលាំងចិត្តឲ្យខ្លួនឯង តែការភ័យខ្លាចនៅតែធ្វើឲ្យខ្ញុំគាំងនៅមួយកន្លែង។ ការភ័យខ្លាចមានអំណាចណាស់។ វាអាចធ្វើឲ្យយើងគិត ឬបញ្ចេញអាកប្បកិរិយាណា ដែលមិនសមហេតុផល។ តែសូមអរព្រះគុណព្រះ ដែលក្នុងនាមជាគ្រីស្ទបរិស័ទ យើងមិនត្រូវអនុញ្ញាតឲ្យការភ័យខ្លាច គ្រប់គ្រងសកម្មភាពរបស់យើងឡើង ទោះវាជាការខ្លាចមនុស្ស ស្ថានការណ៍ ឬសូម្បីតែការខ្លាចពីងពាងក៏ដោយ។ យើងអាចប្រកាសថា “តែវេលាណាដែលទូលបង្គំភ័យ នោះទូលបង្គំនឹងទុកចិត្តដល់ទ្រង់”(ទំនុកដំកើង ៥៦:៣)។
ការកាន់គោលជំហរទាស់ប្រឆាំងនឹងការភ័យខ្លាច គឺសមស្របតាមបទគម្ពីរ ដែលបានបង្រៀនយើងឲ្យ “ទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ”(សុភាសិត ៣:៥)។ ចំណេះដឹងរបស់យើង អាចនាំឲ្យយើងមានការភ័យខ្លាចហួសហេតុពេក ហើយមើលស្រាលអំណាចរបស់ព្រះ។ នៅពេលដែលយើងភ័យខ្លាច យើងអាចទុកចិត្តទៅលើយោបលរបស់ព្រះអម្ចាស់(អេសាយ ៤០:២៨) ហើយទុកចិត្តលើសេចក្តីស្រឡាញ់របស់ទ្រង់ ដែលអាចបណ្តេញ “សេចក្តីភ័យខ្លាច”បាន(១យ៉ូហាន ៤:១៨)។ បើនៅពេលក្រោយ ការភ័យខ្លាចចូលក្នុងជីវិតរបស់អ្នក នោះសូមកុំតក់ស្លត់ឡើយ។ ដ្បិតយើងនៅតែអាចទុកចិត្តព្រះ ទោះយើងនៅទីងងឹតក៏ដោយ។—Jennifer Benson Schuldt
ឈរឲ្យមាំមួន
ខណៈពេលដែលខ្ញុំហៀបនឹងបទស្តាំ នៅចំណុចផ្លូវប្រសព្វដ៏មមាញឹកមួយ មានរថយន្តសង្រ្គោះបន្ទាន់មួយគ្រឿង បានលេចចេញពីលើផ្លូវទួលមក ដោយល្បឿនយ៉ាងលឿន ឆ្ពោះមករកទិសដៅរបស់ខ្ញុំ។ អ្នកបើកបររថយន្តដែលនៅពីក្រោយខ្ញុំបានចុចស៊ីផ្លេ បង្ខំឲ្យខ្ញុំបើកកាត់ផ្លូវប្រសព្វនោះ។ ពេលនោះ ខ្ញុំដឹងថា រថយន្តសង្រ្គោះបន្ទាន់ មិនទំនងជាឈប់ទេ ដូចនេះ បើខ្ញុំហ៊ានបទស្តាំ គ្រោះថ្នាក់នឹងកើតមានជាមិនខាន។ ហេតុនេះហើយ បានជាខ្ញុំនៅតែបន្តជាន់ហ្វ្រាំងជាប់ មិនព្រមទៅមុខទៀត។
តាមន័យធៀបខាងឯវិញ្ញាណវិញ យើងក៏ចាំបាច់ត្រូវ“ប្រកាន់គោលជំហររបស់យើង” ហើយនៅតែស្មោះត្រង់ចំពោះព្រះជានិច្ច ទោះបីទទួលរងសំពាធពីអ្នកដទៃយ៉ាងណាក៏ដោយ។ ស្តេចសាឡូម៉ូនបានរៀនប្តេជ្ញាចិត្តយ៉ាងដូចនេះ ដោយឆ្លងកាត់ការលំបាកជាច្រើន។ ទ្រង់បានចាប់ផ្តើមគ្រងរាជ្យ ដោយសូមប្រាជ្ញាពីព្រះ(១ពង្សាវតារក្សត្រ ៣:៩) ហើយការអធិស្ឋានរបស់ទ្រង់ នៅឯពិធីថ្វាយព្រះវិហារដល់ព្រះ បានបង្ហាញឲ្យឃើញភាពស្មោះត្រង់របស់ទ្រង់(៨:២៣,៦១)។ ប៉ុន្តែ ក្រោយមក ការប្តេជ្ញាចិត្តរបស់ទ្រង់ក៏លែងមានទៀត។ ទ្រង់បានរៀបអភិសេកជាមួយស្រ្តីសាសន៍ដទៃជាច្រើន ហើយស្រ្តីទាំងនោះក៏បាននាំឲ្យទ្រង់ថ្វាយបង្គំព្រះដទៃ។ ដល់គ្រាចុងក្រោយនៃព្រះជន្មរបស់ទ្រង់ នោះទ្រង់ក៏លែងមាន “ព្រះទ័យស្មោះត្រង់ចំពោះព្រះអម្ចាស់ទៀត”(១១:១-៦ នេហេមា ១៣:២៦)។
សព្វថ្ងៃនេះ ក៏អាចមានមនុស្សដែលជំរុញឲ្យយើង លែងមានភាពស្មោះត្រង់ ចំពោះព្រះ និងសេចក្តីពិតរបស់ទ្រង់ផងដែរ គឺមិនខុសពីសម័យមុនទេ។ ប៉ុន្តែ ដោយមានជំនួយមកពីព្រះ នោះយើងអាចប្រកាន់ជាប់តាមព្រះបន្ទូលនៃជីវិត(ភីលីព ២:១៦)។ បើអ្នកមានអារម្មណ៍ថា កំពុងទទួលរងសំពាធឲ្យឈានចូល ទៅក្នុងចំណុចប្រសព្វនៃជំនឿសាសនាដ៏គ្រោះថ្នាក់ នោះចូរសិក្សាព្រះបន្ទូលព្រះ ពាក់គ្រឿងសឹករបស់ទ្រង់(អេភេសូរ ៦:១០-១៨) ហើយទូលសូមជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ(១កូរិនថូស ២:១០-១២) រួចឈរឲ្យមាំមួនជាមួយនឹងបងប្អូនរួមជំនឿ ក្នុងព្រះគ្រីស្ទចុះ។…
ថ្ងៃនៃចម្រូត
នៅពេលរសៀលថ្ងៃមួយ នារដូវរំហើយ ខ្ញុំបានបើកឡានកាត់ចំការមួយ ហើយក៏បានឃើញកសិករម្នាក់ចតគ្រឿងម៉ាស៊ីនធំៗមួយចំនួន នៅតាមចិញ្ចើមថ្នល់។ ខ្ញុំក៏បានឃើញមានផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមានផ្ទៃពណ៌លឿង និងមានអក្សរសរសេរពីលើថា “ការប្រមូលផលកំពុងដំណើរការ”។ គ្រាន់តែក្រលេកមើលចំការនោះតែបន្តិច ខ្ញុំក៏អាចដឹងភ្លាម ថាម្ចាស់ចំការនោះ បានយកអ្វីមកដាំកាលពីបួនប្រាំខែមុន គឺគាត់បានយកគ្រាប់ពោតតូចៗមកដាំ។ បានជាខ្ញុំអាចដឹងយ៉ាងដូចនេះ ព្រោះខ្ញុំឃើញគាត់កំពុងរៀប ចំបើកបរម៉ាស៊ីនច្រូតកាត់ដើមពោត ដែលកំពុងពេញផ្លែ ក្នុងផ្ទៃដីរាប់ហិចតា។
ថ្វីដ្បិតតែយើង សុទ្ធតែបានដឹងច្បាស់ហើយថា ផ្លែពោត គឺកើតចេញដើមពោត ដែលគេបានដាំ ប៉ុន្តែ ពេលខ្លះយើងមិនព្រមទទួលស្គាល់លទ្ធផល ដែលច្រូតកាត់បានពីការសាបព្រោះ ខាងឯវិញ្ញាណរបស់យើងឡើយ។ លោកសាវ័កប៉ុលចែងថា “កុំឲ្យច្រឡំឡើយ . . . ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ”(កាឡាទី ៦:៧)។ ការរស់នៅដែលបំពេញសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម នាំឲ្យទទួលផលជាសេចក្តីពុករលួយ មានន័យថា យើងកំពុងចង់បានអ្វីដែលមិនមែនជារបស់ផងខ្លួន ដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយថែមទាំងធ្វើការអាក្រក់ជាច្រើនទៀត(៥:១៩-២១)។ ការដើរតាមការដឹកនាំនៃព្រះវិញ្ញាណ នាំឲ្យបង្កើតផលជាសេចក្តីមេត្រីភាព សប្បុរស ហើយដឹងខ្នាត(៥:២២-២៣)។ ដោយសារព្រះគុណរបស់ព្រះ នោះយើងអាចសម្រេចចិត្ត“ព្រោះគ្រាប់ពូជខាងព្រះវិញ្ញាណ” រួចច្រូតបានជីវិតអស់កល្បជានិច្ច(៦:៨)។
ឧបមាថា ព្រះយេស៊ូវប្រកាសថា ថ្ងៃនេះជា “ថ្ងៃនៃចម្រូត” នៅក្នុងជីវិតរបស់យើង ហើយទ្រង់ឲ្យយើងប្រមូលផលដែលកើតចេញពីការសម្រេចចិត្ត ដែលយើងមានជាប្រចាំថ្ងៃ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ តើយើងនឹងបង្ហាញផលផ្លែអ្វីខ្លះដល់ទ្រង់?—Jennifer Benson Schuldt
សេចក្តីពិត ក្នុងឡានតាក់ស៊ី
ថ្ងៃមួយ ពេលដែលខ្ញុំកំពុងនៅទីប្រជុំជន នៅទីក្រុងឈីកាហ្កូ ខ្ញុំបានស្រែកហៅឡានតាក់ស៊ី។ ពេលខ្ញុំបានចូលក្នុងឡានតាក់ស៊ីនោះ ខ្ញុំកត់សំគាល់ឃើញថា នៅខាងមុខកៅអីអង្គុយរបស់ខ្ញុំ មានបិទផ្សាយពាណិជ្ជកម្មមួយចំនួន អំពីគ្រូបង្រៀននៃសាសនាហិណ្ឌូសម័យថ្មី។ អ្នកបើកបរនោះបានអះអាងថា អ្នកដឹកនាំសាសនារូបនោះ គឺជា “អ្នកដែលចុះមកពីស្ថានសួគ៌” សម្រាប់សម័យរបស់យើង។ គាត់ជឿថា ព្រះបានរើសតាំងអ្នកដឹកនាំផ្សេងៗ សម្រាប់សម័យខុសៗគ្នា ហើយទ្រង់បានជ្រើសតាំងព្រះយេស៊ូវ សម្រាប់តែសម័យដែលទ្រង់ប្រសូត្រប៉ុណ្ណោះ។
ប៉ុន្តែ ខ្ញុំមិនយល់ស្របតាមទស្សនៈរបស់គាត់ឡើយ។ ពេលដែលយើងកំពុងជជែកគ្នា ខ្ញុំក៏បានដកស្រង់ព្រះបន្ទូល ដែលព្រះយេស៊ូវបានថ្លែងថា “ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ”(យ៉ូហាន ១៤:៦)។ ព្រះយេស៊ូវមិនមែនជាអ្នកដឹកនាំសាសនា ក្នុងចំណោមអ្នកដឹកនាំសាសនាដែលបានត្រាសដឹង ជាបន្តបន្ទាប់នោះឡើយ តែទ្រង់ជា ផ្លូវតែមួយ ទៅកាន់ព្រះ ហើយមានតែទៅតាមទ្រង់ប៉ុណ្ណោះ ទើបយើងអាចទៅនគរស្ថានសួគ៌បាន គឺមិនដូចជាអ្វីដែលអ្នកបើកបរតាក់ស៊ីរូបនោះបានជឿឡើយ។ ការសុគត និងការមានព្រះជន្មឡើងវិញរបស់ទ្រង់ គឺបានបញ្ជាក់ថា ទ្រង់ពិតជាផ្លូវតែមួយមែន។ ព្រះគ្រីស្ទ “បានថ្វាយយញ្ញបូជាតែ១ ដើម្បីលោះបាបជារៀងរហូត”(ហេព្រើរ ១០:១២)។
ព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏គង់ក្នុងខ្ញុំ”(យ៉ូហាន ១៤:១១)។ ដូចនេះ យើងមិនចាំបាច់ខំស្វែងរកផ្លូវ “ថ្មី” មួយទៀត ទៅរកសេចក្តីសង្រ្គោះឡើយ។ យកល្អ យើងគួរតែសង្វាតរៀនសូត្រអំពីព្រះគ្រីស្ទ តាមដែលអាចធ្វើទៅបាន។ មានតែទ្រង់ទេ…
ការរួបរួមគ្នាជា គ្រួសារតែមួយ
ខ្ញុំ និងស្វាមី ព្រមទាំងកូនៗរបស់ខ្ញុំ មានប្រពៃណីកម្សាន្តសប្បាយមួយបែបប្រចាំគ្រួសារ។ យើងតែងតែអនុវត្តនៅក្នុងផ្ទះរបស់យើង ដោយមាននរណាម្នាក់ ក្នុងគ្រួសារយើង ស្នើរឲ្យមាន“ការឱបគ្នាជាគ្រួសារ”។ តាមធម្មតា ពេលយើងមកជុំគ្នា នៅក្នុងផ្ទះបាយហើយ ខ្ញុំក៏ឱបកូនៗ ហើយស្វាមីរបស់ខ្ញុំក៏បានឱបយើងទាំងអស់គ្នា ក្នុងរង្វង់ដៃរបស់គាត់។ នេះជារបៀបដែលយើងអាចបង្ហាញសេចក្តីស្រឡាញ់ និងអរសប្បាយជាមួយគ្នា ជាលក្ខណៈគ្រួសារក្នុងរយៈពេលដ៏ខ្លី។ ទោះយូរៗម្តង យើងមានការឱបគ្នាជាក្រុម ដោយអំណរក៏ដោយ ក៏យើងមិនតែងតែមានភាពងាយស្រួល នៅក្នុងការថែរក្សាការរួបរួមគ្នាយ៉ាងដូចនេះឡើយ។ និយាយរួម សមាជិកម្នាក់ៗ ក្នុងគ្រួសារ សុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន។ យើងមានតម្រូវការ សមត្ថភាព និងទស្សនៈខុសៗគ្នា គឺមិនខុសពីមហាគ្រួសារនៃព្រះឡើយ(អេភេសូរ ៤:១១-១២)។
ទោះបីជាយើងមានលក្ខណៈខុសគ្រីស្ទបរិស័ទដទៃទៀតក៏ដោយ ក៏សាវ័កប៉ុលបានឲ្យយើង “ខំប្រឹងរក្សាសេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្តីមេត្រី ទុកជាចំណង”(ខ.៣)។ យើងចាំបាច់ត្រូវមានភាពសុខដុមជាមួយគ្រីស្ទបរិស័ទដទៃទៀត ព្រោះការនេះបានឆ្លុះបញ្ចាំង អំពីការរួបរួមរវាងព្រះយេស៊ូវ និងព្រះវរបិតាទ្រង់ ដែលគង់នៅស្ថានសួគ៌។ ព្រះយេស៊ូវបានអធិស្ឋានឲ្យអ្នកជឿទ្រង់ថា “សូមឲ្យពួកគេទាំងអស់គ្នា បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ”(យ៉ូហាន ១៧:២១)។
ពេលដែលបញ្ហាកើតមាន ក្នុងគ្រួសារនៃព្រះ ព្រះគម្ពីរបានចែងថា យើងត្រូវតែឆ្លើយតប “ព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់”(អេភេសូរ ៤:២)។ នោះហើយជារបៀបដែលយើងអាចពិសោធ នឹងការរួបរួមគ្នាជាគ្រួសារ ជាមួយបងប្អួនរួមជំនឿរបស់យើង។–Jennifer…
រូបភាពរបស់ព្រះ
ថ្ងៃមួយ កូនប្រុសរបស់ខ្ញុំ បានយកហ្វឺតពណ៌ទឹកក្រូច មកគូររូបឪពុករបស់វា។ វាបានគូររូបមុខរបស់គាត់ជារង្វង់មូលមួយ ហើយបានគូរភ្នែក ច្រមុះ និងមាត់ ដាក់ក្នុងរង្វង់នោះ។ រូចវាក៏បានគូរខ្សែវែងៗពីរ តពីខាងក្រោមរង្វង់នោះទៀត ហើយវាប្រាប់ខ្ញុំថាគំនូសខ្សែវែងៗទាំងពីរនោះ គឺជាជើងរបស់គាត់។ ទោះបីជារូបភាពរបស់កូនប្រុសខ្ញុំ បានទទួលពន្ទុះខ្ពស់នៅសាលាក៏ដោយ ក៏រូបភាពនោះ មិនមានចំណុចដ៏ជាក់លាក់ណាមួយ ដែលស្រដៀងនឹងរូបពិតរបស់ស្វាមីរបស់ខ្ញុំឡើយ។ ព្រោះគាត់មានប្រស្រីភ្នែកពណ៌ខៀវ និងស្នាមញញឹមដោយភាពជឿជាក់ ហើយសក់ស្កូវតិចៗ។
ក្នុងនាមជាកូនស្ងួនភ្ងារបស់ព្រះ ពេលខ្លះ យើងបង្ហាញរូបភាពព្រះវរបិតានៃយើង ដោយមិនត្រឹមត្រូវ។ យើងប្រហែលជាធ្លាប់យល់ថា ទ្រង់មិនមានក្តីស្រឡាញ់ទេ នៅពេលដែលទ្រង់បានកែតម្រង់ជីវិតយើង ឲ្យចេញពីនិស្ស័យបាប។ ហើយដោយសារតែយើងមានការពិបាក ពេលទ្រង់វាយផ្ចាលយើង(ហេព្រើរ ១២:១១) នោះយើងប្រហែលជាគិតថា ការកែតម្រង់របស់ទ្រង់ មានលក្ខណៈជាការសងសឹក ឬក៏ជាការបញ្ចេញកំហឹងរបស់ទ្រង់។ តែតាមពិត ការវាយផ្ចាលរបស់ទ្រង់ គឺជាភស្តុតាងបញ្ជាក់ពីសេចក្តីស្រឡាញ់ ដែលទ្រង់មានចំពោះយើងទេ។ គឺដូចដែលព្រះគម្ពីរបរិសុទ្ធបានចែងថា “ព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាល ចំពោះអស់អ្នកដែលទ្រង់ស្រឡាញ់”(ខ.៦)។ ព្រះទ្រង់ប្រដៅតម្រង់យើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើង “បានសេចក្តីបរិសុទ្ធរបស់ទ្រង់”(ខ.១០) ហើយពិសោធនឹងសន្តិភាព ដែលបានមកពីការរស់នៅយ៉ាងត្រឹមត្រូវ(ខ.១១)។
នៅថ្ងៃនេះ ប្រសិនបើព្រះវាយផ្ចាលអ្នក នោះចូរចាំថា ព្រះទ្រង់មិនបានសម្លក់មុខអ្នកដោយព្រះទ័យក្រេវក្រោធ ឬដោយដៃក្តាប់យ៉ាងញ័រ បែបចងគំនុំនោះទេ។ ចូលក្រឡេចមើលទៅទ្រង់ ក្នុងរូបភាពជាឪពុកដែលខ្វល់ពីកូន ហើយប្រៀនប្រដៅកូន ដោយសេចក្តីស្រឡាញ់(សុភាសិត ៣:១២)។–Jennifer…
ការកត់សំគាល់
ខណៈពេលដែលខ្ញុំកំពុងឈរនៅកន្លែងត្រួតពិនិត្យអ្នកដំណើរមកដល់ ខ្ញុំបានប៉ាន់ប្រមាណប្រាក់ដែលខ្ញុំនឹងត្រូវបង់ឲ្យគេ ហើយទន្ទឹមនឹងនោះ ខ្ញុំក៏ព្យាយាមមើលកូនប្រុសរបស់ខ្ញុំ កុំឲ្យវាដើរទៅកន្លែងផ្សេង។ ខ្ញុំបានកត់សំគាល់ឃើញថា ស្រ្តីម្នាក់ដែលឈរនៅខាងមុខខ្ញុំ បានដើរអូសជើងទៅរកច្រកចេញ ដោយមិនបានយកឥវ៉ាន់របស់ខ្លួនទៅជាមួយសោះ។ មន្ត្រីត្រួតពិនិត្យក៏បានប្រាប់យើងថា ស្ត្រីម្នាក់នោះមិនមានប្រាក់គ្រប់គ្រាន់សម្រាប់បង់ទេ បានជាគាត់ចេញទៅយ៉ាងដូចនេះ។ ខ្ញុំមានអារម្មណ៍សោកស្តាយចំពោះគាត់ខ្លាំងណាស់។ បើសិនជា មុននោះ ខ្ញុំបានដឹងពីស្ថានភាពរបស់នាង ខ្ញុំច្បាស់ជាជួយនាង ជាមិនខានទេ។
ក្នុងព្រះគម្ពីរនាងរស់ លោកបូអូសបានដឹងអំពីទុក្ខលំបាករបស់នាងរស់ ពេលដែលគាត់ឃើញនាង កំពុងដើររើសគួរស្រូវ នៅក្នុងវាលស្រែរបស់គាត់(២:៥)។ គាត់ដឹងថា នាងទើបតែត្រូវប្តីស្លាប់ចោល ហើយកំពុងតែទទួលបន្ទុកចិញ្ចឹមខ្លួនឯងផង និងម្តាយក្មេងរបស់នាងផង។ លោកបូអូសបានដឹងថា នាងកំពុងត្រូវការការពារ ហើយបានហាមពួកច្រូតកាត់របស់គាត់ មិនឲ្យប៉ះពាល់នាងឡើយ(ខ.៩)។ គាត់បានជួយឲ្យនាងមានអាហារច្រើនជាងមុន ដោយបង្គាប់កម្មកររបស់គាត់ ឲ្យទម្លាក់កួរស្រូវ(ខ.១៦)។ លោកបូអូសថែមទាំងបានកម្សាន្តចិត្តនាងទៀតផង(ខ.១១-១២)។ ពេលដែលនាងន៉ាអូមីបានដឹង អំពីការនេះ នាងក៏បានប្រាប់នាងរស់ថា “សូមពរដល់អ្នកណានោះ ដែលបានអាណិតមេត្តាដល់ឯង”(ខ.១៩)។
តើអ្នកបានដឹងអំពីការខ្វះខាតរបស់មនុស្សនៅជុំវិញអ្នកទេ គឺអ្នកនៅព្រះវិហាររបស់អ្នក ឬអ្នកជិតខាង ឬក៏អ្នកដែលកំពុងជ្រកនៅក្រោមដំបូលផ្ទះរបស់អ្នកឬទេ? ថ្ងៃនេះ សូមពិចារណា អំពីរបៀបដែលអ្នកអាចជួយសម្រួលបន្ទុករបស់នរណាម្នាក់ចុះ។ បន្ទាប់មក អ្នកនឹងបានសម្រេចផែនការ ដែលព្រះមានសម្រាប់អ្នកមិនខានឡើយ(កាឡាទី ៦:២ អេភេសូរ ២:១០)។–Jennifer Benson Schuldt
ការរៀននិយាយ
លោកបណ្ឌិត ដេប រ៉យ(Deb Roy) គឺជាអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្រ្តផ្នែកការយល់ដឹង នៅវិទ្យាស្ថានបច្ចេកវិទ្យានៃរដ្ឋម៉ាសាឈូសេត។ គាត់បានថតសម្លេង និងវីដេអូនៃសកម្មភាពជីវិតរបស់កូនគាត់ ចាប់តាំងពីពេលដែលវាកើត រហូតដល់ពេលវាមានអាយុបីឆ្នាំ ដើម្បីសិក្សាអំពីរបៀបដែលមនុស្សយើងរៀនភាសា។
គាត់និងភរិយារបស់គាត់បានដំឡើងម៉ាស៊ីន សម្រាប់ថតសម្លេង និងវីដេអូ នៅក្នុងផ្ទះរបស់ខ្លួន ហើយពួកគេក៏បានថតសម្លេង និងវីដេអូ ដែលមានរយៈពេលជាង២សែនម៉ោងជាសរុប។ តាមរយៈការចំណាយពេលជាច្រើន ដើម្បីប្រមូលផ្តុំ បង្រួញ និងកែសម្រួលសម្លេងដែលបានថតនោះ ពួកគេក៏អាចស្តាប់ឮទារករបស់ពួកគេ បញ្ចេញសម្លេង “កាកា” ដែលប្រែក្លាយជាពាក្យ “ទឹក” ជាដើម។
បើមាននរណាម្នាក់ចង់ធ្វើការស្រាវជ្រាវ ដោយថតសម្លេង នៅក្នុងផ្ទះរបស់អ្នក តើអ្នកនឹងចូលរួមជាមួយពួកគេឬទេ បើសិនជាអ្នកបានដឹងថា គេនឹងថតពាក្យគ្រប់ម៉ាត់ ហើយយកមកធ្វើការវិភាគនោះ? តើការសិក្សារបស់ពួកគេនឹងបង្ហាញចេញនូវលទ្ធផលយ៉ាងដូចម្តេចខ្លះ? យ៉ាងណាមិញ បទគម្ពីរសុភាសិត ជំពូក១៨ បានផ្តល់ឲ្យនូវចម្លើយ ចំពោះសំណួរនេះ ដោយលើកឡើង អំពីការនិយមប្រើពាក្យសម្តី ដោយគ្មានប្រាជ្ញា។
អ្នកនិពន្ធនៃបទគម្ពីរខាងលើបានកត់សំគាល់ឃើញថា មនុស្សល្ងីល្ងើចូលចិត្តសម្តែងគំនិតរបស់ខ្លួន ជាជាងព្យាយាមស្តាប់យោលរបស់អ្នកដទៃឲ្យយល់(ខ.២)។ តើយើងមានអត្តចរិតបែបនេះឬ? តើមានពេលខ្លះ យើងនាំឲ្យមានជម្លោះ ដោយសារពាក្យសម្តីរបស់យើងឬ(ខ.៧) ឬយើងចូលចិត្តនិយាយដោយឥតបើគិត ហើយ“ឆ្លើយមុន ដែលបានស្តាប់រឿង”?(ខ.១៣)។
យើងចាំបាច់ត្រូវរៀននិយាយឲ្យបានត្រឹមត្រូវ។ សូមយើងពឹងផ្អែកទៅលើព្រះ ដើម្បីឲ្យយើងអាចស្គាល់ពាក្យសម្តីដែលអាក្រក់ ហើយងាកមកប្រើពាក្យសម្តីលើកទឹកចិត្ត ដែលជា…
ពេលទាល់ច្រក
នៅពេលព្រឹកថ្ងៃអាទិត្យ លោក ឌី អ៊ែល មូឌី(D. L. Moody) បានចូលទៅក្នុងផ្ទះមួយ នៅរដ្ឋឈីកាហ្គូ ដើម្បីនាំក្មេងៗមួយចំនួន ទៅចូលរួមសាលារៀនថ្ងៃអា ទិត្យ។ នៅទីនោះ មានមនុស្សប្រុសបីនាក់ បានរុញគាត់ផ្ទប់នឹងគៀនជ្រុងជញ្ជាំងបន្ទប់ ហើយគម្រាមគាត់។ លោកមូឌីក៏និយាយថា “តើពួកលោកមិនអាចបើកឱកាស ឲ្យខ្ញុំអធិ ស្ឋានទេឬ?” ពួកគេក៏ព្រមឲ្យគាត់អំពាវនាវរកព្រះ ហើយលោកមូឌីក៏បានខំអធិស្ឋានឲ្យពួកគេអស់ពីចិត្ត ហើយពួកគេក៏បានចាកចេញពីបន្ទប់នោះ។
បើសិនជាខ្ញុំនៅក្នុងស្ថានភាពរបស់លោកមូឌីវិញ ខ្ញុំប្រហែលជាស្រែកហៅឲ្យគេជួយ ឬស្វែងរកច្រកចេញតាមទ្វារក្រោយហើយ។ ខ្ញុំប្រហែលជាមិនបានអនុវត្តតាមបង្គាប់ ដែលព្រះយេស៊ូវមានចំពោះពួកសិស្សថា “ចូរអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខអ្នក”(លូកា ៦:២៨)។
ការអធិស្ឋានឲ្យអ្នក ដែលប្រព្រឹត្តចំពោះយើងដោយការស្អប់ខ្ពើម គឺជាវិធី “ប្រព្រឹត្តល្អចំពោះអ្នកដែលស្អប់យើង”(ខ.២៧)។ ព្រះយេស៊ូវបានពន្យល់ថា គ្រីស្ទបរិស័ទគ្មានគុណបំណាចអ្វី ពីការប្រព្រឹត្តល្អ ចំពោះអ្នកដែល “ធ្វើល្អ”ឡើយ។ ទ្រង់មានបន្ទូលថា “ដ្បិតទាំងមនុស្សមានបាបក៏ប្រព្រឹត្តដូច្នោះដែរ”(ខ.៣៣)។ ទោះជាយ៉ាងណាក៏ដោយ ការឲ្យពរដល់អ្នកដែលបៀតបៀនយើង(រ៉ូម ១២:១៤) ញែកយើងចេញពីពួកគេ ហើយចងភ្ជាប់យើងជាមួយនឹងព្រះដ៏ខ្ពស់បំផុត ព្រោះព្រះទ្រង់មានព្រះទ័យមេត្តាករុណា ទោះមនុស្សអាក្រក់យ៉ាងណាក៏ដោយ(លូកា ៦:៣៥)។
នៅថ្ងៃនេះ បើអ្នកមានអារម្មណ៍ថា “ទាល់ច្រក” ដោយសារនរណាម្នាក់ នោះចូរស្វែងរកសុវត្ថិភាព បើស្ថានភាពនោះតម្រូវឲ្យអ្នកស្វែងរកសុវត្ថិភាព ហើយចូរអនុវត្តតាមសេចក្តីបង្រៀននៃព្រះយេស៊ូវ ដែលបានឲ្យយើងអធិស្ឋានឲ្យអ្នកនោះ(លូកា ២៣:៣៤)។ ការអធិស្ឋានគឺជាការការពារខ្លួនដ៏ល្អបំផុតរបស់អ្នក។-Jennifer Benson…
កន្លែងដែលល្អជាងនេះ
ខ្ញុំមានមិត្តភ័ក្រម្នាក់ឈ្មោះ ម៉ាស៊ី(Marci)។ ពេលឪពុកក្មេកនាងបានលាចាកលោក នាងក៏បានឈប់ធ្វើបង្អែម ដែលគាត់ចូលចិត្ត គឺបង្អែមសាឡាត់ម្នាស់។ ថ្ងៃមួយ កូនប្រុសតូចរបស់នាងបានសួរនាង អំពីមូលហេតុដែលនាងឈប់ធ្វើបង្អែមនោះញាំទៀត។ នាងក៏បានឆ្លើយថា “បង្អែមនោះធ្វើឲ្យម៉ាក់នឹកឃើញជីតារបស់កូន ហើយធ្វើឲ្យម៉ាក់កើតទុក្ខ ជីតារបស់កូនពិតជាចូលចិត្តបង្អែមនោះណាស់”។ កូនប្រុសរបស់នាង ក៏បានតបថា “គ្មានកន្លែងណាល្អជាងនគរស្ថានសួគ៌ទេ!”
ក្មេងប្រុសតូចនោះបាននិយាយត្រូវ ព្រោះនគរស្ថានសួគ៌គឺជាកន្លែងដែលល្អបំផុត។ ពេលដែលមានអ្វីមួយ នៅក្នុងលោកិយនេះ ធ្វើឲ្យយើងនឹកឃើញមនុស្សជាទីស្រឡាញ់ ដែលបានបាត់បង់ជីវិតទៅ សូមយើងកម្សាន្តចិត្តខ្លួនឯង ដោយនឹកចាំថា គ្មានកន្លែងណាល្អជាងនគរស្ថានសួគ៌ឡើយ។ ការរស់នៅដែលមិត្តភ័ក្រ និងសមាជិកគ្រួសាររបស់យើង កំពុងមាននៅនគរស្ថានសួគ៌ គឺមានទៅដោយក្តីអំណរខ្លាំងជាងការរស់នៅដែលពួកគេធ្លាប់មាននៅផែនដី ព្រោះ ៖
នគរស្ថានសួគ៌ គឺជាដំណាក់របស់ព្រះ។ អ្នកដើរតាមព្រះ នឹងអរសប្បាយនឹងព្រះវត្តមានទ្រង់ អស់កល្បជានិច្ច(វិវរណៈ ២១:៣-៤)។
នគរស្ថានសួគ៌ មានផាសុខភាព នៅក្នុងគ្រប់ផ្នែកទាំងអស់។ ពលរដ្ឋនៅនគរស្ថានសួគ៌ នឹងមិនដែលមានជម្ងឺ ឬមានទុក្ខព្រួយ(២១:៤) ឬក៏មានភាពអត់ឃ្លាន ឬការស្រេកទឹកទៀតឡើយ(៧:១៦)។
នគរស្ថានសួគ៌ជាកន្លែងដ៏ស្រស់ស្អាត។ ទឹកទន្លេដែល “ថ្លាដូចជាកែវចរណៃ” ហូរចេញពីបល្ល័ង្កនៃព្រះ(២២:១) ហើយព្រះនឹងឲ្យនគរស្ថានសួគ៌មានពន្លឺភ្លឺឡើងជានិច្ច(២២:៥)។ ជួនកាល ពេលយើងធ្វើការអ្វីមួយ នៅក្នុងលោកិយនេះ តើយើងនឹកឃើញអ្នកជឿព្រះ ដែលបានលាចាកលោកនេះ ទៅរស់នៅក្នុងពិភពបន្ទាប់ឬទេ? បើសិនជាដូច្នោះមែន ចូរមានការកម្សាន្តចិត្ត ដោយដឹងថា ពួកគេកំពុងមានការអរសប្បាយនៅក្នុងនគរស្ថានសួគ៌…