ទ្រព្យសម្បត្តិដ៏ពិតប្រាកដ
ប្រាក់ជាអំណាចមួយ ។ យើងខំធ្វើការរកប្រាក់ សន្សំប្រាក់ ចំណាយប្រាក់ និងប្រើវាបំពេញសេចក្តីត្រូវការនៅផែនដីនេះ រួចយើងប្រាថ្នាចង់បាន ហើយចង់បានទៀតមិនចេះចប់។ ព្រះយេស៊ូបង្រៀនយើងអោយយល់ដឹង ពីប្រាក់ជាងរឿងអ្វីផ្សេងទៀត។ នោះយើងនឹងដឹងថា ទ្រង់មិនបានស្វែងរកប្រាក់ដើម្បីប្រយោជន៍ខ្លួនឯងឡើយ។
ច្បាស់ណាស់ថា ទ្រង់មិនបានបង្រៀនដើម្បីរកប្រាក់ដាក់ហោប៉ៅទ្រង់ឡើយ។ ព្រះយេស៊ូព្រមានថា ការទុកចិត្តទ្រព្យសម្បត្តិ និងប្រើវាដើម្បីអំណាចខ្លួនឯង នឹងធ្វើឲ្យរាំងស្ទះការអភិវឌ្ឍន៍ខាងវិញ្ញណជាងអ្វីផ្សេងទៀត។ ព្រះយេស៊ូនិទានរឿងអំពី«អ្នកមានឆោតល្ងង់ម្នាក់» ហើយទ្រង់អោយគេស្វែងរកសម្បត្តិសួគ៌វិញ (លូកា ១២:១៣-២១) ដោយបញ្ជាក់ថា ទ្រង់អោយនិយមន័យទ្រព្យសម្បត្តិច្រើនជាងយើងគិតដល់។
តើសម្បត្តិសួគ៌មានន័យយ៉ាងដូចម្តេច? លោកប៉ូលប្រាប់ថា កុំអោយអ្នកនៅលោកីយ៍នេះអួតពីទ្រព្យគេ ដែលមិនទៀងនោះឡើយ (១ធីម៉ូថេ ៦:១៧) តែចូរបង្គាប់អោយគេធ្វើគុណ និងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រយ័ត្ននឹងជួយគេផង (១ធីម៉ូថេ ៦:១៨)។
តើគួរអោយចាប់អារម្មណ៍ទេ? ព្រះជាម្ចាស់វាល់ទ្រព្យសម្បត្តិយើង ដោយគុណភាពនៃជីវិត និងការចែកទានរបស់យើង ដើម្បីអោយពរដល់អ្នកដទៃ មិនមែនដោយបទដ្ឋាននៃហិរញ្ញវត្ថុយើងឡើយ តែជាដំបូន្មានដ៏ល្អសម្រាប់អ្នកណាដែលគិតថា សន្តិសុខ និង កេរ្តិ៍ឈ្មោះយើងផ្សាភ្ជាប់ជាមួយនឹងគណនីធនាគារយើង ។ Joe Stowell
ទោះជាល្អយ៉ាងណាក៏គ្មានប្រយោជន៍ដែរ
ប្រ ពន្ធរបស់ខ្ញុំឈ្មោះម៉ាទីជាចុងភៅដ៏ចំណាន។ បន្ទាប់ពីធ្វើការនឿយហត់ពេញមួយថ្ងៃមក ខ្ញុំរីករាយនឹងញ៉ាំម្ហូបប្រពន្ធខ្ញុំណាស់។ ជួនកាលក្រោយអាហារពេញល្ងាចរួច គាត់អោយខ្ញុំរើសការងារមួយ តើត្រូវសំអាតផ្ទះបាយ ឬ កាន់តេឡេទូរទស្សន៍។ ពេលខ្ញុំមានអារម្មណ៍ល្អ ខ្ញុំមូរដៃអាវឡើងលើកចានចេញពីម៉ាស៊ីន ជូតឆ្នាំងខ្ទះ ខ្ញុំសប្បាយចិត្តនឹងធ្វើការងារទាំងនេះ ព្រោះតែចង់ឮសម្តីប្រពន្ធខ្ញុំនិយាយមករកខ្ញុំដូចជាពាក្យ៖ «អូហ៍ លោកប្តីបងមិនចាំបាច់សំអាតផ្ទះបាយដល់ម្លឹងទេ»។ វាក៏ផ្តល់ឱកាសអោយខ្ញុំឆ្លើយតបនឹងគាត់វិញថា ៖ «បើមិនធ្វើអញ្ចឹង ធ្វើម្តេចដឹងថា បងស្រឡាញ់អូនប៉ិនណា»។ ពេលព្រះយេស៊ូបង្ហាញពីក្រុមជំនុំនៅអេភេសូរ ដែលបានបោះបង់ចោលសេចក្តីដើមចេញ (វិវរណៈ ២:៤) តាមពិតទៅក្រុមជំនុំបានប្រព្រឹត្តការល្អជាច្រើន មិនមែនពួកគេមិនស្រឡាញ់ទ្រង់ឡើយ។ ទោះជាលោកប៉ូលសរសើរពួកគេនូវការស៊ូទ្រាំ អត់ធ្មត់ក៏ដោយ តែនៅចំពោះទ្រង់វិញ ការល្អទាំងនោះគ្មានប្រយោជន៍ឡើយ។ ការប្រព្រឹត្តល្អគឺជាការបង្ហាញនូវការថ្វាយបង្គំ។ ការមិនព្រមចុះចាញ់នឹងសេចក្តីល្បួង ការអត់ទោស ការបម្រើ និងការស្រឡាញ់គ្នាទៅវិញទៅមកគឺជា ឱកាសដែលយើងឆ្លើយតបនឹងទ្រង់វិញដោយក្តីស្រឡាញ់ យើងធ្វើដូច្នេះមិនមែនចង់បានការកោតសរសើរមកពីទ្រង់ទេ។ តើអ្នកបានឆ្លើយតបនឹងសេចក្តីស្រឡាញ់ទ្រង់វិញចុងក្រោយពេលណា? ដោយចូ ស្តូវែល (Joe Stowell)។